អត្ថបទដោយ៖ ហាស់ សាន
ថ្មីៗនេះ ប្រទេសកម្ពុជាបានសម្ពោធព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ដែលត្រូវបានគេមើលឃើញថាជាបង្អួចដ៏មានសារសំខាន់ចូលទៅកាន់គម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន ដែលកំពុងតែមានការវិវឌ្ឍ ហើយក៏ជាអ្វីដែលអាចពាំនាំបន្ថែមទៀតសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។
កាលពីមួយខែមុននៅក្នុងវេទិកាផ្លូវខ្សែក្រវាត់ មានការបញ្ចេញនូវបទអត្ថាធិប្បាយមួយអំពីគម្រោងទុនវិនិយោគចិន ដែលទាក់ទិននឹងការពិនិត្យឡើងវិញនូវគម្រោងណាដែលជោគជ័យ គម្រោងណាបរាជ័យ និងគម្រោងសម្រាប់ពេលអនាគត ដែលអាចផ្ដល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ច និងនយោបាយក្នុងរយៈពេល ១០ឆ្នាំកន្លងមក ហើយអ្វីខ្លះដែលលោកខាងលិចមិនអាចទទួលយកបាន។
ចិន និងសម្ព័ន្ធមិត្តរបស់ខ្លួន បានអះអាងថា គំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវាត់មួយ បានផ្ដល់ឲ្យនូវអត្ថប្រយោជន៍ដល់ប្រទេសកំពុងអភិវឌ្ឍន៍។
ទោះជាយ៉ាងនេះក្ដី អ្នករិះគន់កម្មវិធីនេះបានលើកឡើងថា គំនិតផ្ដួចផ្ដើមនេះនាំមកនូវបន្ទុកបំណុលដល់ប្រទេសដែលពាក់ព័ន្ធ ហើយវាជះឥទ្ធិពលអាក្រក់ដល់អភិបាលកិច្ចបរិស្ថាន និងសូចនាករសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ពិភពលោកទៅវិញទេ។
ការស្ថាបនាអាកាសយានដ្ឋានថ្មីនៅប្រទេសកម្ពុជា ដែលមានតម្លៃ ១ពាន់លានដុល្លារ ត្រូវបានស្ថាបនាដោយក្រុមហ៊ុនរដ្ឋចិន មកពីខេត្តយូណាន ហើយក៏មានការផ្ដល់ទុនវិនិយោគដោយស្ថាប័នហិរញ្ញវត្ថុចិនជាច្រើនទៀត។ ក្រុមហ៊ុនអភិវឌ្ឍន៍ចិន នេះ នឹងធ្វើប្រតិបត្តិការលើវាលយន្តហោះនេះនៅក្រោមកិច្ចសន្យារយៈពេល ៥៥ឆ្នាំ ទើបផ្ទេរឱ្យរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងប្រាក់ចំណូល និងប្រតិបត្តិការថែរក្សាវាលយន្តហោះថ្មីនេះ ប៉ុន្តែសម្ភារៈសំណង់នៅទីនោះ គេមើលឃើញមានតែឡាបូ និងចានបង្គន់តែប៉ុណ្ណោះ ដែលជាគ្រឿងសំណង់ជាផលិតផលសំណង់ពីសហរដ្ឋអាមេរិក។
វាលយន្តហោះថ្មីនេះមានចម្ងាយជាង ៤០គីឡូម៉ែត្រពីក្រុងសៀមរាប គឺឆ្ងាយណាស់ពីវាលយន្តហោះចាស់ដែលជិតនឹងតំបន់អង្គរ។ គេថាការដូរទីតាំងនេះ គឺដើម្បីអភិរក្សតំបន់អង្គរ និងផ្ដល់សុវត្ថិភាពក្នុងការចុះចត។ វាលយន្តហោះថ្មីនេះ ត្រូវគេរំពឹងថា នឹងទាញបានភ្ញៀវទេសចរ ៧លាននាក់ក្នុងមួយឆ្នាំ គឺកើនឡើង ២លាននាក់ បើប្រៀបធៀបនឹងឆ្នាំមុនជាមួយនឹងយន្តហោះចុះចតនៅវាលយន្តហោះចាស់។
គេថាសមត្ថភាពក្នុងការទទួលភ្ញៀវទេសចរ គឺជាមុខមាត់ និងជាការបង្កើនសេដ្ឋកិច្ចដល់ប្រទេសកម្ពុជា ដែលពឹងផ្អែកលើវិស័យទេសចរណ៍មកពីប្រទេសចិន និងប្រទេសផ្សេងៗ ខណៈបច្ចុប្បន្ន ការធ្វើដំណើរទៅកាន់អង្គរមានការឡើងចុះដូចការបើកភ្លើងបិទភ្លើង។
ទោះជាយ៉ាងណាក៏ដោយ អាកាសយានដ្ឋានថ្មីនេះជាសញ្ញាណជំរុញឱ្យមើលឃើញថា គំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវាត់មួយនៃគម្រោងអភិវឌ្ឍន៍របស់ចិន បានសម្ពោធឡើងដោយមានការតភ្ជាប់រថយន្តក្រុង និងរថភ្លើងទៅកាន់ខេត្តសៀមរាប ប៉ុន្តែទន្ទឹមនឹងនេះ មានការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធឆ្ពោះទៅកាន់អង្គរ។ គេមើលឃើញថា តំបន់ជុំវិញក្រុងសៀមរាបអង្គរ គឺមិនទាន់មានការអភិវឌ្ឍនៅឡើយទេ។
កសិករខ្លះត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅពេលការស្ថាបនាអាកាសយានដ្ឋានថ្មីនេះចាប់ផ្ដើម។ ពួកគេបានប្ដឹងទាមទារសំណង ហើយសំណងដែលពួកគេបានទទួល គឺមិនគ្រប់គ្រាន់ទេ ទន្ទឹមនឹងពេលដែលម្ចាស់ដីនៅតាមបណ្តោយផ្លូវអាកាសយានដ្ឋាន កំពុងរៀបចំអចលនទ្រព្យរបស់ពួកគេសម្រាប់លក់ដល់អ្នកអភិវឌ្ឍន៍ដែលមានសក្ដានុពលដទៃទៀត។
អាកាសយានដ្ឋានថ្មីត្រូវបានដំណើរការដោយក្រុមហ៊ុនចិន តែក្រុមហ៊ុនមួយដែលមកពីប្រទេសបារាំងឈ្មោះ Vinci ត្រូវចប់កុងត្រានៅឆ្នាំ២០៤០។ នេះបើនិយាយពីវាលយន្តហោះចាស់នៅក្រុងសៀមរាប។ ក្រុមហ៊ុននេះទាមទារប្រាក់សំណងពីរាជរដ្ឋាភិបាលកម្ពុជាក្នុងទំហំសាច់ប្រាក់ ៦៣លានដុល្លារ។ ក្រុមហ៊ុនមកពីប្រទេសបារាំង នេះ ក៏ធ្លាប់កាន់កាប់ភាគហ៊ុនរបស់ខ្លួនលើប្រតិបត្តិការមុខជំនួញនៅអាកាសយានដ្ឋានចាស់នៅភ្នំពេញដែរ។
គេមើលឃើញថា វាលយន្តហោះថ្មីនេះមានភាពស្រដៀងគ្នានឹងវាលយន្តហោះថ្មីដ៏ចម្រូងចម្រាសដែលនៅជិតនឹងរាជធានីភ្នំពេញដែរ ប៉ុន្តែគម្រោងផ្លូវមួយខ្សែក្រវាត់មួយនៃបណ្ដាប្រទេសដទៃ មិនបានជោគជ័យទេ ហើយសម្រាប់ប្រទេសកម្ពុជា ត្រូវគេមើលឃើញថានឹងដូចប្រទេសទាំងនោះដែលមិនអាចសងបំណុលចិនទាន់ពេលវេលានោះទេ ទោះជាប្រទេសកម្ពុជាមានវាលយន្តហោះថ្មីនៅខេត្តសៀមរាប ជាតំបន់ទេសចរណ៍ក៏ដោយ។
ក្នុងពេលជាមួយគ្នានេះ សញ្ញាណគម្រោងផ្លូវមួយខ្សែក្រវាត់មួយ កំពុងធ្វើឲ្យកម្ពុជាធ្លាក់ក្នុងដៃរបស់ចិនយ៉ាងងាយ។ អ្នកគូសវាសគោលនយោបាយប្រទេសកម្ពុជា មានការពឹងផ្អែកខ្លាំងទៅលើប្រទេសចិន ព្រោះតែចិនមានសារសំខាន់នៃភាពជាដៃគូពាណិជ្ជកម្មនឹងរាជាណាចក្រនេះ និងកិច្ចសន្យាជួយខ្ចីបុល ប៉ុន្តែមេដឹកនាំខ្មែរត្រូវគេមើលឃើញថាពឹងលើចិនជាខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសមួយទាញឱ្យមានការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយ ហើយអ្វីក៏ចិនធ្វើបានដែរ ដើម្បីតែជាផលប្រយោជន៍ចិន។
ទន្ទឹមនឹងការមើលឃើញពីអត្ថប្រយោជន៍សេដ្ឋកិច្ចដល់ប្រទេសកម្ពុជាជ្រុលពេកនេះ គឺកិច្ចសហការជាមួយនឹងចិន ស្ថិតក្រោមសម្ពាធរបស់លោកខាងលិច សង្កត់ក្រុងភ្នំពេញអំពីដំណើរការលទ្ធិប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្ស ដែលចំណុចទាំងពីរកំពុងធ្លាក់ចុះជាខ្លាំង។
គម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន ត្រូវគេមើលឃើញថា ចូលមកដល់កម្ពុជានៅមុនឆ្នាំ២០១៣ ជាឆ្នាំប្រជែងនយោបាយខ្លាំងពីខាងបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានរំលាយ។
ទោះបីក្នុងគម្រោងធ្វើឲ្យមានបរិស្ថានបៃតង តែសៀមរាបអង្គរហាក់បីដូចជាមិនមានបរិស្ថានបៃតងផ្ដោតជាសំខាន់អ្វីនោះទេ។ វាដូចជាកាត់បន្ថយបរិស្ថានទៅវិញទេ។
ទោះវាលយន្តហោះថ្មីនេះក្លាយទៅជាយ៉ាងណានោះ វានឹងបង្ហាញថា ចិនអាចផ្ដល់ឲ្យតាមអ្វីដែលប្រទេសកំពុងអភិវឌ្ឍន៍មួយចង់បាន ហើយវាលើសពីអន្ទាក់បំណុលទៅទៀតដែលវាអាចរុញកម្ពុជាធ្លាក់ក្នុងបំណុលចិនវ័ណ្ឌក។ ប្រទេសកម្ពុជានៅតែត្រូវបានគេមើលឃើញថា បានបង្ហាញចំណាប់អារម្មណ៍លើគម្រោងគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវាត់មួយកាន់តែខ្លាំងឡើង ខណៈអំឡុងពេលនាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ចនៅប៉េកាំង ក៏ស្វែងរកខ្ចីប្រាក់ចិនច្រើនថែមទៀត។
គេមិនចាំបាច់ឆ្ងល់ពេកទេ ដរាបណាដៃគូប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជាកាន់តែទោរទន់ខ្លាំងទៅរកចិន គឺគម្រោងផ្លូវមួយខ្សែក្រវាត់មួយ នឹងនៅតែស្ថិតនៅក្នុងប្រទេសកម្ពុជា ទោះបីជាបំណុលកាន់តែគរខ្ពស់ដូចភ្នំក៏ដោយ៕