អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់​បុរី ឡេង ណាវ៉ាត្រា គម្រោង​យក្ស 6A

ជម្លោះដីធ្លី

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ពលរដ្ឋ​ដែល​វ័ណ្ឌក​ដោយ​ការ​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​ដោយ​ប្រើ​កិច្ចសន្យា​ទិញ​លក់​ជា​មូលដ្ឋាន

By ឌឹ ខេមបូឌា ដេលី

November 15, 2023

ក្រុម​អ្នក​ឃ្លាំមើល ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ដែល​កំពុង​វ័ណ្ឌក​ដោយសារ​ការ​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​ចលនទ្រព្យ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុមហ៊ុន​អចលនទ្រព្យ​បុរី​ពិភព​ថ្មី​របស់​ឧកញ៉ា ហុង ពីវ ដោយ​ប្រើ​កិច្ចសន្យា​ទិញ​លក់​របស់​ក្រុមហ៊ុន​ដែល​បាន​ឯកភាព​គ្នា​ជាមួយ​អតិថិជន​ជា​មូលដ្ឋាន។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ វិច្ឆិកា នេះ​ថា ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​រវាង​ពលរដ្ឋ​ដែល​ជា​ជនរងគ្រោះ​ក្នុង​ការ​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុមហ៊ុន​អចលនទ្រព្យ​បុរី​ពិភព​ថ្មី​របស់​ឧកញ៉ា ហុង ពីវ រដ្ឋាភិបាល​ត្រូវតែ​ហៅ​ភាគី​ទាំង​សងខាង​មក​ដោះស្រាយ​ដោយ​ប្រើ​កិច្ចសន្យា​ដែល​ពួកគេ​បាន​ឯកភាព​គ្នា ធ្វើជា​មូលដ្ឋាន​ក្នុង​ការ​សម្រេច​ចិត្ត នោះ​ទើប​អាច​ផ្តល់​យុត្តិធម៌​សម្រាប់​ភាគី​ដែល​រងគ្រោះ​បាន។

លោក សេក សុជាតិ លើកឡើង​ថា ទំនាស់​រវាង​អតិថិជន និង​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ទាំង​ពីរ​នេះ បាន​អូស​បន្លាយ​អស់​រយៈពេល​ជា​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​ដំណោះស្រាយ​នៅតែ​ជាប់​គាំង​នៅឡើយ។ ផ្ទុយទៅវិញ ប្រសិនបើ​មន្ត្រី​រដ្ឋាភិបាល​ដែល​មាន​សមត្ថកិច្ច អន្តរាគមន៍​លើ​បញ្ហា​នេះ បែរ​ជា​លម្អៀង​ទៅ​ខាង​ក្រុមហ៊ុន​ដោយ​ទុក​ឱ្យ​ជនរងគ្រោះ​រង​នូវ​ការ​កេងប្រវ័ញ្ច នោះ​ស្ថាប័ន​មាន​សមត្ថកិច្ច​ក៏​ត្រូវ​តែ​ពិនិត្យ​លើ​ការ​អនុវត្ត​ច្បាប់​លើ​មន្ត្រី​របស់​ខ្លួន ដើម្បី​ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​សម្រាប់​ការពារ​ជនរងគ្រោះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ បញ្ជាក់​ថា កន្លងមក ពលរដ្ឋ​តែង​ក្លាយ​ខ្លួន​ជា​ជនរងគ្រោះ​ជានិច្ច។ ជាក់ស្តែង ប្រសិនបើ​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ធ្វើ​ផ្ទះ​មិន​ទាន់​ពេល​តាម​កិច្ចសន្យា​ជូន​អតិថិជន គេ​មិន​ដែល​ឃើញ​ពលរដ្ឋ​ដែល​ជា​អ្នក​ទិញ​ផ្ទះ​ទទួល​បាន​ការ​ជួយ​អន្តរាគមន៍​ពី​មន្ត្រី​មាន​សមត្ថកិច្ច អនុវត្ត​វិធានការ​ច្បាប់​ទៅ​លើ​ក្រុមហ៊ុន​នោះ​ទេ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​គ្មាន​លុយ​បង់​រំលស់​ទាន់​ពេល​តាម​កិច្ចសន្យា គេ​តែង​ឃើញ​ម្ចាស់​ក្រុមហ៊ុន​រឹបអូស​ផ្ទះ​ពី​អតិថិជន​ជានិច្ច ខណៈ​មន្ត្រី​មាន​សមត្ថកិច្ច​ក៏​មិន​មាន​វិធានការ​ជួយ​សម្របសម្រួល​ដោះស្រាយ​អ្វី​នោះ​ដែរ ដែល​បញ្ហា​នេះ​កំពុង​កើត​មាន​ស្ទើរតែ​គ្រប់​ទីកន្លែង​នៅ​ទូទាំង​ប្រទេស​ទៅ​ហើយ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ពលរដ្ឋ​ដែល​បាន​អះអាង​ថា​ខ្លួន​ជា​ជនរងគ្រោះ​ពី​ការ​ទិញ​ផ្ទះ​ពី​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ការ​ផ្ទុះឡើង​នូវ​ការ​តវ៉ា​របស់​ពលរដ្ឋ​ដែល​បាន​ទិញ​ផ្ទះ​ពី​បុរី​ពិភព​ថ្មី​របស់​ឧកញ៉ា ហុង ពីវ កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ម្ចាស់​គណនី​ហ្វេសប៊ុក​ម្នាក់​ដែល​មាន​ឈ្មោះ​ថា មនុស្ស​កំសត់ ដែល​ទំនង​ជា​មាន​ឈ្មោះ​ពិត​ថា ចាន់ លាងហ៊ី និង សាន សុខុន បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ភ្ជាប់​ជាមួយ​នឹង​លិខិត​អះអាង​ក្នុង​ការ​ទិញ​លក់​ផ្ទះ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ថា រូបគេ​បាន​ទិញ​ផ្ទះល្វែង Eo នៅ​ក្នុង​បុរី ឡេង ណាវ៉ាត្រា គម្រោង​យក្ស 6A ដោយ​កំណត់​ថា ភាគី​ក្រុមហ៊ុន​នឹង​សាងសង់​ផ្ទះ​ឱ្យ​រួចរាល់​ក្នុង​រយៈពេល ១៨​ខែ ដែល​អាច​ឱ្យ​អតិថិជន​កាន់​សោ​ចូល​ទៅ​រស់នៅ​តែម្តង។

ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ​អះអាង​ថា ពិត​មែន​តែ​កិច្ចសន្យា​បាន​កំណត់​ត្រឹម​រយៈពេល ១៨​ខែ ប៉ុន្តែ​ផ្ទះល្វែង Eo ដែល​រូបគេ​បាន​ទិញ​នៅ​ក្នុង​បុរី ឡេង ណាវ៉ាត្រា ពី​គម្រោង​យក្ស 6A បាន​ហួស​ពេល​កំណត់​រហូត​ដល់ ១៣​ខែ​ទៅ​ហើយ ចំណែក​រូបគេ​នៅ​មិន​ទាន់​អាច​កាន់​សោ​ចូល​ទៅ​រស់នៅ​បាន​ទៀត ខណៈ​ផ្ទះ​ដែល​រូបគេ​បាន​ទិញ​នោះ មិន​ទាន់​បាន​បុក​គ្រឹះ​ដើម្បី​ដាំ​បង្គោល​សសរ​បាន​មួយ​ដើម​ផង​នោះ។

លិខិត​អះអាង​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ប្រភព​ខាងលើ​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​នឹង​សំណេរ​របស់​ខ្លួន​នោះ គឺ​មាន​ឈ្មោះ​ភាគី​អ្នក​ទិញ​ថា ចាន់ លាងហ៊ី និង​ឈ្មោះ សាន សុខុន ចំណែក​ភាគី​អ្នក​លក់ គឺ​ឈ្មោះ ឡេង ភក្ត្រា ហៅ ឡេង ណាវ៉ាត្រា ដោយ​កំណត់​ត្រង់​ប្រការ ៥ ថា ការ​សាងសង់​រយៈពេល ១៨​ខែ ដោយ​គិត​ចាប់ពី​ពេល​ចុះ​កិច្ចសន្យា​នៅ​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២២ ដូច្នេះ​បើ​គិត​កាលបរិច្ឆេទ​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២២ មក​ទល់​នឹង​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ គឺ​មាន​រយៈពេល​ប្រមាណ ១៣​ខែ​ដូច​ការ​អះអាង​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក​ខាង​លើ​ប្រាកដ​មែន។

ទាក់ទិន​នឹង​ទំនាស់​រវាង​អតិថិជន និង​ម្ចាស់​បុរី​នេះ ពលរដ្ឋ​ដែល​ជា​ជនរងគ្រោះ​ពី​ការ​ទិញ​ផ្ទះ​ក្នុង​បុរី​ពិភព​ថ្មី​របស់​ឧកញ៉ា ហុង ពីវ ក៏​បាន​នាំគ្នា​តវ៉ា​យ៉ាង​ខ្លាំង​ដែរ​កាលពី​ពេល​ថ្មីៗ​នេះ បន្ទាប់ពី​ភាគី​ក្រុមហ៊ុន​បាន​រឹបអូស​ផ្ទះ​របស់​ពួកគេ​ដែល​គ្មាន​លទ្ធភាព​បង់​រំលស់ ស្រប​ពេល​អ្នក​ដែល​មាន​បំណង​លក់​ផ្ទះ​ឱ្យ​ក្រុមហ៊ុន​វិញ​ក្នុង​តម្លៃ ៥០% តាម​កិច្ចសន្យា ក៏​ត្រូវ​ក្រុមហ៊ុន​បដិសេធ​មិន​ទទួល​ទិញ​ថែម​ទៀត ក្រោម​លេស​ថា បើ​ធ្វើ​តាម​សំណើ​របស់​អតិថិជន ក្រុមហ៊ុន​ប្រាកដ​ជា​នឹង​ក្ស័យធន​ជាមិនខាន ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​បាន​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​រង​នូវ​ការ​ខាតបង់​យ៉ាង​ធ្ងន់ធ្ងរ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣ លោក ហ៊ុន សែន ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​ម្ចាស់​បុរី​ដែល​មាន​បញ្ហា​ជាមួយ​អតិថិជន រៀបចំ​នីតិវិធី​ដោះស្រាយ​ឡើងវិញ ដែល​ត្រូវ​សម្របសម្រួល​រវាង​ម្ចាស់​បុរី និង​អ្នក​ទិញ និង​មាន​ការ​ចូលរួម​ដោះស្រាយ​ពី​ភាគី​រដ្ឋាភិបាល​ផង​ដែរ។

ប៉ុន្តែ​មួយ​ថ្ងៃ​បន្ទាប់ គឺ​នៅ​ថ្ងៃទី​១០ ខែ​មិថុនា លោក ហ៊ុន សែន បែរ​ជា​ប្រកាស​ផ្ទាល់​មាត់​ជំរុញ​ឱ្យ​ម្ចាស់​បុរី​ទាំងអស់​នៅ​ក្នុង​ប្រទេស រឹបអូស​ផ្ទះ​របស់​ពលរដ្ឋ ឬ​បុគ្គល​ណា​មួយ​ដែល​ក្រុមហ៊ុន​យល់​ថា​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល ហើយ​មិន​ព្រម​បង់​ថ្លៃ​ផ្ទះ​ជូន​ម្ចាស់​បុរី​ទៅ​វិញ ដែល​បញ្ហា​នេះ​បាន​ផ្តល់​ឱកាស​ដល់​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ ដូចជា ក្រុមហ៊ុន​ចលនទ្រព្យ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុមហ៊ុន​អចលនទ្រព្យ​បុរី​ពិភព​ថ្មី​របស់​ឧកញ៉ា ហុង ពីវ ជាដើម បន្ត​រឹបអូស​ផ្ទះ​ពី​អតិថិជន​ដែល​បាន​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​របស់​ពួកគេ​រហូត​មក​ទល់​ពេលនេះ៕