កិច្ចប្រជុំ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​លើកដំបូង​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​វិមាន​សន្តិភាព ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៣។

នយោបាយ

លោក ហ៊ុន ម៉ាណែត បើក​កិច្ចប្រជុំ​ដំបូង​ជាមួយ​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ថ្មី

By ឌឹ ខេមបូឌា ដេលី

December 07, 2023

នាយករដ្ឋមន្ត្រី​ថ្មី​ដែល​យក​លំអាន​ដឹកនាំ​ពី​ឪពុក លោក ហ៊ុន ម៉ាណែត បើក​កិច្ចប្រជុំ​លើកដំបូង​ក្រោយ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ជាមួយ​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​មាន​តំណាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចូលរួម​ជិត ៣០​គណបក្ស។

លោក ហ៊ុន ម៉ាណែត ដែល​កំពុង​ដឹកនាំ​ប្រទេស​តាម​ការ​រៀបចំ​របស់​លោក ហ៊ុន សែន បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៣ ថា កិច្ចប្រជុំ​លើកដំបូង​ជាមួយ​នឹង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នេះ ត្រូវ​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព ដែល​មាន​ការ​ចូលរួម​ពី​មន្ត្រី​រាជរដ្ឋាភិបាល និង​តំណាង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ជាង ២០០​នាក់ (២១២​នាក់)។

នាយករដ្ឋមន្ត្រី​ថ្មី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា គណបក្ស​នយោបាយ​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​រួម​មាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់​លោក ម៉ម សុណង់ដូ គណបក្ស​បំណង​ពលរដ្ឋ របស់​លោក អិត សារុំ គណបក្ស​ឯកភាព​ជាតិ​ខ្មែរ របស់​លោក អ៊ុន ជឹម និង​គណបក្ស​ខ្មែរ​តែ​មួយ របស់​លោក គុជ លី ជាដើម។

ការ​បើក​កិច្ចប្រជុំ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នេះ ធ្វើឡើង​បន្ទាប់ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំង​ជិត ៣០ នេះ​បាន​ចង​សម្ព័ន្ធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន កាលពី​ពេល​ថ្មីៗ​នេះ ក្នុង​នោះ តំណាង​គណបក្ស​នយោបាយ​ទាំងនោះ​ក៏​ត្រូវ​បាន​តែងតាំង​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ ធ្នូ នេះ​ថា ការ​បង្កើត​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នេះ​នា​ពេល​កន្លងមក លោក​ពុំ​ដែល​ឃើញ​ពួកគេ​ជួយ​កែ​ទម្រង់​ការ​ដឹកនាំ ឬ​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​របស់​ពលរដ្ឋ​ទេ ដូចជា ការ​ធ្វើ​ចំណាកស្រុក ការ​ជំពាក់​បំណុល ការ​រំលោភ​សិទ្ធិ​ការងារ និង​ការ​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ជាដើម។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​មាន​ការ​ចូលរួម​ពី​គណបក្ស​នយោបាយ​កាន់តែ​ច្រើន ប៉ុន្តែ​លោក​មិន​ដឹង​ថា​តើ​តំណាង​គណបក្ស​ដែល​ក្លាយ​ជា​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ទាំងនេះ អាច​កែ​ទម្រង់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ឬ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​បាន ឬ​ក៏​អត់​នោះ​ទេ ខណៈ​បញ្ហា​ក្នុង​សង្គម​កំពុង​កើត​ឡើង​ជា​បន្តបន្ទាប់​នៅ​ពេលនេះ ដូចជា អំពើពុករលួយ ការ​រំលោភ​សិទ្ធិ​កម្មករ និង​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ជាដើម។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា សព្វថ្ងៃ​នេះ រដ្ឋាភិបាល​កម្ពុជា​មាន​ស្ថាប័ន​ច្រើន​ហើយ​សម្រាប់​អភិវឌ្ឍ​ប្រទេស​ដែល​ជា​សេនាធិការ​របស់​ខ្លួន ប៉ុន្តែ​បញ្ហា​នៅតែ​កើតមាន ខណៈ​ការ​អភិវឌ្ឍ និង​ការ​កែ​ទម្រង់​នានា នៅតែ​ជា​បញ្ហា​ដដែល ដូច្នេះ​ប្រសិនបើ​តំណាង​គណបក្ស​នយោបាយ​ដែល​បាន​ក្លាយ​ជា​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នេះ មិន​អាច​ធ្វើ​អ្វី​កើត​ទេ ដោយ​ចាំ​តែ​ទទួល​ប្រាក់ខែ នោះ​គឺ​មាន​ន័យ​ថា តួនាទី​របស់​ពួកគេ​កំពុងតែ​បំផ្លាញ​ថវិកា​ជាតិ​ដែល​ពលរដ្ឋ​បាន​បង់​ពន្ធ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២៣ ព្រះមហាក្សត្រ​ខ្មែរ​បាន​ចេញ​ព្រះរាជក្រឹត្យ​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ តាម​ការ​ស្នើសុំ​របស់​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ ខណៈ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ត្រូវ​បាន​បង្កើត​ឡើង​ជា​លើកដំបូង​ដោយ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន កាលពី​អាណត្តិ​ទី​៦ កន្លង​ទៅ​នោះ។

ក្រោយពី​ព្រះមហាក្សត្រ​ខ្មែរ​បាន​ចេញ​ព្រះរាជក្រឹត្យ​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ លោក ហ៊ុន ម៉ាណែត ក៏​បាន​ចេញ​អនុក្រឹត្យ​តែងតាំង និង​ផ្តល់​ឋានៈ​ដល់​សមាសភាព​ប្រតិភូ​នៃ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ចំនួន ១៧៤​នាក់ ដែល​មកពី​គណបក្ស​នយោបាយ​ចំនួន ២៩ ផង​ដែរ កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២៣ កន្លង​ទៅ​ដែល​មាន​តំណែង​ស្មើ​ចាប់ពី​អគ្គនាយករង អគ្គនាយក អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ រដ្ឋមន្ត្រី និង​ទេសរដ្ឋមន្ត្រី​ផង​ដែរ៕