ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ជួប​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន (Joe Biden) នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ទទូច​លោក បៃដិន សុំ​ជួយ​បញ្ចប់​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា-ប៉ាឡេស្ទីន

By ឌឹ ខេមបូឌា ដេលី

November 16, 2023

ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូកូ វីដូដូ បាន​ទទូច​នៅ​ចំពោះ​មុខ​លោក ចូ បៃដិន សមភាគី​របស់​លោក ដោយ​លើកឡើង​ថា អាមេរិក​ត្រូវតែ​ប្រឹងប្រែង​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​បញ្ឈប់​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​នៃ​ដែនដី​ប៉ាឡេស្ទីន។

លោក ចូកូ វីដូដូ ថ្លែង​ថា ការ​ឈប់​បាញ់​នៅ​ពេលនេះ គឺជា​រឿង​មួយ​សំខាន់​ណាស់​សម្រាប់​មនុស្ស​ជាតិ។ លោក វីដូដូ បាន​ប្រាប់​លោក បៃដិន ថា លោក​បាន​នាំ​សារ​ដោយ​ផ្ទាល់​មាត់​ដែល​លោក ម៉ាសមូដ អាបាស ប្រធានាធិបតី​ប៉ាឡេស្ទីន បាន​ប្រាប់​លោក​ឱ្យ​លើក​រឿង​នេះ​ឡើង។

ជំនួប​រវាង​មេដឹកនាំ​ឥណ្ឌូនេស៊ី និង​សហរដ្ឋ​អាមេរិក ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​សប្ដាហ៍​នេះ នៅ​សេតវិមាន អំឡុង​លោក ចូកូ វីដូដូ មាន​វត្តមាន​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​មក​ចូលរួម​វេទិកា​នៃ​មេដឹកនាំ​ប្រទេស​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក APEC។ ជំនួប​នៅ​ឯ​សេតវិមាន លោក ចូកូ វីដូដូ បាន​បញ្ជាក់​ថា ការ​បិទ​បញ្ចប់​សង្គ្រាម គឺជា​ការ​ជួយ​វិនាសកម្ម​របស់​មនុស្ស​ជាតិ។

បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ជំនួប​រវាង​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី និង​លោក ចូ បៃដិន នៅ​សេតវិមាន​នេះ ត្រូវ​បាន​រៀបចំ​ឡើង​សំដៅ​ពង្រឹង​សម្ព័ន្ធភាព​រវាង​អាមេរិក និង​ឥណ្ឌូនេស៊ី មុន​ពេល​ដែល​លោក ចូ បៃដិន ត្រូវ​ជួប​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន នៅ​ក្រៅ​ជំនួប​កំពូល APEC។

ប៉ុន្តែ​ស្ថានភាព​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា បាន​ធ្វើ​ឲ្យ​លោក ចូកូ វីដូដូ ឆក់​ឱកាស​ទទូច​ឱ្យ​លោក ចូ បៃដិន ជួយ​បញ្ចប់​សង្គ្រាម​អ៊ីស្រាអែល និង​ពួក​ហាម៉ាស-ប៉ាឡេស្ទីន។

បើ​ទោះបីជា​អំពាវនាវ​ឲ្យ​មាន​ការ​ឈប់​បាញ់ តែ​រដ្ឋការ​លោក ចូ បៃដិន បាន​បង្ហាញ​ការ​គាំទ្រ​អ៊ីស្រាអែល ធ្វើ​សង្គ្រាម​ដើម្បី​សិទ្ធិ​ការពារ​ខ្លួន។

កាលពី​សប្ដាហ៍​មុន លោក ចូកូ វីដូដូ មុន​ទៅ​សហរដ្ឋ​អាមេរិក លោក​បាន​ទៅ​ចូលរួម​ជំនួប​កំពូល​ពិសេស​នៅ​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ជាមួយ​មេដឹកនាំ​បណ្តា​ប្រទេស​អារ៉ាប់ និង​ប្រទេស​អ៊ីស្លាម។ ជំនួប​កំពូល​នោះ ធ្វើឡើង​ដើម្បី​ពិនិត្យ​អំពី​បញ្ហា​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា។

តែ​បែប​នេះ ពួក​មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​អ្នកកាសែត​ថា ជា​រឿង​សំខាន់​ដែល​លោក ចូ បៃដិន ត្រូវ​ស្តាប់​យោបល់ និង​ការ​យល់​ឃើញ​របស់​ឥណ្ឌូនេស៊ី។ ពួក​មន្ត្រី​ទាំងនោះ​លើកឡើង​ថា លោក​ប្រធានាធិបតី ចូ បៃដិន ក៏​ចង់​ឲ្យ​ឥណ្ឌូនេស៊ី ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ឈាន​ទៅ​ដោះស្រាយ​វិបត្តិ​ដែល​កំពុងតែ​កើតឡើង​នៅ​មជ្ឈិម​បូព៌ា​នេះ​ដែរ។

តែ​នៅ​ក្នុង​ពេល​ជួប​ជាមួយ​លោក វីដូដូ នៅ​សេតវិមាន លោក ចូ បៃដិន ព្យាយាម​ផ្ដោត​ការ​ជជែក​គ្នា​តែ​ទៅ​លើ​ការ​ពង្រឹង​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​រួម​ជាមួយ​ឥណ្ឌូនេស៊ី។

តាម​អ្នក​សង្កេតការណ៍ លោក ចូ បៃដិន បាន​ផ្តល់​អាទិភាព​ដើម្បី​ប្រជែង​ជាមួយ​ឥទ្ធិពល​ចិន ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាង​ទទួល​យក​ការ​ទទូច​របស់​លោក ចូកូ វីដូដូ។

ជាមួយ​គ្នា​នេះ គេ​ដឹង​ថា​លោក ចូ បៃដិន និង​មន្ត្រី​របស់​លោក កំពុង​ព្យាយាម​អូសទាញ​ប្រទេស​ធំៗ​នៅ​អាស៊ី​អាគ្នេយ៍ ដូចជា ឥណ្ឌូនេស៊ី និង​វៀតណាម ឲ្យ​ចូលរួម​ក្នុង​ចំណង​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​រួម​នេះ ដែល​ប្រទេស​ហ្វីលីពីន កំពុង​ក្លាយ​ជា​ដៃគូ​សន្តិសុខ​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក ជប៉ុន ក្នុង​ការ​ទប់ទល់​ឥទ្ធិពល​ចិន។

ចំពោះ​ឥណ្ឌូនេស៊ី ជា​ប្រទេស​ឥស្លាម​ដ៏​ធំ​ជាងគេ​នៅ​លើ​ពិភពលោក ត្រូវ​គេ​មើល​ឃើញ​មាន​ការ​ផ្ទុះ​ការ​តវ៉ា​ដ៏​ធំ​ប្រឆាំង​អ៊ីស្រាអែល។ ប្រទេស​នេះ​គឺជា​ប្រធាន​វេន​នៃ​កិច្ចប្រជុំ​របស់​សមាគម​អាស៊ាន​សម្រាប់​ឆ្នាំ​២០២៣។

ឥណ្ឌូនេស៊ី ដែល​គេ​ថា​មាន​ឥទ្ធិពល​ជាងគេ​ក្នុង​ការ​គាបសង្កត់​ពួក​យោធា​ភូមា ឱ្យ​ផ្ទេរ​អំណាច​ទៅ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ឡើងវិញ ប៉ុន្តែ​នៅតែ​ធ្វើ​អ្វី​មិន​សម្រេច​ទៅ​លើ​របប​សឹក​ភូមា។ ប្រទេស​នេះ​នឹង​ផ្ទេរ​តំណែង​ប្រធាន​អាស៊ាន​ទៅ​ឱ្យ​ប្រទេស​ឡាវ សម្រាប់​ឆ្នាំ​២០២៤ ដែល​ជា​ប្រទេស​កុម្មុយនីស្ត​មួយ​ទន់ខ្សោយ​ខ្លាំង​ចំពោះ​នយោបាយ​ឯករាជ្យ​របស់​ខ្លួន។ ឡាវ ក៏​ជា​ប្រទេស​មួយ​ក្នុង​សមាគម​អាស៊ាន​ដែល​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ចិន និង​វៀតណាម យ៉ាង​ខ្លាំង។

បណ្ដា​រដ្ឋមន្ត្រី​ការពារ​ជាតិ​តំបន់​អាស៊ី​អាគ្នេយ៍ នឹង​ត្រូវ​ជួប​គ្នា​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​សប្ដាហ៍​នេះ។

កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ប្រចាំ​ឆ្នាំ​ដែល​បាន​ចាប់ផ្ដើម​នៅ​ថ្ងៃ​ពុធ​នេះ ធ្វើឡើង​ក្នុង​បរិបទ​នៃ​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា និង​នៅ​អ៊ុយក្រែន ព្រមទាំង​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង ជា​ទី​ដែល​ឆ្មាំ​សមុទ្រ​ចិន និង​ហ្វីលីពីន កំពុង​ប្រឈមមុខ​ដាក់​គ្នា។ ឥណ្ឌូនេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២៣ នេះ ជា​អ្នក​រៀបចំ​គ្រប់​វេទិកា​អាស៊ាន។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​លេខាធិការដ្ឋាន​អាស៊ាន នៅ​ក្នុង​ចំណោម​អ្នក​ចូលរួម ក៏​មាន​ផង​ដែរ​វត្តមាន​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក Lloyd Austin ដែល​នឹង​ត្រូវ​ជួប​សមភាគី​មកពី​បណ្ដា​ប្រទេស​អាស៊ាន​ក្នុង​កិច្ចប្រជុំ​នេះ។ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នេះ មាន​ការ​ចូលរួម​ពី​សមភាគី​រុស្ស៊ី សមភាគី​ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា នូវែលហ្សេឡង់ និង​អូស្ត្រាលី។

លោក Aaron Connelly អ្នកវិភាគ​ម្នាក់​មកពី​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ​នៅ​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា ប្រធានបទ​សំខាន់ៗ​ដែល​អាច​នឹង​ត្រូវ​លើក​យក​ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ក្នុង​នោះ​រួម​មាន​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា-ប៉ាឡេស្ទីន សង្គ្រាម​អ៊ុយក្រែន និង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង។

ចំពោះ​សង្គ្រាម​អ៊ីស្រាអែល​វាយ​សងសឹក​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា ដែល​ជិត ៤០​ថ្ងៃ​មក​ហើយ​នេះ មនុស្ស​ស្លាប់​កើន​ឡើង ១​ម៉ឺន ២​ពាន់​នាក់ និង​អ្នក​រង​របួស​ជិត ៣​ម៉ឺន​នាក់ ហើយ​ជនភៀសខ្លួន​រត់​ចេញពី​តំបន់​ហ្កាហ្សា និង​តំបន់ West Bank កើន​ឡើង​ជិត ២​លាន​នាក់។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេនយ៉ាមីន ណេតែនយ៉ាហូ និង​គណៈរដ្ឋមន្ត្រី​របស់​លោក បាន​ប្រកាស​ច្រាន​ចោល​រាល់​សំណើ​ទាំងអស់​ដែល​ឱ្យ​អ៊ីស្រាអែល បញ្ឈប់​សង្គ្រាម​លើ​ពួក​ហាម៉ាស។ អ៊ីស្រាអែល ចាត់ទុក​ពួក​ហាម៉ាស ដែល​លួច​វាយប្រហារ​លើ​អ៊ីស្រាអែល កាលពី​ថ្ងៃទី​៧ ខែ​តុលា គឺជា​ការ​វាយប្រហារ​បែប​ភេរវកម្ម គឺ​ត្រូវតែ​បោស​សម្អាត​ពី​ដែនដី​ហ្កាហ្សា៕