រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ដែលធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ាជាលើកទី៣ នៅតែសន្យាគាំទ្រសង្គ្រាមវាយសងសឹករបស់អ៊ីស្រាអែល ទៅលើពួកហាម៉ាស-ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ទោះជាមេដឹកនាំប្រទេសអារ៉ាប់ ព្យាយាមស្នើឱ្យក្រុងវ៉ាស៊ីនតោន បង្គាប់ទៅអ៊ីស្រាអែល បញ្ឈប់ការធ្វើសង្គ្រាមលើពួកហាម៉ាស-ប៉ាឡេស្ទីន ក៏ដោយនោះ។
កាលពីថ្ងៃទី៣ វិច្ឆិកា លោក Blinken បានដល់ទីក្រុង Tel Aviv ដើម្បីស្វែងរកការពិតមួយចំនួនដែលអ៊ីស្រាអែល លើកទ័ពវាយចូលដែនដីរបស់ពួកហាម៉ាស នៅតំបន់ហ្កាហ្សា ជាសង្គ្រាមវាយសងសឹករបស់អ៊ីស្រាអែល ឆ្លើយតបពួកហាម៉ាសលួចបាញ់គ្រាប់រ៉ុក្កែត ៥០០០គ្រាប់ចូលដែនដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ តុលា ដែលបណ្ដាលឱ្យប្រជាជនអ៊ីស្រាអែល ស្លាប់ជាង ១៤០០នាក់។
វត្តមានរបស់ប្រមុខការទូតអាមេរិក ជាថ្មីទៀតនេះនៅលើទឹកដីអ៊ីស្រាអែល ចំពេលដែលសហគមន៍អន្តរជាតិបង្កើនការថ្កោលទោសអ៊ីស្រាអែល ដែលមិនព្រមបញ្ឈប់ការវាយប្រហារលើដែនដីហ្កាហ្សា នៃដែនដីប៉ាឡេស្ទីន ដែលបណ្ដាលឱ្យជនស៊ីវិលស្លាប់កាន់តែកើនឡើង។
បើយោងតាមប្រភពព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីន ស្លាប់កើនឡើងជិត ១០០០០នាក់ក្នុងសង្គ្រាមសងសឹករបស់អ៊ីស្រាអែល ដែលចូលដល់ថ្ងៃទី៣១ នៅថ្ងៃទី៦ ខែវិច្ឆិកា នេះ។
កងទ័ពអ៊ីស្រាអែល បន្តវាយប្រហារឥតឈប់ឈរទាំងទ័ពជើងគោក ជើងអាកាស និងជើងទឹក ទៅលើតំបន់ហ្កាហ្សា។ កងទ័ពអ៊ីស្រាអែល អះអាងថា កងកម្លាំងរបស់ខ្លួនបានឡោមព័ទ្ធទីក្រុងហ្កាហ្សា និងកំពុងបន្តរុលឆ្ពោះទៅមុខថែមទៀត ដែលអ៊ីស្រាអែលថាក្នុងគោលដៅបោសសម្អាតពួកហាម៉ាស ដែលជាក្រុមភេរវកម្ម។ នៅថ្ងៃនេះ អ៊ីស្រាអែលប្រកាសថា ទីបញ្ជាការរបស់ពួកហាម៉ាសជាង ២៥០០ត្រូវបានកម្ទេចចាប់តាំងពីថ្ងៃទី៧ តុលា មកនេះ។
តែយ៉ាងណា អ៊ីស្រាអែលប្រកាសថានឹងមិនព្រមបញ្ឈប់ដាច់ខាតទោះជាមានការស្នើឱ្យផ្អាកសង្គ្រាមពីប្រទេសណា ឬពីអង្គការសហប្រជាជាតិក៏ដោយ។
ស្របនឹងជំហររបស់អ៊ីស្រាអែល រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលបានទៅជួបសមភាគីមកពីបណ្ដាប្រទេសអារ៉ាប់ នៅលើទឹកដីនៃប្រទេសហ្សកដានី ដូចជា រដ្ឋមន្ត្រីការបរទេសមកពីប្រទេសកាតា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រទេសអារ៉ាប់រួមអេម៉ារ៉េត ប្រធានាធិបតីប្រទេសតួកគី និងមេដឹកនាំហ្សកដានី ផងដែរ ថា ទោះបីជាសហរដ្ឋអាមេរិកថ្កោលទោសការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស់ ទៅលើអ៊ីស្រាអែល ប្រហែលជាគ្មាននរណាមួយសម្ដែងមតិចាត់ទុកក្ដីឈឺចាប់របស់ប្រជាជនអ៊ីស្រាអែល នៅថ្ងៃនោះថាជារឿងដែលត្រូវទាមទារយុត្តិធម៌នោះទេ។
លោករដ្ឋមន្ត្រីការបរទេសអាមេរិកបានបន្តបកស្រាយថា បើមានបទឈប់បាញ់នាពេលនេះ នឹងផ្តល់ឱកាសឱ្យក្រុមហាម៉ាស ស្ថិតនៅដដែល ហើយអាចប្រមូលផ្ដុំកម្លាំងឡើងវិញ និងបន្តប្រព្រឹត្តទង្វើដែលពួកគេបានធ្វើដូចកាលពីថ្ងៃទី៧ ខែតុលា។
លោកបញ្ជាក់ប្រាប់ក្រុមរដ្ឋមន្ត្រីការបរទេសអារ៉ាប់ថា អាមេរិកនៅបន្តគាំទ្រអ៊ីស្រាអែល ព្រោះជារឿងទាមទារយុត្តិធម៌ពីអ្នកឈ្លានពាន ហើយការវាយបោសសម្អាតពួកហាម៉ាស ជារឿងចាំបាច់របស់អ៊ីស្រាអែល។
ក្នុងជំនួបលើទឹកដីនៃប្រទេសហ្សកដានី កាលពីថ្ងៃសៅរ៍ ទី៤ វិច្ឆិកា ក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ បានដាក់សម្ពាធជាសាធារណៈទៅលើលោក Antony Blinken ឱ្យខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវបទឈប់បាញ់ ជាបន្ទាន់មួយនៅតំបន់ហ្កាហ្សា ដែលពួករដ្ឋមន្ត្រីប្រទេសទាំងនោះបានថ្កោលទោសអ៊ីស្រាអែល ហើយព្រមានថា សង្គ្រាមរបស់អ៊ីស្រាអែលកាន់តែអាក្រក់ឡើង ព្រោះអ៊ីស្រាអែល មិនត្រឹមតែវាយប្រហារលើពួកហាម៉ាសនោះទេ គឺសូម្បីមន្ទីរពេទ្យ និងជំរំជនភៀសខ្លួន ក៏អ៊ីស្រាអែលវាយប្រហារដែរ។
លោក Blinken បានឆ្លើយថា លោកព្យាយាមប្រាប់អ៊ីស្រាអែល ឱ្យបញ្ចៀសការវាយប្រហារលើទីតាំងស៊ីវិល តែលោកនៅតែការពារអ៊ីស្រាអែល ថា ពេលខ្លះពួកហាម៉ាស រត់ចូលទៅទីនោះ ទើបអ៊ីស្រាអែលដេញវាយប្រហារ។
ក្នុងការបង្ហាញភាពខ្វែងគំនិតគ្នាដោយចំហយ៉ាងកម្រនេះ លោក Blinken បានសន្យានៅចំពោះមុខសមភាគីប្រទេសអារ៉ាប់ រួមទាំងនៅចំពោះមុខប្រធានាធិបតីតួកគី និងមហាក្សត្រប្រទេសហ្សកដានី ថា ក្រុងវ៉ាស៊ីនតោននៅតែគាំទ្រអ៊ីស្រាអែល ព្រោះអ៊ីស្រាអែលត្រូវការយុត្តិធម៌។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបញ្ជាក់នៅថ្ងៃនេះជាថ្មីថា នឹងមិនមានឡើយបទឈប់បាញ់ រហូតទាល់តែចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង។
លោក Netanyahu បានលើកឡើងថា ចំណាប់ខ្មាំងជាង ២៤០នាក់ដែលត្រូវបានក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំងអំឡុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ត្រូវតែមានសេរីភាពឡើងវិញ។
លោក Netanyahu បានបញ្ជាក់ទៀតថា នឹងមិនមានឡើយបទឈប់បាញ់ ហើយបន្តវាយលុករហូតទាល់តែអាចបំបាក់ពួកហាម៉ាស ព្រោះគ្មានជម្រើសផ្សេងក្រៅពីនេះទេ។
សង្គ្រាមអ៊ីស្រាអែល វាយចូលដែនដីហ្កាហ្សា ត្រូវបានសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកហៅថាជាសង្គ្រាមសងសឹក ដើម្បីយុត្តិធម៌សម្រាប់ប្រជាជនអ៊ីស្រាអែល ស្លាប់ជាង ១៤៤០នាក់ក្រោមគ្រាប់រ៉ុក្កែតដែលពួកហាម៉ាសនៅតំបន់ហ្កាហ្សា នៃដែនដីប៉ាឡេស្ទីន លួចបាញ់ទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ តុលា៕