អ្នកនាំពាក្យក្រសួងមហាផ្ទៃ ស្នើឱ្យគណបក្សកម្លាំងជាតិ ដែលទើបបង្កើតថ្មី ពិចារណាឡើងវិញចំពោះការតែងតាំងលោក រ៉ុង ឈុន ជាទីប្រឹក្សាគណបក្សនេះ ដើម្បីជៀសវាងពីការប្តឹងរំលាយគណបក្សនេះពីសំណាក់ពលរដ្ឋ ដោយសារតែលោក រ៉ុង ឈុន កំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវច្បាប់របស់តុលាការ មិនទាន់មាននីតិសម្បទាគ្រប់គ្រាន់ធ្វើសកម្មភាពនយោបាយនៅឡើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានថ្លែងប្រាប់បណ្ដាញព័ត៌មានគាំទ្ររដ្ឋាភិបាល Fresh News ថា ការតែងតាំងលោក រ៉ុង ឈុន ជាទីប្រឹក្សាគណបក្សកម្លាំងជាតិ គឺមិនត្រឹមត្រូវតាមច្បាប់ឡើយ ពីព្រោះលោក រ៉ុង ឈុន កំពុងស្ថិតនៅក្នុងពេលវេលាអនុវត្តទោស និងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវច្បាប់របស់តុលាការ ដែលមិនទាន់មាននីតិសម្បទាគ្រប់គ្រាន់ធ្វើជាប្រធាន អនុប្រធាន ឬជាទីប្រឹក្សាគណបក្សនយោបាយណាមួយឡើយ។
លោក ខៀវ សុភ័គ ព្រមានថា គណបក្សកម្លាំងជាតិ ត្រូវពិចារណាឡើងវិញចំពោះការតែងតាំងលោក រ៉ុង ឈុន ពីព្រោះពលរដ្ឋក៏អាចប្តឹងរំលាយគណបក្សនេះបានដែរ ប្រសិនបើធ្វើផ្ទុយពីច្បាប់ដោយប្រការណាមួយនោះ។
យោងតាមលទ្ធផលនៃការធ្វើសមាជលើកដំបូងនៅថ្ងៃទី១២ ខែវិច្ឆិកា គណបក្សកម្លាំងជាតិ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យតែងតាំងលោក រ៉ុង ឈុន ជាទីប្រឹក្សាគណបក្សរបស់ខ្លួន និងតែងតាំងលោក ជា មុនី អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានគណបក្សនេះ ដែលមានលោក ស៊ុន ចន្ធី ជាប្រធាន។
គណបក្សប្រឆាំងថ្មីនេះ គឺមានសមាសភាពគណៈកម្មាធិការនាយក ចំនួន ២៨រូប និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ៩រូប។
គណបក្សនេះបានដាក់ចេញនូវទិសដៅសម្រាប់ចូលរួមការបោះឆ្នោតសកលឆ្នាំ២០២៧ និងឆ្នាំ២០២៨ ហើយក៏បានប្រកាសថាខ្លួនដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតអសកល គឺបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ផងដែរ។
យោងតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ មាត្រា១៨ថ្មី ចែងថា ប្រធាន និងអនុប្រធាននៃគណបក្សនយោបាយ និងសមាសភាពនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូលនឹងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សនយោបាយ មិនអាចឲ្យបុគ្គលដែលជាទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិមចូលរួមដឹកនាំនោះឡើយ។
តុលាការកំពូលតម្កល់សាលដីកាព្រហ្មទណ្ឌលេខ១១០ កំណត់ផ្ដន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ ត្រូវកែប្រែមកជាទោសនេះ ត្រូវអនុវត្តក្នុងពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ ៣ខែ ១១ថ្ងៃ។ ទោសដែលនៅសល់ ត្រូវព្យួរទោសសាកល្បងដោយកំណត់រយៈពេល ៣ឆ្នាំ។
លោក រ៉ុង ឈុន ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ក្នុងអំឡុងពេលលោកចុះស៊ើបអង្កេតបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ។ ពេលនោះ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ទៅកាន់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មីរវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជាប្រហែល ៥០០ម៉ែត្រ។
កាលពីខែឧសភា ឆ្នាំ២០២៣ យោងតាមលិខិតឆ្លើយតបរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្ញើជូនលោក ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា លោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ផុតរយៈពេល ៥ឆ្នាំគិតចាប់ពីថ្ងៃអនុវត្តទោសរួច ហើយក៏ពុំមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ស្នើសុំឲ្យមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ស្របតាមមាត្រា៥៣៤ និងមាត្រា៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌដែរ។
អ្នកតាមដាននយោបាយខ្លះយល់ថា នេះជាការត្រៀមរបស់អ្នកនយោបាយប្រឆាំង ខណៈដែលគណបក្សភ្លើងទៀន មិនមានសង្ឃឹមថានឹងអាចមានសិទ្ធិចូលរួមបោះឆ្នោតពេលខាងមុខ។
គណបក្សភ្លើងទៀន បានសម្រេចជ្រើសរើសយកគណបក្សឆន្ទៈខ្មែរ របស់កូនប្រុសលោក គង់ គាំ ឲ្យឈរឈ្មោះតំណាងខ្លួនក្នុងការបោះឆ្នោតព្រឹទ្ធសភាខាងមុខ។
គណបក្សឆន្ទៈខ្មែរ គឺជាគណបក្សដែលបានទៅចងសម្ព័ន្ធភាពមុនគេជាមួយគណបក្សភ្លើងទៀន ខណៈគណបក្សពីរទៀត គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា ទើបតែសម្រេចចិត្តទៅចងសម្ព័ន្ធជាមួយគណបក្សប្រឆាំងនេះកាលពីថ្ងៃទី១០ ខែតុលា កន្លងទៅ៕