មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ដាក់ការសង្ស័យថា ការស្នើសុំសញ្ជាតិខ្មែរឱ្យជនជាតិវៀតណាម និងជនជាតិចិន ពីសំណាក់លោក ហ៊ុន សែន នៅពេលនេះ គឺធ្វើឡើងក្នុងរបៀបវារៈភូមិសាស្ត្រនយោបាយរវាងចិន និងវៀតណាម ជាជាងលក្ខខណ្ឌច្បាប់របស់កម្ពុជា។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាមួយរូបទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១ វិច្ឆិកា នេះថា កម្ពុជានៅពេលនេះកំពុងស្ថិតក្នុងការប្រទាញប្រទង់ពីសំណាក់រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម និងមហាអំណាចកុម្មុយនីស្តចិន ជុំវិញភូមិសាស្ត្រនយោបាយក្នុងតំបន់សព្វថ្ងៃនេះ ខណៈរដ្ឋាភិបាលកម្ពុជាក៏ត្រូវបម្រើផលប្រយោជន៍ឱ្យប្រទេសទាំងពីរនេះក្នុងពេលតែមួយថែមទៀត ដោយសារតែវៀតណាមធ្លាប់ជួយខ្លួនឱ្យកាន់អំណាចតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក ហើយចំណែកចិន ក៏បានជួយខ្លួនឱ្យខ្ចីបំណុលរាប់ពាន់លានដុល្លារដែរ ដូច្នេះកម្ពុជាត្រូវរែកទាំងសងខាងដើម្បីកុំឱ្យភាគីណាមួយអាក់អន់ស្រពន់ចិត្តនឹងខ្លួន។
ប្រភពមន្ត្រីរដ្ឋាភិបាលខាងលើលើកឡើងថា ការស្នើសុំសញ្ជាតិពីសំណាក់ជនជាតិវៀតណាម ទំនងជាផែនការក្នុងគោលបំណងបញ្ជ្រាបការក្តោបក្តាប់ផ្ទៃក្នុងនយោបាយរបស់ប្រទេសកម្ពុជាឱ្យកាន់តែជ្រៅ និងរឹងមាំបន្ថែមទៀត ចំណែកការស្នើសុំសញ្ជាតិរបស់ជនជាតិចិន ក៏ទំនងជាផែនការដើម្បីផលប្រយោជន៍របស់ចិន ជុំវិញកំពង់ផែជើងទឹករាមរបស់កម្ពុជាដែរ ដែលបញ្ហានេះបានធ្វើឱ្យភាគីវៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងសព្វថ្ងៃនេះ។
ប្រភពដដែលបញ្ជាក់ថា ឈ្មោះជនជាតិវៀតណាមរាប់សិបនាក់ និងជនជាតិចិនដែលលោក ហ៊ុន សែន ស្នើសុំព្រះមហាក្សត្រឱ្យផ្តល់សញ្ជាតិខ្មែរដល់ពួកគេ មិនដែលឃើញរដ្ឋាភិបាលបង្ហាញពីមូលហេតុថា តើហេតុអ្វីបានជាមេដឹកនាំខ្មែររូបនេះស្នើសុំសញ្ជាតិខ្មែរឱ្យពួកគេម្តងណាឡើយ ដូច្នេះចម្ងល់ គឺនៅត្រង់ថា ការផ្តល់សញ្ជាតិខ្មែរឱ្យជនជាតិចិន និងជនជាតិវៀតណាម ទាំងនេះ ដោយសារតែពួកគេប្រើលុយទិញសញ្ជាតិ ឬមានស្នាដៃជួយប្រទេសកម្ពុជា ឬទទួលបានសញ្ជាតិដោយសារគំនាបនយោបាយរបស់ចិន និងវៀតណាម ដែលខ្លួនបានជំពាក់គុណគេសព្វថ្ងៃនេះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ស្នើសុំឱ្យព្រះមហាក្សត្រខ្មែរផ្តល់សញ្ជាតិខ្មែរឱ្យជនជាតិវៀតណាម និងជនជាតិចិន បន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ២០២៣ មក។
ជនជាតិវៀតណាមខុសច្បាប់ដែលបានរស់នៅលើទឹកដីកម្ពុជាតាំងពីឆ្នាំ១៩៨៦ តាមរយៈសារាចររបស់លោក ហ៊ុន សែន បានទទួលសញ្ជាតិខ្មែរព្រោងព្រាតក្នុងឆ្នាំ២០២៣ នេះ ក្នុងនោះពួកគេបានប្តូរឈ្មោះមកជាជនជាតិខ្មែរគ្រប់ៗគ្នា បន្ទាប់ពីលោក ហ៊ុន សែន បានស្នើសុំទៅព្រះមហាក្សត្រ ខណៈជនជាតិចិន ក៏នាំគ្នាសម្រុកសុំសញ្ជាតិខ្មែរបន្តកន្ទុយគ្នាផងដែរ។
ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ សីហមុនី បានចេញព្រះរាជក្រឹត្យផ្តល់សញ្ជាតិខ្មែរដល់ជនជាតិវៀតណាម ជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ២០២៣ មក តាមច្បាប់សញ្ជាតូបនីយកម្ម ក្នុងនោះជនជាតិបរទេសទាំងនោះបាននាំគ្នាប្តូរឈ្មោះតាមលំនាំឈ្មោះខ្មែរគ្រប់ៗគ្នា ដូចជាជនជាតិវៀតណាម ឈ្មោះ ហ័ង ង្វៀនក័ន ប្តូរឈ្មោះមកជាលំនាំខ្មែរជា គឹម ឧត្តម ឈ្មោះ ដាំង អញខ័រ បានប្តូរឈ្មោះមកជា ចាន់ ជាដើម ខណៈជនជាតិវៀតណាម ដែលទទួលបានសញ្ជាតិខ្មែរផ្សេងទៀត ក៏បានប្តូរមកប្រើឈ្មោះខ្មែរដូចគ្នាដែរ។
ចំណែកជនជាតិចិននៅពេលនេះ ក៏កំពុងទទួលបានសញ្ជាតិខ្មែរជាហូរហែដែរតាមការស្នើសុំរបស់លោក ហ៊ុន សែន ដូចជាជនជាតិចិនឈ្មោះ ស៊ី សាវបូ បានប្តូរឈ្មោះមកជា ស៊ុយ សំណាង ឈ្មោះ វៃ ស៊ីយូ បានប្តូរឈ្មោះមកជា ហ៊ុន សំណាង ចំណែកជនជាតិឈ្មោះ ចាង ហ័នយ៉ូវ ក៏បានប្តូរឈ្មោះមកជា ចាង ហេនរី ជាដើម។ ជាងនេះទៀត ជនជាតិចិនឈ្មោះ តៃ ស៊ីង បានប្តូរឈ្មោះមកជា ដេវីត សៃវៀ និងឈ្មោះ ម៉ា ពាវ ក៏បានប្តូរឈ្មោះមកជា ហេនរី ជែក ផងដែរ។
ច្បាប់ស្ដីពីសញ្ជាតិឆ្នាំ១៩៩៦ ចែងថា ការទទួលបានសញ្ជាតិខ្មែរអាចកើតឡើងបាននៅក្នុងករណីដែលបុគ្គលណាម្នាក់ទទួលសញ្ជាតិខ្មែរពីកំណើត ឬតាមរយៈអាពាហ៍ពិពាហ៍ និងការសុំចូលសញ្ជាតិ ដែលហៅថាសញ្ជាតូបនីយកម្ម។
កាលពីអំឡុងឆ្នាំ២០២២ ក្រសួងមហាផ្ទៃបានចេញផ្សាយរបាយការណ៍របស់ខ្លួនថា ចាប់តាំងពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០២២ កន្លងទៅ ជនបរទេសដែលបានសុំចូលសញ្ជាតិខ្មែរតាមរយៈសញ្ជាតូបនីយកម្ម និងតាមរយៈនៃការបរិច្ចាគប្រាក់ឱ្យដល់រដ្ឋាភិបាលកម្ពុជា មកទល់នឹងឆ្នាំ២០២២ កន្លងទៅនេះ គឺមានចំនួនសរុបដល់ជាង ២៥០០នាក់ហើយ (២៥២៨នាក់) ដែលមកពីសញ្ជាតិដើមចំនួន ៥០ ខុសៗគ្នា។
ទាក់ទិននឹងការផ្តល់សញ្ជាតិដល់ជនជាតិវៀតណាម កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្នុងជំនួបជាមួយប្រធានរដ្ឋវៀតណាម លោក វ៉ វ៉ាន់ធឿង អំឡុងពេលចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ នៅសាធារណរដ្ឋប្រជាមានិតចិន បានស្នើឱ្យលោក ហ៊ុន ម៉ាណែត បន្តយកចិត្តទុកដាក់បង្កើតលក្ខខណ្ឌកាន់តែងាយស្រួលសម្រាប់សហគមន៍វៀតណាម នៅកម្ពុជាផងដែរ ទាំងការរស់នៅ ការធ្វើការងារ ព្រមទាំងដោះស្រាយបញ្ហាឯកសារផ្លូវច្បាប់ឱ្យបានកាន់តែល្អប្រសើរថែមទៀត ខណៈនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ក៏មិនបានបដិសេធនឹងសំណើនេះដែរ៕
© 2023, . All rights reserved.