លោក រ៉ុង ឈុន នៅថ្ងៃព្រហស្បតិ៍ ទី៩ វិច្ឆិកា នេះ ប្រកាសលាលែងតំណែងជាអនុប្រធានគណបក្សភ្លើងទៀន និងពីសមាជិកគណបក្សនេះ បន្ទាប់ពីលោកបានចូលរួមជីវភាពនយោបាយអស់រយៈពេលជិត ១ឆ្នាំ ដោយលោកនឹងទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ ដើម្បីកសាងកម្លាំងនយោបាយអ្នកប្រជាធិបតេយ្យឱ្យកាន់តែរីកធំធាត់ឆ្ពោះទៅរកការដឹកនាំប្រទេសនាពេលខាងមុខ។
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក រ៉ុង ឈុន ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា មូលហេតុនៃការចេញពីគណបក្សនេះ គឺដោយសារតែគណបក្សភ្លើងទៀន មិនអាចចូលរួមការបោះឆ្នោតបន្តទៅថ្ងៃមុខទៀតបានទេ ដូច្នេះដើម្បីបន្តចរន្តនយោបាយ និងគោលជំហរដើមរបស់គណបក្សភ្លើងទៀន គឺមានតែបន្តចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ ដែលទើបនឹងបង្កើតឡើងកាលពីពេលថ្មីៗនេះតែប៉ុណ្ណោះ។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន រូបនេះអះអាងថា ការបន្តទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ គឺជាពន្លឺមួយដែលអាចជួយឱ្យលោកមានឱកាសកសាងកម្លាំងនយោបាយអ្នកប្រជាធិបតេយ្យឱ្យកាន់តែរីកធំធាត់ ឆ្ពោះទៅរកការដឹកនាំប្រទេសតាមរយៈនៃការប្រកួតប្រជែងដោយការបោះឆ្នោតមួយដែលប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោក រ៉ុង ឈុន បញ្ជាក់ថា មានតែគណបក្សកម្លាំងជាតិតែមួយគត់ដែលមានទស្សនៈនយោបាយ ឆន្ទៈ និងមានគោលដៅច្បាស់លាស់ វែងឆ្ងាយ ស័ក្តិសមជាអ្នកបន្តនូវស្មារតីដើមនៃគណបក្សភ្លើងទៀន ដូច្នេះលោកសូមប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សនេះចាប់ពីពេលនេះតទៅ។
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ អតីតប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានធ្វើសន្និសីទសារព័ត៌មានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន ដើម្បីចូលរួមការប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា ឆ្នាំ២០២៣ ប៉ុន្តែជាអកុសល គណបក្សភ្លើងទៀន ត្រូវបានរារាំងមិនឱ្យចូលរួមឈរឈ្មោះបោះឆ្នោតឡើយ ហើយក៏នឹងមិនអាចឈរឈ្មោះឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យដែរទៅថ្ងៃមុខ។
លោក រ៉ុង ឈុន គឺជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មុននឹងលោកចូលបម្រើការងារជាមន្ត្រីជាន់ខ្ពស់នៅក្នុងស្ថាប័នជាតិរៀបចំការបោះឆ្នោត ប៉ុន្តែលោកបានលាលែងតំណែងមន្ត្រីជាន់ខ្ពស់ គ.ជ.ប វិញក្រោយពីគណបក្សសង្គ្រោះជាតិ ត្រូវតុលាការកំពូលប្រកាសរំលាយ។
លោកក៏បានមានមុខនាទីជាប្រធានសហភាពសហជីពកម្ពុជា ដើម្បីដឹកនាំតវ៉ាទាមទារសិទ្ធិការងារឲ្យកម្មករ ក្នុងបំណងការពារផលប្រយោជន៍កម្មករនិយោជិតនៅប្រទេសកម្ពុជាវិញ មុននឹងលោកប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន កាលពីដើមឆ្នាំ២០២៣ កន្លងទៅ។
ជុំវិញសកម្មភាពការពារផលប្រយោជន៍ប្រជាពលរដ្ឋ លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារចំនួន ៣លើករួចមកហើយ ក្នុងនោះនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៥ លោកត្រូវបានចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ ព្រោះតែរិះគន់អំពីសន្ធិសញ្ញាបំពេញបន្ថែមកម្ពុជា-វៀតណាម រីឯនៅចុងខែមករា ឆ្នាំ២០១៤ លោកត្រូវគេចាប់ខ្លួនម្តងទៀត ដោយសារតែដឹកនាំទាមទារឱ្យមានការដោះលែងប្រធានសមាគមសេដ្ឋកិច្ចប្រជាធិបតេយ្យឯករាជ្យក្រៅប្រព័ន្ធ លោក វន់ ពៅ។
រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន ក៏ត្រូវចាប់ខ្លួនជាថ្មីទៀត ក្រោយពីលោកបានចេញសេចក្តីថ្លែងការណ៍អំពីការបាត់ដីរបស់ពលរដ្ឋខ្មែរទៅខាងវៀតណាម នៅខេត្តត្បូងឃ្មុំ ប៉ុន្តែលោកត្រូវតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន និងដាក់ឱ្យនៅក្រោមការតាមដានរបស់តុលាការរហូតដល់ពេលនេះ។ ដោយសារតែបញ្ហានេះ លោកក៏ត្រូវបាន គ.ជ.ប ដកបេក្ខភាពជាបេក្ខជនតំណាងរាស្ត្រមណ្ឌលភ្នំពេញខាងគណបក្សភ្លើងទៀន ដើម្បីចូលរួមឈរឈ្មោះបោះឆ្នោតនៅចុងខែកក្កដា ឆ្នាំ២០២៣ ផងដែរ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ វិច្ឆិកា នេះថា ការចាកចេញរបស់លោក រ៉ុង ឈុន ពីគណបក្សភ្លើងទៀន ទៅកាន់គណបក្សកម្លាំងជាតិ គឺជារឿងធម្មតាក្នុងសេណារីយ៉ូបន្តដង្ហើមនយោបាយគណបក្សភ្លើងទៀន ត្បិតគណបក្សកម្លាំងជាតិ នរណាក៏គេដឹងដែរថាជាគណបក្សដែលបានកើតឡើងក្រោមការផ្ចុងផ្ដើមរបស់ក្រុមមន្ត្រីគណបក្សភ្លើងទៀន។
លោក សេក សុជាតិ បញ្ជាក់ថា ក្រោយពីទទួលបានបទពិសោធន៍ពីគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការដឹកនាំគណបក្សរបស់ខ្លួន និងគួរតែបង្កើតឲ្យមានជម្រកប្រជាធិបតេយ្យដ៏សុខសាន្តសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យ ដើម្បីចងបាច់កម្លាំងរួបរួមក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងត្រូវចៀសឱ្យផុតនូវការដឹកនាំដែលប្រកាន់បក្ខពួករហូតធ្វើឱ្យបែកបាក់កម្លាំងនយោបាយខ្លួនឯងបន្តទៀត៕