28.4 C
Phnom Penh

ព្រះមហាក្សត្រ​លើកលែង​និង​បន្ថយ​ទោស​ទណ្ឌិត​ជាង​៥០០​នាក់​ក្នុង​ពិធី​បុណ្យ​ជាតិ ប៉ុន្តែ​គ្មាន​ឈ្មោះ​អ្នក​នយោបាយ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ប្រទាន​ការ​លើកលែង​ទោស និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ចំនួន ៥៣៨​នាក់ នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០២៣ ប៉ុន្តែ​ពុំ​មាន​ឈ្មោះ​អ្នក​នយោបាយ​ទេ។ នេះ​បើ​យោង​តាម​ប្រភព​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ដែល​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​ទណ្ឌិត ៥៣៨​នាក់ ក្នុង​នោះ​ទណ្ឌិត​ជា​ស្ត្រី​មាន​ម្នាក់​ត្រូវ​បាន​លើកលែង​ទោស ដោយ​ទណ្ឌិត​មាន​ជំងឺ​មហារីក​ដំណាក់កាល​ចុងក្រោយ។ ក្រៅពី​នោះ អ្នក​ត្រូវ​បាន​បន្ធូរបន្ថយ​ទោស ៣​ខែ មាន ៣៩១​នាក់ បន្ថយ​ទោស ៦​ខែ ចំនួន ១៣២​នាក់ បន្ថយ​ទោស ៩​ខែ ចំនួន ១២​នាក់ បន្ថយ​ទោស ១២​ខែ ចំនួន​ម្នាក់ និង​បន្ថយ​ទោស​មួយ​ជីវិត​មក​នៅ​ត្រឹម ៣០​ឆ្នាំ​មាន​ម្នាក់។

អ្នក​នាំពាក្យ​រូប​នេះ​បាន​អះអាង​ថា គណៈកម្មការ​ជាតិ​ពុំ​លើក​យក​មក​ពិនិត្យ​ពិចារណា​នោះ​ឡើយ​ចំពោះ​សំណើ​ទាំងឡាយ​ណា​ទាក់ទង​នឹង​ទណ្ឌិត​ដែល​បាន​ប្រព្រឹត្ត​អំពើ ដូចជា ឧក្រិដ្ឋជន​គ្រឿងញៀន អំពើ​សាហាវ​យង់ឃ្នង ករណី​មិន​រាងចាល ការ​ប្រព្រឹត្ត​លើ​ជនរងគ្រោះ​ដែល​ជា​សាច់ញាតិ ឬ​សហព័ទ្ធ ការ​ប្រព្រឹត្ត​លើ​ជនរងគ្រោះ​ជា​មន្ត្រី​រាជការ ឬ​មន្ត្រី​សាធារណៈ និង​ទណ្ឌិត​ធ្លាប់​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស​ម្តង​រួច​មក​ហើយ។

ប្រភព​ដដែល​លើកឡើង​ទៀត​ថា គ្មាន​ការ​លើកលែង​ចំពោះ​បទល្មើស​រំលោភ​ផ្លូវភេទ ដែល​ជនរងគ្រោះ​ជា​អនីតិជន​អាយុ​ក្រោម ១៤​ឆ្នាំ ជនរងគ្រោះ​ជា​ជន​មាន​វិបល្លាស​ស្មារតី ឬ​ពិការ ជនរងគ្រោះ​ជា​សាច់សាលោហិត ករណី​រំលោភ​បូក ឬ​រួម​គ្នា និង​ករណី​ប៉ុនប៉ង ឬ​បៀតបៀន​កេរ្តិ៍ខ្មាស​លើ​ជនរងគ្រោះ​ជា​សាច់សាលោហិត។

នាយក​អង្គការ​លីកាដូ លោក អំ សំអាត បាន​ឲ្យ​ដឹង​ថា គ្មាន​ទេ​ការ​លើកលែង​ទោស ឬ​បន្ថយ​ទោស​ទៅ​លើ​អ្នក​នយោបាយ ឬ​សកម្មជន​ប្រឆាំង។ លោក​ចង់​ឃើញ​មាន​ការ​លើកលែង​ទោស​ដល់​អ្នក​នយោបាយ ឬ​ហៅ​ថា​អ្នកទោស​មនសិការ ដែល​កំពុង​ជាប់​ឃុំ​ផង​ដែរ ដើម្បី​ជា​ការ​ផ្សះផ្សា​ជាតិ​ឡើង​វិញ។

ជា​រៀង​រាល់​ពេល​បុណ្យ​ជាតិ និង​ព្រឹត្តិការណ៍​ជាតិ​ធំៗ ព្រះមហាក្សត្រ​ខ្មែរ​តែងតែ​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ ព្រះរាជទាន​ផ្ដល់​នូវ​ការ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​ដល់​ទណ្ឌិត​ដែល​ជាប់​ក្នុង​ពន្ធនាគារ ដើម្បី​ឱ្យ​ពួកគេ​រួច​ផុត​រយៈពេល​នៃ​ការ​អនុវត្ដ​ទោស​ពន្ធនាគារ​មក​តិច​ជាង​មុន ឬ​ឱ្យ​រួច​ផុត​ពី​ទោស​ដាក់​ពន្ធនាគារ ដោយ​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

មាត្រា ២៧ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ព្រះមហាក្សត្រ​ទ្រង់​មាន​ព្រះរាជ​សិទ្ធិ​បន្ធូរបន្ថយ និង​លើកលែង​ទោស​ដែល​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២១ ថា ការ​បន្ធូរបន្ថយ និង​ការ​លើកលែង​ទោស ត្រូវ​ធ្វើឡើង​នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ជាតិ ឬ​ព្រឹត្តិការណ៍​ធំៗ ដូចជា ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ ពិធី​បុណ្យ​វិសាខបូជា ពិធី​បុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ផង​ដែរ។

កាលពី​ចុង​ឆ្នាំ​២០២២ ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា ក្នុង​ឆ្នាំ​២០២២ មាន​ជន​ជាប់​ឃុំ​សរុប​ចំនួន​ជិត ៤​ម៉ឺន​នាក់ (៣៨០៤៩​នាក់) ក្នុង​នោះ​ទណ្ឌិត​មាន​ចំនួន​ជាង ១​ម៉ឺន​នាក់ (១១៣៥០​នាក់) ពិរុទ្ធជន​ជាង ១​ម៉ឺន​នាក់ (១២០០៦​នាក់) និង​បាន​អនុវត្ត​ដីកា​ដោះលែង​ចំនួន​ជាង ១​ម៉ឺន​នាក់​ផង​ដែរ (១២០០៦​នាក់)។

កាលពី​ចុង​ឆ្នាំ​២០២២ កន្លង​ទៅ ព្រះមហាក្សត្រ​ខ្មែរ​បាន​បន្ធូរបន្ថយ និង​លើកលែង​ទោស​ដល់​ទណ្ឌិត​ចំនួន​ជិត ៧០០​នាក់ (៦៨៣​នាក់) ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​ក្នុង​ឱកាស​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក និង​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ។

ចំណែកឯ​សេចក្តី​រាយការណ៍​ពី​អង្គការ​សិទ្ធិមនុស្ស និង​ទិន្នន័យ​ពន្ធនាគារ បាន​បង្ហាញ​កាលពី​ចុង​ឆ្នាំ​២០២១ ថា ជាង ៧០​ភាគរយ​នៃ​អ្នក​ជាប់​ពន្ធនាគារ​ជិត ៤០០០០​នាក់​នៅ​កម្ពុជា គឺជា​អ្នក​ដែល​រង់ចាំ​សាលក្រម​ស្ថាពរ និង​ជាប់​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​ត្រូវ​ជាប់​នៅ​ក្នុង​ទី​ដែល​ខ្វះ​អនាម័យ និង​ណែន​ចង្អៀត​ដូច​អ្នកទោស​ឯ​ទៀត​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស