(រូប​ស្ដាំ) បឹងតាមោក ឬ​បឹង​កប់ស្រូវ

ជម្លោះដីធ្លី

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ទិវា​ទីក្រុង​ពិភពលោក ដើម្បី​លើក​កម្ពស់​ការ​រស់នៅ​របស់​ពលរដ្ឋ

By ឌឹ ខេមបូឌា ដេលី

November 02, 2023

អង្គការ​សមាគម​ធាងត្នោត អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន តាម​រយៈ​សន្និបាត​ទិវា​ទីក្រុង​ពិភពលោក ដើម្បី​អភិវឌ្ឍ​ទីក្រុង​ប្រកប​ដោយ​និរន្តរភាព ក្នុង​គោលបំណង​លើក​កម្ពស់​ការ​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​ទីក្រុង និង​ស្វែងរក​វិធី​កែលំអ​ទីក្រុង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នា​ថ្ងៃ​អនាគត។

អង្គការ​សមាគម​ធាងត្នោត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២៣ ដើម្បី​ចូលរួម​ទិវា​ទីក្រុង​ពិភពលោក កាលពី​ថ្ងៃ​អង្គារ ទី​៣១ តុលា ថា ប្រទេស​កម្ពុជា​បាន​ទទួល​យក​នូវ​របៀបវារៈ​ចំនួន ១៧ ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុង​គោលបំណង​អភិវឌ្ឍ​ទីក្រុង​ប្រកប​ដោយ​និរន្តរភាព។

ប្រភព​ដដែល​បន្ថែម​ថា ការ​អភិវឌ្ឍ​ទីក្រុង និង​សហគមន៍​ប្រកប​ដោយ​និរន្តរភាព គឺជា​គោលការណ៍​មួយ​ដ៏​សំខាន់​ក្នុង​ចំណោម​គោលការណ៍​ផ្សេង​ទៀត​ដែល​ប្រទេស​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​នោះ។

អង្គការ​សមាគម​ខាងលើ​លើកឡើង​ថា ដើម្បី​ឆ្លើយតប​ទៅ​នឹង​របៀបវារៈ​ដែល​ប្រទេស​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​សម្រាប់​ទិវា​ទីក្រុង​ពិភពលោក ឆ្នាំ​២០២៣ នេះ រដ្ឋាភិបាល​ត្រូវតែ​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​ចូលរួម​ពី​សាធារណជន ជាពិសេស​សហគមន៍​ក្រីក្រ​ដែល​ងាយ​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នានា ឱ្យ​ពួកគេ​អាច​ចូលរួម​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​ទីក្រុង​ដោយ​មិន​ទុក​ពួកគេ​ចោល។

អង្គការ​សមាគម​ធាងត្នោត ទាមទារ​ឱ្យ​អ្នក​បង្កើត​គោលនយោបាយ និង​អ្នក​ធ្វើ​ផែនការ​អភិវឌ្ឍន៍​ទីក្រុង ចាំបាច់​ត្រូវតែ​ឱ្យ​មាន​ការ​ចូលរួម​ពី​សហគមន៍ អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ដោយ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​យុទ្ធសាស្ត្រ ព្រមទាំង​មាន​យន្តការ​តាមដាន​ដើម្បី​បង្កើត​ទីក្រុង​ប្រកប​ដោយ​ភាព​ល្អ​ត្រឹមត្រូវ ដែល​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ទាំង​សងខាង ទាំង​ពលរដ្ឋ និង​រាជរដ្ឋាភិបាល​សម្រាប់​ថ្ងៃ​អនាគត។

ថ្ងៃទី​៣១ ខែ​តុលា គឺជា​ទិវា​ទីក្រុង​ពិភពលោក ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជា​លើកដំបូង​កាលពី​ឆ្នាំ​២០១៣ ដោយ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ក្នុង​គោលបំណង​លើក​កម្ពស់​ការ​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​ទីក្រុង ហើយ​ក៏​ជា​ថ្ងៃ​ដែល​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស និង​ទីក្រុង​នានា​នៅ​លើ​សកលលោក​ផង​ដែរ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​ប្រកប​ដោយ​ចីរភាព។

ទាក់ទិន​នឹង​បញ្ហា​នេះ ទិន្នន័យ​សង្គម​ស៊ីវិល​បាន​លាតត្រដាង​ថា កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ឱ្យ​មាន​កំណើន​សំណង់​អគារ​ខ្ពស់ៗ ដូចជា អគារ​ខុនដូ បុរី និង​ទីក្រុង​រណប​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ​នេះ។

ប៉ុន្តែ បើ​ទោះបីជា​ការ​អភិវឌ្ឍ​រំលេច​ចេញ​នូវ​អគារ​ច្រើន​ស្អេកស្កះ​ក៏ដោយ ក៏​រាជធានី​ភ្នំពេញ​នៅ​តែ​មាន​សហគមន៍​ក្រីក្រ​ងាយ​រងគ្រោះ​ប្រមាណ​ជិត ២០០​ទីតាំង​នៅឡើយ (១៩១​ទីតាំង) ក្នុង​ឆ្នាំ​២០២៣ នេះ ដែល​ពួកគេ​មិន​បាន​ទទួល​ផល​ប្រយោជន៍​ពី​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ឡើយ។ ជាក់ស្តែង សហគមន៍​ក្រីក្រ​ទាំងនេះ​មិន​មាន​លំនៅឋាន​សមរម្យ និង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ ដូចជា ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់ បង្គន់​អនាម័យ និង​សុវត្ថិភាព​ដីធ្លី ជាដើម។

