26 C
Phnom Penh

តុលាការ​ចោទប្រកាន់​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន ៥​នាក់​ពី​បទ​ចាប់​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ចំនួន ៥​នាក់​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាលពី​សប្តាហ៍​មុន ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ពី​បទ «ចាប់​បង្ខាំង​មនុស្ស​ដើម្បី​ជំរិត​យក​ប្រាក់»។ រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​មន្ត្រី​រូប​នោះ​ទៅ​សួរនាំ និង​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់។

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា ផ្អែក​តាម​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​បើក​ការ​ស៊ើបសួរ​តាមរយៈ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​លើ​ជនសង្ស័យ​ចំនួន ៥​នាក់ រួម​មាន​មន្ត្រី​ថ្នាក់​ផ្កាយ​២ ឈ្មោះ វ៉ាន់ កុសល ដែល​មាន​ឋានៈ​ជា​អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​បក្ខពួក​ចំនួន ៤​នាក់​ផ្សេង​ទៀត ខណៈ​ជនសង្ស័យ ២​នាក់​កំពុង​រត់​គេច​ខ្លួន។

ក្រោយ​ស៊ើបសួរ ជនសង្ស័យ​រូប​នេះ​បាន​សារភាព​ថា ពួកគេ​ពិត​ជា​បាន​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារ​ប្រាក់​ពី​ជនរងគ្រោះ​ជនជាតិ​ចិន បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​ទារ​ប្រាក់​ពី​ជនរងគ្រោះ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជា ៦​ម៉ឺន​ដុល្លារ​អាមេរិក និង​លុយ​ចិន​មួយ​ចំនួន​ទៀត។

តុលាការ​ក្រុង​ភ្នំពេញ បញ្ជាក់​ថា ជនសង្ស័យ​បាន​សារភាព​ថា ការ​ជំរិត​ទារ​ប្រាក់​ពី​ជនរងគ្រោះ​ទាំងនោះ គឺជា​ថ្នូរ​នឹង​ការ​ដោះលែង​ឱ្យ​ពួកគេ​មាន​សេរីភាព​ឡើងវិញ ដែល​ក្រុម​ជនសង្ស័យ​បាន​ប្រព្រឹត្ត​កាលពី​ពាក់កណ្តាល​ខែ​តុលា ឆ្នាំ​២០២៣ កន្លង​នេះ ខណៈ​ជនរងគ្រោះ​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ជនសង្ស័យ​ទាំងនេះ​ជា​បន្តបន្ទាប់​ផង​ដែរ។

កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ មន្ត្រី​ថ្នាក់​ផ្កាយ​២ ឈ្មោះ វ៉ាន់ កុសល ដែល​មាន​ឋានៈ​ជា​អនុប្រធាន​មន្ទីរ​គ្រឿងញៀន និង​បក្ខពួក​មួយ​ចំនួន ត្រូវ​បាន​ចាប់​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ដើម្បី​ស៊ើបសួរ​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន ដែល​ពួកគេ​បាន​គ្រប់គ្រង និង​ករណី​ជាច្រើន​ទៀត។

បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា ត្រូវ​គេ​រក​ឃើញ​ថា មន្ត្រី​នគរបាល​កម្ពុជា​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន ការ​ជួញដូរ​គ្រឿងញៀន និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ការ​អនុញ្ញាត​ឱ្យ​ចរាចរ​គ្រឿងញៀន ជាដើម ក្នុង​រយៈពេល​ចុងក្រោយ​នេះ ខណៈ​ការ​រីក​រាលដាល​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​ដែល​កើត​ចេញពី​ការ​បើក​ដៃ​របស់​សមត្ថកិច្ច​ក្រោម​អំពើពុករលួយ បាន​ហក់​ឡើង​ខ្ពស់​គួរ​ឱ្យ​ព្រួយបារម្ភ​សព្វថ្ងៃ​នេះ។

ជាក់ស្តែង ពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​រួម​មាន ខេត្ត​បាត់ដំបង ព្រះសីហនុ និង​ខេត្ត​សៀមរាប ជាដើម បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ដោយសារ​តែ​មាន​អំពើពុករលួយ​របស់​សមត្ថកិច្ច​នៅ​ថ្នាក់​មូលដ្ឋាន បាន​នាំ​គ្រឿងញៀន​ហូរ​ចូល​ទៅ​តាម​ភូមិ-ឃុំ រីក​ដុះដាល​ព្រោងព្រាត ដោយ​គ្មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ​មូលដ្ឋាន​នោះ​ឡើយ ហើយ​អ្នក​ចែក​ទាំងនោះ​មាន​អ្នក​ខ្លះ​ជា​សាច់ញាតិ និង​កូនៗ​របស់​មេ​ប៉ុស្តិ៍​ប្រចាំ​តំបន់​នោះ​តែម្តង។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង និង​ជា​អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ វិច្ឆិកា នេះ​ថា ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ជា​ហេតុ​នាំ​ឱ្យ​កើត​ចេញ​នូវ​អំពើ​ឧក្រិដ្ឋ​គ្រប់​បែប​យ៉ាង ហើយ​ការ​ដាក់​ពិន័យ​ទៅ​លើ​មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ គឺជា​រឿង​ត្រឹមត្រូវ​ដើម្បី​ធានា​នូវ​ការ​ទប់ស្កាត់​នូវ​អំពើ​ទុច្ចរិត​របស់​ពួកគេ​ឱ្យ​មាន​ប្រសិទ្ធភាព។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ដើម្បី​ធានា​ប្រសិទ្ធភាព​ការ​បង្ក្រាប​អំពើ​ល្មើស​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ទូទាំង​ប្រទេស គេ​ក៏​ត្រូវ​ពិនិត្យ​លើ​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​ទាំងមូល​ដែរ ថា​តើ​ការ​អនុវត្ត​ច្បាប់​របស់​ពួកគេ​ធ្វើ​ឡើង​ក្រោម​ស្តង់ដារ​ពីរ ឬ​យ៉ាង​ណា ព្រោះ​ថា​បើ​ការ​អនុវត្ត​ច្បាប់​ដោយ​ការ​រើសអើង ឬ​ដោយ​ការ​ប្រកាន់​បក្ខពួក នោះ​ការ​បង្ក្រាប​អំពើ​ល្មើស​នានា​គ្រាន់តែ​ជា​រូបភាព​ដើម្បី​ឱ្យ​ល្អ​មើល​ប៉ុណ្ណោះ ខណៈ​ប្រសិទ្ធភាព​នឹង​មិន​អាច​ត្រូវ​បាន​ធានា​នោះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា បាន​ផ្សាយ​ជុំវិញ​ករណី​អំពើពុករលួយ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ កាល​ពី​ដើម​ឆ្នាំ​២០២៣ នេះ​ថា កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​១៥០ ក្នុង​ចំណោម​ប្រទេស ១៨០ លើ​ពិភពលោក ដែល​មាន​អំពើពុករលួយ​អាក្រក់​ជាងគេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស