ប្រទេសហ្វីលីពីន សម្រេចទម្លាក់ចោលការខ្ចីប្រាក់ពីប្រទេសចិន ដើម្បីយកមកស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងផ្លូវរថភ្លើងល្បឿនលឿនចំនួន ៣ខ្សែ ដែលចិនបានឱ្យខ្ចីក្នុងអំឡុងប្រទេសហ្វីលីពីន ស្ថិតនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដ្រូឌ្រីងហ្គូ ឌូទើតេ កាន់អំណាចរយៈពេល ៦ឆ្នាំ។
បច្ចុប្បន្ន ប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងស្ថិតក្រោមការដឹកនាំរបស់លោក ហ្វីឌឺណង់ ម៉ាកូស ជូន្ញើ ដែលគេថាជាមេដឹកនាំមានទំនោរទៅរកសហរដ្ឋអាមេរិក។ ហ្វីលីពីន អាចជាប្រទេសទី១ ក្នុងតំបន់អាស៊ី ដែលសម្រេចលែងខ្ចីប្រាក់ពីប្រទេសចិន ក្នុងគម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន (Belt and Road Initiative (BRI))។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសហ្វីលីពីន Jaime Bautista បានប្រាប់អ្នកសារព័ត៌មាននៅក្រុងម៉ានីល ដែលបណ្ដាញសារព័ត៌មាន DW ស្រង់មកចុះផ្សាយនៅថ្ងៃទី៩ វិច្ឆិកា នេះថា ការសម្រេចទម្លាក់ចោលគម្រោងខ្ចីប្រាក់ពីចិន គឺដោយសារតែរដ្ឋាភិបាលថ្មីសិក្សាឡើងវិញថា តើត្រូវបន្តខ្ចីទៀត ឬត្រូវទម្លាក់ចោល។ តែពេលនេះ លោករដ្ឋមន្ត្រីថា គណៈរដ្ឋមន្ត្រីរបស់លោក ម៉ាកូស ជូន្ញើ បានសម្រេចថា ត្រូវទម្លាក់គម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន។ បើដូចនេះមានន័យថា គម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន ត្រូវបានលុបចោល ហើយក៏លែងបន្តខ្ចីប្រាក់ពីចិន ទៀតដែរ។
តែបើយោងតាមសារព័ត៌មាន DW ក្នុងអាណត្តិរបស់លោក ម៉ាកូស ជូន្ញើ ឃើញថាទាំងក្រុងម៉ានីល និងក្រុងប៉េកាំង សម្រេចបន្ថយកិច្ចសហប្រតិបត្តិការជាច្រើនជាមួយគ្នា ហើយក៏ចំពេលចិន មិនបានឆ្លើយតបមកវិញបន្ទាប់ពីហ្វីលីពីន បានសាកសួរទៅក្រុងប៉េកាំង អំពីការបន្តផ្ដល់ប្រាក់ឲ្យខ្ចីក្នុងគម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន។
ចិនបានសន្យាឲ្យហ្វីលីពីន ខ្ចីក្នុងទំហំ ៥ពាន់លានដុល្លារក្នុងគម្រោងស្ថាបនាផ្លូវរថភ្លើងចំនួន ៣ខ្សែ ដែលស្ថិតក្នុងគម្រោងផ្លូវមួយខ្សែក្រវាត់មួយ។
ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីមិនបានបញ្ជាក់ថា ផ្លូវរថភ្លើងទាំង ៣ខ្សែនេះកំពុងតែស្ថាបនា ឬផ្អាកទៅវិញនោះទេ។
ហេតុអ្វីនាំឱ្យហ្វីលីពីន លែងខ្ចីប្រាក់ពីចិន ?
យោងតាមសារព័ត៌មាន DW រដ្ឋាភិបាលលោកប្រធានាធិបតី ម៉ាកូស ជូន្ញើ កំពុងស្វែងរកប្រភពហិរញ្ញវត្ថុផ្សេងៗទៀត មានប្រទេសជប៉ុន សហរដ្ឋអាមេរិក និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ជាដើម។ ប៉ុន្តែការប្រេះឆារវាងរដ្ឋាភិបាលក្រុងម៉ានីល និងក្រុងប៉េកាំង អាចជាដើមហេតុធំជាងគេ គឺជម្លោះដែនសមុទ្រនៅសមុទ្រចិនខាងត្បូង។
ចាប់តាំងពីលោក ម៉ាកូស ជូន្ញើ ចូលកាន់តំណែងប្រធានាធិបតីនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ជំនួសលោក ឌូទើតេ ដែលចូលនិវត្តន៍ គេសង្កេតឃើញភាពតានតឹងជុំវិញជម្លោះដែនសមុទ្រចិនខាងត្បូង រវាងប្រទេសហ្វីលីពីន និងចិន កាន់តែកើនឡើង រហូតក្រុងម៉ានីល សម្រេចស្នើសុំសហរដ្ឋអាមេរិកបញ្ជូនទ័ពមកដាក់ពង្រាយនៅលើកោះមួយចំនួននៅក្នុងដែនទឹកនៅសមុទ្រចិនខាងត្បូង ដូចជានៅប្រជុំកោះស្ព្រាតលី លើដែនទឹកដែលហ្វីលីពីនអះអាងថាជារបស់ខ្លួន។
លោក ម៉ាកូស បានប្រកាសថា សេចក្ដីសម្រេចពីសាលាក្ដីអន្តរជាតិ ដែលគេហៅថាអាជ្ញាកណ្ដាលនៃមជ្ឈត្តការអន្តរជាតិឆ្នាំ២០១៦ ដែលសម្រេចឱ្យហ្វីលីពីន មានសិទ្ធិចូលទៅគ្រប់គ្រងប្រជុំកោះមួយចំនួននៅក្នុងតំបន់ប្រជុំកោះស្ព្រាតលី គឺត្រូវតែអនុវត្ត ទោះជាក្រុងប៉េកាំង ជំទាស់ក៏ដោយ។
ក្រុងប៉េកាំង មិនបានទទួលស្គាល់សាលក្រមតុលាការអន្តរជាតិនេះទេ ដោយចាត់ទុកថាជាសេចក្ដីសម្រេចដែលមិនឆ្លើយតបនឹងអង្គហេតុពិតនៃប្រវត្តិកកើតទឹកដីប្រទេសចិន។ ចិនចាត់ទុកកោះទាំងឡាយនៅក្នុងប្រជុំកោះស្ព្រាតលី គឺជាដែនទឹករបស់ចិន ព្រោះចិនមានកម្មសិទ្ធិដល់ទៅ ៩០ភាគរយនៃផ្ទៃទឹកសមុទ្រចិនខាងត្បូង ៣លាន ៥សែនគីឡូម៉ែត្រក្រឡា។
ចុងក្រោយនេះ ភាពតានតឹងរវាងចិន និងហ្វីលីពីន កាន់តែកើនឡើងជុំវិញជម្លោះដែនទឹកសមុទ្រ។ នាវាល្បាតចិន និងនាវាល្បាតហ្វីលីពីន ដែលសុទ្ធតែបំពាក់កាំភ្លើងយន្តដូចគ្នា កំពុងប្រឈមមុខដាក់គ្នាក្នុងតំបន់ប្រជុំកោះស្ព្រាតលី ហើយការប្រឈមមុខដាក់គ្នានេះ ងាយផុយស្រួយបំផុតនឹងប៉ះទង្គិចខាងអាវុធប្រយុទ្ធគ្នា។
សម្រាប់សហរដ្ឋអាមេរិក ដែលជាមិត្តស្លាប់រស់នៃហ្វីលីពីន បានព្រមានចិន ឱ្យបញ្ឈប់ភាពតានតឹង ហើយសច្ចាថា ក្រុងវ៉ាស៊ីនតោននឹងជួយធ្វើអន្តរាគមន៍ភ្លាមឱ្យតែក្រុងម៉ានីល ធ្លាក់ក្នុងសង្គ្រាមឈ្លានពានពីប្រទេសចិន។
បច្ចុប្បន្ន កងទ័ពសហរដ្ឋអាមេរិក និងនាវាចម្បាំង កំពុងធ្វើសកម្មភាពនៅសមុទ្រចិនខាងត្បូង ហើយកងទ័ពម៉ារីននៃប្រទេសមហាអំណាចនេះ ក៏បានដាក់ពង្រាយរួចស្រេចហើយនៅបណ្ដាដែនកោះហ្វីលីពីន នៅសមុទ្រចិនខាងត្បូង និងកោះមួយចំនួននៅក្បែរកោះតៃវ៉ាន់។
ចិនជាប្រទេសម្ចាស់បំណុលធំជាងគេតាមរយៈគម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន។ ប្រទេសជាង ១៦០ ជាប់បំណុលចិន តែ ៨០ភាគរយជាប្រទេសក្រីក្រ។ ក្នុងប្រទេសអាស៊ីអាគ្នេយ៍ដែលជាកូនបំណុលចិន ក្នុងគម្រោងផ្លូវមួយខ្សែក្រវាត់មួយមិនមែនមានតែហ្វីលីពីន នោះទេ គឺមានកម្ពុជា ឡាវ ភូមា និងម៉ាឡេស៊ី ប៉ុន្តែម៉ាឡេស៊ី ក៏កំពុងពិចារណាសើរើពិនិត្យគម្រោងនេះឡើងវិញដែរ៕