អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក ហុង លីម និង​លោក មួង ណារ៉េត អតីត​អ្នក​សារព័ត៌មាន និង​ជា​សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ក្រុង​ឡងប៊ិច ដើម្បី​ជួយ​ដល់​សហគមន៍​ខ្មែរ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក។

ព័ត៌មានជាតិ

ក្រុម​អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យ​នៅ​អាមេរិក​និង​អូស្ត្រាលី​បង្កើត​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ

By ឌឹ ខេមបូឌា ដេលី

December 10, 2023

ក្រុម​អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី គ្រោង​បង្កើត​ក្រុម​អ្នក​តស៊ូ​មតិ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ ដោយ​ដាក់​ឈ្មោះ​ថា «ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា»។ ការ​បង្កើត​ក្រុម​នេះ គឺ​ក្នុង​បំណង​ជំរុញ​ឱ្យ​មាន​ការ​ស្ដារ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ។

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ដែល​ហៅ​កាត់​ថា CAT (Cambodian Advocacy Team) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៣ ចេញពី​ទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី ថា ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​បញ្ញវន្ត​ខ្មែរ​ដែល​មាន​ទស្សនៈ​រួម​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​ស្ដារ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ តាមរយៈ​នៃ​ការ​តស៊ូ​មតិ​ជា​ប្រចាំ​លើ​បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​គោលនយោបាយ​សាធារណៈ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ បញ្ជាក់​ថា លោក ហុង លីម ដែល​ជា​អតីត​សមាជិក​រដ្ឋសភា​នៃ​រដ្ឋ​វិចតូរីយ៉ា ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​ក្រុម​ការងារ ចំណែក​លោក មួង ណារ៉េត ដែល​ជា​អតីត​អ្នក​សារព័ត៌មាន​ពោរពេញ​ដោយ​បទពិសោធន៍ និង​ជា​សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ក្រុង​ឡងប៊ិច ដើម្បី​ជួយ​ដល់​សហគមន៍​ខ្មែរ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​សព្វថ្ងៃ​នេះ ក៏​ត្រូវ​បាន​ជ្រើសរើស​ជា​អ្នក​នាំពាក្យ​របស់​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​នេះ​ផង​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា នឹង​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើការ​ជាមួយ​ខ្មែរ​គ្រប់​និន្នាការ​ដែល​មាន​ទិសដៅ និង​គោលបំណង​ស្រប​គ្នា​ក្នុង​ការ​លើក​ស្ទួយ និង​ជ្រោង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​កំពុង​ស្ថិត​ក្នុង​ភាព​ប្រកាស​អាសន្ន​សព្វថ្ងៃ​នេះ។

គោលបំណង​នៃ​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ កំពុង​ជាន់​ឈ្លី និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​មក​នេះ។

មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រទេស​កម្ពុជា​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ត្រូវ​រង​នូវ​ការ​ជាន់​ឈ្លី និង​បំផ្លាញ​គ្រប់​រូបភាព​យ៉ាង​ធ្ងន់ធ្ងរ​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កំពុង​តែ​រអិល​ធ្លាក់​បន្តិច​ម្តងៗ​ទៅ​រក​ការ​ដឹកនាំ​តាម​បែប​របប​កុម្មុយនីស្ត​ផ្ដាច់ការ​វិញ​នៅ​ពេលនេះ។

យ៉ាងណា​ក៏ដោយ មេដឹកនាំ​ដែល​ល្បីល្បាញ​ខាង​រំលោភ​ច្បាប់​លោក ហ៊ុន សែន ធ្លាប់​បាន​លើកឡើង​កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា កម្ពុជា​នៅ​ពេលនេះ​កំពុង​អនុវត្ត​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​បាន​យ៉ាង​ល្អ​ពី​មួយ​ដំណាក់​ទៅ​មួយ​ដំណាក់។ លោក ហ៊ុន សែន បញ្ជាក់​ថា សង្គម​ប្រជាធិបតេយ្យ​ដែល​គ្មាន​ការ​គោរព​ច្បាប់ គឺជា​សង្គម​អនាធិបតេយ្យ​ប៉ុណ្ណោះ។

ទោះជា​បែប​នេះ​ក្តី ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្នុង​កាលៈទេសៈ​នេះ អ្នក​នយោបាយ​ខ្មែរ​ល្មម​ដល់​ពេល​ត្រូវ​បញ្ឈប់​ប្រទូសរ៉ាយ​គ្នា​ហើយ ព្រោះ​ថា​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ គឺ​កិច្ចការ​ដែល​ពួកគេ​ត្រូវតែ​សហការ​គ្នា​ធ្វើ​ជា​បន្ទាន់​បំផុត ដើម្បី​បញ្ឈប់​ការ​ជាន់​ឈ្លី​ប្រជាធិបតេយ្យ​ពី​បក្ស​កាន់​អំណាច​បន្ត​ទៀត។

លោក គឹម សុខ បញ្ជាក់​ថា កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ពោរពេញ​ទៅ​ដោយ​ការ​គំរាមកំហែង ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ភ័យខ្លាច​គ្រប់ៗ​គ្នា ព្រោះ​ថា​រដ្ឋាភិបាល​ក្តោប​ក្តាប់​អំណាច​ដោយ​ឯក​បក្ស​មួយ​នេះ តែងតែ​រំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​កិច្ចព្រមព្រៀង​អន្តរជាតិ ជាន់​ឈ្លី​លទ្ធិប្រជាធិបតេយ្យ រំលោភ​សិទ្ធិមនុស្ស​ជា​អចិន្ត្រៃយ៍​ទៅ​ហើយ។

ចំណែក​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ក្នុង​រដ្ឋ​វិចតូរីយ៉ា លោក តាក់ ម៉េងហ៊ាង បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា បណ្តា​ប្រទេស​ដែល​ចង់​បង្កើត​ចំណង​មិត្តភាព​ការទូត​ជាមួយ​ប្រទេស​កម្ពុជា គឺ​គេ​ពិនិត្យ​ខ្លាំង​ណាស់​ទៅ​លើ​គោលការណ៍​របស់​កម្ពុជា​ដែល​បាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ព្រោះ​វា​ជា​កិច្ចសន្យា​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស ១៨ ផ្សេង​ទៀត ដែល​កម្ពុជា​នឹង​ត្រូវ​ធានា​ឱ្យ​បាន​នូវ​ការ​ប្រកាន់ខ្ជាប់​នូវ​របប​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ជាដើម។

ជាង​នេះ​ទៀត ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា អះអាង​ថា ប្រទេស​អូស្ត្រាលី សូម​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​លទ្ធិប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​សម្រាប់​សង្គម​មួយ​ដែល​ពលរដ្ឋ​អាច​បញ្ចេញ​ទស្សនៈ​របស់​ពួកគេ​ដោយ​សេរី និង​សន្តិភាព និង​ជា​សង្គម​មួយ​ដែល​ច្បាប់ និង​ស្ថាប័ន​នានា​ត្រូវ​បាន​ការពារ និង​លើក​កម្ពស់​សិទ្ធិមនុស្ស​ឱ្យ​បាន​ពេញលេញ៕