កាលពី​ឆ្នាំ​២០១៥ អង្គការ យូនីសេហ្វ (UNICEF CAMBODIA) បាន​រក​ឃើញ​សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​ជាង ៥០០​កន្លែង (៥១៦​កន្លែង) ប៉ុន្តែ​នៅ​អំឡុង​ឆ្នាំ​២០១៧ អង្គការ​សមាគម​ធាងត្នោត បាន​រក​ឃើញ​ថា សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ថយ​ចុះ​មក​នៅ​ត្រឹម ២៧៧​កន្លែង ខណៈ​ឆ្នាំ​២០២៣ នេះ គឺ​បាន​ថយ​ចុះ​មក​នៅ​ត្រឹម ១៩១​កន្លែង​ប៉ុណ្ណោះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ វិច្ឆិកា នេះ​ថា ការ​ថយ​ចុះ​នូវ​សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ មិន​មែន​ដោយសារ​ការ​អភិវឌ្ឍ​ក្រុង​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ឱ្យ​ជីវភាព​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ​ទាំងនោះ​ប្រែ​ទៅ​ជា​រីកចម្រើន​ទេ ប៉ុន្តែ​គឺ​ដោយសារតែ​ពួកគេ​ត្រូវ​បាន​បណ្តេញ​ចេញពី​លំនៅឋាន ហើយ​ទីតាំង​ដែល​ពួកគេ​ធ្លាប់​រស់នៅ​ទាំងនោះ ត្រូវ​រដ្ឋាភិបាល​ចាក់​ដី​លុប​ដើម្បី​យក​ទៅ​ជួល​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​វិនិយោគ​ប៉ុណ្ណោះ។

ជាក់ស្តែង កាលពី​អំឡុង​ឆ្នាំ​២០០៧ រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នៅ​ពេល​នោះ​បាន​រំលោភ​យក​ដី​បឹងកក់​ទៅ​ជួល​ឱ្យ​ក្រុមហ៊ុន​ឯកជន​រយៈពេល ៩៩​ឆ្នាំ និង​បាន​បណ្តេញ​ប្រជា​សហគមន៍​ក្រីក្រ​ដែល​រស់នៅ​ជាប់​បឹង​នោះ​ទាំង​បង្ខំ​ដោយ​គ្មាន​សំណង ដូចជា​សហគមន៍​បុរីកីឡា សហគមន៍​សំបុកចាប សហគមន៍​បឹងកក់ និង​សហគមន៍​ជាច្រើន​ផ្សេងៗ​ទៀត ដែល​ធ្វើ​ឱ្យ​ពួកគេ​ចាកចេញ​ពី​ទីតាំង​ដែល​ខ្លួន​ធ្លាប់​រស់នៅ​ដោយ​រប៉ាត់រប៉ាយ ទៅ​តាំង​ទីលំនៅ​ក្នុង​ទីតាំង​ផ្សេង​រៀងៗ​ខ្លួន ដោយ​គ្មាន​ជម្រក​សមរម្យ ហើយ​សហគមន៍​ទាំងនោះ​ក៏​ត្រូវ​លុប​បាត់​លែង​រាប់​បញ្ចូល​រហូត​ដល់​ពេល​នេះ ដូច្នេះ​ហើយ​បាន​ជា​សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​កាត់បន្ថយ​បែប​នេះ។

លោក ម៉ែន ណាត បញ្ជាក់​ថា ចាប់តាំងពី​ពេល​នោះ​មក រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​ធ្វើការ​អភិវឌ្ឍ​ទីក្រុង​ក្នុង​រាជធានី​ភ្នំពេញ ដោយ​បណ្តេញ​សហគមន៍​ក្រីក្រ​ចេញពី​លំនៅឋាន​ដូច​សហគមន៍​ក្រីក្រ​ក្នុង​តំបន់​បឹងកក់​ដែរ ក្រោម​លេស​អភិវឌ្ឍ ដូចជា​ប្រជា​សហគមន៍​ក្រីក្រ​ដែល​រស់នៅ​ជុំវិញ​បឹង​កប់ស្រូវ ឬ​បឹង​តាមោក កាលពី​ថ្មីៗ​នេះ ជាដើម។ ជាង​នេះ​ទៀត ប្រជា​សហគមន៍​ក្រីក្រ​ដែល​កំពុង​រស់នៅ​ជុំវិញ​បឹង​នានា​ក្នុង​រាជធានី​ភ្នំពេញ​ផ្សេង​ទៀត ក៏​កំពុង​រង​នូវ​ការ​គំរាមកំហែង​ពី​ការ​បណ្តេញ​ដូច​គ្នា​ដែរ​សព្វថ្ងៃ​នេះ៕