ក្រុមអ្នកឃ្លាំមើលសង្គម សម្ដែងការអបអរសាទរដល់សកម្មជនចលនាមាតាធម្មជាតិ ដែលទទួលបានពានរង្វាន់ Right Livelihood 2023 ដោយចាត់ទុកការទទួលបានពានរង្វាន់នេះជាមោទនភាពសម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានឆន្ទៈក្នុងការការពារធនធានធម្មជាតិរបស់កម្ពុជា ឱ្យបានគង់វង្សទៅថ្ងៃអនាគតសម្រាប់កូនចៅជំនាន់ក្រោយ និងអំពាវនាវឱ្យតុលាការទម្លាក់ចោលរាល់បទចោទលើសកម្មជនបរិស្ថានទាំងនោះ ដើម្បីឱ្យពួកគេមានសេរីភាពពេញលេញឡើងវិញ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ វិច្ឆិកា ថា ពានរង្វាន់នេះគឺជាភស្តុតាងក្នុងការគាំទ្រឱ្យមានការការពារបរិស្ថានរបស់ប្រទេសកម្ពុជានាពេលកន្លងមក និងទៅថ្ងៃមុខបន្តទៀត ប៉ុន្តែការហាមឃាត់ពីសំណាក់តុលាការ មិនឱ្យយុវជនដែលមានឈ្មោះទៅទទួលពានរង្វាន់នេះ បានធ្វើឱ្យខូចមុខមាត់របស់រដ្ឋាភិបាលនៅលើឆាកអន្តរជាតិយ៉ាងខ្លាំងទៅវិញ ដែលនឹងធ្វើឱ្យរដ្ឋាភិបាលរងនូវការរិះគន់កាន់តែខ្លាំងបន្ថែមទៀតជុំវិញការរឹតត្បិតសេរីភាពរបស់ពលរដ្ឋ។
លោក សេក សុជាតិ លើកឡើងថា ដើម្បីធានាការពារធនធានធម្មជាតិពីការបំផ្លិចបំផ្លាញរបស់ជនខិលខូច រដ្ឋាភិបាលគួរតែបើកចិត្តទទួលយកសកម្មភាពរបស់សកម្មជនបរិស្ថាន ដែលធ្វើការការពារបរិស្ថានកន្លងមក ជាពិសេសគួរតែផ្តល់ការលើកទឹកចិត្តដល់សកម្មជនចលនាមាតាធម្មជាតិ ដែលទទួលបានពានរង្វាន់ពីអង្គការអន្តរជាតិនៅពេលនេះ និងបើកសិទ្ធិសេរីភាពឱ្យពួកគេធ្វើសកម្មភាពរបស់ពួកគេកាន់តែទូលាយទៅថ្ងៃមុខផងដែរ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះ អំពាវនាវឱ្យតុលាការកម្ពុជាទម្លាក់ចោលរាល់បទចោទលើសកម្មជនបរិស្ថានទាំងនោះ ដើម្បីឱ្យពួកគេមានសេរីភាពពេញលេញឡើងវិញ ក្នុងការបំពេញបេសកកម្មការពារបរិស្ថានបន្តទៀត។ ផ្ទុយទៅវិញ ការបន្តចោទប្រកាន់សកម្មជនទាំងនោះ មានតែធ្វើឱ្យពិភពលោកមើលមកកម្ពុជាក្នុងក្រសែភ្នែកអវិជ្ជមាន ជុំវិញការអនុវត្តសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញប៉ុណ្ណោះ។
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សកម្មជនចលនាមាតាធម្មជាតិ ៣រូប រួមមាន លោក លី ចន្ទ្រដារ៉ាវុធ កញ្ញា ស៊ុន រដ្ឋា និងកញ្ញា លីហ្សា បានចូលរួមទទួលពានរង្វាន់ Rights Livelihood Award នៅក្នុងទីក្រុងស្តុកហូម ប្រទេសស៊ុយអែត ជំនួសឱ្យលោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ដែលត្រូវបានតុលាការហាមឃាត់មិនឱ្យចាកចេញពីប្រទេស ដើម្បីទៅចូលរួមទទួលពានរង្វាន់នេះ ក្រោមហេតុផលថា ពួកគេកំពុងស្ថិតក្នុងការតាមដានរបស់តុលាការនៅឡើយជុំវិញសកម្មភាពការពារបរិស្ថានរបស់ពួកគេកន្លងមក។
តំណាងសកម្មជនចលនាមាតាធម្មជាតិ ដែលបានចូលរួមទទួលពានរង្វាន់ Rights Livelihood Award បានលើកឡើងក្នុងពិធីនេះថា ពានរង្វាន់នេះគឺជាសក្ខីភាពនៃការគាំទ្រដល់ការការពារធនធានធម្មជាតិរបស់កម្ពុជា ហើយការគាំទ្រនេះ ក៏មិនមែនសំដៅដល់តែសកម្មជនចលនាមាតាធម្មជាតិដែរ គឺសំដៅដល់ប្រជាជនខ្មែរទាំងមូល ព្រោះថាប្រជាជនខ្មែរគ្រប់រូប គឺតែងតែចង់ឱ្យសម្បត្តិធម្មជាតិរបស់ខ្លួនត្រូវបានការការពារ និងថែរក្សាឱ្យបានគង់វង្ស។
ជាងនេះទៀត ពានរង្វាន់នេះក៏ជាភស្តុតាងបង្ហាញឱ្យឃើញកាន់តែច្បាស់ទៅដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសផងដែរថា សកម្មភាពនៃការការពារបរិស្ថានរបស់សកម្មជនចលនាមាតាធម្មជាតិនាពេលកន្លងមក មិនមែនជារឿងខុសច្បាប់នោះទេ ហើយការប្រើពាក្យខុសច្បាប់នេះ គឺដោយសារតែរដ្ឋាភិបាលកម្ពុជាតែងតែចោទលើសកម្មភាពរបស់ពួកគេថាជាទង្វើខុសច្បាប់ រហូតចាប់ខ្លួនពួកគេដាក់ពន្ធនាគារអស់រយៈពេលប្រមាណជា ៥ខែថែមទៀត កាលពីអំឡុងឆ្នាំ២០២១ កន្លងទៅ។
ប្រភពដដែលលើកឡើងថា មកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាបានចាប់ឃុំខ្លួនសកម្មជនចលនាមាតាធម្មជាតិយ៉ាងហោចណាស់ចំនួន ១១នាក់ ដែលបានប្រើប្រាស់បទចោទជាលក្ខណៈប្រឌិត។ សកម្មជនបរិស្ថានទាំងនេះ គូសបញ្ជាក់ថា បើទោះបីជាកម្ពុជាជាប្រទេសប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យក្តី និងបើទោះបីជាសហគមន៍អន្តរជាតិ បានផ្តល់ជំនួយរាប់ពាន់លានដុល្លារដល់កម្ពុជាក៏ដោយ ក៏ធនធានធម្មជាតិរបស់កម្ពុជានៅតែរងនូវការបំផ្លាញដដែល។
តំណាងសកម្មជនខាងលើរៀបរាប់ថា សព្វថ្ងៃនេះ សកម្មជនដែលការពារបរិស្ថានត្រូវរងនូវការគំរាមកំហែងជាបន្តបន្ទាប់ ខណៈឧទ្យានជាតិ និងតំបន់ការពារនានា ត្រូវបានរដ្ឋាភិបាលកាត់ឆ្វៀលទៅឱ្យក្រុមហ៊ុន និងបុគ្គលឯកជនជាហូរហែដោយគ្មានតម្លាភាព ក្រោមលេសអភិវឌ្ឍ ខណៈព្រៃឈើក្នុងតំបន់អភិរក្សទាំងនោះត្រូវបានកាប់បំផ្លាញគ្មានសល់។
តំណាងសកម្មជនចលនាមាតាធម្មជាតិទាំង ៣នាក់ បញ្ជាក់ថា ពួកគេមិនមានវិប្បដិសារីនឹងសកម្មភាពរបស់ពួកគេ ដែលនាំឱ្យរដ្ឋាភិបាលរបស់ខ្លួនចាប់ដាក់ពន្ធនាគារនោះឡើយ ព្រោះថាក្នុងនាមជាយុវជននៃប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ត្រូវមានកាតព្វកិច្ចសំខាន់បំផុតក្នុងការការពារធនធានធម្មជាតិ និង ទឹកដីរបស់ខ្លួន ហើយពួកគេនឹងបន្តសកម្មភាពបែបនេះទៅថ្ងៃមុខទៀតដោយគ្មានការភ័យខ្លាចឡើយ។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ សកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា បានយកលិខិតស្នើសុំចាកចេញទៅក្រៅប្រទេសដាក់ជូនសាលាដំបូងរាជធានីភ្នំពេញ ក្នុងបំណងទៅចូលរួមក្នុងពិធីទទួលពានរង្វាន់ Rights Livelihood Award នៅក្នុងទីក្រុងស្តុកហូម ប្រទេសស៊ុយអែត នៅខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បន្ទាប់ពីមានលិខិតអញ្ជើញឱ្យចូលរួមពីអង្គការ Rights Livelihood ប៉ុន្តែត្រូវសាលាដំបូងក្រុងភ្នំពេញបដិសេធ ក្រោមហេតុផលថាគ្មានភាពចាំបាច់។
ក្រុមយុវជនចលនាមាតាធម្មជាតិ ដូចជា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក លី ចន្ទ្រដារ៉ាវុធ និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីអំឡុងខែមិថុនា ឆ្នាំ២០២១ ក្រោយពីរដ្ឋាភិបាលកម្ពុជាចោទថា ពួកគេមានអង្គការចាត់តាំងខុសច្បាប់ពីក្រៅប្រទេស ប្រើប្រាស់ហិរញ្ញប្បទានភេរវកម្ម និងធ្វើសកម្មភាពបំបែកបំបាក់ជាតិ ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បទ «រួមគំនិតក្បត់» និងបទ «ប្រមាថអង្គព្រះមហាក្សត្រ»។
យ៉ាងណាក៏ដោយ សកម្មជនទាំងនេះត្រូវបានអាជ្ញាធរដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈការដោះលែងនេះ អ្នកខ្លះបានអនុវត្តទោសចប់តាមការកំណត់របស់តុលាការ ចំណែកអ្នកខ្លះទៀតត្រូវបានដោះលែងនៅក្រៅឃុំបណ្ដោះអាសន្ន ដោយទោសនៅសល់ត្រូវព្យួរសាកល្បងប៉ុណ្ណោះ ប៉ុន្តែពួកគេគ្រប់គ្នាសុទ្ធតែមានទោសផ្សេងទៀត អាចនឹងជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ដែលតុលាការមិនទាន់ជំនុំជម្រះនៅឡើយពីបទចោទ រួមគំនិតក្បត់ និងបទ ប្រមាថអង្គព្រះមហាក្សត្រ៕
© 2023, . All rights reserved.