នាយករដ្ឋមន្ត្រីតពូជថ្មីលោក ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ភ្ញៀវទេសចរចិន ដែលលោកចាត់ទុកជាមិត្ត និងបងប្អូនល្អរបស់កម្ពុជា ឱ្យនាំគ្នាមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន ជាពិសេសមកកាន់ខេត្តសៀមរាប ទឹកដីអង្គរ ដោយធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា នៅក្នុងវេទិកាខ្សែក្រវាត់និងផ្លូវលើកទី៣ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងរូបលោកបានប្រកាសរួមគ្នាយកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ដូច្នេះក្នុងន័យនេះ លោកសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរចិន ក្នុងការមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន។
លោក ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយមិត្តចិន ក្នុងការចូលរួមធ្វើឱ្យកម្លាំងចលករមួយនេះបំពេញតួនាទីកាន់តែមានប្រសិទ្ធភាព ដោយរំពឹងថា ក្របខ័ណ្ឌត្បូងពេជ្ររវាងកម្ពុជា-ចិន នឹងរួមគ្នាសម្រេចបាននូវសមិទ្ធផលផ្លែផ្កាថ្មីៗបន្ថែមទៀត ជាពិសេសលើវិស័យអាទិភាពដែលនឹងនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រជាជាតិ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា វត្តមានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ គឺជាសមិទ្ធផលដ៏មហាសាលមួយទៀតលើទឹកដីខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់កម្ពុជាខាងផ្នែកទេសចរណ៍ ក្នុងការតភ្ជាប់ផ្លូវអាកាសដ៏សំខាន់រវាងខេត្តសៀមរាប ជាមួយតំបន់មានសក្ដានុពលទេសចរណ៍ដទៃទៀតផងដែរ។
កាលពីអំឡុងខែសីហា ឆ្នាំ២០២៣ ក្រោយខ្សែភាពយន្តចិនរឿង No More Bet ស្ដីពីការប្រព្រឹត្តឧក្រិដ្ឋកម្មនៅកម្ពុជា បានចាក់បញ្ចាំង សារព័ត៌មានបរទេស NIKEI ASIA បានចុះផ្សាយថា បន្ទាប់ពីចេញផ្សាយខ្សែភាពយន្តនេះ ការស្ទង់មតិមួយដែលធ្វើឡើងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន ឈ្មោះ Sina Weibo បានសួរអ្នកដែលបានទស្សនាខ្សែភាពយន្តនេះ ថាតើពួកគេហ៊ានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា និងប្រទេសភូមា ដែរឬទេ? ក្នុងនោះ មានតែមនុស្សជាង ៣ពាន់នាក់ប៉ុណ្ណោះ (៣៧៧៨នាក់) ដែលបាននិយាយថា ពួកគេហ៊ានទៅ ប៉ុន្តែមនុស្សប្រមាណជិត ២សែននាក់ផ្សេងទៀត (១៨១០០០នាក់) បានឆ្លើយថា ពួកគេមិនហ៊ានទៅទេ ក្រោមហេតុផលថា វាជារឿងគ្រោះថ្នាក់បំផុត។
កាលពីដើមខែសីហា ឆ្នាំ២០២៣ ខ្សែភាពយន្តខ្នាតធំរបស់ចិន ឈ្មោះ No More Bets ដែលមានន័យថា សូមបញ្ឈប់ការភ្នាល់ បានធ្វើឱ្យអ្នកទស្សនាមានការភ័យខ្លាច និងមិនហ៊ានទៅលេងប្រទេសកម្ពុជា ព្រោះតែខ្សែភាពយន្តមួយនេះបានបញ្ជាក់ជាភាសាអង់គ្លេសថា Base On Real Case ដែលមានន័យថា ផ្អែកតាមរឿងពិត ១សែនករណីនៃអំពើជួញដូរមនុស្ស ខណៈរដ្ឋាភិបាលចិនក៏បានធ្វើយុទ្ធនាការផ្សព្វផ្សាយឱ្យប្រជាជនចិន មានការយល់ដឹងជាសាធារណៈអំពីការឆបោកដែលបានរៀបរាប់ក្នុងខ្សែភាពយន្តរឿង No More Bets នេះផងដែរ។
ខ្សែភាពយន្តនេះ បានតម្រូវឱ្យតួអង្គក្នុងរឿងពាក់អាវដែលមានអក្សរខ្មែរ និងរថយន្តក្នុងសាច់រឿងនេះក៏មានបិទអក្សរខ្មែរផងដែរ ដែលទំនងជាមានបំណងលាតត្រដាងអំពើជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា ហើយសាច់រឿងនេះក៏បានបង្ហាញពីការធ្វើទារុណកម្មរបស់ក្រុមឧក្រិដ្ឋជនទៅលើជនរងគ្រោះយ៉ាងព្រៃផ្សៃដែរ ដូចជា៖
- ការលក់មនុស្សឱ្យបម្រើសេវាកម្មផ្លូវភេទ
- ការចាក់បញ្ចូលថ្នាំញៀនឱ្យទទួលភ្ញៀវ
- ការបាញ់សម្លាប់ជនរងគ្រោះដែលមានបំណងលួចរត់
- ការដកក្រចក
- ការយកស្គុតរុំច្រមុះឱ្យថប់ដង្ហើម
- កាត់ស្លឹកត្រចៀក
- ច្រានជនរងគ្រោះទម្លាក់ពីលើអគារ
- និងការវះយកគ្រឿងក្នុងជនរងគ្រោះទៅលក់ក្នុងទីផ្សារងងឹត ជាដើម ដែលធ្វើឱ្យអ្នកទស្សនាភ័យខ្លាច និងព្រឺព្រួចជាខ្លាំង។
ទាក់ទិននឹងបញ្ហានេះ ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ The Kanitha Show បានរៀបរាប់ក្នុងវីដេអូស្រាវជ្រាវរបស់ខ្លួនកាលពីថ្ងៃទី១៥ វិច្ឆិកា នេះថា ខ្សែភាពយន្ត No More Bets បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍របស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ក្នុងនោះក៏មានការស្ទង់មតិលើប្រជាជនចិនផងដែរ ដែលប្រមាណជា ៩០% នៃប្រជាជនចិន បានបដិសេធទៅលេងប្រទេសកម្ពុជា។
ជាងនេះទៀត ជនជាតិចិន ដែលបានទិញសំបុត្រយន្តហោះទៅលេងប្រទេសកម្ពុជារួចរាល់ហើយ ក៏ត្រូវប៉ូលិសចិននៅព្រលានយន្តហោះ ហាមឃាត់មិនឱ្យទៅលេងកម្ពុជាដែរ ដែលធ្វើឱ្យអ្នកទាំងនោះលុបចោលសំបុត្រយន្តហោះរបស់ខ្លួនតែម្តង។
ប្រភពដដែលលើកឡើងថា រាល់ភាពយន្តទាំងអស់របស់ចិន មិនអាចចាក់បញ្ចាំងដោយគ្មានការត្រួតពិនិត្យ ឬអនុញ្ញាតពីរដ្ឋាភិបាលចិនជាមុននោះទេ ដូច្នេះការបញ្ចេញខ្សែភាពយន្តនេះ គឺជាហេតុផលមួយក្នុងការបំផ្លាញវិស័យទេសចរណ៍កម្ពុជាតែម្តង ព្រោះថាភ្ញៀវទេសចរកម្ពុជាកន្លងមកជាង ៥០% គឺជាភ្ញៀវទេសចរដែលមកពីប្រទេសចិន ដែលកម្ពុជាអាចរកចំណូលបានប្រមាណជិត ៣ពាន់លានដុល្លារអាមេរិកក្នុង ១ឆ្នាំ។
ដូច្នេះ ចាប់ពេលនេះទៅ ប្រសិនបើភ្ញៀវទេសចរចិន ប្រមាណជា ៥០% មិនហ៊ានទៅលេងកម្ពុជាដោយសារតែខ្សែភាពយន្តមួយនេះ នោះគឺមានមានន័យថា កម្ពុជាក៏បាត់បង់ចំណូលប្រមាណជិត ២ពាន់លានដុល្លារអាមេរិកដែរក្នុង ១ឆ្នាំ។
ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ The Kanitha Show បញ្ជាក់ថា ការដែលចិនធ្វើដាក់កម្ពុជាបែបនេះ អាចនឹងមានបំណងបំផ្លាញសេដ្ឋកិច្ចរបស់កម្ពុជាឱ្យកាន់តែខ្លាំង ក្នុងចេតនាឱ្យកម្ពុជាពឹងចិនគ្មានដែនកំណត់ ជាថ្នូរទៅនឹងការសម្បទានធនធានរបស់កម្ពុជាទៅឱ្យខ្លួនបន្ថែមទៀត ដែលនឹងធ្វើឱ្យចិនអាចទទួលបានផលប្រយោជន៍ពីកម្ពុជាកាន់តែច្រើនទៅថ្ងៃមុខ៕
© 2023, . All rights reserved.