38 C
Phnom Penh

លោក ហ៊ុន ម៉ាណែត អួត​ថា​រដ្ឋាភិបាល​មិន​ខ្ចី​លុយ​បរទេស​រហូត​វ័ណ្ឌក​នោះ​ទេ ហើយ​កម្ចី​ទាំងនោះ​ដើម្បី​ធានា​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ខ្មែរ​ជំពាក់​បំណុល​បរទេស​ពី​ឪពុក​ដល់​កូន លោក ហ៊ុន ម៉ាណែត អះអាង​ថា កម្ពុជា​មិន​ខ្ចី​បរទេស​រហូត​ដល់​វ័ណ្ឌក​ខ្លួនឯង​នោះ​ទេ ព្រោះ​កម្ចី​ទាំងនោះ​គឺ​ធ្វើ​ឡើង​ដើម្បី​ធានា​ដល់​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ មិន​មែន​ខ្ចី​មក​ទិញ​រថយន្ត និង​ទិញ​យន្តហោះ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​ប្រើប្រាស់​នោះ​ទេ។

នាយករដ្ឋមន្ត្រី​ស្នង​អំណាច​ត្រកូល​ហ៊ុន​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ជួប​កម្មករ​និយោជិត​ក្នុង​ខេត្ត​កណ្តាល នៅ​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា ប្រទេស​នៅ​លើ​ពិភពលោក​តិចតួច​បំផុត​ដែល​មិន​ជំពាក់​បំណុល​គេ ផ្ទុយទៅវិញ ដូចជា​ប្រទេស​ជប៉ុន អាមេរិក និង​បារាំង ជាដើម សុទ្ធតែ​ជំពាក់​បំណុល​បរទេស​ដូច​តែ​គ្នា ចំណែក​កម្ពុជា​បាន​យក​កម្ចី​ទាំងនោះ​មក​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដើម្បី​បម្រើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​ទាំងមូល។

លោក ហ៊ុន ម៉ាណែត ដែល​បន្ត​ដឹកនាំ​កម្ពុជា​ដោយ​ខ្ចី​លុយ​បរទេស​តាម​ឪពុក លើកឡើង​ថា កាលពី​ជំនាន់​ឪពុក​របស់​លោក​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន សែន ចេញ​ទៅ​ក្រៅ​ប្រទេស​ម្តងៗ​ដើម្បី​ស្នើសុំ​កម្ចី​ជា​ថវិកា​មក​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ តែង​រង​នូវ​ការ​ជេរប្រទេច​មិន​ចេះ​ចប់ ប៉ុន្តែ​អ្នក​ដែល​ជេរ​លោក ហ៊ុន សែន ទាំងអស់​នោះ​ក៏​បាន​ឆ្លង​ស្ពាន​ដែល​លោក​បាន​សាងសង់​ក្រោម​លុយ​កម្ចី​ទាំងនោះ​ដែរ។

នាយករដ្ឋមន្ត្រី​ដែល​ចម្លង​ការ​ដឹកនាំ​ដោយ​ខ្ចីបុល​បរទេស​តាម​ឪពុក លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ដើម្បី​ផល​ប្រយោជន៍​រួម កម្ពុជា​បាន​ខ្ចី​បំណុល​របស់​បរទេស​មែន ប៉ុន្តែ​មិន​បាន​ធ្វើ​ឱ្យ​បាត់​អធិបតេយ្យ​ជាតិ​ទៅ​ប្រទេស​ណា​នោះ​ទេ ហើយ​ក៏​មិនមែន​ខ្ចី​លុយ​របស់​បរទេស​រហូត​ជំពាក់​គេ​វ័ណ្ឌក​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​ថា កម្ពុជា​កំពុង​លង់​ខ្លួន​នឹង​បំណុល​បរទេស​សព្វថ្ងៃ​នេះ ជាពិសេស​គឺ​បំណុល​ទ្វេភាគី​ជាមួយ​នឹង​មិត្ត​ដែកថែប​ចិន​តែម្តង។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​មាន​បំណុល​សាធារណៈ​សរុប​ជាង ១​ម៉ឺន​លាន​ដុល្លារ​អាមេរិក​ហើយ (១០,២៧​ពាន់​លាន​ដុល្លារ) គិត​មក​ទល់​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​បំណុល​សាធារណៈ លោក អូន ព័ន្ធមុនីរ័ត្ន អះអាង​ថា បំណុល​របស់​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ភាព​អាច​គ្រប់គ្រង​បាន​ដដែល បើ​ទោះបីជា​សេដ្ឋកិច្ច​កម្ពុជា​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​រាលដាល​នៃ​វិបត្តិ​កូវីដ-១៩ និង​ពី​កត្តា​ខាងក្រៅ​ផ្សេង​ទៀត​ក្តី។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត មួយ​រូប​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២ វិច្ឆិកា នេះ​ថា គិត​ចាប់ពី​ថ្ងៃទី​២២ ខែ​សីហា ដល់​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ លោក ហ៊ុន ម៉ាណែត បាន​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល ៧៣​ថ្ងៃ​ហើយ ប៉ុន្តែ​គាត់​មិន​ទាន់​ដាក់​ចេញ​វិធានការ ឬ​គោល​នយោបាយ​អភិវឌ្ឍ​ជាតិ​អ្វី​មួយ​នៅឡើយ​ទេ ដោយសារតែ​រដ្ឋាភិបាល​ថ្មី​នេះ​កំពុង​រង់ចាំ​លុយ​កម្ចី​របស់​ចិន។

មន្ត្រី​រដ្ឋាភិបាល​ខាងលើ​លើកឡើង​ថា ការ​រៀបរាប់​របស់​លោក ហ៊ុន ម៉ាណែត ដែល​ថា​អ្នក​ដែល​ជេរ​ឪពុក​របស់​លោក និង​រូបលោក​ដែល​ខ្ចី​លុយ​ចិន​យក​មក​អភិវឌ្ឍ​ប្រទេស តែ​ទីបំផុត​អ្នក​ទាំងនោះ​ក៏​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​អភិវឌ្ឍ​ក្រោម​កម្ចី​នេះ​ដែរ​នោះ គឺ​ការ​និយាយ​បែប​ប្រជាភិថុតិ​ប៉ុណ្ណោះ។

ប្រភព​ដដែល​បញ្ជាក់​ថា អ្វី​ដែល​គេ​រិះគន់​នោះ គឺ​ចង់​សំដៅ​ថា តាំងពី​ជំនាន់​ដឹកនាំ​របស់​ឪពុក​គាត់ រហូត​ដល់​ខ្លួន​គាត់ នៅតែ​ពឹង​លើ​កម្ចី​បរទេស​ទាំងស្រុង មិន​មែន​ពឹង​កម្ចី​ទាំង​លើ​ផ្នែក​ខ្លះ​នោះ​ទេ ហើយ​រដ្ឋាភិបាល​គាត់​មិន​ដែល​មាន​លុយ​ខ្លួនឯង​សល់​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ​សោះ ក្រោម​ការ​ដឹកនាំ​របស់​ឪពុក​គាត់​ជាង ៤០​ឆ្នាំ​មក​នេះ រហូត​បន្ត​មក​កូន​របស់​គាត់​ដឹកនាំ ក៏​នៅតែ​បន្ត​ខ្ចី​បុល​ពី​បរទេស​មក​ដឹកនាំ​ទៀត ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​អាប់ឱន​កិត្តិយស​លើ​ឆាក​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ធ្លាប់​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ការ​ខ្ចី​បុល​បរទេស​តិច ឬ​ច្រើន ជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ​មួយ​ទៅ​ហើយ ប៉ុន្តែ​ការ​ប្រើប្រាស់​លុយ​កម្ចី​ទាំងនោះ​ប្រកប​ដោយ​តម្លាភាព គឺជា​រឿង​កាន់តែ​គួរ​ឱ្យ​ព្រួយបារម្ភ​ថែម​ទៀត ព្រោះ​គេ​មិន​ដឹង​រដ្ឋាភិបាល​ប្រើប្រាស់​ប្រកប​ដោយ​តម្លាភាព ឬ​ក៏​អត់​នោះ​ទេ ខណៈ​ប្រជាពលរដ្ឋ​ម្នាក់ៗ​មាន​កាតព្វកិច្ច​ត្រូវ​សង​បំណុល​ទាំងនោះ​តាមរយៈ​នៃ​ការ​បង់​ពន្ធ​គ្រប់​បែប​យ៉ាង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស