លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (រូប​ឆ្វេង)

ព័ត៌មានជាតិ

គណៈកម្មាធិការ​អឺរ៉ុប៖ បើ​ចង់​បាន EBA ពេញលេញ​ឡើងវិញ ត្រូវតែ​បើក​លំហ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ឡើងវិញ

By ឌឹ ខេមបូឌា ដេលី

November 25, 2023

គណៈកម្មាធិការ​អឺរ៉ុប ព្រមាន​ថា សហភាព​អឺរ៉ុប​ពិចារណា​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA (Everything But Arms) ពេញលេញ​ដល់​កម្ពុជា​ឡើងវិញ ទាល់តែ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សិទ្ធិ​មូលដ្ឋាន និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ។

គណៈកម្មាធិការ​អឺរ៉ុប បាន​ចេញ​របាយការណ៍​ស្ដីពី​ប្រទេស​ដែល​ទទួល​ផល​អនុគ្រោះ​ពន្ធ EBA (Everything But Arms) ចំនួន​៣ រួម​មាន ប្រទេស​បង់ក្លាដេស ប្រទេស​ភូមា និង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ ដោយ​បញ្ជាក់​ថា គណៈកម្មាធិការ​អឺរ៉ុប មាន​កង្វល់​សំខាន់ៗ​ជាច្រើន​លើ​ការ​ដឹកនាំ​របស់​ប្រទេស​ទាំង​បី​នេះ។

របាយការណ៍​ខាងលើ​លាតត្រដាង​ថា ការ​ដឹកនាំ​ដែល​រឹតត្បិត​លើ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ចំណោម​ប្រទេស​ទាំង​បី​នោះ បញ្ហា​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា​ក៏​ស្ថិត​ក្នុង​ស្ថានភាព​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដែរ ដូចជា សិទ្ធិ​ចូលរួម​នយោបាយ សិទ្ធិ​សេរីភាព​បញ្ចេញមតិ សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម និង​ការ​ជួបជុំ​ដោយ​សន្តិវិធី សិទ្ធិ​ការងារ សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សហជីព ជាដើម ដែល​កំពុងតែ​រង​នូវ​ការ​រឹតត្បិត​យ៉ាង​ខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ។

គណៈកម្មាធិការ​ខាងលើ​អះអាង​ថា ការ​រឹតត្បិត​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​សិទ្ធិ​ចូលរួម​នយោបាយ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដោយ​ការ​កាត់ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​ពី ២០​ឆ្នាំ​ទៅ ២៥​ឆ្នាំ និង​ការ​កាត់ទោស​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ដោយ​ការ​ព្យួរ​សិទ្ធិ​នយោបាយ​របស់​ពួកគេ​ក្នុង​ការ​បោះឆ្នោត និង​ឈរឈ្មោះ​បោះឆ្នោត​ដោយ​គ្មាន​កំណត់ គឺ​ជា​មូលហេតុ​ដ៏​ចម្បង​ក្នុង​ការ​រឹត​បន្តឹង​លើ​សិទ្ធិ​សេរីភាព​ដែល​ធានា​ដោយ​ច្បាប់។

ជាង​នេះ​ទៀត ការ​រារាំង​គណបក្ស​ភ្លើង​ទៀន​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ ការ​រឹតត្បិត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដូចជា​ការ​ដកហូត​អាជ្ញាបណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ការ​បង្ក្រាប​កម្មករ​ដោយ​ហិង្សា ការ​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ​សហជីព និង​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​សង្គម​នា​ពេល​កន្លង​មក គឺជា​ការ​រឹតត្បិត​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត។

គណៈកម្មាធិការ​អឺរ៉ុប បញ្ជាក់​ថា សហភាព​អឺរ៉ុប​នៅតែ​ពង្រឹង​ការ​ចូលរួម​របស់​ប្រទេស​ដែល​ទទួល​ផល​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA (Everything But Arms) បន្ត​ទៀត ដោយ​ផ្ដោត​ទៅ​លើ​បញ្ហា​ធ្ងន់ធ្ងរ​បំផុត​ដែល​ភ្ជាប់​ទៅ​នឹង​ការ​អនុវត្ត​គោលការណ៍​សំខាន់ៗ​ដែល​មាន​ចែង​ក្នុង​របាយការណ៍ និង​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ រួម​ទាំង​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដែល​បាន​បង្ហាញ​ដោយ​សភា​អឺរ៉ុប អង្គការ​អន្តរជាតិ សង្គម​ស៊ីវិល និង​សហជីព ជាដើម។

របាយការណ៍​នេះ​ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​ត្រូវ​បាន​គណៈកម្មាធិការ​អឺរ៉ុប សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ២០% កាលពី​ឆ្នាំ​២០២០ កន្លង​ទៅ ក្រោម​ហេតុផល​នៃ​ការ​មិន​ធានា​បាន​នូវ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ។

កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២០ កន្លង​ទៅ សហភាព​អឺរ៉ុប បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​របស់​កម្ពុជា​ប្រមាណ​ជា ២០​ភាគរយ។ ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ មាន​ន័យ​ថា ទំនិញ​របស់​កម្ពុជា​ប្រមាណ​ជា ៤០​មុខ តម្រូវ​ឱ្យ​បង់​ពន្ធ​ក្នុង​ការ​នាំចូល​ទៅ​កាន់​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ទាំងមូល ខណៈ​ទំនិញ​ទាំងនោះ​ភាគច្រើន​ជា​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​ដែល​មាន​តម្លៃ​ប្រមាណ​ជា ១​ពាន់​លាន​អឺរ៉ូ ដែល​ស្មើ​នឹង​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​សហភាព​អឺរ៉ុប ដែល​តំណាង​ឱ្យ​រដ្ឋ​សមាជិក​ទាំង ២៧​រដ្ឋ ក្នុង​សហគមន៍​អឺរ៉ុប លោក ចូសឹប បូរ៉ែល (Josep Borrell) បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ដេញដោល​របស់​សភា​អឺរ៉ុប កាលពី​ចុង​ឆ្នាំ​២០២២ ថា សហភាព​អឺរ៉ុប​បាន​បើក​ចំហ​ក្នុង​ការ​ចូលរួម​ឡើងវិញ​របស់​កម្ពុជា​លើ​ការ​ពិភាក្សា​អំពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ប្រសិនបើ​មាន​ការ​កែលំអ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​លើ​បញ្ហា​នៃ​លំហ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

បែប​នេះ​ក្តី លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​តំណាង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​សន្តិសុខ នយោបាយ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប លោក ចូសឹប បូរ៉ែល កាលពី​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០២២ ថា កម្ពុជា​មិន​អាច​យក​អធិបតេយ្យភាព​ជាតិ​ទៅ​ដោះដូរ​នឹង​ជំនួយ ឬ​ការ​អនុគ្រោះ​ណា​មួយ​ពី​បរទេស​ឡើយ។

យ៉ាងណា​ក៏ដោយ គណៈកម្មាធិការ​អឺរ៉ុប អះអាង​ថា ខ្លួន​នៅតែ​បើក​ផ្លូវ​ឱ្យ​កម្ពុជា​អាច​ទទួល​បាន​ផល​អនុគ្រោះ​ពន្ធ​នេះ​វិញ ប្រសិនបើ​កម្ពុជា​ធ្វើ​តាម​ការ​ទាមទារ​របស់​ពួកគេ ដែល​តម្រូវ​ឱ្យ​កម្ពុជា​ត្រូវ​ធានា​ឲ្យ​បាន​នូវ​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​បញ្ឈប់​ការ​បិទ​សិទ្ធិ​សេរីភាព​អ្នក​តវ៉ា​បញ្ចេញមតិ ជាដើម។

អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ វិច្ឆិកា ថា របាយការណ៍​របស់​គណៈកម្មាធិការ​អឺរ៉ុប​ខាងលើ បាន​ផ្ដោត​សំខាន់​ទៅ​លើ​បញ្ហា​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដែល​ពាក់ព័ន្ធ​លើ​សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ ការ​ធ្លាក់​ចុះ​លំហ​ប្រជាធិបតេយ្យ ការ​ធ្លាក់​ចុះ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ សិទ្ធិ​សេរីភាព​ផ្នែក​សមាគម សិទ្ធិ​ការងារ និង​សិទ្ធិ​ដីធ្លី ជាដើម។

លោក ឃុន ថារ៉ូ លើកឡើង​ថា របាយការណ៍​នេះ​បាន​តាមដាន​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស និង​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៩ រហូត​ដល់​មុន​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ ដែល​បាន​ផ្តល់​អនុសាសន៍​ដល់​រាជរដ្ឋាភិបាល​នូវ​វិធានការ​ជាក់លាក់​មួយ​ចំនួន និង​សេចក្តី​ថ្លែងការណ៍​បន្ទាន់​ដែល​លើកឡើង​ដោយ​គណៈកម្មាធិការ​អឺរ៉ុប និង​សភា​អឺរ៉ុប​ផង​ដែរ ដូច្នេះ បញ្ហា​នេះ រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​មាន​កាតព្វកិច្ច​ត្រូវ​ដោះស្រាយ​វិបត្តិ​នានា​ដែល​សហភាព​អឺរ៉ុប បាន​កំណត់​ដោយ​ម៉ត់ចត់ ដើម្បី​ធានា​ថា កម្ពុជា​នៅតែ​អាច​ទទួល​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដោយ​ពេញលេញ​ឡើងវិញ​នៅ​ថ្ងៃ​ណា​មួយ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា សព្វថ្ងៃ​នេះ កម្ពុជា​គឺជា​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​ការ​នាំចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដល់​ទៅ​ប្រមាណ​ជិត ៦០​ភាគរយ​ឯណោះ (៥៧​ភាគរយ) នៃ​កម្លាំង​នាំចេញ​សរុប​របស់​ខ្លួន ហើយ​ការ​នាំចេញ​នេះ ក៏​ជា​ផ្នែក​មួយ​ដ៏​ធំ​ដែល​ជួយ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ដែរ ដូច្នេះ ដើម្បី​ទទួល​បាន​នូវ​ការ​អនុគ្រោះ​ពន្ធ​នេះ​ឱ្យ​បាន​ពេញលេញ​ឡើងវិញ កម្ពុជា​ត្រូវតែ​ឆ្លើយតប​ទៅ​នឹង​វិធានការ​ជាក់លាក់​របស់​សហភាព​អឺរ៉ុប ដែល​បាន​កំណត់ គឺ​ការ​ធានា​ឱ្យ​បាន​នូវ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ និង​សិទ្ធ​នយោបាយ ដែល​កំពុង​រង​នូវ​ការ​រឹតត្បិត​សព្វថ្ងៃ​នេះ៕