34 C
Phnom Penh

៨០% នៃ​ប្រទេស​កូនបំណុល​ចិន​សុទ្ធតែ​ក្រីក្រ​ដែល​ពុំ​មាន​លទ្ធភាព​សង​ប្រាក់​ដើម​ឱ្យ​ចិន​ក្នុង​នោះ​មាន​កម្ពុជា​មួយ​ដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចិន​ជា​ប្រទេស​ម្ចាស់​បំណុល​ធំ​បំផុត​សម្រាប់​ប្រទេស​ក្រីក្រ​នៅ​លើ​ពិភពលោក។ ប្រទេស​សេដ្ឋកិច្ច​លំដាប់​ទី​ពីរ​នេះ បាន​បញ្ចេញ​ប្រាក់កម្ចី​របស់​ខ្លួន​ទៅ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​ប្រទេស​ក្រីក្រ​ទទួល​ប្រាក់ចំណូល​ទាប​ប្រចាំ​ឆ្នាំ។

ប្រាក់កម្ចី​របស់​ចិន ដែល​ផ្ដល់​ឲ្យ​ប្រទេស​ក្រីក្រ​ទាំងនោះ​គឺ​ក្នុង​គម្រោង​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ (BRI)។ សម្រាប់​កម្ពុជា ក៏​មាន​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ ៨០% ក្នុង​ចំណោម​កូនបំណុល ១៦៥​ប្រទេស​ដែរ។

យោង​តាម​របាយការណ៍ AidData របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ William and Mary នៅ​រដ្ឋ Virginia សហរដ្ឋ​អាមេរិក នៅ​ពេលនេះ ចិន​កំពុងតែ​ពិបាក​ក្នុង​ការ​ប្រមូល​ទាំង​ប្រាក់​ដើម និង​ការប្រាក់​ពី​ប្រទេស​ទាំងនោះ ព្រោះតែ​ប្រទេស​កូនបំណុល​ភាគច្រើន​មិន​មាន​លទ្ធភាព​សង​ទៅ​ឲ្យ​ចិន​វិញ​នោះ​ទេ សូម្បីតែ​ប្រាក់​ដើម។

ភាគច្រើន​ប្រទេស​ដែល​មិន​អាច​បង្វិល​សំណង​ទៅ​ចិន​វិញ ត្រូវ​បាន​អង្គការ AidData របស់​អាមេរិក​រក​ឃើញ​ច្រើន​តែ​ប្រទេស​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ហើយ​ក៏​មាន​ប្រទេស​នៅ​ក្នុង​អាស៊ី​មួយ​ចំនួន​ដែរ។

ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី ត្រូវ​បាន​អង្គការ​ឃ្លាំមើល​ដំណើរការ​ហិរញ្ញវត្ថុ និង​សារព័ត៌មាន The Guardian ចុះផ្សាយ​ថា​ក៏​មាន​កម្ពុជា​មួយ​ដែរ។ ប្រទេស​កម្ពុជា​កំពុង​ដល់​ពេលវេលា​ត្រូវ​សង​បំណុល​ចិន តែ​ប្រទេស​ក្រីក្រ​មួយ​នេះ​កំពុងតែ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ។

ចំពោះ​ប្រទេស​ពីរ​នៅ​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​ដែល​រដ្ឋាភិបាល​ថ្មី​នៅ​ក្នុង​ប្រទេស​នេះ​មិន​សម្រេច​សង​ការប្រាក់ និង​ប្រាក់​ដើម​ទៅ​ឲ្យ​ចិន នោះ​គឺ​មាន​ប្រទេស​ពីរ គឺ​ប្រទេស​ស្រីលង្កា និង​ប៉ាគីស្ថាន។

ប្រទេស​ទាំង​ពីរ​នេះ​ដែល​មាន​រដ្ឋាភិបាល​ថ្មី​ពុំ​មែន​ជា​រដ្ឋាភិបាល​ជា​អ្នក​ជំពាក់​បំណុល​ចិន បាន​សម្រេច​ព្យួរ​ការ​សង​ប្រាក់​ដើម និង​ការប្រាក់​ទៅ​ឱ្យ​ចិន ដែល​ការពិត ប្រទេស​ពីរ​នេះ​ត្រូវ​បង្វិល​សង​ទៅ​ចិន​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៩ ប៉ុន្តែ​ពុំ​មាន​លទ្ធភាព ព្រោះតែ​ប្រទេស​ពីរ​នេះ​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត​ចំ​ពេល​ដែល​ពិភពលោក​ក៏​ធ្លាក់​ក្នុង​ជំងឺ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។

ការ​ព្យួរ​ការ​សង​ប្រាក់​ដើម និង​ការប្រាក់​របស់​ប្រទេស​ពីរ​នេះ បាន​ក្លាយ​ទៅ​ជា​ប្រទេស​គំរូ​ទៅ​ប្រទេស​ដទៃ​ទៀត​ដែល​ព្យួរ​ការ​សង​ប្រាក់​ទៅ​ឲ្យ​ប្រទេស​ចិន ជាពិសេស​គឺ​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក។

ប្រទេស​នៅ​ក្នុង​តំបន់​ទ្វីប​អាហ្វ្រិក​មួយ​ចំនួន កំពុង​ធ្លាក់​ក្នុង​ចលាចល​នយោបាយ ហើយ​ឈាន​ដល់​ការ​ផ្ដួល​រលំ​រដ្ឋាភិបាល​ដែល​ជំពាក់​បំណុល​ចិន​វ័ណ្ឌក មាន​ដូចជា​ប្រទេស​នីហ្សេ ប្រទេស​ម៉ាលី ប្រទេស​ស៊ូដង់ ជាដើម។

យ៉ាងណា ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ត្រូវ​ជាប់​បំណុល​ចិន​រាប់​ពាន់​លាន​ដុល្លារ មាន​ទាំង​កម្ពុជា ប្រទេស​ភូមា ឡាវ ម៉ាឡេស៊ី និង​ហ្វីលីពីន។ ប្រទេស​ទាំង ៥ នេះ សុទ្ធតែ​ដល់​ឆ្នាំ​ដែល​ត្រូវ​បង្វិល​ប្រាក់​ដើម និង​ការប្រាក់​ទៅ​ឲ្យ​ចិន។ តែ​ប្រទេស​ទាំងនេះ​កំពុងតែ​ធ្លាក់​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ជា​ខ្លាំង។

ចិន​បញ្ចេញ​សាច់ប្រាក់​ពាន់​លាន​ដុល្លារ ដើម្បី​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​ខ្ចី​យក​ទៅ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ អគារ​ខ្ពស់​ស្កឹមស្កៃ រាប់​ទាំង​កំពង់ផែ ស្ពាន ផ្លូវដែក ឬ​ផ្លូវថ្នល់​ល្បឿន​លឿន។

ដើម្បី​សម្រេច​គម្រោង​នេះ ចិន​ហ៊ាន​ផ្តល់​ប្រាក់​កម្ចី​ដ៏​មហិមា​ដល់​បណ្តា​ប្រទេស​មាន​ចំណូល​ទាប និង​មធ្យម​ទាំងនោះ។

បើ​តាម​របាយការណ៍ AidData ដែល​ចុះផ្សាយ​ដោយ​សារព័ត៌មាន The Guardian គឺ​ចាប់ពី​ឆ្នាំ​២០២០ មក កូនបំណុល​ត្រូវ​សង​ប្រាក់​ដើម​ចាប់ពី ៧៥% ឡើង​ទៅ​នៃ​ទំហំ​ប្រាក់កម្ចី​សរុប។

បើ​តាម​ការ​វិភាគ​ទិន្នន័យ​ស្ដីពី​កម្ចី​ហិរញ្ញវត្ថុ​ចិន គឺ​គម្រោង​សរុប​ជិត ២១០០០​គម្រោង​ដែល​ក្នុង​មួយ​ឆ្នាំៗ ក្រុង​ប៉េកាំង​ព្រម​ផ្តល់​ជំនួយ និង​កម្ចី​ហិរញ្ញវត្ថុ​ប្រមាណ​ជិត ៨០​ពាន់​លាន​ដុល្លារ​ដល់​បណ្តា​ប្រទេស​ក្រីក្រ និង​ប្រទេស​មាន​ចំណូល​មធ្យម។

ចិន​ជា​ម្ចាស់​បំណុល​ដ៏​ធំ​ជាងគេ​នៅ​លើ​ពិភពលោក បើ​ធៀប​នឹង​សហរដ្ឋ​អាមេរិក​លំដាប់​ទី​២ ដែល​បញ្ចេញ​សាច់ប្រាក់​កម្ចី​ត្រឹមតែ ៦០​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ នេះ​បើ​តាម​របាយការណ៍ AidData នៅ​សហរដ្ឋ​អាមេរិក។

នា​បច្ចុប្បន្ន​នេះ ចិន​កំពុង​ប្រមូល​បំណុល​ដើម ១១០០​ពាន់​លាន​ដុល្លារ​ពី​កូនបំណុល ១៦៥​ប្រទេស ប៉ុន្តែ ៨០​ភាគរយ បាន​ប្រាប់​ថា ពួកគេ​ពុំ​មាន​លទ្ធភាព​បង្វិល​ប្រាក់​ដើម និង​ការប្រាក់​នោះ​ទេ។

Bradley Parks ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នក​ស្រាវជ្រាវ AidData បាន​និយាយ​ថា ចិន​នឹង​កាន់តែ​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ថែម​ទៀត បើ​កូនបំណុល​មិន​ព្រម​សង​បំណុល​ឱ្យ​ទាន់​ពេលវេលា​កំណត់ ហើយ​គ្មាន​លទ្ធភាព​សង​បំណុល។

តាម​អ្នក​ជំនាញ​រូប​នេះ ចិន​ទំនង​មិន​សង្គ្រោះ​ប្រាក់កម្ចី​របស់​ខ្លួន​ពី​ប្រទេស​ទាំងនោះ​បាន​ទេ។ ធនាគារ​កណ្ដាល​ប្រទេស​ចិន គឺ​អ្នក​ដើរ​តួនាទី​ក្នុង​ការ​បញ្ចេញ​សាច់ប្រាក់​កម្ចី ហើយ​ពេល​ខ្លះ រដ្ឋាភិបាល​តែម្ដង​ជា​អ្នក​ផ្ដល់​ប្រាក់​ឱ្យ​កូនបំណុល។

ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ ក្រុមហ៊ុន​ឯកជន​ចិន​ជាច្រើន​ដែល​ខ្ចី​ប្រាក់​ពី​រដ្ឋាភិបាល ដើម្បី​យក​ធ្វើ​ជា​ទុន​វិនិយោគ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ អគារ​ខ្ពស់​ស្កឹមស្កៃ កំពង់ផែ ស្ពាន ផ្លូវដែក ឬ​ផ្លូវថ្នល់​ល្បឿន​លឿន កំពុងតែ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ព្រោះ​ភាគច្រើន​គម្រោង​សំណង់​ត្រូវ​បាន​ផ្អាក ខណៈ​អគារ​ច្រើន​ជាន់​ពុំ​មាន​អតិថិជន​ទិញ ឬ​ជួល ធ្វើ​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​ពុំ​មាន​លទ្ធភាព​បង្វិល​ការប្រាក់ និង​ប្រាក់​ដើម​ទៅ​ឱ្យ​ធនាគារ​កណ្ដាល​របស់​ចិន​បាន​ឡើយ។ ករណី​នេះ រដ្ឋាភិបាល​ចិន បញ្ជា​ឱ្យ​រឹបអូស​អចលនទ្រព្យ ឬ​ចលនទ្រព្យ​របស់​ក្រុមហ៊ុន​ទាំងនោះ​ទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស