អ្នកស្រី ហ៊ុន គឹមឡេង (រូប​ឆ្វេង) ក្មួយស្រី​បង្កើត​របស់​លោក ហ៊ុន សែន (រូប​ស្ដាំ) និង​ជា​ភរិយា​របស់​លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត។

ជម្លោះដីធ្លី

លោក ហ៊ុន សែន បន្ត​កាត់​ឆ្វៀល​ដី​ដែន​គម្រប​ព្រៃឈើ​ជាង​២០​ហិកតារ​ក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យ​អ្នកស្រី ហ៊ុន គឹមឡេង

By ឌឹ ខេមបូឌា ដេលី

December 06, 2023

លោក ហ៊ុន សែន ដែល​ល្បីល្បាញ​ដឹកនាំ​ប្រទេស​ខាង​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​ខ្មែរ បន្ត​កាត់​ឆ្វៀល​ដី​ក្នុង​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​ខេត្ត​ព្រះសីហនុ ជាង ២០​ហិកតារ ផ្តល់​ជា​កម្មសិទ្ធិ​ឱ្យ​អ្នកស្រី ហ៊ុន គឹមឡេង ដែល​ជា​ភរិយា​របស់​លោក នេត សាវឿន ត្រូវ​ជា​ឧបនាយករដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី។

មេដឹកនាំ​ខ្មែរ​ដែល​ប្រើ​អំណាច​រំលោភ​ដី​រដ្ឋ​ចែក​ជា​កម្មសិទ្ធិ​ឱ្យ​សាច់ញាតិ​ខ្លួនឯង​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២៣ ដោយ​សម្រេច​កាត់​ឆ្វៀល​ដី​ក្នុង​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជាង ២០​ហិកតារ (២៣​ហិកតារ ៧១​អា និង ៤៥​សង់ទីអា) ស្ថិត​ក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នកស្រី ហ៊ុន គឹមឡេង ក្នុង​នោះ​លោក ហ៊ុន សែន បញ្ជាក់​ថា ដី​នេះ​គឺជា​ដី​ដែល​អ្នកស្រី​កំពុង​កាន់កាប់​ជាក់ស្តែង​សព្វថ្ងៃ​នេះ។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់កាប់​ទឹកដី​ខ្មែរ​ផ្ដាច់មុខ​ក្នុង​រង្វង់​គ្រួសារ​ខ្លួនឯង លោក ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ទាំងអស់​ត្រូវ​អនុវត្ត​នូវ​អនុក្រឹត្យ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ។ ជាង​នេះ​ទៀត រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​រុក្ខាប្រមាញ់ និង​នេសាទ រួម​ទាំង​ក្រសួង​ពាក់ព័ន្ធ​នានា ក៏​ត្រូវ​តែ​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​អនុក្រឹត្យ​នេះ​ជា​កំហិត​ដែរ។

ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ខេត្ត​ព្រះសីហនុ ត្រូវ​បាន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន ចុះហត្ថលេខា​កាត់​ឆ្វៀល​ឱ្យ​ក្រុមហ៊ុន និង​បុគ្គល​ឯកជន​ជា​បន្តបន្ទាប់​សព្វថ្ងៃ​នេះ ដែល​ធ្វើ​ឱ្យ​តំបន់​អភិរក្ស​មួយ​នេះ​ប្រឈម​នឹង​ការ​បាត់បង់​ទាំងស្រុង​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ឯកជន​ជា​ចម្រៀកៗ​ទៅ​ថ្ងៃ​មុខ។

ជាក់ស្តែង កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​ក្នុង​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជាង ៧០​ហិកតារ (៧១​ហិកតារ ១០​អា និង ៣៨​សង់ទីអា) ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា រតនៈ សម្បត្តិ ដែល​គេ​ស្គាល់​ថា​ជា​នាយក​ក្រុមហ៊ុន​ឯកជន Kong Pong Devaresort ក្រុមហ៊ុន The Rich Resort ក្រុមហ៊ុន ក្រោន អីស្ទេត ខូអិលធីឌី ហើយ​ក៏​ជា​ម្ចាស់​ភោជនីយដ្ឋាន​ម្លប់​ជ្រៃ​ប៉ោកី ខេត្ត​ព្រះសីហនុ សព្វថ្ងៃ​នេះ។

ជាង​នេះ​ទៀត កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២២ កន្លង​ទៅ ឧកញ៉ា រតនៈ សម្បត្តិ ក៏​ធ្លាប់​ទទួល​បាន​ដី​ទំហំ​ជាង ៩០​ហិកតារ (៩៤​ហិកតារ ៨៧​អា និង ៨៥​សង់ទីអា) ពី​ដែន​គម្រប​ព្រៃឈើ​ផង​ដែរ។

លើស​ពី​នេះ តំបន់​អភិរក្ស​នេះ​ក៏​ត្រូវ​បាន​កាត់​ឆ្វៀល​ជាង ១០​ហិកតារ ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា ពុង ឃាវសែ កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ ថែម​ទៀត ខណៈ​ឧកញ៉ា សេង ញ៉ក និង​ជំទាវ លី អាផណ ដែល​ត្រូវ​ជា​សាច់ញាតិ​របស់​ឧកញ៉ា លី យ៉ុងផាត់ ក៏​ទទួល​បាន​ដី​ពី​តំបន់​នេះ​ចំនួន ៦០០​ហិកតារ​ដែរ​កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២០ កន្លង​ទៅ។

ចំណែក​កូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន ពីរ​នាក់ គឺ​អ្នកស្រី ហ៊ុន ម៉ាណា និង​អ្នកស្រី ហ៊ុន ម៉ាលី ក៏​ទទួល​បាន​ដី​ក្នុង​ដែន​គម្រប​ព្រៃឈើ​នេះ​ជាង ៤០​ហិកតារ​ដែរ។ ទន្ទឹម​នេះ លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ក៏​ទទួល​បាន​ដី​ក្នុង​តំបន់​នេះ​ធ្វើ​ជា​កម្មសិទ្ធិ​ជាង ១​ម៉ឺន​ម៉ែត្រ​ក្រឡា (១​ហិកតារ ២១​អា ៦១​សង់ទីអា) ថែម​ទៀត​កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ។

ដោយឡែក​ដន្លង​ពីរ​នាក់​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ថេង អាយអាន្នី ភរិយា​លោក សុខ អាន និង​ត្រូវ​ជា​ម្តាយក្មេក​របស់​អ្នកស្រី ហ៊ុន ម៉ាលី និង​អ្នកស្រី ម៉ុក ប៉ូប៉ុនរិទ្ធ ភរិយា​លោក ពេជ្រ សោភ័ណ្ឌ ដែល​ត្រូវ​ជា​ម្តាយក្មេក​របស់​លោក ហ៊ុន ម៉ាណែត ក៏​ទទួល​បាន​សិទ្ធិ​កាន់កាប់​ដី​ក្នុង​តំបន់​អភិរក្ស​នេះ​ទំហំ ៦​ហិកតារ ០៦​អា និង ១១​សង់ទីអា​ដែរ កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២២ កន្លង​ទៅ ដោយ​ក្នុង​អនុក្រឹត្យ​នោះ បញ្ជាក់​ថា អ្នកស្រី​ទាំង​ពីរ​គឺជា​ប្រជាពលរដ្ឋ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ដោយ​កំណត់​ដី​សាធារណៈ​របស់​រដ្ឋ​ជិត ១​លាន​ហិកតារ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ចំនួន ១៥ ដើម្បី​ត្រៀម​ធ្វើ​អនុប្បយោគ និង​បែងចែក​ជា​កម្មសិទ្ធិ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នានា​ដើម្បី​ធ្វើការ​អភិវឌ្ឍ ខណៈ​ខេត្ត​ដែល​មិន​ជាប់​ក្នុង​អនុក្រឹត្យ​នេះ ក៏​ត្រូវ​រង​នូវ​ការ​បែងចែក​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​កាន់កាប់​ធ្វើ​ជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់​ផង​ដែរ។

អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក (Global Forest Watch) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា គម្រប​ព្រៃឈើ​នៅ​កម្ពុជា​ជាង ១​សែន​ហិកតារ (១៤៨០០០​ហិកតារ) ដែល​ស្មើ​នឹង ៨,៦% ត្រូវ​បាន​បាត់បង់​នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ចន្លោះ​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១៩ ដោយសារ​ការ​ឈូស​ឆាយ​ដីធ្លី​ខុស​ច្បាប់ ក្រោម​សិទ្ធិ​ផ្តល់​ដី​សម្បទាន​ដោយ​អាជ្ញាធរ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ឈើ និង​ក្រុមហ៊ុន​ធ្វើ​ចម្ការ​នានា​ឈូស​ឆាយ​ព្រៃ​ក្នុង​តំបន់​អភិរក្ស​នេះ​យ៉ាង​អនាធិបតេយ្យ៕