29 C
Phnom Penh

នាយករដ្ឋមន្ត្រី​ត​ត្រកូល​លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​យក​គំរូ​តាម​សម្ដេចឪ​ព្រះបិតា​ឯករាជ្យ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុស​មេដឹកនាំ​ដែល​ធ្លាប់​គំរាម​រំលាយ​របប​រាជា​និយម លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​យក​គំរូ​តាម​វីរភាព​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ នរោត្តម សីហនុ ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​ឱ្យ​មាន​ឯករាជ្យ និង​សន្តិភាព​ប្រកប​ដោយ​ការ​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ ដើម្បី​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​រាជាណាចក្រ​កម្ពុជា​ល្បីល្បាញ​នៅ​លើ​ពិភពលោក។

លោក ហ៊ុន ម៉ាណែត កូនប្រុស​បង្កើត​របស់​លោក ហ៊ុន សែន ដែល​ល្បីល្បាញ​ខាង​រំលោភ​ព្រះមហាក្សត្រ លើកឡើង​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ខួប​លើក​ទី​៧០ ដែល​ប្រារព្ធ​ឡើង​នៅ​មុខ​ព្រះបរមរាជវាំង​នៅ​ថ្ងៃទី​៩ វិច្ឆិកា នេះ​ថា ឯករាជ្យ​ជាតិ និង​សន្តិភាព មិន​មែន​កើតឡើង​ដោយ​ឯកឯង​នោះ​ទេ គឺ​កើតឡើង​ដោយ​ការ​បូជា​សាច់​ស្រស់​ឈាម​ស្រស់​នៃ​ប្រជាជាតិ​ខ្មែរ​ទាំងមូល ដូច្នេះ​ក្នុង​នាម​លោក​ជា​នាយករដ្ឋមន្ត្រី លោក​ត្រូវតែ​ការពារ​ឯករាជ្យ និង​សន្តិភាព​ប្រទេស​កម្ពុជា​ឱ្យ​បាន​ដាច់ខាត។

យ៉ាងណាមិញ អ្នក​សង្កេតការណ៍​ខ្មែរ​មើល​ឃើញ​ថា ប្រទេស​កម្ពុជា​ពុំ​មាន​អធិបតេយ្យ​ជាតិ និង​ឯករាជ្យ​ជាតិ​ពិតប្រាកដ ហើយ​និង​បូរណភាព​ទឹកដី​ត្រឹមត្រូវ​ដូច​ការ​អះអាង​នោះ​ឡើយ។ អតីត​ព្រះ​មហា​វីរក្សត្រ ព្រះបាទ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ធ្លាប់​មាន​បន្ទូល​មុន​បោះឆ្នោត​សកល​នា​ឆ្នាំ​១៩៩៣ ថា តើ​យក​សន្តិភាព (តែ​ម្យ៉ាង) មក​ធ្វើ​អ្វី បើ​យើង​អត់​មាន​ឯករាជ្យ អធិបតេយ្យ​ពិតប្រាកដ​នោះ?

នាយករដ្ឋមន្ត្រី​ក្តាប់​អំណាច​បន្ត​ត្រកូល​លោក ហ៊ុន ម៉ាណែត អះអាង​ថា រាជរដ្ឋាភិបាល​ទាំងមូល​នឹង​ដង្ហែ​តាម​ព្រះរាជកិច្ច​ដែល​ជា​គំរូ​ដ៏​ថ្លៃថ្លា​នៃ​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រមទាំង​ការពារ​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​បរមនាថ សីហមុនី យ៉ាង​ម៉ឺងម៉ាត់ និង​គាំទ្រ​នូវ​ព្រះរាជកិច្ច​របស់​ព្រះអង្គ​ដោយ​ឥត​ងាករេ រួម​ទាំង​ការពារ​នូវ​អធិបតេយ្យ ឯករាជ្យ សន្តិភាព បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា​ឱ្យ​ស្ថិតស្ថេរ​ចីរកាល​ត​រៀង​ទៅ។

ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​ពេល​ចូលរួម​អបអរ​សាទរ​ខួប ៧០​ឆ្នាំ ដែល​ប្រទេស​កម្ពុជា​រួច​ផុត​ពី​អាណាព្យាបាល​បារាំង​សែស កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ កន្លង​ទៅ។

បារាំង​បាន​ដាក់​អាណានិគម​លើ​ទឹកដី​កម្ពុជា កាលពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​១៨៦៣ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៤៩ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ទាមទារ និង​ឡាយ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​ឯករាជ្យ​មួយ ដែល​ប្រទេស​បារាំង​ព្រម​ទទួលស្គាល់​តាម​ផ្លូវ​ច្បាប់​នូវ​ឯករាជភាព​នៃ​ប្រទេស​កម្ពុជា ប៉ុន្តែ​សន្ធិសញ្ញា​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​១៩៤៩ នេះ គ្រាន់តែ​ជា​គោលការណ៍​ច្បាប់​ប៉ុណ្ណោះ ខណៈ​កម្ពុជា​នៅ​ខ្វះ​ឯករាជ្យ​ជាច្រើន​វិស័យ​នៅឡើយ ដូចជា​អធិបតេយ្យ​ខាង​យុត្តិធម៌ ប៉ូលិស អំណាច​បញ្ជាការ​យោធា ការទូត ការ​ប្តូរ និង​ការ​អនុញ្ញាត​ឱ្យ​ចាយ​ធនបត្រ ឬ​រូបិយប័ណ្ណ​ខ្លួនឯង ជាដើម។ សម័យ​បារាំង​ត្រួត ខ្មែរ​ចាយ​ធនបត្រ​តែ​មួយ​រួម​គ្នា​ជាមួយ​ប្រទេស​យៀកណាម និង​ប្រទេស​លាវ ឈ្មោះ​ថា «ព្យាស្ត្រ» ដែល​តំណាង​ឲ្យ​សហភាព​ឥណ្ឌូចិន។

នៅ​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៥២ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ បាន​សន្យា​យ៉ាង​ឱឡារិក​ចំពោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ថា ទ្រង់​នឹង​ដណ្តើម​យក​ឯករាជ្យ​ទាំងស្រុង​ពី​បារាំង ដើម្បី​មាតុភូមិ​កម្ពុជា ក្នុង​នោះ​នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ គឺ ៨​ខែ​មុន​សន្និសីទ​ក្រុង​ហ្សឺណែវ មាន​ធ្វើ​ពិធី​មួយ​នៅ​មុខ​ព្រះបរមរាជវាំង​ដែល​បាន​ធ្វើ​ចំពោះ​ការ​ដកថយ​នៃ​អំណាច​បារាំង​ពី​ប្រទេស​កម្ពុជា ហើយ​ឯករាជ្យ​របស់​ខ្មែរ​បាន​ក្លាយ​ទៅ​ជា​ឯករាជ្យ​អចិន្ត្រៃយ៍​ដែល​ធ្វើ​ឱ្យ​វិបត្តិ​រវាង​ខ្មែរ និង​បារាំង​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ​នោះ។

គួរ​រំឭក​ដោយ​សង្ខេប​អំពី​សាវតារ​មុន​ប្រទេស​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​បារាំង។ ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​១៩៥៣ សម្តេច នរោត្តម សីហនុ យាង​ទៅ​ចរចា​ជាមួយ​ប្រធានាធិបតី​បារាំង Vincent Oriol ប៉ុន្តែ​បារាំង មិន​ព្រម​ឲ្យ​ឯករាជ្យ​ខ្មែរ​ទេ ដោយ​យក​កិច្ចព្រមព្រៀង​បារាំង-ខ្មែរ ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​១៩៤៩ ធ្វើ​ជា​គោល ដែល​ចែង​ថា ប្រទេស​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ​ភ្ជាប់ ឬ​នៅ​ជាមួយ​សហភាព​បារាំងសែស។ សន្ធិសញ្ញា​នោះ​បញ្ជាក់​ថា ប្រទេស​កម្ពុជា​មិន​បោះបង់​ជានិច្ច​សិទ្ធិ​របស់​ខ្លួន​នៅ​លើ​ដែនដី​កូសាំងស៊ីន ឬ​កម្ពុជា​ក្រោម។ ព្រះអង្គ​ខ្ញាល់ ក៏​យាង​ចេញពី​ប្រទេស​បារាំង ទៅ​សហរដ្ឋ​អាមេរិក កាណាដា និង​ជប៉ុន សុំ​គេ​ជួយ ប៉ុន្តែ​គេ​នៅតែ​មិន​ជួយ។ នៅ​ឆ្នាំ​១៩៥២ ថ្ងៃទី​២៧ វិច្ឆិកា មេ​ខ្មែរឥស្សរៈ​ខាង​សេរី​និយម ដឹកនាំ​ដោយ សឺង ង៉ុកថាញ់ និង​មេ​ឥស្សរៈ​ខាង​ក្រហម​និយម ឬ​យៀកមិញ ដឹកនាំ​ដោយ សឺង ង៉ុកមិញ ចុះ​កិច្ចព្រមព្រៀង​នឹង​គ្នា ធានា​សន្តិសុខ​មិន​ប្រឆាំង​គ្នា​ឯង​ក្នុង​រណសិរ្ស​រួបរួម​ឥស្សរៈ។ ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​១៩៥៣ សម្តេច នរោត្តម សីហនុ ប្រកាស​ថា ព្រះអង្គ​នឹង​និរទេស​ទៅ​គង់​នៅ​ខេត្ត​សៀមរាប។ ថ្ងៃទី​២៦ ខែ​មិថុនា ព្រះអង្គ​អំពាវនាវ​ពី​ខេត្ត​បាត់ដំបង ឲ្យ​មាន​កំណែន​ទូទៅ​ក្នុង​ព្រះរាជ​បូជនីយកិច្ច ហើយ​ពលរដ្ឋ​ខ្មែរ ២​សែន​នាក់​ឆ្លើយតប​តាម​ព្រះអង្គ។ ថ្ងៃទី​៣ កក្កដា រដ្ឋាភិបាល​បារាំង​ប្រកាស​ត្រៀម​បំពេញ​កិច្ច​ឲ្យ​ឯករាជ្យ និង​អធិបតេយ្យ​ខ្មែរ​ពេញ​លក្ខណៈ។

តាម​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​សម័យ​បារាំង លោក ឈាន វ៉ម លោក​បាន​ប្រាប់​ថា សម្តេច នរោត្តម សីហនុ កាល​នៅ​គ្រងរាជ្យ បាន​បញ្ជូន​លោក​ទៅ​និយាយ​ជាមួយ​នឹង​បារាំង​អំពី​ដែនដី​កូសាំងស៊ីន​ហើយ​ថា បើ​មិន​បាន​ទឹកដី​កម្ពុជា​ក្រោម​មក​វិញ​ទេ ព្រះអង្គ​នឹង​ទៅ​សាង​ផ្នួស​នៅ​ជាមួយ​មេដឹកនាំ​ឥណ្ឌា Jawaharlal Nehru។

មន្ត្រី​បារាំង​ចំអក​ដាក់​គណៈ​ប្រតិភូ​លោក ឈាន វ៉ម ថា សុទ្ធតែ​ជា​ពួក​ផ្សងព្រេង ពីព្រោះ​នៅ​ភ្នំពេញ​បារាំង​បាន​ប្រគល់​ឯករាជ្យ​ឲ្យ​ខ្មែរ​រួច​ទៅ​ហើយ។ ពេល​វិល​មក​វិញ លោក​ទៅ​គាល់​ព្រះអង្គ​ក្នុង​វាំង លោក ឈាន វ៉ម ថា​សម្តេច នរោត្តម សីហនុ អត់​មាន​បន្ទូល​រឿង​ហ្នឹង​មួយ​ម៉ាត់ ហើយ​ថា​ព្រះអង្គ​ជា​មនុស្ស​ញ៉ាក។ លោក​ថា ទំនង​ជា​បារាំង​សន្យា​ឲ្យ​ឯករាជ្យ​ទៅ​ស្តេច មិន​ឲ្យ​ទៅ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ឡើយ។

ទោះជា​យ៉ាង​នេះ​ក្តី ក្រុម​ខ្មែរ​នៃ​ចលនា​ឥស្សរៈ ជាពិសេស​ពួក​យៀកមិញ មាន​ទ័ព​ព្រៃ​ប្រមាណ ៣​ពាន់​នាក់ ទាមទារ​ចង់​គ្រប់គ្រង​ប្រទេស​ជាមួយ​រាជរដ្ឋាភិបាល​ដែរ ហើយ​គំរាម​ពុះ​បំបែក​ប្រទេស​ជា​ពីរ ប៉ុន្តែ​មហាអំណាច​បរទេស​មិន​ព្រម។ ពី​ថ្ងៃទី​១៧ ដល់​ទី​៣០ ខែ​ធ្នូ ឆ្នាំ​១៩៥៣ រាជរដ្ឋាភិបាល​បើក​ប្រតិបត្តិការ​សាមគ្គី​បង្ក្រាប​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​យៀកមិញ ក្នុង​ខេត្ត​បាត់ដំបង។

ពី​ថ្ងៃទី​១១ មេសា ដល់​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​១៩៥៤ រាជរដ្ឋាភិបាល​បើក​ប្រតិបត្តិការ​កម្ទេច​មូលដ្ឋាន​ទ័ព​ព្រៃ​ពួក​យៀកមិញ ពី​ខាងកើត​ទៅ​ខាង​ជើង​ខេត្ត​ក្រចេះ ដោយ​មាន​អន្តរាគមន៍​ទម្លាក់​គ្រាប់បែក​តាម​ផ្លូវអាកាស​ពី​កងទ័ព​បារាំង។ សឺង ង៉ុកមិញ ហៅ អាចារ្យ មៀន ដែល​មាន​ទ័ព​ព្រៃ ៣៥០០​នាក់ ទាមទារ​ធ្វើ​ជា​តំណាង​ចលនា​យៀកមិញ​នៅ​ឯ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ប៉ុន្តែ​ចិន​មិន​គាំទ្រ។

ក្នុង​ទិវា​ឯករាជ្យ​ជាតិ​ខួប ៧០​ឆ្នាំ​នេះ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ជំហរ​ប្រទេស​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​នៅតែ​ត្រូវ​គេ​សង្ស័យ​ថា ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ជាមួយ​មហាអំណាច​ចិន និង​ប្រទេស​វៀតណាម នៅឡើយ ដែល​កំពុង​ប្រឈម​នឹង​ការ​មិន​ធានា​បាន​នូវ​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ ព្រមទាំង​សេដ្ឋកិច្ច​ជាតិ ហើយ​បញ្ហា​នេះ​ក៏​ជា​ហានិភ័យ​សម្រាប់​ជោគវាសនា​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ​ដែរ។

លោក មាជ សុវណ្ណារ៉ា អំពាវនាវ​ឱ្យ​មេដឹកនាំ​នយោបាយ​បក្ស​កាន់​អំណាច​ដឹកនាំ​ប្រទេស​ឱ្យ​ស្រប​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​សម្រាប់​ជាតិ និង​ស្វែងរក​ការ​បង្រួបបង្រួម​ជាតិ ដើម្បី​ធានា​នូវ​ឯករាជភាព​ជាតិ​ខ្មែរ​ឲ្យ​មាន​ភាព​រឹងមាំ​យូរ​អង្វែង ដែល​មិនមែន​ជា​ឯករាជ្យ​តែ​នៅ​លើ​ក្រដាស ដើម្បី​ភាព​រុងរឿង​ជាតិ​ខ្មែរ​ទាំងមូល​ជានិច្ច​និរន្ត​ទៅ​ថ្ងៃ​អនាគត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស