30 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ប្រកាស​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​តាម​ព្រលាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ប្រកាស​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន ដែល​លោក​ចាត់ទុក​ជា​មិត្ត និង​បងប្អូន​ល្អ​របស់​កម្ពុជា ឱ្យ​នាំគ្នា​មក​ទស្សនា​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន ជាពិសេស​មក​កាន់​ខេត្ត​សៀមរាប ទឹកដី​អង្គរ ដោយ​ធ្វើ​ដំណើរ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​នេះ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សម្ពោធ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា នៅ​ក្នុង​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទី​៣ ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង និង​រូបលោក​បាន​ប្រកាស​រួម​គ្នា​យក​ឆ្នាំ​២០២៤ ជា​ឆ្នាំ​នៃ​ការ​ផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន ដូច្នេះ​ក្នុង​ន័យ​នេះ លោក​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ភ្ញៀវ​ទេសចរ​ចិន ក្នុង​ការ​មក​ទស្សនា​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ធ្វើការ​ជាមួយ​មិត្ត​ចិន ក្នុង​ការ​ចូលរួម​ធ្វើ​ឱ្យ​កម្លាំង​ចលករ​មួយ​នេះ​បំពេញ​តួនាទី​កាន់តែ​មាន​ប្រសិទ្ធភាព ដោយ​រំពឹង​ថា ក្របខ័ណ្ឌ​ត្បូង​ពេជ្រ​រវាង​កម្ពុជា-ចិន នឹង​រួម​គ្នា​សម្រេច​បាន​នូវ​សមិទ្ធផល​ផ្លែផ្កា​ថ្មីៗ​បន្ថែម​ទៀត ជាពិសេស​លើ​វិស័យ​អាទិភាព​ដែល​នឹង​នាំ​មក​នូវ​ផល​ប្រយោជន៍​រួម​សម្រាប់​ប្រជាជាតិ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា វត្តមាន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​នេះ គឺជា​សមិទ្ធផល​ដ៏​មហាសាល​មួយ​ទៀត​លើ​ទឹកដី​ខេត្ត​សៀមរាប ដែល​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​មាន​សក្ដានុពល​របស់​កម្ពុជា​ខាង​ផ្នែក​ទេសចរណ៍ ក្នុង​ការ​តភ្ជាប់​ផ្លូវអាកាស​ដ៏​សំខាន់​រវាង​ខេត្ត​សៀមរាប ជាមួយ​តំបន់​មាន​សក្ដានុពល​ទេសចរណ៍​ដទៃ​ទៀត​ផង​ដែរ។

កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២៣ ក្រោយ​ខ្សែភាពយន្ត​ចិន​រឿង No More Bet ស្ដីពី​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា បាន​ចាក់​បញ្ចាំង សារព័ត៌មាន​បរទេស NIKEI ASIA បាន​ចុះផ្សាយ​ថា បន្ទាប់ពី​ចេញ​ផ្សាយ​ខ្សែភាពយន្ត​នេះ ការ​ស្ទង់មតិ​មួយ​ដែល​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ចិន ឈ្មោះ Sina Weibo បាន​សួរ​អ្នក​ដែល​បាន​ទស្សនា​ខ្សែភាពយន្ត​នេះ ថា​តើ​ពួកគេ​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា និង​ប្រទេស​ភូមា ដែរ​ឬ​ទេ? ក្នុង​នោះ មាន​តែ​មនុស្ស​ជាង ៣​ពាន់​នាក់​ប៉ុណ្ណោះ (៣៧៧៨​នាក់) ដែល​បាន​និយាយ​ថា ពួកគេ​ហ៊ាន​ទៅ ប៉ុន្តែ​មនុស្ស​ប្រមាណ​ជិត ២​សែន​នាក់​ផ្សេង​ទៀត (១៨១០០០​នាក់) បាន​ឆ្លើយ​ថា ពួកគេ​មិន​ហ៊ាន​ទៅ​ទេ ក្រោម​ហេតុផល​ថា វា​ជា​រឿង​គ្រោះថ្នាក់​បំផុត។

កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២៣ ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ចិន ឈ្មោះ No More Bets ដែល​មាន​ន័យ​ថា សូម​បញ្ឈប់​ការ​ភ្នាល់ បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មាន​ការ​ភ័យខ្លាច និង​មិន​ហ៊ាន​ទៅ​លេង​ប្រទេស​កម្ពុជា ព្រោះតែ​ខ្សែភាពយន្ត​មួយ​នេះ​បាន​បញ្ជាក់​ជា​ភាសា​អង់គ្លេស​ថា Base On Real Case ដែល​មាន​ន័យ​ថា ផ្អែក​តាម​រឿង​ពិត ១​សែន​ករណី​នៃ​អំពើ​ជួញដូរ​មនុស្ស ខណៈ​រដ្ឋាភិបាល​ចិន​ក៏​បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាជន​ចិន មាន​ការ​យល់ដឹង​ជា​សាធារណៈ​អំពី​ការ​ឆបោក​ដែល​បាន​រៀបរាប់​ក្នុង​ខ្សែភាពយន្ត​រឿង No More Bets នេះ​ផង​ដែរ។

ខ្សែភាពយន្ត​នេះ បាន​តម្រូវ​ឱ្យ​តួអង្គ​ក្នុង​រឿង​ពាក់​អាវ​ដែល​មាន​អក្សរ​ខ្មែរ និង​រថយន្ត​ក្នុង​សាច់រឿង​នេះ​ក៏​មាន​បិទ​អក្សរ​ខ្មែរ​ផង​ដែរ ដែល​ទំនង​ជា​មាន​បំណង​លាតត្រដាង​អំពើ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​សាច់រឿង​នេះ​ក៏​បាន​បង្ហាញ​ពី​ការ​ធ្វើ​ទារុណកម្ម​របស់​ក្រុម​ឧក្រិដ្ឋជន​ទៅ​លើ​ជនរងគ្រោះ​យ៉ាង​ព្រៃផ្សៃ​ដែរ ដូចជា៖

  • ការ​លក់​មនុស្ស​ឱ្យ​បម្រើ​សេវាកម្ម​ផ្លូវភេទ
  • ការ​ចាក់​បញ្ចូល​ថ្នាំញៀន​ឱ្យ​ទទួល​ភ្ញៀវ
  • ការ​បាញ់​សម្លាប់​ជនរងគ្រោះ​ដែល​មាន​បំណង​លួច​រត់
  • ការ​ដក​ក្រចក
  • ការ​យក​ស្គុត​រុំ​ច្រមុះ​ឱ្យ​ថប់​ដង្ហើម
  • កាត់​ស្លឹកត្រចៀក
  • ច្រាន​ជនរងគ្រោះ​ទម្លាក់​ពី​លើ​អគារ
  • និង​ការ​វះ​យក​គ្រឿងក្នុង​ជនរងគ្រោះ​ទៅ​លក់​ក្នុង​ទីផ្សារ​ងងឹត ជាដើម ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ភ័យខ្លាច និង​ព្រឺព្រួច​ជា​ខ្លាំង។

ទាក់ទិន​នឹង​បញ្ហា​នេះ ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ The Kanitha Show បាន​រៀបរាប់​ក្នុង​វីដេអូ​ស្រាវជ្រាវ​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៥ វិច្ឆិកា នេះ​ថា ខ្សែភាពយន្ត No More Bets បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​នោះ​ក៏​មាន​ការ​ស្ទង់មតិ​លើ​ប្រជាជន​ចិន​ផង​ដែរ ដែល​ប្រមាណ​ជា ៩០% នៃ​ប្រជាជន​ចិន បាន​បដិសេធ​ទៅ​លេង​ប្រទេស​កម្ពុជា។

ជាង​នេះ​ទៀត ជនជាតិ​ចិន ដែល​បាន​ទិញ​សំបុត្រ​យន្តហោះ​ទៅ​លេង​ប្រទេស​កម្ពុជា​រួចរាល់​ហើយ ក៏​ត្រូវ​ប៉ូលិស​ចិន​នៅ​ព្រលាន​យន្តហោះ ហាមឃាត់​មិន​ឱ្យ​ទៅ​លេង​កម្ពុជា​ដែរ ដែល​ធ្វើ​ឱ្យ​អ្នក​ទាំងនោះ​លុបចោល​សំបុត្រ​យន្តហោះ​របស់​ខ្លួន​តែម្តង។

ប្រភព​ដដែល​លើកឡើង​ថា រាល់​ភាពយន្ត​ទាំងអស់​របស់​ចិន មិន​អាច​ចាក់​បញ្ចាំង​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ ឬ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ចិន​ជា​មុន​នោះ​ទេ ដូច្នេះ​ការ​បញ្ចេញ​ខ្សែភាពយន្ត​នេះ គឺជា​ហេតុផល​មួយ​ក្នុង​ការ​បំផ្លាញ​វិស័យ​ទេសចរណ៍​កម្ពុជា​តែម្តង ព្រោះ​ថា​ភ្ញៀវ​ទេសចរ​កម្ពុជា​កន្លង​មក​ជាង ៥០% គឺជា​ភ្ញៀវ​ទេសចរ​ដែល​មកពី​ប្រទេស​ចិន ដែល​កម្ពុជា​អាច​រក​ចំណូល​បាន​ប្រមាណ​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង ១​ឆ្នាំ។

ដូច្នេះ ចាប់​ពេលនេះ​ទៅ ប្រសិនបើ​ភ្ញៀវ​ទេសចរ​ចិន ប្រមាណ​ជា ៥០% មិន​ហ៊ាន​ទៅ​លេង​កម្ពុជា​ដោយសារតែ​ខ្សែភាពយន្ត​មួយ​នេះ នោះ​គឺ​មាន​មាន​ន័យ​ថា កម្ពុជា​ក៏​បាត់បង់​ចំណូល​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ​អាមេរិក​ដែរ​ក្នុង ១​ឆ្នាំ។

ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ The Kanitha Show បញ្ជាក់​ថា ការ​ដែល​ចិន​ធ្វើ​ដាក់​កម្ពុជា​បែប​នេះ អាច​នឹង​មាន​បំណង​បំផ្លាញ​សេដ្ឋកិច្ច​របស់​កម្ពុជា​ឱ្យ​កាន់តែ​ខ្លាំង ក្នុង​ចេតនា​ឱ្យ​កម្ពុជា​ពឹង​ចិន​គ្មាន​ដែន​កំណត់ ជា​ថ្នូរ​ទៅ​នឹង​ការ​សម្បទាន​ធនធាន​របស់​កម្ពុជា​ទៅ​ឱ្យ​ខ្លួន​បន្ថែម​ទៀត ដែល​នឹង​ធ្វើ​ឱ្យ​ចិន​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​កម្ពុជា​កាន់តែ​ច្រើន​ទៅ​ថ្ងៃ​មុខ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស