30 C
Phnom Penh

លោក ហ៊ុន សែន បន្ត​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ជាង ៧០​ហិកតារ​ក្នុង​ខេត្ត​ព្រះសីហនុ​ផ្តល់​ឱ្យ​ឧកញ៉ា រតនៈ សម្បត្តិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ដែល​រំលោភ​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​មុន​លាឈប់​ពី​តំណែង​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន សម្រេច​កាត់​ឆ្វៀល​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជាង ៧០​ហិកតារ ផ្តល់​ជា​កម្មសិទ្ធិ​ដល់​ឧកញ៉ា រតនៈ សម្បត្តិ។

មេដឹកនាំ​ខ្មែរ​ដែល​ប្រើ​អំណាច​រំលោភ​ដី​រដ្ឋ​ចែក​ជា​កម្មសិទ្ធិ​ឱ្យ​បក្ខពួក​ខ្លួនឯង​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កាត់​ឆ្វៀល​ដី​ក្នុង​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជាង ៧០​ហិកតារ (៧១​ហិកតារ ១០​អា និង ៣៨​សង់ទីអា) ស្ថិត​ក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា រតនៈ សម្បត្តិ ដែល​គេ​ស្គាល់​ថា​ជា​នាយក​ក្រុមហ៊ុន​ឯកជន Kong Pong Devaresort ក្រុមហ៊ុន The Rich Resort ក្រុមហ៊ុន ក្រោន អីស្ទេត ខូអិលធីឌី ហើយ​ក៏​ជា​ម្ចាស់​ភោជនីយដ្ឋាន​ម្លប់​ជ្រៃ​ប៉ោកី ខេត្ត​ព្រះសីហនុ សព្វថ្ងៃ​នេះ​ផង​ដែរ។

លោក ហ៊ុន សែន ដែល​គេ​ស្គាល់​ថា​ជា​មេដឹកនាំ​ឆ្នើម​ខាង​បំផ្លាញ​ធនធាន​ធម្មជាតិ​កម្ពុជា បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​បង្គាប់​របស់​ខ្លួន ដូចជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​រុក្ខាប្រមាញ់ និង​នេសាទ រួម​ទាំង​ក្រសួង​ពាក់ព័ន្ធ និង​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ទាំងអស់ ត្រូវ​អនុវត្ត​នូវ​អនុក្រឹត្យ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ។

ការ​កាត់​ឆ្វៀល​ដី​ក្នុង​ដែន​អភិរក្ស​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា តំបន់​ការពារ​នានា​ដែល​នៅ​តាម​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា ត្រូវ​បាន​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​កាត់​ឆ្វៀល​ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឯកជន​ជា​បន្តបន្ទាប់​សព្វថ្ងៃ​នេះ។

កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២២ កន្លង​ទៅ ឧកញ៉ា រតនៈ សម្បត្តិ ក៏​ធ្លាប់​ទទួល​បាន​ដី​ទំហំ​ជាង ៩០​ហិកតារ (៩៤​ហិកតារ ៨៧​អា និង ៨៥​សង់ទីអា) ស្ថិត​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​កាត់​ឆ្វៀល​ចេញពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ធ្វើ​អនុប្បយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ ធ្វើជា​កម្មសិទ្ធិ​បុគ្គល​ឯកជន​ម្តង​ហើយ​ដែរ។

ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន កាត់​ឆ្វៀល​ទៅ​ឱ្យ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឯកជន​ជា​បន្តបន្ទាប់ ក្នុង​នោះ​ក៏​មាន​ការ​កាត់​ឆ្វៀល​ឱ្យ​បក្ខពួក និង​កូនៗ​របស់​គាត់​ដែរ ដែល​មាន​ទំហំ​ដល់​ទៅ​រាប់​រយ​ហិកតារ​ឯណោះ ហើយ​ការ​កាត់​ដី​ឆ្វៀល​ដី​ក្នុង​ដែន​គម្រប​ព្រៃឈើ​មួយ​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​បាន​រស់នៅ​តំបន់​នោះ រង​នូវ​ការ​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន ព្រមទាំង​បណ្តេញ​ពី​លំនៅឋាន​ជា​បន្តបន្ទាប់។

ជាក់ស្តែង លោក ហ៊ុន សែន បាន​សម្រេច​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ជាង ១០​ហិកតារ នៅ​ខេត្ត​ព្រះសីហនុ ផ្តល់​ជា​កម្មសិទ្ធិ​ដល់​ធនាគារ​កាណាឌីយ៉ា របស់​ឧកញ៉ា ពុង ឃាវសែ កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ កន្លង​ទៅ ដែល​ការ​កាត់​ឆ្វៀល​នេះ​ត្រូវ​ប្រជាពលរដ្ឋ​តវ៉ា​ថា ម្ចាស់​ធនាគារ​នេះ​បាន​រំលោភ​យក​ដី​របស់​ពួកគេ​បន្ថែម​ទៀត ប៉ុន្តែ​នៅ​ទីបំផុត ប្រជាពលរដ្ឋ​ដែល​តវ៉ា​ទាំងនោះ​នៅតែ​ត្រូវ​បាន​បណ្តេញ​ចេញពី​លំនៅឋាន និង​ចាប់​ឃុំ​ខ្លួន​ជា​ហូរហែ ក្រោម​បទ​ចោទប្រកាន់​ថា​បាន​រំលោភ​ដី​ក្នុង​តំបន់​អភិរក្ស។

ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២០ លោក ហ៊ុន សែន ក៏​បាន​ចេញ​អនុក្រឹត្យ​កាត់​ដី​ទំហំ ៦០០​ហិកតារ ស្ថិត​ក្នុង​ឃុំ​រាម និង​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​ឯកជន​របស់​ឧកញ៉ា សេង ញ៉ក និង​ជំទាវ លី អាផណ ដែល​ត្រូវ​ជា​សាច់ញាតិ​របស់​ឧកញ៉ា លី យ៉ុងផាត់ ថែម​ទៀត។

លើស​ពី​នេះ កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២០ លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ចេញ​អនុក្រឹត្យ​កាត់​ដី​ជាង ៤០​ហិកតារ​ចេញពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​ភូមិ​ចំណោតរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ប្រគល់​ឱ្យ​ទៅ​អ្នកស្រី ហ៊ុន ម៉ាណា និង​អ្នកស្រី ហ៊ុន ម៉ាលី ដែល​ត្រូវ​ជា​កូនស្រី​បង្កើត​របស់​គាត់​ផង​ដែរ។

ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៣ លោក ហ៊ុន សែន ក៏​បាន​កាត់​ឆ្វៀល​ដី​ចេញពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជាង ១​ម៉ឺន​ម៉ែត្រក្រឡា (១​ហិកតារ ២១​អា ៦១​សង់ទីអា) ប្រគល់​ជា​កម្មសិទ្ធិ​ឯកជន​ឱ្យ​ទៅ​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត មួយ​កន្លែង​ទៀត​ដែរ។

ជុំវិញ​ការ​កាត់​ឆ្វៀល​ដី​ក្នុង​ខេត្ត​ព្រះសីហនុ នេះ លោក ហ៊ុន សែន មិន​ត្រឹម​តែ​កាត់​ដី​ក្នុង​ដែន​គម្រប​ព្រៃឈើ​ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឯកជន​ប៉ុណ្ណោះ​ទេ សូម្បី​ដី​សាធារណៈ​របស់​រដ្ឋ​ផ្សេង​ទៀត ក៏​ត្រូវ​បាន​កាត់​ឆ្វៀល​ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឯកជន​ជា​បន្តបន្ទាប់​ដែរ។

ជាក់ស្តែង កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​កាត់​ដី​សាធារណៈ​របស់​រដ្ឋ​ទំហំ ៧៩៩​ហិកតារ ស្ថិត​នៅ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឯកជន C99 International Investment (Cambodia) Co., Ltd. ផង​ដែរ។

លើស​ពី​នេះ កាលពី​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​សម្រេច​ផ្ដល់​ដី​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ជាង ២០០​ហិកតារ (២៤២​ហិកតារ) ឱ្យ​ទៅ​ក្រុមហ៊ុន​កូនប្រុស​ពៅ​របស់​លោក យឹម ឆៃលី ដែល​ជា​ដន្លង​របស់​គាត់ ធ្វើ​ជា​កម្មសិទ្ធិ ព្រមទាំង​ទទួល​បាន​សិទ្ធិ​ជួល​ដី​សាធារណៈ​របស់​រដ្ឋ​ទំហំ​ជិត ៥០០​ហិកតារ (៤៨៩​ហិកតារ) ថែម​ទៀត។

មន្ត្រី​អង្គការ​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ចំនួន ២​ស្ថាប័ន រួម​មាន​អង្គការ​លីកាដូ (LICADHO) និង​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ី.អិន.រ៉ូ (CNRO) ប្រចាំ​ខេត្ត​ព្រះសីហនុ ធ្លាប់​បាន​បង្ហាញ​កង្វល់​កាលពី​ពេល​កន្លង​ទៅ​ថា ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​រដ្ឋាភិបាល​បាន​រក្សា​ទុក​កំពុង​រង​ការ​បំផ្លាញ និង​ពុះ​ច្រៀក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​ឱ្យ​ទៅ​អ្នក​មាន​ទ្រព្យធន និង​អ្នក​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​ជា​បន្តបន្ទាប់ ដែល​អាច​នឹង​ឈាន​ទៅ​ដល់​ការ​បាត់បង់​ដែន​គម្រប​ព្រៃឈើ​នេះ​នា​ពេល​អនាគត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស