អ្នកនាំពាក្យសម្រាប់កងទ័ពអ៊ីស្រាអែល លោក Jonathan Conricus បានឲ្យដឹងក្នុងសន្និសីទមួយថា ជនស៊ីវិលប៉ាឡេស្ទីន ជាង ៨០ម៉ឺននាក់បានចាកចេញពីភាគខាងជើងតំបន់ហ្កាហ្សា ហើយរត់ទៅភាគខាងត្បូងមានព្រំដែនជាប់នឹងប្រទេសអេហ្ស៊ីប។
លោក Conricus បានបញ្ជាក់ថា លោកសប្បាយចិត្តដែលបានដឹងថាមនុស្សជាង ៨០ម៉ឺននាក់ជម្លៀសខ្លួនចេញពីភាគខាងជើង ដែលពួកគេរត់ចេញព្រោះដឹងថាសង្គ្រាមបានធ្លាក់មកដល់ហើយ។
តាមអ្នកនាំពាក្យរូបនេះ ជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្កាហ្សា នៅតែបន្តឆ្លងកាត់តាមច្រកព្រំដែន Rafah ហើយមានអាហារ និងទឹកនៅក្នុងទីតាំងភាគខាងត្បូងនៃតំបន់នោះ។
អ៊ីស្រាអែលនឹងបង្កើនការសម្របសម្រួលក្នុងការដឹកជំនួយឱ្យជនភៀសខ្លួន។ រដ្ឋាភិបាលអ៊ីស្រាអែល បានជូនដំណឹងដល់អង្គការសហប្រជាជាតិកាលពីថ្ងៃទី៣១ ខែតុលា ថា ប្រជាជនប៉ាឡេស្ទីន ជាង ១លាននាក់គួរតែផ្លាស់ទីលំនៅទៅកាន់ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ក្នុងរយៈពេល ២៤ម៉ោងមុនអ៊ីស្រាអែលលើកទ័ពជើងគោកវាយចូលតំបន់នោះ។
ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធហាម៉ាស កំពុងលាក់ខ្លួនក្នុងផ្លូវរូងក្រោមដី និងនៅពីក្រោមអគារជនដែលជនស៊ីវិលរស់នៅ។ ក្រុមនេះក៏បានជំរុញប្រជាជននៅតំបន់ហ្កាហ្សា កុំអើពើនឹងការអំពាវនាវរបស់អ៊ីស្រាអែល ដែលឱ្យរត់ចេញពីលំនៅឋាន ហើយរត់ទៅភាគខាងត្បូងដែលមានព្រំដែនជាប់នឹងប្រទេសអេហ្ស៊ីប។
ក្រោយពីប្រកាសថាប្រជាជនរត់ចេញពីភាគខាងជើងសឹងអស់ហើយនោះ កងទ័ពអ៊ីស្រាអែលបានវាយចូលកាន់កាប់ និងគ្រប់គ្រងតំបន់នេះ។ ប្រភពព័ត៌មានរបស់ AP បានឱ្យដឹងថា កងទ័ពនៃក្រុមហាម៉ាស បានរត់ទៅលាក់ខ្លួននៅក្នុងជំរំរបស់ប្រជាជន ក្រោយពីពួកគេដឹងថាទ័ពអ៊ីស្រាអែល វាយរុលកាន់តែជ្រៅក្នុងតំបន់ហ្កាហ្សា។
ចំណែកកងទ័ពជើងអាកាសអ៊ីស្រាអែល បាននិយាយថា បានវាយប្រហារចំទីតាំងរបស់ក្រុមហាម៉ាសជាង ៦០០កន្លែងនៅក្នុងតំបន់ហ្កាហ្សា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនៅថ្ងៃទី៣០ ខែតុលា ក្រោយពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រកាសសង្គ្រាមដំណាក់កាលទី២។
អ៊ីស្រាអែលបានបញ្ជាក់ថា កងទ័ពរបស់ខ្លួនក៏បានវាយប្រហារផងដែរលើគោលដៅនានានៅក្នុងប្រទេសស៊ីរី និងប្រទេសលីបង់។ កងទ័ពអ៊ីស្រាអែលបានលើកឡើងថា ការវាយប្រហារទាំងនេះគឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដែលធ្វើឡើងចេញពីប្រទេសទាំងពីរនេះ។
កងកម្លាំងការពារអ៊ីស្រាអែល បានអះអាងថា ក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយនឹងក្រុមភេរវករនៅក្នុងតំបន់ហ្កាហ្សា កងទ័ពនៃកងកម្លាំងការពារអ៊ីស្រាអែលបានសម្លាប់ភេរវកររាប់រយនាក់ដែលលាក់ខ្លួននៅក្នុងអគារ និងរូងក្រោមដីដែលបានប៉ុនប៉ងវាយប្រហារលើកងទ័ពអ៊ីស្រាអែល។
អ៊ីស្រាអែលបានបញ្ចេញរូបភាពនៃរថក្រោះរបស់ខ្លួនស្ថិតនៅលើមាត់សមុទ្រភាគខាងលិចនៃតំបន់ហ្កាហ្សា ក្នុងរយៈពេល ៤៨ម៉ោងក្រោយមកបន្ទាប់ពីខ្លួនបានបញ្ជាឱ្យមានការលុកលុយតាមផ្លូវគោកទ្រង់ទ្រាយធំឆ្លងព្រំដែនភាគខាងកើតរបស់អ៊ីស្រាអែល។
ប៉ុន្តែក្រុមហាម៉ាស់ អះអាងថា ខ្លួនបានបាញ់មីស៊ីលវាយប្រហារលើរថក្រោះអ៊ីស្រាអែល នៅផ្នែកខាងជើងក្នុងតំបន់ហ្កាហ្សា។ នៅពេលដែលអ៊ីស្រាអែល វាយរុលកាន់តែជ្រៅចូលដែនដីហ្កាហ្សា ដែលមានផ្ទៃដី ៣៦០គីឡូម៉ែត្រក្រឡា ប្រទេសជាច្រើនសុំឱ្យអ៊ីស្រាអែល បន្ថយការវាយលុក ហើយទទួលយកបទឈប់បាញ់ដែលបានស្នើឡើងដោយ ១២០ប្រទេស។ ប្រទេសទាំងអស់នេះបានស្នើឱ្យមានបទឈប់បាញ់ធ្វើឡើងក្នុងសម័យប្រជុំអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៨ តុលា។
ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា នឹងមិនមានបទឈប់បាញ់នៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាសនោះទេ។
លោក Netanyahu បានថ្លែងដូចនេះទៅកាន់បណ្ដាសារព័ត៌មានបរទេសកាលពីថ្ងៃចន្ទ ទី៣០ តុលា នេះ។
លោកបានបញ្ជាក់ថា ការទទួលយកបទឈប់បាញ់ គឺមានន័យស្មើនឹងសុំចុះចាញ់ក្រុមហាម៉ាស ដែលលោកថាសហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល ក៏បានបដិសេធបទឈប់បាញ់ផងដែរ។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បន្តថា ការអំពាវនាវឱ្យមានបទឈប់បាញ់ចំពោះអ៊ីស្រាអែល គឺមានន័យស្មើនឹងសុំចុះចាញ់ក្រុមហាម៉ាស គឺចុះចាញ់ក្រុមភេរវកម្ម។
លោក Netanyahu សន្យាថា អ៊ីស្រាអែលនឹងប្រយុទ្ធរហូតដល់ទទួលបានជ័យជម្នះក្នុងសង្គ្រាមនេះ។ មកដល់ពេលនេះ សង្គ្រាមអ៊ីស្រាអែលវាយសងសឹកលើពួកហាម៉ាស បានឈានដល់ថ្ងៃទី២៤ ហើយ។
ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា គ្រប់គ្រងដោយហាម៉ាស បានសម្លាប់មនុស្សជាង ៨៣០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល ប៉ុន្តែអ៊ីស្រាអែលអះអាងថា ពួកសកម្មប្រយុទ្ធនៃក្រុមហាម៉ាស ស្លាប់ជាង ៣ពាន់នាក់ ហើយមេទ័ពរបស់ក្រុមនេះជិត ១០នាក់ត្រូវបានសម្លាប់៕
© 2023, . All rights reserved.