លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចបង្ហោះនិក្ខេបបទសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតដែលបានសិក្សានៅចក្រភពអង់គ្លេស នៅតាមបណ្ដាញសង្គមជាសាធារណៈតាមការស្នើសុំរបស់លោក David Whitehouse អ្នកសារព័ត៌មានជនជាតិបារាំង ធ្វើការឲ្យទស្សនាវដ្ដី the Diplomat បើទោះជាមិនដឹងថាការស្នើសុំនោះធ្វើឡើងដោយគោលបំណងអ្វីឲ្យច្បាស់លាស់ក៏ដោយ។
នៅយប់ថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចបង្ហោះនិក្ខេបបទសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតរបស់លោក ក្រោយពេលដែលលោក David Whitehouse អ្នកសារព័ត៌មានជនជាតិបារាំង បានសរសេរលិខិតចំហមួយច្បាប់ដាក់ជូនលោក ហ៊ុន ម៉ាណែត ក្នុងការស្នើសុំចម្លងនិក្ខេបបទរបស់លោក។
លោក David Whitehouse អ្នកសារព័ត៌មានជនជាតិបារាំង បានអះអាងនៅក្នុងលិខិតចំហផ្ញើជូនអង្គភាពព័ត៌មាននាយករដ្ឋមន្ត្រីកម្ពុជា ថា លោកមានការពិបាកទទួលបានការចម្លងនិក្ខេបបទរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយសាកលវិទ្យាល័យ Bristol បានបដិសេធមិនបញ្ចេញនិក្ខេបបទនោះជាច្រើនដង។
តាមរយៈបណ្ដាញសង្គមតេឡេក្រាម លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ប្រាប់លោក David Whitehouse ថា លោកសូមអរគុណចំពោះការព្យាយាមស្វែងរកនិក្ខេបបទបញ្ចប់ការសិក្សារបស់លោក បើទោះជាលោក ហ៊ុន ម៉ាណែត មិនដឹងថាការស្នើសុំនោះធ្វើឡើងដោយគោលបំណងអ្វីឲ្យច្បាស់លាស់។
លោក ហ៊ុន ម៉ាណែត បានអះអាងបន្តទៀតថា លោកពិតជាសោកស្តាយនៅពេលដែលបានដឹងថា លោក David Whitehouse មានការលំបាកក្នុងការស្នើសុំសេចក្តីចម្លងនិក្ខេបបទថ្នាក់បណ្ឌិតនេះពីសាកលវិទ្យាល័យ Bristol។ លោកមិនដឹងអំពីគោលការណ៍ ឬបទប្បញ្ញត្តិរបស់សាកលវិទ្យាល័យ ពាក់ព័ន្ធនឹងការគ្រប់គ្រង ឬចែកចាយឯកសារស្រាវជ្រាវរបស់និស្សិត ដូចជានិក្ខេបបទរបស់លោកនេះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លោកក៏មិនដែលបានស្នើសុំឱ្យសាកលវិទ្យាល័យ Bristol រក្សានិក្ខេបបទនេះជាការណ៍សម្ងាត់នោះឡើយ។ លោកថា គ្មានហេតុផលណាមួយក្នុងការរក្សានិក្ខេបបទរបស់លោកជាការណ៍សម្ងាត់ដែរ ព្រោះនិក្ខេបបទនេះជាលទ្ធផលដែលកើតចេញពីការសិក្សាស្រាវជ្រាវ និងការវិភាគជាច្រើនឆ្នាំ រួមទាំងការពិគ្រោះយោបល់ជាប្រចាំជាមួយលោកសាស្ត្រាចារ្យ Jonathan Temple។
នៅក្នុងនិក្ខេបបទរបស់លោក ហ៊ុន ម៉ាណែត ដែលបង្ហោះជាសាធារណៈនោះ បានសរសេរសម្រាប់ថ្នាក់អនុបណ្ឌិតថា «IS MARKET- ASSISTED LAND REFORM AN APPROPRIATE CHOICE FOR CAMBODIA AT THE PRESENT TIME?» ដែលប្រែជាខេមរភាសាថា «តើការធ្វើកំណែទម្រង់ដីធ្លី គឺជាជម្រើសដ៏ល្អដែលជំរុញឱ្យមានទីផ្សារសមរម្យសម្រាប់កម្ពុជាបច្ចុប្បន្នដែរឬទេ?»។
រីឯនិក្ខេបបទថ្នាក់បណ្ឌិតរបស់លោកពីសាកលវិទ្យាល័យ Bristol បានសរសេរអំពី «What Determines the Firm Size Distribution and Structural Integration? A Cross-Country Study» ដែលប្រែជាខេមរភាសាថា «ករណីសិក្សាឆ្លងប្រទេស៖ តើកត្តាអ្វីខ្លះដែលកំណត់សម្គាល់ទំហំសហគ្រិន និងការរៀបចំរចនាសម្ព័ន្ធ?»។
ទាក់ទងនឹងបញ្ហានិក្ខេបបទរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នេះ កាលពីថ្ងៃទី១៨ ខែកញ្ញា កន្លងទៅ លោក សម រង្ស៊ី បានដាក់ការមន្ទិលសង្ស័យអំពីសញ្ញាបត្របណ្ឌិតដែលលោក ហ៊ុន ម៉ាណែត ទទួលបានកាលពីឆ្នាំ២០០៩ ពីសាកលវិទ្យាល័យ Pristol ចក្រភពអង់គ្លេស ថាប្រហែលជាលោក ហ៊ុន ម៉ាណែត បានជួលជនបរទេសឲ្យសរសេរនិក្ខេបបទ (Thesis) មួយដែលមិនពាក់ព័ន្ធអ្វីនឹងប្រទេសកម្ពុជា។
ការបន្តរិះគន់សញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ពីសំណាក់មេដឹកនាំអតីតគណបក្សប្រឆាំងរូបនេះ គឺយោងលើអត្ថបទសារព័ត៌មានមួយរបស់អង់គ្លេស (The Diplomat) ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ក៏ប៉ុន្តែទើបតែពេលនេះទេដែលមានការឆ្លើយតបជាក់លាក់ពីលោក ហ៊ុន ម៉ាណែត ខណៈលោកឡើងកាន់អំណាចជានាយករដ្ឋមន្ត្រី និងបានដាក់គោលនយោបាយស្របតាមអ្វីដែលលោកបានធ្វើនៅក្នុងនិក្ខេបបទបណ្ឌិតសេដ្ឋកិច្ចនៅអង់គ្លេស។
លោក ហ៊ុន ម៉ាណែត បានឆ្លើយតបទៅវិញថា និក្ខេបបទបណ្ឌិតរបស់លោកមិនអាចជាការបន្លំបានទេ និងថា លោក សម រង្ស៊ី ប្រហែលរៀនមិនដល់ថ្នាក់បណ្ឌិត ទើបមិនយល់ពីការធ្វើនិក្ខេបបទថ្នាក់បណ្ឌិតដូច្នេះ។
លោក ហ៊ុន ម៉ាណែត ពន្យល់ថា គេមិនអាចបន្លំបានទេ ដោយលោកឆ្លងជាមួយទីប្រឹក្សាជាប់រហូតក្នុងរយៈពេល ៥ឆ្នាំ ហើយលោកបានឆ្លងកាត់ការការពារនិក្ខេបបទជាមួយសាស្ត្រាចារ្យជិត ១០នាក់ ដោយមិនមានវត្តមានទីប្រឹក្សារបស់លោកទេ។
ដោយលើកឡើងពីប្រធានបទស្ដីពីសហគ្រាសធុនតូច និងមធ្យមនៅតាមបណ្តាប្រទេសក្រីក្រ ដែលជាកត្តាកំណើនសេដ្ឋកិច្ច លោកនាយករដ្ឋមន្ត្រីថាលោកធ្វើនិក្ខេបបទនេះមិនខុសទេ ដោយនិក្ខេបបទនេះវាស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន៕
© 2023, . All rights reserved.