កាសែតរស្មីកម្ពុជា ដែលគេស្គាល់ថាជាប្រព័ន្ធផ្សព្វផ្សាយដ៏ធំ និងចំណាស់ជាងគេដែលសរសេរគាំទ្រគណបក្សកាន់អំណាចរយៈពេល ៣០ឆ្នាំមកហើយនោះ បានប្រកាសបិទទ្វារលែងដំណើរការទាំងស្រុងចាប់ពីថ្ងៃទី០១ ខែធ្នូ តទៅ ទាំងគេហទំព័រ បណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ ខណៈអ្នកកាសែតដែលរងនូវការបាត់បង់ការងារ ស្នើសុំឲ្យថ្នាក់ដឹកនាំពិចារណាឲ្យពួកគេចូលក្របខ័ណ្ឌរដ្ឋ។
បុគ្គលិកចាស់វស្សារបស់រស្មីកម្ពុជា គឺលោក ប៉ែន ខុន បានសរសេរលើហ្វេសប៊ុករបស់ខ្លួនថា អរគុណសន្តិភាព ដែលបានផ្តល់ឱកាសឱ្យលោកមានការងាររហូតដល់ ៣៧ឆ្នាំ ដោយក្នុងរយៈពេល ៣៧ឆ្នាំនេះ ៧ឆ្នាំលោកបានបម្រើការងារនៅក្នុងស្ថាប័នបក្ស និងរដ្ឋ និងរយៈពេល ៣០ឆ្នាំនៅក្នុងអង្គភាពមួយនេះ ដោយទាំងយប់ទាំងថ្ងៃមិនថាភ្លៀងខ្យល់ត្រជាក់ ឬក្តៅយ៉ាងណាឡើយ។
ប្រភពដដែលសរសេរថា «លោកបម្រើការងារនៅក្នុងសម័យកាលប្រទេសជាតិមានសង្គ្រាម ចរចា ការពារបង្រួបបង្រួមដោយអនុវត្តគោលនយោបាយឈ្នះឈ្នះ និងការអភិវឌ្ឍរហូតប្រទេសជាតិមានការរីកចម្រើនគ្រប់វិស័យ ហើយលោកក៏បានមកដល់ថ្ងៃមួយដែលនឹកស្មានមិនដល់ថាកាសែតធំជាងគេ មានឥទ្ធិពលខ្លាំងជាងគេ មានប្រជាប្រិយជាងគេទាំងនៅក្នុងស្រុក និងក្រៅប្រទេស ជាកាសែតមាននិន្នាការគាំទ្រគណបក្សប្រជាជនកម្ពុជាអស់ពេលបីទសវត្សរ៍មកនេះ បែរជាត្រូវប្រកាសរំសាយមន្ត្រីបុគ្គលិកទាំងអស់នៃកាសែតរស្មីកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បែបនេះសោះ។ អរគុណសន្តិភាព!»
លោក ប៉ែន ខុន ក៏បានបញ្ជាក់ថា កាសែតមួយនេះមាននិន្នាការគាំទ្របក្សប្រជាជនកម្ពុជា ក្នុងចំណោមកាសែតជាច្រើនទៀត ហើយការប្រកាសរំសាយបុគ្គលិកជារឿងមួយមិនគួរកើតឡើងឡើយ។
អ្នកកាសែតរស្មីកម្ពុជាផ្សេងទៀតដែលរងនូវការបាត់បង់ការងារដែរនោះ បានលើកឡើងនៅតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ពួកគេរៀងៗខ្លួនថា រស្មីកម្ពុជា ជាសារព័ត៌មានមួយដែលល្បីឈ្មោះ និងបោះសំឡេងតាំងពីឆ្នាំ១៩៩៣ មក ពួកគេស្នើសុំឲ្យថ្នាក់ដឹកនាំមេត្តាពិចារណាចំពោះការរំសាយបុគ្គលិកពេលនេះ និងឲ្យពួកគេចូលក្របខ័ណ្ឌ។
ការបិទទ្វារកាសែតរស្មីកម្ពុជាពេលនេះ គឺជាការបិទលើកទីពីរ បន្ទាប់ពីកាសែតដ៏ធំ និងមានឈ្មោះបោះសំឡេងមួយនេះ ត្រូវបានបិទម្តងហើយកាលពីឆ្នាំ២០២០ ដោយបញ្ចប់ការបោះពុម្ពទាំងស្រុង ហើយបន្តដំណើរការតាមអនឡាញ។ នាយកគ្រប់គ្រងការផ្សាយកាសែតនេះ បានប្រាប់ពីមូលហេតុនៃការបិទនាពេលកន្លងមកនោះថា ការបិទគឺបណ្ដាលមកពីកត្តាហិរញ្ញវត្ថុ និងដើម្បីធ្វើការកែទម្រង់ថ្មីឲ្យស្របទៅនឹងការវិវត្តនៃសភាពការណ៍ថ្មីរបស់សង្គម។
កាលពីខែមេសា ឆ្នាំ២០២៣ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្លាប់ថ្លែងក្នុងវេទិកាសាធារណៈមួយថា សារព័ត៌មានបោះពុម្ពផ្សាយតាមបែបប្រពៃណីដែលរួមមានកាសែត ព្រឹត្តិបត្រ ទស្សនាវដី្ត ដែលចុះបញ្ជីនៅក្រសួងព័ត៌មាន មានប្រមាណ ៦៦០អង្គភាព គេហទំព័រ និងទូរទស្សន៍អនឡាញ ប្រមាណ ៨៨០អង្គភាព វិទ្យុ FM ចំនួន ២២១ស្ថានីយ ទូរទស្សន៍ផ្សាយផ្ទាល់មានចំនួន ១៩ស្ថានីយ និងផ្សាយបន្តចំនួន ១៦៥ស្ថានីយ។ ចំណែកទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាងវិទ្យុទូរទស្សន៍បរទេសប្រចាំការអចិន្ត្រៃយ៍មានចំនួន ១៧អង្គភាព និងសមាគមសារព័ត៌មានសរុបចំនួន ៥១អង្គភាព។
បើតាមសន្ទស្សន៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Border) ចេញផ្សាយជាសាធារណៈនៅថ្ងៃទី៣ ខែឧសភា បានចាត់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាស្ថិតក្នុងលំដាប់លេខរៀងទី១៤៧ លើ ១៨០ប្រទេសនៅឆ្នាំ២០២៣។
ចំណាត់ថ្នាក់នេះបង្ហាញឲ្យឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជានៅតែស្ថិតក្នុងស្ថានភាពអាក្រក់ដដែល។ ក្នុងឆ្នាំ២០២៣ នេះ ពិន្ទុសេរីភាពសារព័ត៌មាននៅកម្ពុជាបានថយចុះ ១ពិន្ទុវិញ គឺបានតែ ៤២ពិន្ទុ បើប្រៀបធៀបនឹងឆ្នាំ២០២២ កន្លងទៅ កម្ពុជាទទួលបានចំនួន ៤៣ពិន្ទុ៕
© 2023, . All rights reserved.