លោក ហ៊ុន សែន ដែលល្បីល្បាញខាងលក់ទ្រព្យសម្បត្តិជាតិចុះផ្សាយដោយអង្គការបរទេស បន្តកាត់ឆ្វៀលដីឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ដែលស្ថិតក្នុងខេត្តពោធិ៍សាត់ ទំហំជាង ៤០០ហិកតារ(៤១៤ហិកតារ) ជួលអចិន្ត្រៃយ៍ទៅឱ្យក្រុមហ៊ុន SAMANEA Co., Ltd សម្រាប់វិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងរុក្ខ-ទេសចរណ៍។
មេដឹកនាំខ្មែរដែលមិនខ្វល់នឹងការហិនហោចភោគទ្រព្យជាតិ លោក ហ៊ុន សែន បានចេញអនុក្រឹត្យកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ គឺមួយខែមុនផ្ទេរអំណាចឲ្យកូន ថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចជួលដីឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ទំហំ ៤១៤ហិកតារ ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់ប្រើប្រាស់ដោយចីរកាល ទៅឱ្យក្រុមហ៊ុនឯកជនដើម្បីធ្វើការអភិវឌ្ឍលើវិស័យទេសចរណ៍។
លោក ហ៊ុន សែន បញ្ជាឱ្យមន្ត្រីក្រោមបង្គាប់ មានរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងរុក្ខាប្រមាញ់ និងនេសាទ រួមទាំងក្រសួងពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាព ប៉ុន្តែរយៈពេល និងតម្លៃនៃការជួល លោក ហ៊ុន សែន មិនបានបញ្ជាក់ក្នុងអនុក្រឹត្យនេះទេ។
ការកាត់ឆ្វៀលដីក្នុងតំបន់អភិរក្សនានា ធ្វើឡើងខណៈដែលគេមើលឃើញថា តំបន់អភិរក្សនៅប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ កំពុងរងនូវការបាត់បង់ធ្ងន់ធ្ងរក្រោមការកាត់ឆ្វៀលរបស់មេដឹកនាំបក្សកាន់អំណាចនាពេលកន្លងមក។
ឧទ្យានជាតិជួរភ្នំក្រវាញ មានផ្ទៃដីទំហំសរុបជាង ៩សែនហិកតារ (៩២៦១២៣ហិកតារ) ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ដើម្បីថែរក្សាការពារសោភណភាពធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះ ការសិក្សាស្រាវជ្រាវ និងការកម្សាន្ត។
កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យឱ្យក្រសួងបរិស្ថាន បង្កើត «ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង» ដែលគ្របដណ្ដប់ផ្ទៃដីជាង ៤សែនហិកតារ (៤១០៣៩២ ហិកតារ) ស្ថិតក្នុងភូមិសាស្ត្រខេត្តចំនួន ៤ គឺខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ។
ឧទ្យានជាតិជួរភ្នំក្រវាញ បានមកពីការបូកបញ្ចូលគ្នានៃឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ដែលមានផ្ទៃដីទំហំជាង ៤សែនហិកតារ (៤១០៣៩២ហិកតារ) ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែលមានផ្ទៃដីទំហំជាង ៤សែនហិកតារ (៤០១៣១៣ហិកតារ) និងរបៀងអភិរក្សជីវចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំជាង ១សែនហិកតារផងដែរ (១១៤៤១៨ហិកតារ)។
ទាក់ទិននឹងបញ្ហានេះ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានអះអាងកាលពីដើមខែសីហា ឆ្នាំ២០២៣ នេះថា ការបង្កើតឧទ្យានជាតិថ្មី ឬចាស់ សុទ្ធតែមានបំណងថែរក្សាការពារធនធានធម្មជាតិ។
ទោះជាបែបនេះក្តី អង្គការ Client Earth បានបង្ហាញសេចក្តីរាយការណ៍កាលពីពេលកន្លងទៅថា ជាង ៤០ភាគរយនៃផ្ទៃដីរបស់កម្ពុជា ឬប្រហែល ៧,៥លានហិកតារ ត្រូវបានបែងចែកជាតំបន់ការពារធម្មជាតិ ប៉ុន្តែភាគច្រើននៃតំបន់ទាំងនេះ ត្រូវបាន «ការពារ» តែឈ្មោះប៉ុណ្ណោះ ព្រោះរាជរដ្ឋាភិបាលបានកាត់ឆ្វៀលដីក្នុងតំបន់អភិរក្សទាំងនោះឱ្យក្រុមហ៊ុនឯកជនធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់រហូតមក។
ជាភស្តុតាងជាក់ស្តែង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយ ដោយកំណត់ដីសាធារណៈរបស់រដ្ឋជិត ១លានហិកតារនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តចំនួន ១៥ ដើម្បីត្រៀមធ្វើអនុប្បយោគ និងបែងចែកជាកម្មសិទ្ធិឱ្យទៅក្រុមហ៊ុនឯកជននានាដើម្បីធ្វើការអភិវឌ្ឍ ខណៈខេត្តដែលមិនជាប់ក្នុងអនុក្រឹត្យនេះ ក៏ត្រូវរងនូវការបែងចែកឱ្យទៅក្រុមហ៊ុនឯកជនកាន់កាប់ធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់ផងដែរ។
អង្គការឃ្លាំមើលព្រៃឈើពិភពលោក (Global Forest Watch) បានចេញសេចក្តីរាយការណ៍កាលពីពេលកន្លងទៅថា គម្របព្រៃឈើនៅប្រទេសកម្ពុជាជាង ១សែនហិកតារ (១៤៨០០០ហិកតារ) ដែលស្មើនឹង ៨,៦% ត្រូវបានបាត់បង់នៅក្នុងតំបន់ជួរភ្នំក្រវាញ ចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៩ ដោយសារការឈូសឆាយដីធ្លីខុសច្បាប់ ក្រោមសិទ្ធិផ្តល់ដីសម្បទានដោយអាជ្ញាធរគ្រប់គ្រង ដែលធ្វើឲ្យក្រុមហ៊ុនរកស៊ីឈើ និងក្រុមហ៊ុនធ្វើចម្ការនានាឈូសឆាយឆ្ការព្រៃក្នុងតំបន់អភិរក្សនេះយ៉ាងអនាធិបតេយ្យ៕