លោក ហ៊ុន ម៉ាណែត ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០៣០ នៅ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត រំពឹង​ថា​កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ជាង ៥% នៅ​ឆ្នាំ​២០២៣ និង​ជាង ៦% នៅ​ឆ្នាំ​២០២៤

By ឌឹ ខេមបូឌា ដេលី

November 24, 2023

នាយករដ្ឋមន្ត្រី​ថ្មី​ដែល​កំពុង​ដឹកនាំ​ប្រទេស​តាម​គន្លង​រដ្ឋាភិបាល​ចាស់​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ជាង ៥% នៅ​ឆ្នាំ​២០២៣ និង​ជាង ៦% នៅ​ឆ្នាំ​២០២៤ បន្ទាប់ពី​រដ្ឋាភិបាល​ថ្មី​របស់​លោក​អនុវត្ត​កម្មវិធី​គោលនយោបាយ​អាទិភាព និង​ការ​កែទម្រង់​ដ៏​មុត​ស្រួច​នា​ពេល​កន្លង​មក។

លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០៣០ នៅ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា ផ្តើម​ចេញពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន កម្ពុជា​កសាង​បាន​នូវ​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​រឹងមាំ​សម្រាប់​ការ​អភិវឌ្ឍ តាមរយៈ​នៃ​ការ​បើក​ចំហ​ពាណិជ្ជកម្ម​អន្តរជាតិ​ឈរ​លើ​គោលការណ៍​ពហុភាគី​និយម ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ដើម្បី​ជា​មូលដ្ឋាន​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​រហូត​មក។

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​ក្នុង​វង្ស​ត្រកូល​លោក ហ៊ុន ម៉ាណែត អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា​គឺ​ជា​សេដ្ឋកិច្ច​បើក​ចំហ ដូច្នេះ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន និង​អវិជ្ជមាន​ពី​កត្តា​ខាងក្រៅ នឹង​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់ និង​ប្រយោល​មក​លើ​សក្ដានុពល​កំណើន​កម្ពុជា​រយៈពេល​មធ្យម និង​វែង ដូច្នេះ​កម្ពុជា​ចាំបាច់​ត្រូវ​ប្រកាន់​ស្មារតី​កំណែ​ទម្រង់​ជា​ប្រចាំ ដោយ​ព្យាយាម​កសាង​ឱ្យ​បាន​នូវ​ភាព​ធន់​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន។

លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​ក្រោម​បញ្ជា​លោក ហ៊ុន សែន ជា​ឪពុក បញ្ជាក់​ថា កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ប្រកប​ដោយ​ចីរភាព​ក្នុង​អត្រា​ជា​មធ្យម​ប្រមាណ ៧% ក្នុង​មួយ​ឆ្នាំ​សម្រាប់​រយៈពេល​ជាង ២​ទសវត្សរ៍​កន្លង​មក ដែល​នាំ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ក្នុង​ឆ្នាំ​២០១៥ និង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ខាង​មុខ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី បាន​លើកឡើង​កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ នេះ កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ ព្រោះ​ថា​ឆ្នាំ​២០២៣ នេះ រដ្ឋាភិបាល​កម្ពុជា​នៅ​ខ្វះ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​បង្គ្រប់​ផែនការ​ចំណាយ​របស់​ខ្លួន ដូច្នេះ​ហើយ​បាន​ជា​នៅ​ចុង​ឆ្នាំ​២០២៣ នេះ រដ្ឋាភិបាល​ដាក់​ផែនការ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ​ពី​ប្រជាពលរដ្ឋ​បន្ទាប់ពី​ឡើង​កាន់​តំណែង​របស់​ខ្លួន។

បណ្ឌិត មាស នី អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ផែនការ​ចំណាយ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០២៣ ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ក្នុង​រយៈពេល ៦​ខែ​ដំបូង​នៅ​ដើម​ឆ្នាំ​២០២៣ នេះ រដ្ឋាភិបាល​អាច​ប្រមូល​ពន្ធ​បាន​ត្រឹមតែ​ជាង ២​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ក្នុង​នោះ​បើ​គិត​រហូត​ដល់​ចុង​ឆ្នាំ​២០២៣ រដ្ឋាភិបាល​ទំនង​ជា​អាច​ប្រមូល​ពន្ធ​បាន​ត្រឹមតែ​ប្រមាណ​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ គឺ​មាន​ន័យ​ថា រដ្ឋាភិបាល​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​លោក គង់ វិបុល បាន​លើកឡើង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៣ ថា ទោះបី​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​លំបាក​ថមថយ​ក៏ដោយ ប៉ុន្តែ​ចំណូល​ពន្ធដារ​ត្រូវតែ​ប្រមូល​ឱ្យ​បាន​ចាប់ពី ៣៥០០​លាន​ដុល្លារ​អាមេរិក​ទៅ ៤១៦០​លាន​ដុល្លារ​អាមេរិក​ទៅ​តាម​ផែនការ​កំណត់។

អ្នក​ជំនាញ​ខាង​កិច្ចការ​រដ្ឋបាល​លោក ឱក សេរីសោភក្តិ៍ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា សន្ទុះ​នៃ​ការ​ប្រកួតប្រជែង​សេដ្ឋកិច្ច​រវាង​រដ្ឋាភិបាល​វៀតណាម និង​រដ្ឋាភិបាល​ថៃ ចាប់ពី​ចុង​ឆ្នាំ​២០២៣ នេះ​តទៅ នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​វិស័យ​ជាច្រើន​របស់​កម្ពុជា​ដោយ​ចៀស​មិន​ផុត​ឡើយ បន្ទាប់ពី​នយោបាយ​ផ្សះផ្សា​បង្រួបបង្រួម​របស់​មេដឹកនាំ​នយោបាយ​ថៃ ក្រោយ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ពួកគេ​បាន​ឡើង​កាន់​តំណែង​កាលពី​ពេល​ថ្មីៗ​នេះ។

របាយការណ៍​ចុងក្រោយ​ស្ដីពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​របស់​កម្ពុជា ចេញ​ផ្សាយ​ដោយ​ធនាគារ​ពិភពលោក នៅ​ថ្ងៃទី​២២ វិច្ឆិកា នេះ បាន​ទម្លាក់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ពី ៥,៥​ភាគរយ​មក​ត្រឹម ៥,៤​ភាគរយ​វិញ។ តាមរយៈ​ការ​ព្យាករ​នេះ ធនាគារ​ពិភពលោក​បាន​លើក​ពី​កត្តា​រួមផ្សំ​រវាង​សម្ពាធ​ពី​ខាងក្រៅ និង​បញ្ហា​ប្រឈម​ផ្នែក​រចនាសម្ព័ន្ធ ដែល​បាន​ដាក់​សម្ពាធ​លើ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ទោះបីជា​មាន​ការ​ងើប​ឡើង​វិញ​ក្នុង​វិស័យ​ទេសចរណ៍ និង​សេវា​ដទៃ​ទៀត។

ធនាគារ​ពិភពលោក បាន​បន្ថែម​ថា ប្រសិនបើ​ការ​កែទម្រង់​រចនាសម្ព័ន្ធ​ដើរ​អម​គ្នា​ជាមួយ​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​កាលានុវត្តភាព​ពាណិជ្ជកម្ម នោះ​វា​នឹង​នាំ​ឱ្យ​កំណើន​បន្ត​បង្កើន​ល្បឿន​នៅ​ក្នុង​រយៈពេល​មធ្យម និង​វែង៕