មេដឹកនាំបណ្ដាប្រទេសអារ៉ាប់ និងឥស្លាម កាលពីថ្ងៃសៅរ៍ ទី១១ វិច្ឆិកា បានទៅជួបប្រជុំគ្នានៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីបើកកិច្ចប្រជុំកំពូលមួយពិនិត្យមើលសង្គ្រាមអ៊ីស្រាអែល វាយប្រហារទៅលើពួកហាម៉ាស-ប៉ាឡេស្ទីន ក្នុងដែនដីហ្កាហ្សា។
មេដឹកនាំនៃក្រុមប្រទេសអារ៉ាប់ និងប្រទេសកាន់សាសនាអ៊ីស្លាម នេះ បានលើកពីបញ្ហាសង្គ្រាមនៅតំបន់ហ្កាហ្សាដែនដីប៉ាឡេស្ទីន ដែលអ៊ីស្រាអែល កំពុងវាយប្រហារទៅលើក្រុមហាម៉ាស។
តាមសេចក្ដីរាយការណ៍រួមដែលកាសែតអាមេរិក The New York Times បានចុះផ្សាយកាលពីថ្ងៃទី១២ ខែវិច្ឆិកា ថា លទ្ធផលនៃជំនួបកំពូលនេះបានរួមគ្នាថ្កោលទោសទៅលើអ៊ីស្រាអែល ហើយស្នើឱ្យបញ្ចប់សង្គ្រាម តែមិនមានជំហររួមគ្នាដាក់ចេញវិធានការណាមួយជាក់ស្ដែងលើអ៊ីស្រាអែល នោះទេ ហើយសូម្បីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬទណ្ឌកម្មនយោបាយការបរទេស ក៏មិនអាចរកសំឡេងតែមួយបានដែរ។
សេចក្ដីថ្លែងការណ៍រួមរបស់មេដឹកនាំប្រទេសអារ៉ាប់ និងប្រទេសអ៊ីស្លាម បានហៅអ៊ីស្រាអែល បាញ់ផ្លោងមីស៊ីលទៅលើតំបន់ហ្កាហ្សា ដោយសម្លាប់ប្រជាជនស៊ីវិល ថាជាអំពើព្រៃផ្សៃយង់ឃ្នង។
ប៉ុន្តែគេសង្កេតឃើញជំហររួមគ្នាមួយ គឺមេដឹកនាំប្រទេសអារ៉ាប់ និងអ៊ីស្លាម បានច្រានចោលចំពោះការលើកឡើងរបស់អ៊ីស្រាអែល ដែលអះអាងថាខ្លួនមានសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន។ តែជាមួយគ្នានេះ ក្រុមប្រទេសអារ៉ាប់ និងអ៊ីស្លាម បានយល់ស្របគ្នាដោយបានច្រានចោលរាល់ដំណោះស្រាយនយោបាយទាំងអស់ ដែលមានផែនការផ្តាច់ដែនដីតំបន់ហ្កាហ្សា ពីដែនដីតំបន់ប៉ាឡេស្ទីន។
ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី ប្រកាសថា ត្រូវតែចាត់ទុកកងទ័ពអ៊ីស្រាអែល ជាអង្គភាពភេរវកម្ម។ ចំពោះមេដឹកនាំប្រទេសអាល់ហ្សេរី និងលីបង់ បានទាមទារឲ្យផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច និងការទូតទាំងស្រុងជាមួយអ៊ីស្រាអែល និងបានអំពាវនាវឲ្យប្រទេសអារ៉ាប់ ត្រូវតែឈប់លក់ប្រេងទៅឲ្យអ៊ីស្រាអែល។
ចំពោះសង្គ្រាមសងសឹករបស់អ៊ីស្រាអែល នេះ ប្រធានាធិបតីតួកគី មេដឹកនាំអារ៉ាប៊ីសាអ៊ូឌីត បានរិះគន់គោលជំហររបស់ក្រុមប្រទេសលោកខាងលិច ថាគាំទ្រអ៊ីស្រាអែលជ្រុលហួសហេតុ មិនខ្វល់ពីអាយុជីវិតជនស្លូតត្រង់ប៉ាឡេស្ទីន ដែលស្លាប់ដោយសារអ៊ីស្រាអែល វាយប្រហារ។
លោក ម៉ាសមូដ អាបាស ប្រធានាធិបតីប៉ាឡេស្ទីន វិញ បានថ្លែងថា សហរដ្ឋអាមេរិកត្រូវប្រើឥទ្ធិពលរបស់ខ្លួនទៅលើអ៊ីស្រាអែល ឱ្យបញ្ឈប់ការវាយប្រហារលើដែនដីហ្កាហ្សា។ ចំណែកព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាល់ម៉ាន់ នាយករដ្ឋមន្ត្រីប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានលើកឡើងថា មធ្យោបាយតែមួយគត់ដើម្បីកសាងសន្តិភាព និងស្ថិរភាព គឺអ៊ីស្រាអែលត្រូវតែបិទបញ្ចប់ការដាក់អាណានិគមនៅលើដែនដីប៉ាឡេស្ទីន។
