29 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​រិះគន់​ថា​ត្រឹម​កំណាត់​ផ្លូវជាតិ ២០KM ចាំបាច់​រង់ចាំ​ខ្ចី​លុយ​ពី​ចិន​មក​សាងសង់​ដែរ ហើយ​មិន​សម​ចំណាយ​ដល់ ៧០​លាន​ដុល្លារ​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​មួយ​រូប ផ្តាំ​ផ្ញើ​ទៅ​អតីត​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ឧបនាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា លោក ស៊ុន ចាន់ថុល ថា ដើម្បី​កសាង​កំណាត់​ផ្លូវជាតិ​ប្រវែង ២០​គីឡូម៉ែត្រ​ចាប់ពី​ខេត្ត​កំពត ទៅ​ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មិន​ចាំបាច់​ចំណាយ​ថវិកា​ដល់ ៧០​លាន​ដុល្លារ​អាមេរិក​ទេ គឺ​ចំណាយ​ត្រឹមតែ​ប្រមាណ ២០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​មួយ​រូប​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៩ វិច្ឆិកា នេះ​ថា កំណាត់​ផ្លូវជាតិ​ប្រវែង ២០​គីឡូម៉ែត្រ​ពី​ខេត្ត​កំពត ទៅ​កាន់​ឃុំ​វាលរេញ ខេត្ត​ព្រះសីហនុ មិន​ត្រូវ​ចំណាយ​លុយ​កសាង​ច្រើន​សន្ធឹកសន្ធាប់​រហូត​ដល់ ៧០​លាន​ដុល្លារ​អាមេរិក​ដូច​ការ​អះអាង​របស់​លោក ស៊ុន ចាន់ថុល កន្លង​មក​នោះ​ទេ ទោះ​គុណភាព​ដី​នៅ​ផ្លូវ​នោះ​ជា​ដី​ដែល​ខូច​រហូត​ដល់​ជិត ២០​ម៉ែត្រ​ក៏ដោយ។

ប្រភព​មន្ត្រី​រដ្ឋាភិបាល​ខាងលើ​អះអាង​ថា កំណាត់​ផ្លូវជាតិ​ប្រវែង ២០​គីឡូម៉ែត្រ​នេះ បើ​ធ្វើ​ប្រកប​ដោយ​បច្ចេកទេស​ត្រឹមត្រូវ និង​មិន​ពុករលួយ គឺ​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ​ជា ២០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ហើយ​ទំហំ​ទឹកប្រាក់​ក្នុង​កម្រិត​នេះ កម្ពុជា​ក៏​គួរតែ​មាន​សម្រាប់​កសាង​ផ្លូវ​ដោយ​ខ្លួនឯង​ដែរ មិន​សម​ដល់​ថ្នាក់​រដ្ឋាភិបាល​ដឹកនាំ​រាប់​សិន​ឆ្នាំ គ្មាន​លុយ ២០​លាន​ដុល្លារ​អាមេរិក​សម្រាប់​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន​ដោយ​រង់ចាំ​តែ​ពឹង​កម្ចី​ចិន​នោះ​ទេ។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​រូប​នោះ​លើក​ជា​សំណួរ​ថា បើ​ដី​ដែល​បាន​សាងសង់​ផ្លូវ​នោះ​ជា​ដី​ស្អុយ ហេតុ​អ្វី​មិន​កាយ​ដី​នោះ​ចេញ ហើយ​ដាក់​ជំនួស​មក​វិញ​នូវ​ដី​ដែល​មាន​គុណភាព ឬ​បើ​មិន​ដូច្នោះ​ទេ គេ​អាច​យក​ដី​ស្អុយ​ទាំងនោះ​ចេញ ជំនួស​មក​វិញ​នូវ​ថ្ម​សម្រាប់​សាងសង់​ផ្លូវ​ក៏​បាន​ដែរ។

ប្រភព​ដដែល​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ ចំណាយ​លុយ​តិច​ហើយ ក៏​ធានា​នូវ​ការ​មិន​ខូច​ផ្លូវ​នេះ​វិញ​ដែរ។ ផ្ទុយ​ទៅវិញ បើ​ដី​ស្អុយ​នោះ​មិន​អាច​យក​ចេញ​បាន​ទេ ហើយ​ក្រសួង​ធ្វើ​ផ្លូវ​វាង​ក្នុង​ចម្ងាយ​ផ្លូវ​ប្រវែង ២០​គីឡូម៉ែត្រ​នេះ ក៏​មិន​ចំណាយ​លុយ​ដល់​ទៅ ៧០​លាន​ដុល្លារ​អាមេរិក​ដែរ។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​រូប​នេះ​លើក​ជា​សំណួរ​បន្ថែម​ថា នៅ​ទីតាំង​នោះ​មិន​មែន​មាន​តែ​កំណាត់​ផ្លូវជាតិ​ប្រវែង ២០​គីឡូម៉ែត្រ​នោះ​ទេ គឺ​មាន​ផ្លូវដែក និង​ផែ​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ដែរ ហេតុ​អ្វី​ផ្លូវដែក និង​ផ្លូវ​ចូល​ផែ​ដែល​មាន​រថយន្ត​ធំៗ​បើកបរ​ទៅ​មក​រាល់​ថ្ងៃ​មិន​ខូច​ដូច​កំណាត់​ផ្លូវជាតិ​ប្រវែង ២០​គីឡូម៉ែត្រ​នេះ។ ដូច្នេះ ចម្ងល់​គឺ​នៅ​ត្រង់​ថា តើ​គេ​ធ្វើ​ដូចម្តេច​បាន​ជា​គ្មាន​ដី​ស្អុយ ហើយ​ថា​តើ​គេ​សាងសង់​តាម​បច្ចេកទេស​បែប​ណា​បាន​ជា​ផ្លូវ​ចូល​ផែ​របស់​ពួកគេ​នៅតែ​ជាប់​រឹងមាំ។

ក្នុង​ពិធី​អបអរ​សាទរ​ខួប ១​ឆ្នាំ​នៃ​ការ​បើក​ឱ្យ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ កាលពី​ថ្ងៃទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ លោក ស៊ុន ចាន់ថុល បង្ហាញ​ពី​ការ​ខ្វះ​លុយ​របស់​កម្ពុជា​ដែល​គ្មាន​លទ្ធភាព​កសាង​កំណាត់​ផ្លូវជាតិ​ប្រវែង ២០​គីឡូម៉ែត្រ​ចាប់ពី​ខេត្ត​កំពត ទៅ​ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ លោក​បន្ថែម​ថា ការ​ខ្វះខាត​នេះ​គឺ​មាន​តាំងពី​រដ្ឋាភិបាល​អាណត្តិ​ទី​៦ រហូត​ដល់​រដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ ខណៈ​មិត្ត​ចិន​ក៏​នៅ​មិន​ទាន់​យល់ព្រម​ផ្តល់​កម្ចី​សម្រាប់​កម្ពុជា​ដើម្បី​សាងសង់​ផ្លូវ​នេះ​ដែរ។

លោក ស៊ុន ចាន់ថុល លើកឡើង​ថា បច្ចុប្បន្ន កំណាត់​ផ្លូវជាតិ​លេខ​៣ ពី​ខេត្ត​កំពត ទៅ​កាន់​ឃុំ​វាលរេញ ខេត្ត​ព្រះសីហនុ ប្រវែង ២០​គីឡូម៉ែត្រ កំពុង​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដែល​បង្ក​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ចំណែក​ការ​ទិតៀន​លើ​បញ្ហា​ផ្លូវជាតិ​លេខ​៣ នេះ លោក​សូម​ទទួល​ខុសត្រូវ​ជំនួស​លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ទើប​នឹង​ត្រូវ​បាន​តែងតាំង​ថ្មី​ទាំងអស់ ដោយសារតែ​លោក​ធ្វើ​មិន​បាន​នៅ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​៦ ព្រោះ​តែ​មិន​មាន​ថវិកា។

ប្រភព​ដដែល​ក៏​បាន​ស្នើ​ទៅ​កាន់​លោក វ៉ាង វិនធាន អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ឱ្យ​ជួយ​ជំរុញ​រដ្ឋាភិបាល​ប្រទេស​ចិន ផ្តល់​ថវិកា​ឱ្យ​បាន​លឿន​បំផុត ដើម្បី​យក​មក​អភិវឌ្ឍ​ផ្លូវ​ប្រវែង ២០​គីឡូម៉ែត្រ​ពី​កំពត ទៅ​វាលរេញ នេះ​ផង​ដែរ តែ​ចិន​នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់​ដដែល។

កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត-វាលរេញ មាន​ប្រវែង​សរុប ៥៤​គីឡូម៉ែត្រ ក្នុង​នោះ​មាន​ផ្លូវ​ប្រវែង ២០​គីឡូម៉ែត្រ​តែងតែ​ខូច​ជា​ប្រចាំ ខណៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អះអាង​ថា ផ្លូវ​ដែល​ខូច​នេះ​ក៏​ព្រោះ​តែ​មាន​ដី​ស្អុយ​រហូត​ដល់​ជម្រៅ ១៨​ម៉ែត្រ និង​បៀម​ទឹក​ខ្លាំង ជាពិសេស​នៅ​រដូវវស្សា ហើយ​ដើម្បី​ឱ្យ​ការ​សាងសង់​កំណាត់​ផ្លូវ​នេះ​រឹងមាំ គឺ​ត្រូវ​ទាមទារ​ឱ្យ​ប្រើប្រាស់​បច្ចេកទេស​ខ្ពស់ និង​ចំណាយ​ថវិកា​ច្រើន។

កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២២ លោក ស៊ុន ចាន់ថុល បាន​លើកឡើង​ពី​ទំហំ​ចំណាយ​លើ​ការ​សាងសង់​កំណត់​ផ្លូវ​ប្រវែង ២០​គីឡូម៉ែត្រ​នេះ​ថា ដើម្បី​ធានា​ភាព​រឹងមាំ​យូរ​អង្វែង​សម្រាប់​ផ្លូវ​នេះ គឺ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៧០​លាន​ដុល្លារ​អាមេរិក ខណៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​បាន​ដាក់​សំណើ​សុំ​កម្ចី​ពី​រដ្ឋាភិបាល​ចិន​រួច​ហើយ​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០២២ មក ប៉ុន្តែ​មក​ទល់​បច្ចុប្បន្ន​នេះ ចិន​មិន​ទាន់​ឆ្លើយតប​នៅឡើយ​ទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស