30 C
Phnom Penh

សំណុំរឿង​ដ៏​ចម្រូងចម្រាស​ចំនួន​៤​យ៉ាងតិច​អាច​នៅ​លើ​តុ​នៃ​ជំនួប​កំពូល​លោក បៃដិន និង​លោក ជីនពីង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មួយ​ឆ្នាំ​បន្ទាប់ពី​បាន​ជួប​គ្នា​ដោយ​ផ្ទាល់​នៅ​ឯ​ជំនួប​កំពូល​នៃ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 នៅ​លើ​ទឹកដី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី លោក ចូ បៃដិន និង​លោក ស៊ី ជីនពីង ត្រូវ​ជួប​គ្នា​ម្ដង​ទៀត​ក្រោយពី​លោក បៃដិន ខកខាន​មិន​បាន​ជួប​លោក ស៊ី នៅ​ឯ​ជំនួប G-20 ដែល​ធ្វើឡើង​នៅ​ប្រទេស​ឥណ្ឌា កាលពី​ខែ​កញ្ញា ឆ្នាំ​២០២៣ ព្រោះ​លោក ស៊ី អវត្តមាន។

មេដឹកនាំ​ប្រទេស​មហាអំណាច​ពីរ​នេះ​នឹង​ជួប​គ្នា​ដោយ​ផ្ទាល់​នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ នៃ​វេទិកា​ប្រទេស​សមាជិក​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា APEC។

តាម​ការ​គ្រោងទុក លោក ស៊ី ជីនពីង នឹង​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​សមភាគី​លោក ចូ បៃដិន នៅ​ក្រៅ​វេទិកា​អន្តរជាតិ​នេះ​នៅ​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ក្នុង​សប្ដាហ៍​នេះ។

ជំនួប​ដ៏​សំខាន់​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​ផ្ដោត​សំខាន់​ទៅ​លើ​សំណុំរឿង​ដ៏​ចម្រូងចម្រាស​យ៉ាង​តិច​ចំនួន ៤ ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី។

មុន​លោក ស៊ី និង​លោក បៃដិន ជួប​គ្នា មន្ត្រី​ព័ត៌មាន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ប្រកាស​ឱ្យ​អ្នក​សារព័ត៌មាន​បាន​ដឹង​ខ្លះៗ​នូវ​របៀបវារៈ​ណា​ដែល​សំដៅ​ពង្រឹង​សហប្រតិបត្តិការ​ទ្វេភាគី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ។

នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ចន្ទ ទី​១៣ ខែ​វិច្ឆិកា អ្នកស្រី Mao Ning អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​បញ្ជាក់​ថា លោក ស៊ី ជីនពីង និង​លោក ចូ បៃដិន នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ពុធ ទី​១៥ វិច្ឆិកា។

អ្នកស្រី Mao Ning បាន​ថ្លែង​ថា ប្រទេស​ចិន បាន​ប្រកាស​ពី​ដំណឹង​ដែល​លោក ស៊ី ប្រធាន​រដ្ឋ​ចិន ត្រូវ​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក តាម​ការ​អញ្ជើញ​របស់​លោក បៃដិន ហើយ​ក៏​ដើម្បី​ធ្វើ​កិច្ច​ជំនួប​រវាង​មេដឹកនាំ​ចិន និង​អាមេរិក​ផង​ដែរ។

អ្នកស្រី​អ្នក​នាំពាក្យ​សម្រាប់​ប្រទេស​ចិន បញ្ជាក់​ថា មេដឹកនាំ​ទាំង​ពីរ​នឹង​ផ្លាស់ប្ដូរ​មតិ​យោបល់​យ៉ាង​ស៊ីជម្រៅ​អំពី​បញ្ហា​ជា​លក្ខណៈ​យុទ្ធសាស្ត្រ​ទូទៅ និង​ទិសដៅ​នៃ​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក ក៏ដូចជា​បញ្ហា​សំខាន់​ដែល​ពាក់ព័ន្ធ​នឹង​សន្តិភាព និង​ការ​អភិវឌ្ឍ​សកល​ផង​ដែរ។

អ្នកស្រី Mao Ning បន្ត​ថា ចិន​បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលការណ៍ ៣​ចំណុច គឺ​ការ​គោរព​គ្នា​ទៅវិញ​ទៅមក ការ​រួម​រស់​នៅ​ដោយ​សន្តិ​សហ​វិជ្ជមាន និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​ឈ្នះ ដែល​លើកឡើង​ដោយ​លោក ស៊ី ជីនពីង សម្រាប់​ដោះស្រាយ​ទំនាក់ទំនង​រវាង​ចិន និង​សហរដ្ឋ​អាមេរិក។

បើ​បើ​តាម​អ្នកស្រី​អ្នក​នាំពាក្យ​ចិន​រូប​នេះ​បញ្ជាក់​ថា ភាគី​អាមេរិក​នឹង​អនុវត្ត​កិច្ចសន្យា​យ៉ាង​ជាក់លាក់ ដោយ​មិន​ស្វែងរក​ការ​ធ្វើ​សង្គ្រាម​ត្រជាក់ និង​មិន​មាន​ចេតនា​បង្ក​ការ​ប៉ះទង្គិច​ជាមួយ​ចិន ក្នុង​ន័យ​រួម​ជំរុញ​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក ឱ្យ​ត្រឡប់​ទៅ​រក​ផ្លូវ​អភិវឌ្ឍន៍​ប្រកប​ដោយ​ភាព​ល្អ​បរិសុទ្ធ និង​មាន​ស្ថិរភាព​ឡើងវិញ។

ជាមួយ​គ្នា​នេះ លោកស្រី Karine Jean-Pierre អ្នក​នាំពាក្យ​សេតវិមាន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រធានាធិបតី​ទាំង​ពីរ​នឹង​និយាយ​អំពី​បញ្ហា​ទ្វេភាគី បញ្ហា​តំបន់ និង​ពិភពលោក រួម​ទាំង​អំពី​ការ​រិះរក​មធ្យោបាយ ដើម្បី​គ្រប់គ្រង​ឲ្យ​ការ​ប្រកួតប្រជែង​គ្នា​ឱ្យ​មាន​លក្ខណៈ​ទទួល​ខុសត្រូវ។

ប៉ុន្មាន​ខែ​កន្លង​មក​នេះ ភាគី​សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​បញ្ជូន​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​នាក់​ទៅ​ចិន ដើម្បី​និយាយ​សម្របសម្រួល​ឈាន​ទៅ​ស្ដារ​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំង​ពីរ ដែល​ជួប​បញ្ហា​តានតឹង​ខ្លាំង ទាំង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ។

បើ​តាម​កាសែត The Guardian ឲ្យ​ដឹង​ថា នៅ​ក្នុង​ឱកាស​ជំនួប​កំពូល APEC លោក ចូ បៃដិន នឹង​ព្យាយាម​បង្ហាញ​ឲ្យ​ចិន ឃើញ​ថា អាមេរិក​មាន​ទំនាក់ទំនង​ល្អ និង​ស្អិតល្មួត​ជាមួយ​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក មាន​ដូចជា​អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន និង​ហ្វីលីពីន។

សារព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​ថា ស្ថានភាព​តានតឹង​នៃ​ទំនាក់ទំនង​ទ្វេភាគី​នៅ​លើ​តុ​របស់​មេដឹកនាំ​មហាអំណាច​ទាំង​ពីរ​នេះ អាច​មាន​ផង​ដែរ​នូវ​សំណុំរឿង​ពិភពលោក​ដ៏​ចម្រូងចម្រាស​យ៉ាងតិច​ចំនួន ៤ នា​បច្ចុប្បន្ន​នេះ។

តើ​សំណុំរឿង​ពិភពលោក​ទាំង ៤ នោះ​មាន​អ្វី​ខ្លះ?

សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន គឺជា​ចំណុច​សំខាន់​ដែល​លោក បៃដិន អាច​លើកឡើង​ជា​ថ្មី​ទៀត​ស្នើ​ឲ្យ​លោក ស៊ី ជីនពីង កុំ​នៅ​ខាង​រុស្ស៊ី ហើយ​ត្រូវ​គាបសង្កត់​រុស្ស៊ី។

លោក បៃដិន អាច​ប្រាប់​លោក ស៊ី ថា​ប្រទេស​ធំ​ដូចជា​ចិន គួរ​ប្រើ​ឥទ្ធិពល​លើ​រុស្ស៊ី ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ព្រោះ​កន្លង​មក លោក បៃដិន ក៏​បាន​ប្រាប់​ដូច​នេះ​ដែរ​កាលពី​ក្នុង​ជំនួប​ផ្ទាល់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ឆ្នាំ​មុន។ មួយ​វិញ គេ​អាច​គិត​ថា លោក បៃដិន អាច​ស្នើ​ឱ្យ​ចិន ទប់ស្កាត់​កូរ៉េខាងជើង កុំ​បញ្ចេញ​អាវុធ​ទៅ​ឱ្យ​រុស្ស៊ី ព្រោះ​កូរ៉េខាងជើង គឺជា​កូនជឹង​របស់​ចិន។ នេះ​ជា​សំណុំរឿង​ពិភពលោក​ទី​១។

ចំណែក​សំណុំរឿង​ទី​២ អាច​ជា​សង្គ្រាម​អ៊ីស្រាអែល វាយ​សងសឹក​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន នៅ​ក្នុង​ដែនដី​ហ្កាហ្សា ព្រោះ​តែ​ពួក​ហាម៉ាស លួច​បាញ់​គ្រាប់​រ៉ុក្កែត ៥​ពាន់​គ្រាប់​ចូល​ដែនដី​អ៊ីស្រាអែល កាលពី​ថ្ងៃទី​៧ តុលា ដែល​បណ្ដាល​ឱ្យ​ប្រជាជន​អ៊ីស្រាអែល ស្លាប់ៗ​ភ្លាមៗ​រាប់​រយ​នាក់។

សង្គ្រាម​សងសឹក​របស់​អ៊ីស្រាអែល នេះ បាន​ឈាន​ចូល​ដល់​ជិត ៤០​ថ្ងៃ​ហើយ។

នៅ​ពេល​ដែល​អ៊ីស្រាអែល បើក​ការ​វាយប្រហារ​សន្ធប់​ដោយ​ការ​ទម្លាក់​គ្រាប់បែក​ទៅ​លើ​ដែនដី​ហ្កាហ្សា ដែល​ជា​សម្បុក​របស់​ពួក​ហាម៉ាស ប្រទេស​ចិន មិន​បាន​ថ្កោលទោស​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន ប៉ុន្តែ​បែរ​ជា​ព្យាយាម​ជួយ​រុស្ស៊ី នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដោយ​ទាមទារ​ឱ្យ​ចាត់​វិធានការ​លើ​អ៊ីស្រាអែល ក្រោយពី​ប្រទេស​ពីរ​នេះ​ស្នើ​ឱ្យ​មាន​សេចក្ដី​សម្រេច​មួយ​ថ្កោលទោស​អ៊ីស្រាអែល តែ​ត្រូវ​បាន​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធភាព​បោះឆ្នោត​ជំទាស់។ សហរដ្ឋ​អាមេរិក​ប្រាប់​ចិន វិញ​ថា អ៊ីស្រាអែល​ជា​ជនរងគ្រោះ​ដែល​អាច​វាយ​ការពារ​ខ្លួន។

ក្នុង​ជំនួប​ជាមួយ​លោក បៃដិន លោក ស៊ី អាច​ស្នើ​ឱ្យ​អាមេរិក​ដាក់​សម្ពាធ​ដល់​អ៊ីស្រាអែល ឲ្យ​បញ្ចប់​សង្គ្រាម ក្រោម​ហេតុផល​ដែល​ក្រុង​ប៉េកាំង លើកឡើង​ថា ប្រជាជន​ប៉ាឡេស្ទីន​ស្លាប់​កាន់តែ​កើន​ឡើង​ដោយសារ​ការ​វាយប្រហារ​របស់​កងទ័ព​អ៊ីស្រាអែល។ ប៉ុន្តែ​សម្រាប់​លោក បៃដិន អាច​ព្យាយាម​ពន្យល់​ទៅ​លោក ស៊ី ថា ទង្វើ​របស់​ពួក​ហាម៉ាស ដែល​លួច​វាយប្រហារ​លើ​អ៊ីស្រាអែល អាច​មិន​ខុស​នឹង​ក្រុម​ភេរវកម្ម​នោះ​ទេ។ សេតវិមាន​បាន​ប្រកាស​គាំទ្រ​អ៊ីស្រាអែល វាយ​បោស​សម្អាត​ពួក​ហាម៉ាស ក្នុង​គោលដៅ​ដើម្បី​សងសឹក និង​ទាមទារ​យុត្តិធម៌។

សំណុំរឿង​ទី​៣ ប្រធានាធិបតី​ទាំង​ពីរ​អាច​លើកឡើង​ត្រង់​ទៅ​ត្រង់​មក​អំពី​បញ្ហា​ទំនាស់​ជាច្រើន ជាពិសេស​គឺ​បញ្ហា​កោះ​តៃវ៉ាន់។ គេ​សង្ឃឹម​ថា អាមេរិក និង​ចិន នឹង​បង្កើត​ឲ្យ​មាន​បណ្ដាញ​ទាក់ទង​គ្នា​ដោយ​ផ្ទាល់​រវាង​កងទ័ព​ទាំង​ពីរ ព្រោះ​វា​ជា​រឿង​សំខាន់​ណាស់​ក្នុង​ករណី​ដែល​ផ្ទុះ​សង្គ្រាម​នៅ​តៃវ៉ាន់។

ប៉ុន្តែ​ចិន អាច​ស្នើ ឬ​ព្រមាន​លោក បៃដិន កុំ​ព្យាយាម​យក​រឿង​តៃវ៉ាន់​ជា​បញ្ហា​ឧបសគ្គ​នៃ​ការ​រីកចម្រើន​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី។

ក្រុង​ប៉េកាំង តែងតែ​ប្រាប់​ក្រុង​វ៉ាស៊ីនតោន ឱ្យ​បន្ត​គោរព​គោលនយោបាយ​ចិន​តែ​មួយ ព្រោះ​តៃវ៉ាន់​ស្ថិត​ក្នុង​ដែន​អំណាច​របស់​ចិន។

យ៉ាងណា ប្រសិនបើ​លោក ស៊ី បន្ត​លើកឡើង​នូវ​សំណុំរឿង​តៃវ៉ាន់ សម្រាប់​លោក បៃដិន អាច​នឹង​ប្រាប់​ចិន ពី​សេរីភាព​របស់​ដែន​កោះ​មួយ​នេះ​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ ដែល​មិន​អាច​ទៅ​ក្រោម​របប​កុម្មុយនីស្ត​បាន​ទេ ហើយ​លោក បៃដិន នឹង​ប្រាប់​ចិន ថា ច្រក​សមុទ្រ​តៃវ៉ាន់ មិន​អាច​ក្លាយ​ជា​របស់​ចិន​ផ្ដាច់មុខ​បាន​ឡើយ។

ចំណែក​សំណុំរឿង​ទី​៤ អាច​នឹង​លើកឡើង​ផង​ដែរ​ទាំង​លោក ស៊ី និង​លោក បៃដិន អំពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ខណៈ​នាវា​ល្បាត​របស់​ចិន និង​ហ្វីលីពីន ជាច្រើន​គ្រឿង​កំពុង​ប្រឈមមុខ​ដាក់​គ្នា។

លោក ស៊ី អាច​ស្នើ​ឲ្យ​លោក បៃដិន កុំ​លូក​ដៃ​ផ្ទៃក្នុង​នៅ​ក្នុង​តំបន់​អាស៊ី ដែល​លោក ស៊ី អាច​ប្រាប់​លោក បៃដិន ថា ចិន​ចង់​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ភាគី​ពាក់ព័ន្ធ​ផ្ទាល់ ដោយ​មិន​ត្រូវ​ការ​អន្តរាគមន៍​ពី​ខាងក្រៅ​ឡើយ។

តែ​យ៉ាងណា លោក បៃដិន និង​រដ្ឋការ​របស់​លោក បាន​ព្រមាន​ក្រុង​ប៉េកាំង​រួច​ហើយ​ថា ក្រុង​វ៉ាស៊ីនតោន មាន​សិទ្ធិ​ក្នុង​ការ​ការពារ​ច្បាប់​អន្តរជាតិ ហើយ​មាន​សិទ្ធិ​ធ្វើ​នាវាចរ ព្រោះ​ពុំ​អាច​ឱ្យ​ប្រទេស​ណា​មួយ​ច្បាម​យក​មក​ធ្វើ​កម្មសិទ្ធិ​អធិបតេយ្យ​របស់​ខ្លួន​បាន​ឡើយ។

កន្លងមក ក្រុង​វ៉ាស៊ីនតោន បាន​ប្រកាស​យ៉ាង​រឹងមាំ​ការពារ​ប្រទេស​ហ្វីលីពីន ព្រោះ​ជា​សម្ព័ន្ធមិត្ត​យោធា​រួម​គ្នា ដោយ​ព្រមាន​ក្រុង​ប៉េកាំង ថា អាមេរិក​អាច​អន្តរាគមន៍​ជួយ​ហ្វីលីពីន បើ​ត្រូវ​ចិន​បង្ក​សង្គ្រាម​ករណី​ជម្លោះ​ដែនសមុទ្រ​ចិន​ខាងត្បូង។

បច្ចុប្បន្ន ទ័ព​អាមេរិក​នៅ​លើ​ដែន​កោះ​ហ្វីលីពីន​រួច​ទៅ​ហើយ ដែល​មាន​រហូត​នៅ​លើ​ប្រជុំ​កោះ​នៅ​សមុទ្រ​ហ្វីលីពីន​ខាងលិច ដែល​នៅ​ក្បែរ​កោះ​តៃវ៉ាន់​ទៀត​ផង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស