មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លើកឡើងថា ការប្រកាសថាកម្ពុជាបានប្រែក្លាយពីប្រទេសមានសង្គ្រាម ទៅជាប្រទេសដែលមានសុខសន្តិភាព ពីប្រទេសដែលគ្មានស្ថិរភាព ទៅជាប្រទេសមានការអភិវឌ្ឍពិតប្រាកដ នរណាក៏អាចនិយាយបានដែរ ប៉ុន្តែសន្តិភាពពិតឬមិនពិត ហើយការអភិវឌ្ឍក្លែងក្លាយឬក៏អត់ គឺស្ថិតនៅលើប្រជាពលរដ្ឋប៉ុណ្ណោះ មិនមែនស្ថិតលើមាត់អ្នកដឹកនាំទេ។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិលោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ ធ្នូ ថា ការធ្វើនយោបាយប្រជាភិថុតិលើពលរដ្ឋខ្លួនឯង គ្មានចំណេញអ្វីដល់ប្រទេសជាតិទេ ព្រោះថាកម្ពុជាសព្វថ្ងៃនេះស្ថិតក្នុងកម្រិតទាបស្ទើរគ្រប់ផ្នែក ដូចជា ការអភិវឌ្ឍដោយពឹងលើបំណុលបរទេស នីតិរដ្ឋធ្លាក់ក្បែរបាតតារាង និងអំពើពុករលួយស្ថិតក្នុងកម្រិតគួរឱ្យព្រួយបារម្ភ ជាដើម។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា ដោយសារតែនីតិរដ្ឋធ្លាក់ចុះ និងអំពើពុករលួយរីករាលដាលក្នុងប្រព័ន្ធដឹកនាំបែបនេះហើយ បានជារោគសញ្ញាជាច្រើនបានកើតមានក្នុងសង្គមជាបន្តបន្ទាប់ ដូចជា ការបំផ្លាញធនធានធម្មជាតិតាមរយៈនៃការសម្បទាន ដោយការជួល ឬលក់ឱ្យទៅក្រុមហ៊ុនឯកជន ដែលចេះតែកើនឡើងរហូតឈានដល់ការរំលោភដីធ្លីរបស់ប្រជាពលរដ្ឋស្ទើរពេញប្រទេសថែមទៀត។ ទន្ទឹមនឹងនេះ ការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងការចាប់ឃុំខ្លួនអ្នករិះគន់ ក៏ចេះតែបន្តកើតមានឥតឈប់ឈរផងដែរ។
អតីតអ្នកទោសនយោបាយរូបនេះបញ្ជាក់ថា នៅពេលដែលកម្ពុជាពោរពេញទៅដោយអំពើទុច្ចរិតដូចដែលគេរកឃើញខាងលើនេះ គឺជាភស្តុតាងមួយបញ្ជាក់យ៉ាងច្បាស់បង្ហាញថា ប្រជាពលរដ្ឋពិតជាមិនអាចទទួលបាននូវសេចក្តីសុខពីសន្តិភាពដែលមន្ត្រីបក្សកាន់អំណាចតែងតែអួតក្ដែងៗសព្វថ្ងៃនេះទេ ខណៈអំពើអយុត្តិធម៌ក៏បានរាតត្បាតយ៉ាងអនាធិបតេយ្យពេញសង្គមខ្មែរដោយគ្មានការទប់ស្កាត់ក្នុងពេលដំណាលគ្នានេះដែរ។
ក្នុងពិធីសាងសង់ទំនប់វារីអគ្គិសនីក្នុងស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីបន្តពូជថ្មីលោក ហ៊ុន ម៉ាណែត អួតថា កម្ពុជាបានប្រែក្លាយពីប្រទេសដែលមានសង្គ្រាម ទៅជាប្រទេសដែលមានសុខសន្តិភាពពេញលេញ ពីប្រទេសដែលគ្មានស្ថិរភាព ទៅជាកន្លែងមានការអភិវឌ្ឍ ដែលបានធ្វើឱ្យប្រជាពលរដ្ឋរស់នៅយ៉ាងសុខក្សេមក្សាន្ត ព្រមទាំងមានការរីកចម្រើនជាបន្តបន្ទាប់។
លោក ហ៊ុន ម៉ាណែត បន្ថែមថា កម្ពុជាបានប្រែក្លាយពីប្រទេសដែលក្រីក្រងើបពីភ្លើងសង្គ្រាមដោយបាតដៃទទេជាង ៤០ឆ្នាំ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយនឹងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលនឹងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេសកើនឡើង ហើយចំណុចនេះគឺជាទិសដៅរបស់រាជរដ្ឋាភិបាលពីមួយអាណត្តិទៅមួយអាណត្តិត្រូវតែធ្វើបន្ត។
លោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីក្រោមបង្គាប់ឪពុក បញ្ជាក់ថា រដ្ឋាភិបាលអាណត្តិថ្មីរបស់លោក នឹងបន្តទទួលខុសត្រូវលើពលរដ្ឋ និងប្រទេសជាតិទៅមុខបន្តទៀត ដូចជា ជំរុញជីវភាពប្រជាពលរដ្ឋទូទាំងប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន ទទួលខុសត្រូវរាល់ការអភិវឌ្ឍទាំងអស់ដែលត្រូវគិតឱ្យបានហ្មត់ចត់ បញ្ចៀសរាល់ការប៉ះពាល់ និងទទួលខុសត្រូវលើផលប៉ះពាល់បរិស្ថានពិភពលោក និងការប្រែប្រួលអាកាសធាតុផងដែរ។
បើទោះបីជាលោក ហ៊ុន ម៉ាណែត បានអះអាងបែបនេះក្តី ក៏គេសង្កេតឃើញថា រដ្ឋាភិបាលដែលមានអាយុជាង ៣ខែនេះ មិនទាន់បានដាក់ចេញនូវគោលនយោបាយជាក់លាក់ ដើម្បីកែប្រែសេដ្ឋកិច្ចជាតិ ឬការបើកលំហសេរីភាព និងស្ដារលទ្ធិប្រជាធិបតេយ្យនៅឡើយទេ ប៉ុន្តែគេសង្កេតឃើញថា រដ្ឋាភិបាលក្មេងខ្ចីមួយនេះកំពុងអនុវត្តការដឹកនាំតាមបែបផ្ដាច់ការបន្តពីលោក ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រីចាស់ និងជាឪពុករបស់ខ្លួនទៅវិញ។
ទាក់ទិននឹងបញ្ហានេះ អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានលើកឡើងកាលពីពេលថ្មីៗនេះថា តាំងពីថ្ងៃលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសឪពុករបស់គាត់ គឺលោក ហ៊ុន សែន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ គ្មានអ្វីដែលអាចឱ្យពលរដ្ឋខ្មែរចូលរួមអបអរសាទរទេ ព្រោះថាតាំងពីគាត់ឡើងមកកាន់តំណែងជានាយករដ្ឋមន្ត្រី អំពើអយុត្តិធម៌សង្គមកាន់តែរីកធំទៅៗ ខណៈជីវភាពរបស់ប្រជាពលរដ្ឋខ្មែរក៏កាន់តែដុនដាបទៅៗផងដែរ៕