លោក សម រង្ស៊ី (រូប​កណ្ដាល) អតីត​មេដឹកនាំ​បក្ស​ប្រឆាំង

នយោបាយ

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​មន្ត្រី​បក្ស​ភ្លើង​ទៀន​កុំ​ប្រើ​មធ្យោបាយ​វាយប្រហារ​គ្នា​ដោយសារ​តែ​រឿង​ផ្ទាល់​ខ្លួន

By ឌឹ ខេមបូឌា ដេលី

December 10, 2023

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន កុំ​ប្រើ​មធ្យោបាយ​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក ឬ​បញ្ឈរ​តួនាទី​នរណា​ម្នាក់​តាម​វិធានការ​ផ្សេងៗ ដោយសារ​តែ​រឿង​ផ្ទាល់ខ្លួន បន្ទាប់ពី​ប្រធាន​គណបក្ស​ភ្លើង​ទៀន​សម្រេច​បញ្ចប់​តួនាទី​មន្ត្រី​ប្រតិបត្តិ​ខេត្ត​សៀមរាប របស់​គណបក្ស​នេះ​កាលពី​ពេល​ថ្មីៗ។

លោក សម រង្ស៊ី បាន​ចេញ​លិខិត​អំពាវនាវ​មួយ​នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​គណបក្ស​នយោបាយ​ដែល​ស្រឡាញ់​ជាតិ និង​ជា​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ សហការ​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ធានា​ភាព​ជោគជ័យ​នៃ​បុព្វហេតុ​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ជួយ​សង្គ្រោះ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ដាស់តឿន​កុំ​ឱ្យ​ប្រើ​មធ្យោបាយ​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក​ដោយសារតែ​រឿង​ផ្ទាល់ខ្លួន ហើយ​និង​ត្រូវ​ចៀសវាង​ការ​ចាត់ការ​វិធានការ​ណា​មួយ​ដែល​មាន​បំណង​បញ្ឈប់​តួនាទី និង​ការងារ​របស់​សកម្មជន​ណា​ម្នាក់​ដែល​មាន​ទឹកចិត្ត​នៅតែ​ស្មោះត្រង់​ចំពោះ​ប្រទេស​ជាតិ និង​ពលរដ្ឋ។ ជាង​នេះ​ទៀត លោក សម រង្ស៊ី សង្កត់​ធ្ងន់​ថា ការ​ដក​លោក សោម សូរិយា គឺជា​រឿង​មិន​ត្រឹមត្រូវ​ដាច់ខាត។

លោក សម រង្ស៊ី បញ្ជាក់​ថា លោក​ជឿជាក់​ថា​នឹង​មាន​ពេល​មួយ​ខាងមុខ​ដែល​អ្នក​ស្រឡាញ់​ជាតិ អ្នក​ប្រជាធិបតេយ្យ​ចេះ​ចែក​ការងារ​គ្នា​ធ្វើ និង​ចេះ​បែងចែក​តួនាទី​ចំពោះ​បុគ្គល​ម្នាក់ ដើម្បី​សង្គ្រោះ​ជាតិ​ចេញពី​របប​ដឹកនាំ​ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​សព្វថ្ងៃ​នេះ​ឱ្យ​ទាន់​ពេលវេលា។

កាលពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ទាវ វណ្ណុល បាន​ចេញ​សេចក្តី​សម្រេច​បញ្ចប់​តួនាទី​លោក សោម សូរិយា ពី​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ខេត្ត​សៀមរាប ក្រោម​ហេតុផល​ថា លោក សោម សូរិយា បាន​ធ្វើ​សកម្មភាព​ផ្ទុយ​នឹង​ផល​ប្រយោជន៍​របស់​គណបក្ស​ដែល​ប្រឆាំង​នឹង​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃក្នុង​គណបក្ស​ធ្ងន់ធ្ងរ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក សុន ឆ័យ ធ្លាប់​បាន​លើកឡើង​ថា ខាង​ក្រុម​ប្រឆាំង​ក៏​មិន​ខុស​ពី​ក្រុម​អ្នក​កាន់​អំណាច​ដែរ គឺ​តែងតែ​ចោទ​ប្រកាន់​លើ​អ្នក​ដែល​រិះគន់​ទង្វើ​ខុស​ឆ្គង​របស់​ខ្លួន​ក្រោម​លេស​ផ្សេងៗ ទោះ​ការ​រិះគន់​នោះ​ដើម្បី​កែលំអ​ក៏ដោយ ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​អ្នក​ដែល​មាន​និន្នាការ​កណ្តាល​ដែល​ចង់​ផ្តល់​មតិ​យោបល់​ដើម្បី​ស្ថាបនា ត្រូវ​រង​នូវ​ការ​ចោទប្រកាន់​យ៉ាង​អយុត្តិធម៌ និង​រង​នូវ​ការ​លាប​ពណ៌​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត។

លោក សុន ឆ័យ ត្អូញត្អែរ​ថា ការ​តស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ គឺ​ពិត​ជា​រង​នូវ​ការ​លំបាក​ណាស់ ហើយ​ស្ថានភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា​ដែល​ធ្លាក់​ដល់​ចំណុច​អាក្រក់​សព្វថ្ងៃ​នេះ គឺជា​ការ​បង្ក​ឡើង​ដោយ​ក្រុម​អ្នក​កាន់​អំណាច និង​ក្រុម​ប្រឆាំង​មួយ​ចំនួន ដែល​ពួកគេ​តែង​ចោទ​ប្រកាន់​អ្នក​រិះគន់​កែលំអ​ខ្លួន ថា​ជា​ជន​ក្បត់ ជាដើម ដែល​អត្តចរិត​នយោបាយ​បែប​នេះ​បាន​បំផ្លាញ​ប្រទេស​កម្ពុជា​រហូត​ដល់​ពេលនេះ។

ចំណែក​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក ស្រ៊ុន ស្រ៊ន ក៏​ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ​ថា មេដឹកនាំ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ស្ទើរតែ​គ្រប់​បក្ស​ទាំងអស់​នៅ​កម្ពុជា មិន​ទាន់​បាន​រៀបចំ​បក្ស​របស់​ពួកគេ​ឱ្យ​មាន​គោលការណ៍​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​ផ្ទៃក្នុង​បក្ស​របស់​ខ្លួន​នៅឡើយ​ទេ។

លោក​បន្ថែម​ថា ជាង​នេះ​ទៀត ពួកគេ​ក៏​មាន​ចំណុច​ខ្សោយ​ជាច្រើន​ដែរ ដោយសារតែ​អ្នក​ទាំងនោះ​រវល់​តែ​ប្រឆាំង​នឹង​បក្ស​ដទៃ តែ​មិន​ខំ​នាំគ្នា​រៀបចំ និង​គ្រប់គ្រង​បក្ស​របស់​ខ្លួន​ឱ្យ​ស្រប​តាម​លក្ខខណ្ឌ​ប្រជាធិបតេយ្យ​ច្បាស់លាស់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បក្ស​របស់​ពួកគេ​មាន​បញ្ហា​មិន​ចេះ​ចប់ ដូចជា​ការ​បង្ក​ជម្លោះ​ផ្ទៃក្នុង​បក្ស​របស់​ខ្លួន​មិន​ចប់​មិន​ចេះ​ហើយ ជាដើម។

រីឯ​អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ក៏​បាន​លើកឡើង​ជុំវិញ​បញ្ហា​នេះ​ដែរ​ថា គណបក្ស​នយោបាយ​នៅ​កម្ពុជា​មាន​ចំនួន​ជាង ៤០​គណបក្ស​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ​នេះ ប៉ុន្តែ​ភាគច្រើន​នៃ​គណបក្ស​នយោបាយ​ទាំងនោះ​ច្រើន​តែ​ប្រើ​អំណាច​បុគ្គល ឬ​ក្រុម​របស់​ខ្លួន​ធ្វើ​ជា​ច្បាប់​សម្រាប់​ដឹកនាំ​គណបក្ស​របស់​ពួកគេ ជាជាង​ប្រើ​ច្បាប់​ដែល​មាន​តម្លាភាព​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ ដូចជា ការ​តែងតាំង​មន្ត្រី​ក្នុង​បក្ស ឬ​ដក​តំណែង​មន្ត្រី​ណា​ម្នាក់​ក្នុង​បក្ស​របស់​ខ្លួន ជាដើម។

លោក សេក សុជាតិ បញ្ជាក់​ថា ការ​ដឹកនាំ​របស់​គណបក្ស​នយោបាយ​ដោយ​ផ្អែក​លើ​អំណាច​បុគ្គល ឬ​អំណាច​ក្រុម​ណា​មួយ នឹង​ធ្វើ​ឱ្យ​បក្ស​នោះ​បាត់បង់​ធនធាន​មនុស្ស​ទាំងអស់ ដែល​ជា​ថ្នូរ​មក​វិញ គឺ​ទទួល​បាន​តែ​អ្នក​ដែល​ចេះ​អែបអប​តែប៉ុណ្ណោះ ខណៈ​អ្នក​មាន​ជំនាញ និង​ចំណេះដឹង​អភិវឌ្ឍ​ប្រទេស​ជាតិ​ពិតប្រាកដ ដែល​មាន​ស្មារតី​ឯករាជ្យ នឹង​ត្រូវ​ដើរ​ចេញ​ម្តង​ម្នាក់ៗ​រហូត​ធ្វើ​ឱ្យ​បក្ស​នយោបាយ​នោះ​បាត់បង់​នូវ​គោលដៅ​ជួយ​ជាតិ​របស់​ខ្លួន​ទាំងស្រុង៕