អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការគ្នាបញ្ជូនជនសង្ស័យជនជាតិជប៉ុន ចំនួន ២៥នាក់ និងវត្ថុតាងចេញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុន វិញ ដើម្បីយកទៅអនុវត្តនីតិវិធីផ្ដន្ទាទោសនៅប្រទេសកំណើតរបស់ពួកគេ ពាក់ព័ន្ធបទល្មើសឆបោកតាមទូរសព្ទ។
ការបញ្ជូនជនសង្ស័យជនជាតិជប៉ុន ទាំងនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពីទីភ្នាក់ងារនគរបាលជាតិជប៉ុន បានធ្វើការបញ្ជូនតាមយន្តហោះពិសេស និងអមជនសង្ស័យ បន្ទាប់ពីពួកគេត្រូវបានបង្ក្រាបកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនៅទីតាំងអគារមួយកន្លែងស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធទូរសព្ទទៅលើជនរងគ្រោះនៅប្រទេសជប៉ុន។
សមត្ថកិច្ចនគរបាលកម្ពុជា ក៏បានធ្វើការដាស់តឿន និងក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលជាម្ចាស់អគារជួល ឬទីតាំងជួលនានា ចូរមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការជួលទីតាំងរបស់ខ្លួនទៅឱ្យជនបរទេស ដោយត្រូវសាកសួរព័ត៌មានអំពីគោលបំណងនៃការជួល និងត្រូវមានការពិនិត្យឱ្យបានច្បាស់លាស់ ចៀសវាងនាំឱ្យទីតាំងរបស់ខ្លួនត្រូវបានប្រើប្រាស់ធ្វើសកម្មភាពបទល្មើស ឬខ្លួនផ្ទាល់អាចក្លាយទៅជាអ្នកសម្រួលផ្ដល់ទីតាំងដល់ការប្រព្រឹត្តបទល្មើសផងដែរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឲ្យដឹងកន្លងមកថា ការបង្ក្រាបលើជនជាតិជប៉ុនទាំងនោះតាមពាក្យបណ្ដឹងរបស់ជនជាតិជប៉ុនម្នាក់ បានប្ដឹងពីបទបង្ខាំង និងប្រើប្រាស់អំពើហិង្សាមកលើរូបគាត់ ហើយជាគោលការណ៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ប្រភពដដែលបានអះអាងថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានស្នើសុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បញ្ចូលជនសង្ស័យទាំង ២៨រូបទៅក្នុងបញ្ជីខ្មៅ និងហាមឃាត់មិនឱ្យចូលក្នុងប្រទេសកម្ពុជាសាជាថ្មីនោះទេ។
គិតចាប់តាំងពីខែមេសា ដល់ខែតុលា ឆ្នាំ២០២៣ មានជនជាតិជប៉ុន ជិត ៥០នាក់ហើយត្រូវរដ្ឋាភិបាលបណ្ដេញចេញពីកម្ពុជា ដោយសង្ស័យថា អ្នកទាំងនោះបានបង្ខាំងមនុស្ស និងក្នុងអំពើឆបោកតាមទូរសព្ទ។

ក្រុមអ្នករកស៊ីពាណិជ្ជករមួយចំនួនបានលើកឡើងថា បើនិយាយពីការប្រកួតប្រជែងពាណិជ្ជកម្ម ផ្នែកអចលនទ្រព្យ ឬអគារពាណិជ្ជកម្មផ្សេងៗដែលមានទីតាំងនៅតាមទីកន្លែងសមស្របណាមួយ ហើយជាធម្មតា ម្ចាស់អគារតែងតែមិនចង់បានក្រុមប្រព្រឹត្តបទល្មើសមកធ្វើសកម្មភាពនៅក្នុងអគាររបស់ខ្លួនឡើយ និងរឹតតែមើលមិនឃើញ ឬមិនដឹងថាជនដែលមកជួលអគារទាំងឡាយណាជាជនល្មើស ជាជនសង្ស័យ ឬដឹងថាគេប្រព្រឹត្តបទល្មើសអ្វីជាមុននោះទេ ដូច្នេះមានតែសមត្ថកិច្ចតែប៉ុណ្ណោះដែលជាទីកក់ក្ដៅរបស់ប្រជាពលរដ្ឋ ត្រូវតាមឃ្លាំមើល តាមដាន ទប់ស្កាត់ និងបង្ក្រាបស្របតាមដែនភារកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ ទើបធ្វើឱ្យសង្គម និងប្រជាពលរដ្ឋបានសុខ។
ទាក់ទិននឹងបញ្ហានេះ អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា ទម្រង់នៃការគ្រប់គ្រងប្រទេសដែលលោក ហ៊ុន សែន និងកូនប្រុសរបស់គាត់កំពុងដឹកនាំនៅពេលនេះ គឺជារបៀបដឹកនាំដែលយកកម្ពុជាធ្វើជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជនប៉ុណ្ណោះ មិនមែនជារបៀបដឹកនាំរកការរីកចម្រើនឱ្យប្រទេសជាតិនោះឡើយ។
ទាក់ទិនអំពើឆបោកតាមអនឡាញនេះ អង្គការសហប្រជាជាតិ (អ.ស.ប) បានចេញរបាយការណ៍មួយកាលពីអំឡុងខែសីហា ឆ្នាំ២០២៣ ដោយបង្ហាញថា បច្ចុប្បន្ននេះ ករណីបោកបញ្ឆោតតាមអនឡាញបានកើនឡើងខ្លាំងនៅក្នុងប្រទេសចំនួន ៥ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះរួមមានប្រទេសភូមា ដែលមានតួលេខខ្ពស់បំផុត គឺប្រមាណជាង ១២ម៉ឺននាក់ ចំណែកនៅកម្ពុជាវិញ ត្រូវបានគេរកឃើញថាមានប្រមាណជាង ១០ម៉ឺននាក់ផងដែរ៕