29 C
Phnom Penh

សាលា​ឧទ្ធរណ៍​នឹង​លើក​យក​សំណុំរឿង​លោក កឹម សុខា មក​ជំនុំជម្រះ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ឧទ្ធរណ៍ អះអាង​ថា សំណុំរឿង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​លើក​យក​មក​ជំនុំជម្រះ​នៅ​ពេល​ឆាប់ៗ​នេះ បន្ទាប់ពី​សហ​មេធាវី​មួយ​រូប​ការពារ​សិទ្ធិ​ឱ្យ​លោក កឹម សុខា បាន​លើក​ឡើង​ថា ការ​ពន្យារ​ពេល​សវនាការ​របស់​សាលា​ឧទ្ធរណ៍ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​កូន​ក្តី​របស់​ខ្លួន។

អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍ លោក ឃុន លាងម៉េង បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា សំណុំរឿង​លោក កឹម សុខា នឹង​ត្រូវ​លើក​យក​មក​ជំនុំជម្រះ​នៅ​ពេល​ឆាប់ៗ​នេះ។ លោក​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​កំពុង​ធ្វើ​របាយការណ៍ និង​សេចក្តី​សន្និដ្ឋាន ពីព្រោះ​សំណុំរឿង​នេះ​មាន​ភាព​ស្មុគស្មាញ និង​មាន​ឯកសារ​ច្រើន។

សហ​មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​ទាំង ៤​រូប​ដែល​ការពារ​សិទ្ធិ​ឲ្យ​លោក កឹម សុខា គឺ​លោក ចាន់ ចេន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ការ​ពន្យារ​ពេល​គ្មាន​កំណត់ (លើ​សំណុំរឿង​លោក កឹម សុខា) វា​រំលោភ​លើ​សិទ្ធិ​ទទួល​បាន​នូវ​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ និង​ឆាប់​រហ័ស ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង​កតិកាសញ្ញា​អន្តរជាតិ។

លោក ចាន់ ចេន បាន​បន្ថែម​ទៀត​ថា រឿង​ក្តី​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​រឿង​នយោបាយ ហើយ​ការ​ពន្យារ​ពេល​សវនាការ​របស់​សាលា​ឧទ្ធរណ៍​សម្រាប់​សំណុំរឿង​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​កូន​ក្តី​របស់​លោក។ លោក​ថា លោក កឹម សុខា ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ជាង ១​ឆ្នាំ និង​ក្នុង​ផ្ទះ ២៧​ឆ្នាំ​តាម​សាលក្រម​ដោយ​អយុត្តិធម៌ ដោយសារ​លោក​ស្មោះត្រង់​នឹង​ជាតិ ស្មោះត្រង់​នឹង​ម្ចាស់​ឆ្នោត រក្សា​គោលជំហរ​ដើម ឧត្តមគតិ​ដើម​មិន​ប្រែប្រួល។

កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​ក្រុង​ភ្នំពេញ​ប្រកាស​រំលាយ បន្ទាប់ពី​ប្រធាន​បក្ស លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​សម្រុក​ចូល​ចាប់​ខ្លួន​ទាំង​កណ្តាល​យប់​ដល់​គេហដ្ឋាន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ដដែល​នោះ តាម​បញ្ជា​លោក ហ៊ុន សែន។

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ ដាក់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ពី​បទ «សន្ទិដ្ឋិភាព​ជាមួយ​បរទេស» តាម​មាត្រា​៤៣៩ និង​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ក៏ប៉ុន្តែ​លោក កឹម សុខា ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ និង​មិន​អនុញ្ញាត​ឱ្យ​ជួប​ជាមួយ​អ្នក​ដទៃ​ក្រៅពី​សាច់ញាតិ​ឡើយ។ តុលាការ​ក៏​បាន​បង្គាប់​ឱ្យ​ដក​សិទ្ធិ​នយោបាយ​ជា​អចិន្ត្រៃយ៍​ចំពោះ​លោក កឹម សុខា ក្នុង​ការ​ឈរឈ្មោះ ឬ​ចូលរួម​បោះឆ្នោត ដែល​ជា​ទណ្ឌកម្ម​បន្ថែម​តាម​មាត្រា​៤៥០ នៃ​ក្រមព្រហ្មទណ្ឌ។

ក្រោយពី​ការ​សម្រេច​របស់​តុលាការ ផ្ទះ​របស់​លោក កឹម សុខា ត្រូវ​កងកម្លាំង​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ពង្រាយ​យាមកាម​ពេញ ២៤​ម៉ោង​ក្នុង​ឯកសណ្ឋាន​ស៊ីវិល​គ្រប់​ច្រកល្ហក ដើម្បី​តាមដាន និង​ឃ្លាំមើល​ក្រែង​មាន​អ្នក​ដទៃ​ក្រៅពី​សាច់ញាតិ​លោក កឹម សុខា ចូល​ទៅ​ក្នុង​ផ្ទះ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ សភា​នៃ​សហភាព​អឺរ៉ុប បាន​គាំទ្រ​លើ​ញត្តិ​ដែល​ទាមទារ​ឱ្យ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត ប្រសិនបើ​លោក កឹម សុខា មិន​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ និង​មិន​ធានា​បាន​នូវ​ការ​បោះឆ្នោត​ជាតិ​ខាងមុខ​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌ ឬ​នៅតែ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បន្ត​ទៀត​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស