30 C
Phnom Penh

លោក សម រង្ស៊ី៖ លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​តុក្កតា​របស់​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​ចាត់ទុក​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ថា​ជា​តុក្កតា​ដែល​ឡើង​កាន់​អំណាច​តាម​ជើងខោ​លោក ហ៊ុន សែន ប៉ុណ្ណោះ ដោយសារ​តែ​លោក​គ្មាន​ផែនការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ដោយ​ខ្លួនឯង ក្រៅតែ​ពី​រង់ចាំ​បញ្ជា និង​ការ​រៀបចំ​របស់​លោក ហ៊ុន សែន។

លោក សម រង្ស៊ី បញ្ជាក់​ថា ដោយសារ​តែ​បែប​នេះ​ហើយ​បាន​ជា​លោក ហ៊ុន ម៉ាណែត ដឹកនាំ​ប្រទេស​កម្ពុជា​គិត​ចាប់​ពី​ចុង​ខែ​សីហា រហូត​ដល់​ពេលនេះ​មាន​រយៈពេល ១០០​ថ្ងៃ​ហើយ នៅតែ​គ្មាន​ផែនការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ដោយ​ខ្លួនឯង គឺ​រង់ចាំ​តែ​បញ្ជា និង​ការ​រៀបចំ​របស់​លោក ហ៊ុន សែន ដែល​ជា​ឪពុក។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា អស់​រយៈពេល ១០០​ថ្ងៃ​ក្រោយពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​កម្ពុជា បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អំណាច​នៃ​ការ​គ្រប់គ្រង​ប្រទេស គឺ​នៅតែ​ស្ថិត​ក្រោម​កណ្ដាប់ដៃ​របស់​លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​គាត់​ដដែល។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា ពិត​មែន​តែ​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ​គាត់​គ្មាន​អំណាច​ដឹកនាំ​ប្រទេស​ទេ គឺ​គ្រាន់តែ​ជា​នាយករដ្ឋមន្ត្រី​ដែល​មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ ព្រោះ​ថា​សម្ដី​របស់​គាត់​បញ្ជា​ទៅ​មន្ត្រី​ក្រោម​ឱវាទ គឺ​សាប​ដូច​ទឹកទន្លេ​អ៊ីចឹង គ្មាន​មន្ត្រី​ណា​ម្នាក់​កោតខ្លាច និង​គោរព​នោះ​ទេ ហើយ​ពួកគេ​សម្ដែង​ធ្វើ​គោរព​គាត់​កន្លង​មក​នេះ គឺ​ដោយសារ​តែ​ពួកគេ​សម្ងំ​យក​ប្រយោជន៍​ពី​នាយករដ្ឋមន្ត្រី​ដែល​មាន​តែ​ឈ្មោះ​ម្នាក់​នេះ​ប៉ុណ្ណោះ។

លោក សម រង្ស៊ី បញ្ជាក់​ថា ទោះបី​កម្ពុជា​បាន​ប្តូរ​នាយករដ្ឋមន្ត្រី​ថ្មី​ហើយ​ក៏ដោយ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ដែល​បន្ត​ពូជ​ពី​ឪពុក​ទៅ​កូន​នេះ នៅតែ​ដឹកនាំ​តាម​អំណាច​ផ្ដាច់ការ​ដដែល ខណៈ​ប្រជាពលរដ្ឋ​ដែល​រង់ចាំ​ការ​ផ្លាស់ប្ដូរ​ក៏​នៅតែ​រស់​ក្នុង​ក្តី​វេទនា​ដដែល​ដែរ។

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​ឡើង​កាន់​អំណាច​ជំនួស​លោក ហ៊ុន សែន ដែល​ជា​ឪពុក​ចាប់តាំងពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ មក ដូច្នេះ​បើ​គិត​មក​ទល់​នឹង​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ គឺ​មាន​រយៈពេល ១០១​ថ្ងៃ​ហើយ ប៉ុន្តែ​ក្នុង​រយៈពេល​កាន់​អំណាច​ជាង ៣​ខែ​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​រូប​នេះ គឺ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង និង​ទទួល​បញ្ជា​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក​រហូត​មក។

ទាក់ទិន​នឹង​បញ្ហា​នេះ កាល​ពី​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​អះអាង​ថា បន្ទាប់ពី​លាលែង​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក​នឹង​កាន់កាប់​តំណែង​ជា​ប្រធាន​គណបក្ស​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត ព្រោះ​ថា​ប្រសិនបើ​នាយករដ្ឋមន្ត្រី​ថ្មី និង​គណៈរដ្ឋមន្ត្រី​ថ្មី​អនុវត្ត​ខុសពី​គោលជំហរ​គណបក្ស នោះ​លោក​នឹង​មាន​សិទ្ធិ​ដក​តំណែង​របស់​ពួកគេ​គ្រប់​ពេល​ទាំងអស់ ត្បិត​នៅ​កម្ពុជា ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស ដូច្នេះ​បក្ស​ត្រូវតែ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​គ្រប់គ្រង​អ្នក​ទាំងនោះ។

អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លោក ហ្វីល រ៉ូបឺសុន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក ហ៊ុន ម៉ាណែត មិន​អាច​ដឹកនាំ​រដ្ឋាភិបាល​ដែល​ឪពុក​របស់​គាត់​រៀបចំ​ឱ្យ ងាក​ទៅ​រក​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​របប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ទេ ព្រោះ​ការ​ដឹកនាំ​របស់​គាត់ គឺ​មាន​លោក ហ៊ុន សែន ដែល​ជា​ឪពុក​ជា​អ្នក​ចាត់ចែង​ពីក្រោយ​ខ្នង។

ប្រភព​ដដែល​អះអាង​ថា លោក​គ្មាន​សង្ឃឹម​ថា​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត នឹង​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ​ជាង​ឪពុក​របស់​គាត់​ឡើយ ខណៈ​អ្នកទោស​មនសិការ​ដែល​ជា​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស និង​មេដឹកនាំ​បក្ស​ប្រឆាំង ជាដើម ដែល​កំពុង​រង​នូវ​ការ​ផ្ដន្ទាទោស​ទាំង​អយុត្តិធម៌​ក្នុង​ជំនាន់​ដឹកនាំ​របស់​លោក ហ៊ុន សែន ក៏​នឹង​មិន​ទទួល​បាន​នូវ​យុត្តិធម៌ ឬ​សេរីភាព​ក្នុង​ជំនាន់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ដែរ។

លោក ហ្វីល រ៉ូបឺសុន បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​រស់​ក្នុង​ការ​គំរាមកំហែង និង​ធ្វើ​ចំណាកស្រុក​ទៅ​ស៊ីឈ្នួល​ជា​កម្លាំង​សេដ្ឋកិច្ច​របស់​ប្រទេស​ជិតខាង នឹង​ត្រូវ​បន្ត​រស់នៅ​បែប​នេះ​ក្នុង​ជំនាន់​របស់​លោក ហ៊ុន ម៉ាណែត បន្ត​ទៀត ហើយ​ពួកគេ​ត្រូវ​រង់ចាំ​រដ្ឋាភិបាល​ថ្មី​ដែល​បម្រើ​ផល​ប្រយោជន៍​ជាតិ​ពិតប្រាកដ ទៅ​ទទួល​យក​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ប៉ុន្តែ​ទម្រាំ​ដល់​ពេល​នោះ កម្លាំង​ដែល​សម្រាប់​បម្រើ​សេដ្ឋកិច្ច​ជាតិ​ខ្លួនឯង នឹង​ត្រូវ​បាត់បង់​ស្ទើរតែ​ទាំងអស់​ទៅ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស