នាយករដ្ឋមន្ត្រីក្តាប់អំណាចបន្តពូជថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត លើកឡើងថា អ្នកវិនិយោគិនចិន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ បានអះអាងថា ពួកគេធ្វើការនៅទីនោះគ្មានការភ័យព្រួយអំពីសុវត្ថិភាពដូចសាច់រឿងដែលបានចាក់បញ្ចាំងក្នុងខ្សែភាពយន្តខ្នាតធំ «No More Bet» នោះទេ។
កូនប្រុសមេដឹកនាំក្រាញអំណាចតាមរបបកុម្មុយនីស្តលោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីជួបជាមួយកម្មករនៅខេត្តព្រះសីហនុ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា លោកបានអរគុណទៅកាន់វិនិយោគិនចិនក្នុងតំបន់សេដ្ឋកិច្ចពិសេសរូបនោះយ៉ាងខ្លាំង ដែលបានជួយពន្យល់ និងបំភ្លឺ ដើម្បីលុបបំបាត់ការព្រួយបារម្ភដែលកើតឡើងដោយសារភាពយន្តចិនរឿង «No More Bet» ដែលត្រូវបានចាក់ផ្សាយកាលពីពេលកន្លងទៅនោះ និងនាំការភ័យព្រួយទៅទេសចរបរទេសអំពីសុវត្ថិភាពក្នុងការមកលេងប្រទេសកម្ពុជា។
នាយករដ្ឋមន្ត្រីខ្មែរដែលឪពុកលើកបន្តុបលោក ហ៊ុន ម៉ាណែត អះអាងថា វិនិយោគិនចិនទាំងនោះបានពន្យល់ទៅកាន់មតិសាធារណៈនៅក្រៅប្រទេសថា រូបគេដែលកំពុងធ្វើការនៅក្នុងខេត្តព្រះសីហនុ សព្វថ្ងៃនេះ និងបុគ្គលិករបស់គេដែលមកពីប្រទេសចិន ដែរនោះ គ្មាននរណារងនូវការភិតភ័យអ្វីឡើយ ដែលខុសពីខ្លឹមសារក្នុងខ្សែភាពយន្ត «No More Bet» ទាំងស្រុង។
លោក ហ៊ុន ម៉ាណែត ណែនាំឱ្យអាជ្ញាធរ កម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បង្កើនការពង្រឹងកិច្ចការសន្តិសុខឱ្យបានល្អគ្រប់កន្លែងទាំងអស់ ជាពិសេសគោលដៅដែលជាតំបន់ទេសចរណ៍ និងតំបន់ឧស្សាហកម្ម គឺត្រូវធានាឱ្យបាននូវសន្តិសុខ ព្រោះថាអាជ្ញាធរគ្រប់ជាន់ថ្នាក់ កម្លាំងសមត្ថកិច្ច ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមជាមួយសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានតួនាទីចាំបាច់បំផុតក្នុងការពង្រឹងសន្តិសុខបម្រើប្រជាពលរដ្ឋ។
កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រធានក្លឹបអ្នកកាសែតកម្ពុជា (CCJ) លោក ពុយ គា បានលើកឡើងក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលចិន-កម្ពុជា ដោយស្នើឱ្យផលិតករចិនបន្តផលិតខ្សែភាពយន្ត «No More Bets» វគ្គ២ បន្តទៀត ដោយលោកជំរុញឱ្យអ្នកផលិតខ្សែភាពយន្តនេះមកថតផ្ទាល់នៅខេត្តព្រះសីហនុ ជាក់ស្តែង ថាតើមានអំពើឧក្រិដ្ឋកម្មមែនឬអត់ ដើម្បីមើលឃើញពីស្ថានភាពជាក់ស្តែងរបស់ខេត្តនេះ ហើយការធ្វើបែបនេះ ក៏ដើម្បីស្ដារវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគឺស្ដារកេរ្តិ៍ឈ្មោះរបស់ខេត្តព្រះសីហនុ ឡើងវិញដែរ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី៧ វិច្ឆិកា នេះថា អំពើឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយក្រុមឧក្រិដ្ឋជនមិនមែនធ្វើឡើងចំហទេ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា រដ្ឋាភិបាលមានសមត្ថភាពអាចបង្ក្រាបអំពើឧក្រិដ្ឋទាំងនោះបានឬអត់ប៉ុណ្ណោះ ហើយការចងក្រងក្នុងខ្សែភាពយន្ត «No More Bets» ក៏មិនមែនផលិតករចិនទាំងនោះមកសុំក្រុមឧក្រិដ្ឋជនថតដែរ ប៉ុន្តែគឺជាការស៊ើបអង្កេតប៉ុណ្ណោះ។
កាលពីដើមខែសីហា ឆ្នាំ២០២៣ ខ្សែភាពយន្តខ្នាតធំរបស់ចិនឈ្មោះ No More Bets ដែលមានន័យថា សូមបញ្ឈប់ការភ្នាល់ បានធ្វើឱ្យអ្នកទស្សនាមានការភ័យខ្លាច និងមិនហ៊ានទៅលេងប្រទេសកម្ពុជា ព្រោះតែខ្សែភាពយន្តមួយនេះបានបញ្ជាក់ជាភាសាអង់គ្លេសថា Base On Real Case ដែលមានន័យថា ផ្អែកតាមរឿងពិត ១សែនករណីនៃអំពើជួញដូរមនុស្ស ខណៈរដ្ឋាភិបាលចិនក៏កំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយឱ្យមានការយល់ដឹងជាសាធារណៈអំពីការឆបោកដែលបានរៀបរាប់ក្នុងខ្សែភាពយន្តរឿង No More Bets នេះផងដែរ។
ខ្សែភាពយន្តនេះបានតម្រូវឱ្យតួអង្គក្នុងរឿងពាក់អាវដែលមានអក្សរខ្មែរ និងរថយន្តក្នុងសាច់រឿងនេះក៏មានបិទអក្សរខ្មែរផងដែរ ដែលទំនងជាមានបំណងលាតត្រដាងអំពីការជួញដូរមនុស្សនៅកម្ពុជា ហើយសាច់រឿងនេះក៏បានបង្ហាញពីការធ្វើទារុណកម្មរបស់ក្រុមឧក្រិដ្ឋជនទៅលើជនរងគ្រោះយ៉ាងព្រៃផ្សៃដែរ ដូចជា ការលក់មនុស្សឱ្យបម្រើសេវាកម្មផ្លូវភេទ ការចាក់បញ្ចូលថ្នាំញៀនឱ្យទទួលភ្ញៀវ ការបាញ់សម្លាប់ជនរងគ្រោះដែលមានបំណងលួចរត់ ការដកក្រចក ការយកស្គុតរុំច្រមុះឱ្យថប់ដង្ហើម កាត់ស្លឹកត្រចៀក ច្រានជនរងគ្រោះទម្លាក់ពីលើអគារ និងការវេះយកគ្រឿងក្នុងជនរងគ្រោះទៅលក់ក្នុងទីផ្សារងងឹត ជាដើម ដែលធ្វើឱ្យអ្នកទស្សនាភ័យខ្លាច និងព្រឺព្រួចជាខ្លាំង។
ទាក់ទិននឹងខ្សែភាពយន្តនេះ សារព័ត៌មានបរទេសឈ្មោះ NINEI ASIA បានចុះផ្សាយថា បន្ទាប់ពីការចេញផ្សាយខ្សែភាពយន្តនេះ ការស្ទង់មតិមួយដែលធ្វើឡើងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនឈ្មោះ Sina Weibo បានសួរអ្នកដែលបានទស្សនាខ្សែភាពយន្តនេះថា តើពួកគេហ៊ានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា និងប្រទេសភូមា ដែរឬទេ? ក្នុងនោះ មានតែមនុស្សជាង ៣ពាន់ប៉ុណ្ណោះ (៣៧៧៨នាក់) ដែលបាននិយាយថា ពួកគេហ៊ានទៅ ប៉ុន្តែមនុស្សប្រមាណជិត ២សែននាក់ផ្សេងទៀត (១៨១០០០នាក់) បានឆ្លើយថា ពួកគេមិនហ៊ានទៅទេ ក្រោមហេតុផលថា វាជារឿងគ្រោះថ្នាក់បំផុត។
កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ អង្គការសហប្រជាជាតិបានបង្ហាញរបាយការណ៍របស់ខ្លួនថា អំពើឆបោកតាមអ៊ីនធឺណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារអាមេរិក ដោយមានជនរងគ្រោះប្រមាណ ១សែននាក់ ត្រូវបានជួញដូរចូលទៅក្នុងប្រទេសកម្ពុជា និងជាង ១សែននាក់ផ្សេងទៀត (១២០០០០នាក់) ចូលទៅកាន់ប្រទេសភូមា ផងដែរ ប៉ុន្តែតួលេខនេះត្រូវរដ្ឋាភិបាលកម្ពុជាបដិសេធចោលទាំងស្រុង។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សារព័ត៌មានអន្តរជាតិ អាល់ចាហ្ស៊ីរ៉ា (Aljazeera) បានចេញផ្សាយជាវីដេអូរយៈពេលជាង ៤០នាទី ដែលមានចំណងជើងថា «Forced to Scam: Cambodia’s Cyber Slaves» ឬ «ទាសករតាមអ៊ីនធឺណិតនៅកម្ពុជា» ដោយក្នុងវីដេអូនោះបានរៀបរាប់យ៉ាងច្រើនពីការស៊ើបអង្កេតនៃអំពើជួញដូរមនុស្ស និងការធ្វើទាសភាពដោយប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតរបស់ជនជាតិចិននៅកម្ពុជា និងបណ្ដាញរបស់ពួកគេដែលពាក់ព័ន្ធជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា ដែលធ្វើឡើងជាប្រព័ន្ធ ជាពិសេសគឺមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន តែម្តង។
ទាក់ទិននឹងបញ្ហានេះ ក្រសួងការបរទេសអាមេរិក កាលពីចុងឆ្នាំ២០២២ បានបញ្ចេញរបាយការណ៍របស់ខ្លួនស្ដីពីការជួញដូរមនុស្ស ដោយបានដាក់ប្រទេសកម្ពុជាចូលក្នុងបញ្ជីខ្មៅស្ថិតក្រោមការឃ្លាំមើលកម្រិត៣ (Tier 3 Watch List) ដែលបញ្ជាក់ថា កម្ពុជាស្ថិតនៅក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្សធ្ងន់ធ្ងរនៅឡើយសព្វថ្ងៃនេះ៕
© 2023, . All rights reserved.