30 C
Phnom Penh

ក្រុម​សង្កេតការណ៍​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កាត់បន្ថយ​ចំនួន​ក្រុម​ការងារ​ចុះ​ជួយ​មូលដ្ឋាន​ដើម្បី​កាត់បន្ថយ​ចំណាយ​រដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​សង្កេតការណ៍ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ពិនិត្យ និង​កាត់បន្ថយ​ចំនួន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន ដើម្បី​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​រដ្ឋ ដោយ​ងាក​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​សមត្ថភាព​របស់​មន្ត្រី​មូលដ្ឋាន​ជំនួស​វិញ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ ធ្នូ នេះ​ថា សមាសភាព​ដែល​រដ្ឋាភិបាល​អាណត្តិ​ថ្មី​តែងតាំង​ជា​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​នៅ​ពេលនេះ គឺ​មាន​ចំនួន​កាន់តែ​ច្រើន​ជាង​អាណត្តិ​មុនៗ ខណៈ​ប្រសិទ្ធភាព​ការងារ​របស់​ក្រុម​ការងារ​នេះ មិន​ទទួល​បាន​ផល​ច្រើន​ទេ និង​ជា​ការ​ជ្រៀតជ្រែក​ការងារ​លើ​មន្ត្រី​មូលដ្ឋាន​ក៏​មាន​កាន់​តែ​ច្រើន​ដែរ ដែល​ជា​ហេតុ​មិន​ឱ្យ​ពួកគេ​ហ៊ាន​សម្រេច​ចិត្ត​ធ្វើ​ការងារ​ដោយ​ពេញលេញ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។

លោក សេក សុជាតិ លើកឡើង​ថា ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​នៃ​មន្ត្រី​រដ្ឋាភិបាល​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ គ្មាន​អ្វី​ដែល​ត្រូវ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ពង្រឹង​ក្រៅពី​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ឡើយ។ ផ្ទុយទៅវិញ បើ​ការ​អនុវត្ត​ច្បាប់​នៅតែ​ធូរ​រលុង ទោះ​បន្ថែម​សមាសភាព​ក្រុម​ការងារ​ច្រើន​ប៉ុនណា​ក៏ដោយ ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ គឺ​មាន​តែ​ធ្វើ​ឱ្យ​ខាតបង់​ថវិកា​ជាតិ​ទៅ​លើ​ក្រុម​ការងារ​នោះ​ប៉ុណ្ណោះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ បញ្ជាក់​ថា កន្លង​មក មន្ត្រី​រដ្ឋាភិបាល​តែង​ឆ្លើយ​ដាក់​គ្នា​ដោយ​មិន​ទទួល​ខុសត្រូវ​លើ​ការងារ​របស់​ខ្លួន​នោះ​ទេ ដែល​មូលហេតុ​នោះ​គឺ​ដោយសារតែ​ការ​តែងតាំង​តួនាទី​ភារកិច្ច​ក្នុង​ការ​អនុវត្ត​ការងារ គ្មាន​ភាព​ច្បាស់លាស់ បណ្តាល​ឱ្យ​មន្ត្រី​ម្នាក់ៗ​ឆ្លើយ​ដាក់​គ្នា​ទៅវិញ​ទៅមក​រាល់​ពេល​ដែល​មាន​កំហុស​កើតឡើង​ម្តងៗ ហើយ​បញ្ហា​បែប​នេះ​ក៏​ជា​សញ្ញា​នៃ​ការ​អនុវត្ត​ការងារ​គ្មាន​ប្រសិទ្ធភាព និង​បង្ហាញ​ពី​ការ​មិន​ទទួល​ខុសត្រូវ​របស់​មន្ត្រី​ទាំងនោះ​ដែរ។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្សព្វផ្សាយ​អនុក្រឹត្យ​ដែល​បាន​តែងតាំង​សមាសភាព​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​តាម​បណ្តា​ខេត្ត​នានា ដែល​នាយករដ្ឋមន្ត្រី​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ ក្នុង​នោះ​ក្រុម​ការងារ​រាជធានី​ភ្នំពេញ​មាន​ចំនួន ២០៣​នាក់ ក្រុម​ការងារ​ខេត្ត​កំពង់ស្ពឺ មាន​ចំនួន ១៨៨​នាក់ ក្រុម​ការងារ​ខេត្ត​សៀមរាប មាន​ចំនួន ២៥០​នាក់ និង​តាម​បណ្តា​ខេត្ត​ផ្សេង​ទៀត​ដែល​មាន​ចំនួន​ក្រុម​ការងារ​រាប់​រយ​នាក់​ដូច​គ្នា។

កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ក៏​បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​តួនាទី​ភារកិច្ច​របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ផង​ដែរ ដោយ​កំណត់​ឱ្យ​ក្រុម​ការងារ​ទាំងនោះ​ដែល​ចុះ​មូលដ្ឋាន​រាជធានី-ខេត្ត​នីមួយៗ ត្រូវ​ពិគ្រោះ​ពិភាក្សា​រៀបចំ​ចាត់តាំង​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្នុង​រាជធានី​ខេត្ត​នីមួយៗ​ឱ្យ​បាន​រួចរាល់​យ៉ាង​យូរ​ត្រឹម​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ។

ចំណែក​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ-សង្កាត់​នីមួយៗ ត្រូវ​ពិគ្រោះ​ពិភាក្សា​ដើម្បី​បែងចែក​សមាសភាព​ក្រុម​ការងារ​ឱ្យ​ចុះ​ទទួល​ការងារ​តាម​ភូមិ​នានា​ក្នុង​ឃុំ និង​សង្កាត់​នីមួយៗ​ឱ្យ​បាន​រួចរាល់​យ៉ាង​យូរ​ត្រឹម​ដំណាច់​ខែ​មករា ឆ្នាំ​២០២៤ ខាងមុខ​នេះ​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​វិភាគ​លើកឡើង​ថា តាំង​ពី​ដើម​រហូត​មក គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស​តាម​របៀប​កុម្មុយនីស្ត ដូច្នេះ​ការ​រៀបចំ​ក្រុម​ការងារ​នានា ដូចជា ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​នេះ ជាដើម មិន​មែន​ជា​គោលដៅ​នៃ​ការ​អភិវឌ្ឍ​ជាតិ​ដោយ​ពិតប្រាកដ​ទេ គឺជា​ការ​ចងក្រង​សមាជិក​បក្ស​សម្រាប់​ជួយ​ពង្រឹង​ការ​កាន់កាប់​អំណាច​របស់​មេដឹកនាំ​គណបក្ស​នេះ​ឱ្យ​កាន់តែ​រឹងមាំ​ប៉ុណ្ណោះ ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ ក៏​ជា​យុទ្ធសាស្ត្រ​នយោបាយ​ចងក្រង​សមាជិក​បក្ស​នៅ​តាម​ក្រសួង​ស្ថាប័ន​ដោយ​បើក​ចំហ​ដែរ ប៉ុន្តែ​គ្រាន់តែ​ប្រើ​ឈ្មោះ ក្រុម​ការងារ​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ ខណៈ​គណបក្ស​ដែល​កំពុង​កាន់កាប់​រដ្ឋាភិបាល​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​តែម្តង។

ប្រភព​ដដែល​អះអាង​ថា បើ​ត្រឹមតែ​ការ​អនុវត្ត​ការងារ​នៅ​មូលដ្ឋាន​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ មន្ត្រី​ដែល​ត្រូវ​បាន​តែងតាំង​នៅ​តាម​ភូមិ ឃុំ​សង្កាត់ ស្រុក ក្រុង រាជធានី ខេត្ត គឺ​មាន​គ្រប់គ្រាន់​ហើយ។ ផ្ទុយទៅវិញ បើ​ចំនួន​មន្ត្រី​មូលដ្ឋាន​ទាំងនោះ​មិន​គ្រប់គ្រាន់​សម្រាប់​អនុវត្ត​ការងារ​របស់​រដ្ឋាភិបាល ហេតុ​ដូចម្តេច​ក៏​មិន​ជ្រើសរើស​មន្ត្រី​បន្ថែម​ទៀត ដើម្បី​កុំ​ឱ្យ​មាន​មន្ត្រី​មូលដ្ឋាន​ផង មាន​ក្រុម​ការងារ​ចុះ​ជួយ​មូលដ្ឋាន​ផង ដូច​ដែល​រដ្ឋាភិបាល​អាណត្តិ​ចាស់​អនុវត្ត​កន្លង​មក។

កាលពី​អំឡុង​ឆ្នាំ​២០២២ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ថា ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​ខេត្ត​អាណត្តិ​ទី​៦ ចុះ​មូលដ្ឋាន​រាជធានី​ខេត្ត​មាន​ចំនួន​ជាង ២​ម៉ឺន​នាក់ (២០៤០៩​នាក់) និង​ក្រុម​ការងារ​ក្រុង ស្រុក ឃុំ​សង្កាត់ មាន​ចំនួន​ជិត ២​ម៉ឺន​នាក់ (១៩៩១៣​នាក់) ដែល​គិត​ជា​សរុប​គឺ​មាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ដល់​ទៅ​ជាង ៤​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស (៤០៣២២​នាក់) ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា ចំនួន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ ខណៈ​ចំនួន​ក្រុម​ការងារ​តាម​បណ្តា​ខេត្ត​ដែល​បាន​ផ្សព្វផ្សាយ គឺ​មាន​ចំនួន​ច្រើន​ជាង​រដ្ឋាភិបាល​ចាស់​គ្រប់​ខេត្ត​ទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស