នៅក្នុងឱកាសខួប ៧០ឆ្នាំនៃបុណ្យឯករាជ្យជាតិ អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរសិក្សា និងចងចាំនូវប្រវត្តិសាស្ត្រពិតរបស់ប្រទេសកម្ពុជាដែលទទួលបានឯករាជ្យក្រោមស្នាព្រះហស្តរបស់អតីតព្រះមហាក្សត្រខ្មែរសម្តេចព្រះបាទ នរោត្តម សីហនុ ដែលបានទាមទារឯករាជ្យពីអាណានិគមនិយមបារាំងកាលពីដើមទសវត្សរ៍ឆ្នាំ១៩៥០។
អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៨ វិច្ឆិកា នេះ ដែលទំនងជាសំដៅដល់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែសិក្សា និងចងចាំនូវប្រវត្តិសាស្ត្រពិតប្រាកដរបស់ប្រទេសកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីកុំឱ្យជនក្បត់ជាតិ និងជនផ្ដាច់ការបំភ្លៃឲ្យខុសពីការពិតក្នុងចេតនាបោកបញ្ឆោត ក្រោមផែនការក្តោបក្តាប់អំណាចផ្ដាច់មុខបន្តពូជក្នុងវង្សត្រកូលរបស់ពួកគេ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលខួបនៃបុណ្យឯករាជ្យជាតិលើកទី៧០ ដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំង ក្រោមបូជនីយកិច្ចរបស់ព្រះបាទ នរោត្តម សីហនុ ឈានមកដល់នៅថ្ងៃទី ៩ វិច្ឆិកា នេះ។
ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺជាខួបលើកទី៧០ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ ដែលកម្ពុជាបានទាមទារឯករាជ្យពីប្រទេសបារាំងបានពេញលេញ ក្រោមការដឹកនាំដោយសម្ដេចព្រះនរោត្តម សីហនុ។ ក្រោយទទួលបានឯករាជ្យ សម្ដេចព្រះនរោត្តម សីហនុ បានសរសេរលិខិតផ្លូវការមួយទៅរដ្ឋាភិបាលបារាំង ដោយអះអាងថា ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ តទៅ កម្ពុជាគឺជាប្រទេសឯករាជ្យ មិនស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសណាទៀតឡើយ ហើយកម្ពុជានឹងស្រឡាញ់រាប់អានបារាំង ក្នុងឋានៈជាប្រទេសឯករាជ្យដូចគ្នាជារៀងរហូត។
បារាំងបានដាក់អាណានិគមលើទឹកដីកម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ ប៉ុន្តែនៅឆ្នាំ១៩៤៩ ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ បានទាមទារឲ្យប្រទេសបារាំងបញ្ឈប់សន្ធិសញ្ញាអាណាព្យាបាលលើកម្ពុជាវិញ។
នៅអំឡុងឆ្នាំ១៩៤៩ ដដែលនោះ ព្រះអង្គក៏បានឡាយព្រះហស្តលេខាលើសន្ធិសញ្ញាឯករាជ្យមួយដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់ នូវឯករាជ្យរបស់ប្រទេសកម្ពុជារហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបកម្ពុជាទទួលបានឯករាជ្យពេញលេញ ក្នុងនោះសម្តេចព្រះនរោត្តម សីហនុ ក៏បានកសាងវិមានឯករាជ្យទុកជានិមិត្តរូបនៃការទទួលបានឯករាជ្យរបស់កម្ពុជាដែលមានរហូតដល់សព្វថ្ងៃនេះថែមទៀត។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ លើកឡើងកាលពីពេលថ្មីៗនេះថា ស្ថានភាពរបស់ប្រទេសកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ មានឯករាជ្យតែនៅលើក្រដាសប៉ុណ្ណោះ ប៉ុន្តែការពិតជាក់ស្តែង ប្រទេសកម្ពុជាមិនមានឯករាជ្យទេចាប់តាំងពីលោក ហ៊ុន សែន ត្រូវបានលើកបន្តុបជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា កាលពីទសវត្សរ៍ឆ្នាំ១៩៨០ មក។
លោក គឹម សុខ លើកឡើងថា បើទោះបីជារដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាបានចែងយ៉ាងច្បាស់ក្នុងមាត្រា១ ស្ដីពីអធិបតេយ្យភាពរបស់កម្ពុជាក៏ដោយ ក៏ប៉ុន្តែក្រោមកិច្ចព្រមព្រៀងខុសច្បាប់នានារបស់លោក ហ៊ុន សែន ជាមួយនឹងរដ្ឋាភិបាលវៀតណាម ដូចជា កិច្ចព្រមព្រៀងខុសច្បាប់ឆ្នាំ១៩៨២ ឆ្នាំ១៩៨៣ ឆ្នាំ១៩៨៥ ឆ្នាំ១៩៨៦ ឆ្នាំ២០០៥ និងឆ្នាំ២០១៩ ជាដើម សុទ្ធសឹងតែជាសន្ធិសញ្ញាដែលដាក់ឱ្យប្រទេសកម្ពុជាធ្លាក់ទៅក្រោមការឈ្លានពានរបស់ប្រទេសវៀតណាម ទាំងអស់។
អ្នកវិភាគនយោបាយរូបនេះជំរុញឱ្យមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ដែលនៅតែមានអំណាចបញ្ជាលើនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាដែលជាកូនរបស់គាត់ យកគំរូតាមវីរភាពរបស់សម្តេចព្រះ នរោត្តម សីហនុ ដើម្បីឱ្យកម្ពុជាទទួលបានឯករាជ្យពេញលេញឡើងវិញ ចៀសវាងនូវការឈ្លានពានពីបរទេសជិតខាង ហើយក៏ដើម្បីឱ្យកម្ពុជាមានមុខមានមាត់លើឆាកអន្តរជាតិទៅថ្ងៃអនាគតដោយពិតប្រាកដដែរ។
យ៉ាងណាក៏ដោយ កម្ពុជាស្ថិតក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានដើមកំណើតពីបក្សកុម្មុយនីស្តវៀតណាម និងមានមេដឹកនាំដែលកងទ័ពវៀតណាមលើកបន្តុបលោក ហ៊ុន សែន អស់រយៈពេលជាង ៤០ឆ្នាំមកនេះ ត្រូវគេមើលឃើញថា ទឹកដីសុវណ្ណភូមិមួយនេះត្រូវបានមេដឹកនាំរបស់ខ្លួនយកទៅធ្វើជាវត្ថុបញ្ចាំទៅឱ្យបរទេសជិតខាងជាបន្តបន្ទាប់ ដូចជា ដាក់បញ្ចាំឱ្យវៀតណាម ដើម្បីអំណាចសម្រាប់ក្រុមគ្រួសារខ្លួនឯង ជាដើម៕