ក្នុងសេចក្ដីថ្លែងការណ៍រួមមួយ មេដឹកនាំអារ៉ាប់ និងមូស្លីម ក៏បានជំរុញឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បើកការស៊ើបអង្កេតករណីឧក្រិដ្ឋកម្មសង្គ្រាម និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលពួកគេអះអាងថាកំពុងប្រព្រឹត្តឡើងដោយកងទ័ពអ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន។
នៅចុងក្រោយនៃកិច្ចប្រជុំកំពូលមេដឹកនាំនៃក្រុមប្រទេសអារ៉ាប់ និងប្រទេសកាន់សាសនាអ៊ីស្លាម បានទទូចស្នើទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យចេញដំណោះស្រាយរួមគ្នាបង្គាប់ទៅអ៊ីស្រាអែល ឱ្យបិទបញ្ចប់សង្គ្រាម។ តែយ៉ាងណា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានប្រជុំគ្នាញឹកញាប់ តែមិនអាចរកសំឡេងរួមបានឡើយ។
សហរដ្ឋអាមេរិក ដឹកមុខបារាំង អង់គ្លេស បោះឆ្នោតវេតូ ហើយសូម្បីពាក្យថាថ្កោលទោសអ៊ីស្រាអែល ក៏ប្រទេសសមាជិកអចិន្ត្រៃយ៍បីនេះ មិនឯកភាពឱ្យមាននៅក្នុងសេចក្ដីថ្លែងការណ៍នោះទេ។
ចំណែកចិន និងរុស្ស៊ី បានត្រឹមសម្ដែងការខកចិត្តជាខ្លាំង។ សហរដ្ឋអាមេរិកនៅតែប្រកាសគាំទ្រអ៊ីស្រាអែល បោសសម្អាតពួកហាម៉ាស ដែលក្រុងវ៉ាស៊ីនតោន ចាត់ទុកជាក្រុមភេរវកម្មមួយនៅមជ្ឈិមបូព៌ា។
ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីមេដឹកនាំប្រទេសអារ៉ាប់ និងប្រទេសអ៊ីស្លាម ចេញសេចក្ដីថ្លែងការណ៍រួមថ្កោលទោស ហើយទាមទារឱ្យអ៊ីស្រាអែល បញ្ឈប់សង្គ្រាមនៅលើដែនដីហ្កាហ្សា លោក បេនចាមីន នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានថ្លែងតាមកញ្ចក់ទូរទស្សន៍របស់រដ្ឋទៅកាន់ជនរួមជាតិរបស់លោក ដោយទាត់ចោលរាល់ការលើកឡើងរបស់មេដឹកនាំនៃបណ្ដាប្រទេសអារ៉ាប់។
លោក នេតាន់យ៉ាហ៊ូ ថ្លែងថា ពិភពលោកគួរក្រោកឈរឡើងប្រឆាំងនឹងក្រុមហាម៉ាស ព្រោះថាក្រុមនេះជាក្រុមភេរវកម្មដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ហើយចំពោះក្រុមហេសបូឡា នៅលីបង់ និងក្រុមហ៊ូទី នៅយេម៉ែន ដែលជាកូនអុករបស់អ៊ីរ៉ង់ ក៏ជាក្រុមភេរវកម្មដែរ។ លោកសច្ចាវាយកម្ទេចពួកហាម៉ាសរហូតបោសសម្អាតអស់លើដែនដីហ្កាហ្សា។
កងទ័ពអ៊ីស្រាអែល ដែលបានបើកការវាយលុកដោយទ័ពថ្មើរជើងលើដែនដីហ្កាហ្សា ត្រូវបានរាយការណ៍មកថា បានវាយរុលកាន់តែជ្រៅចូលភាគខាងត្បូង ដោយវាយចូលកណ្ដាលក្រុងហ្កាហ្សា ក្រោយពីវាយកាន់កាប់បាននៅភាគខាងជើង។
គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា នេះ សង្គ្រាមអ៊ីស្រាអែល វាយសងសឹកលើពួកហាម៉ាស ដែលបានលួចបាញ់គ្រាប់រ៉ុក្កែតច្រើនពាន់គ្រាប់ចូលដែនដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ តុលា មក វាមានរយៈពេល ៣៦ថ្ងៃហើយ។ ក្នុងពេលនេះ ប្រជាជនប៉ាឡេស្ទីន ស្លាប់កើនឡើងជាង ១ម៉ឺន ១ពាន់នាក់ និងរងរបួសជិត ៣ម៉ឺននាក់។ ប្រជាជនជាង ១លាន ៥សែននាក់រត់ចេញពីតំបន់ហ្កាហ្សា។ តំបន់ហ្កាហ្សា មានផ្ទៃក្រឡា ៣៦០គីឡូម៉ែត្រក្រឡា និងមានប្រជាជន ២លាន ៣សែននាក់រស់នៅ៕