36 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​ត្រូវ​មាន​មនសិការ​បម្រើ​ជាតិ​និង​ប្រជាជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​របស់​ខ្លួន ត្រូវ​មាន​មនសិការ​ជាតិ​ខិតខំ​ប្រឹងប្រែង​បម្រើ​ពលរដ្ឋ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ដែល​មិន​គិត​អំពី​ឧបសគ្គ និង​ការ​នឿយហត់​ខ្លួនឯង។

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សម្ពោធ​អគារ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា ជាមួយ​នឹង​តួនាទី​ដ៏​សំខាន់ រាជរដ្ឋាភិបាល​មាន​ក្ដី​រំពឹង​ខ្ពស់​បំផុត​លើ​មន្ត្រី​គ្រប់​ជាន់​ថ្នាក់ ដែល​ត្រូវតែ​មាន​នូវ​មនសិការ​បម្រើ​ជាតិ និង​ប្រជាជន ក្នុង​ការ​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ជាពិសេស​ការ​ផ្ដល់​សេវា​រដ្ឋបាល និង​ការ​គាំពារ​សន្តិសុខ​សាធារណៈ​ជូន​ដល់​ពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ក្រសួង​មហាផ្ទៃ​ត្រូវ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ជា​ស្ពាន​ផ្សារភ្ជាប់​គោលនយោបាយ​ថ្នាក់​ជាតិ​ដែល​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល ទៅ​ជា​ការ​អនុវត្ត​នៅ​តាម​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​នៅ​ជាប់​ផ្ទាល់​នឹង​បញ្ហា​តាម​មូលដ្ឋាន ត្បិត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​អាច​នៅ​ត្រឹម​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ ប្រសិនបើ​គ្មាន​អ្នក​យក​ទៅ​អនុវត្ត និង​អនុវត្ត​ដោយ​ជោគជ័យ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា ការ​ចូលរួម​របស់​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​ទាំង​ក្របខ័ណ្ឌ​នគរបាល​ជាតិ និង​ស៊ីវិល​របស់​ក្រសួង​មហាផ្ទៃ គឺជា​កត្តា​សំខាន់​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ប្រែ​ក្លាយ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ទៅ​ជា​លទ្ធផល​ជាក់ស្ដែង​នៅ​តាម​មូលដ្ឋាន ជូន​ពលរដ្ឋ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ វិច្ឆិកា នេះ​ថា ការ​ណែនាំ​ឱ្យ​មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់​មាន​មនសិការ​ជាតិ ដើម្បី​បម្រើ​ពលរដ្ឋ​គឺ​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ដើម្បី​ជំរុញ​ឱ្យ​ពួកគេ​គិតគូរ​ពី​ផល​ប្រយោជន៍​ជាតិ តើ​រដ្ឋាភិបាល​ថ្មី​មាន​វិធានការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​លើ​មន្ត្រី​ទាំងនោះ​បាន​កម្រិត​ណា។

លោក​បន្ថែម​ថា ផ្ទុយទៅវិញ បើ​នៅតែ​មាន​អំពើពុករលួយ និង​ការ​ដឹកនាំ​តាម​បែប​បក្ខពួក​គ្រួសារ​និយម នោះ​មន្ត្រី​រាជការ​ទាំងនោះ​នៅតែ​មិន​អាច​ធ្វើ​កិច្ចការ​ដើម្បី​បម្រើ​ជាតិ​ដដែល។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ដើម្បី​តម្រង់​ទិស​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​បំពេញ​តួនាទី​សម្រាប់​ជាតិ និង​ប្រជាជន គ្មាន​អ្វី​ក្រៅពី​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឡើយ គឺ​ត្រូវតែ​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​មន្ត្រី​ដែល​ប្រព្រឹត្ត​ខុស ប៉ុន្តែ​បើ​ការ​អនុវត្ត​នៅតែ​មាន​ស្តង់ដារ​ពីរ ដោយ​ការ​ដាក់​ទោស​តែ​ទៅ​លើ​អ្នក​ដែល​មិន​ស្រប​នឹង​ខ្លួន ហើយ​មិន​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​បក្ខពួក​ខ្លួនឯង សូម​កុំ​សង្ឃឹម​ថា​មន្ត្រី​ទាំងនោះ​មាន​ឧត្ដមគតិ​បម្រើ​ជាតិ​ឱ្យ​សោះ។

លោក​បន្ត​ថា ដើម្បី​ភាព​ជា​គំរូ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ត្រូវតែ​អនុវត្ត​មុន​គេ​នូវ​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ រាប់​ចាប់តាំងពី​ការ​ផ្តល់​យុត្តិធម៌​ដល់​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​ទស្សនៈ​ផ្ទុយ ជាដើម ដោយ​បើក​ឱ្យ​មាន​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ដោយ​ពេញលេញ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ចៀសវាង​នូវ​ការ​ទប់ស្កាត់ ឬ​បិទ​លំហ​សេរីភាព​នៅ​ពេល​ដែល​មេដឹកនាំ​នយោបាយ ឬ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​ដើម្បី​ផល​ប្រយោជន៍​ជាតិ ដោយ​លើក​ឡើង​ពី​ចំណុច​ខ្សោយ​នៃ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ជាដើម។

កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លោក ហ៊ុន សែន ជា​មេដឹកនាំ និង​បន្ត​មក​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​របស់​គាត់ អស់​រយៈពេល​ជាង ៤​ទសវត្សរ៍​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​មួយ​នេះ​បាន​បំផ្លាញ​ប្រទេស​កម្ពុជា​ដល់​ឫសគល់ ដូចជា ការ​ដឹកនាំ​ដោយ​ការ​រំលោភ​ច្បាប់ និង​កិច្ចសន្យា​អន្តរជាតិ​នានា​ដែល​មាន​អំណាច​ការពារ​ទឹកដី និង​អធិបតេយ្យ​ប្រទេស​កម្ពុជា ដូចជា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជាដើម។

រយៈពេល​ជាង ៤០​ឆ្នាំ​ដែល​លោក ហ៊ុន សែន ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ត្រូវ​គេ​រក​ឃើញ​ថា បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​រង​នូវ​ការ​បំផ្លិចបំផ្លាញ​គ្រប់​មធ្យោបាយ ដូចជា ការ​ធ្វើ​ឱ្យ​បាត់បង់​ឯករាជ្យ​ជាតិ​ទៅ​លើ​ប្រទេស​ឈ្លានពាន​ជិតខាង ការ​ធ្វើ​ឱ្យ​បាត់បង់​ធនធាន​ធម្មជាតិ​ខ្មែរ​ទាំង​លើ​គោក និង​ក្រោម​ទឹក ធ្វើ​ឱ្យ​កើត​មាន​អំពើពុករលួយ​ក្នុង​ស្ថាប័ន​រដ្ឋ ដែល​កើតឡើង​ពី​ការ​ដឹកនាំ​តាមរយៈ​បក្ខពួក​គ្រួសារ​និយម​របស់​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស