36 C
Phnom Penh

ជនជាតិ​វៀតណាម​២៥៧​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា​ដោយសារ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សម្រេច​បណ្តេញ​ជនជាតិ​វៀតណាម ២៥៧​នាក់​ចេញពី​កម្ពុជា ដោយសារ​ពួកគេ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scam) និង​ស្នាក់នៅ​ខុស​ច្បាប់ ស្រប​តាម​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ និង​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ។

បើ​តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម ២៥៧​នាក់​ក្នុង​នោះ​មាន​ស្រី ៥៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​១ ខែ​ធ្នូ នៅ​សង្កាត់​ស្វាយជ្រុំ ក្រុង​អរិយក្សត្រ ខេត្ត​កណ្តាល។ ពួកគេ​ទាំងនោះ​ត្រូវ​បណ្ដេញ​ចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​បាវិត ដោយ​មាន​ការ​សម្របសម្រួល និង​សហការ​រវាង​សមត្ថកិច្ច​កម្ពុជា និង​វៀតណាម។

ប្រភព​ដដែល​អះអាង​ថា ក្រុម​ជនជាតិ​វៀតណាម​បាន​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ និង​បទល្មើស​អន្តោប្រវេសន៍​ដោយ​ធ្វើ​ការងារ​ខុស​ច្បាប់ ដោយសារ​គ្មាន​ប័ណ្ណ​ការងារ ហើយ​ប្រើប្រាស់​ទិដ្ឋាការ​ខុស​គោលបំណង ពោល​គឺ​ប្រើ​ទិដ្ឋាការ​ទេសចរណ៍ ប៉ុន្តែ​បែរ​ជា​មក​ធ្វើ​ការងារ។ ក្រៅពី​នេះ ពួកគេ​ខ្លះ​ឆ្លងដែន​ដោយ​ខុស​ច្បាប់​ចូល​មក​ប្រទេស​កម្ពុជា។

កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​រងគ្រោះ​ដោយសារ​ជនបរទេស​តែងតែ​យក​កម្ពុជា​ជា​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ដោយ​លួចលាក់ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

ហេតុ​នេះ​ទើប​ក្រសួង​មហាផ្ទៃ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​អង្គភាព​ពាក់ព័ន្ធ ជាពិសេស​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ព្រមទាំង​បទល្មើស​អន្តោប្រវេសន៍ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នានា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព។

សមត្ថកិច្ច​នគរបាល​កម្ពុជា​កន្លង​មក​ក៏​បាន​ធ្វើការ​ដាស់តឿន និង​ក្រើន​រំលឹក​ដល់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​អគារ​ជួល ឬ​ទីតាំង​ជួល​នានា ត្រូវ​មាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ការ​ជួល​ទីតាំង​របស់​ខ្លួន​ទៅ​ឱ្យ​ជនបរទេស ដោយ​ត្រូវ​សាកសួរ​ព័ត៌មាន​អំពី​គោលបំណង​នៃ​ការ​ជួល និង​ត្រូវ​មាន​ការ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់ ចៀសវាង​នាំ​ឱ្យ​ទីតាំង​របស់​ខ្លួន​ត្រូវ​បាន​ប្រើប្រាស់​ធ្វើ​សកម្មភាព​បទល្មើស ឬ​ខ្លួន​ផ្ទាល់​អាច​ក្លាយ​ទៅ​ជា​អ្នក​សម្រួល​ផ្ដល់​ទីតាំង​ដល់​ការ​ប្រព្រឹត្ត​បទល្មើស​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា ទម្រង់​នៃ​ការ​គ្រប់គ្រង​ប្រទេស​ដែល​លោក ហ៊ុន សែន និង​កូនប្រុស​របស់​គាត់​កំពុង​ដឹកនាំ​នៅ​ពេលនេះ គឺជា​របៀប​ដឹកនាំ​ដែល​យក​កម្ពុជា​ធ្វើជា​ឋានសួគ៌​សម្រាប់​ក្រុម​ឧក្រិដ្ឋជន​ប៉ុណ្ណោះ មិន​មែន​ជា​របៀប​ដឹកនាំ​រក​ការ​រីកចម្រើន​ឱ្យ​ប្រទេស​ជាតិ​នោះ​ឡើយ។

នាយកដ្ឋាន​ព័ត៌មានវិទ្យា​កម្ពុជា បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា បទល្មើស​បច្ចេកវិទ្យា​ធំៗ​មួយ​ចំនួន​ប្រចាំ​ឆ្នាំ​២០២២ ដែល​បាន​លុកលុយ​ប្រទេស​កម្ពុជា ដូចជា ក្រុម​ឧក្រិដ្ឋជន​តែង​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម ឬ​អ៊ីមែល ដើម្បី​បញ្ឆោត​ជនរងគ្រោះ​ឱ្យ​ចូល​ទៅ​កាន់​គេហទំព័រ​ក្លែង​បន្លំ​ក្នុង​បំណង​លួច​យក​ព័ត៌មាន។

ជាង​នេះ​ទៀត ក្រុម​ឧក្រិដ្ឋជន​តែង​ខល​ចូល​ទូរសព្ទ​របស់​ជនរងគ្រោះ និង​បាន​ប្រើប្រាស់​បច្ចេកទេស​វិស្វកម្ម​បណ្ដាញ​សង្គម ដើម្បី​លួច​យក​នូវ​ព័ត៌មាន​ពី​ជនរងគ្រោះ​ផង​ដែរ។ ក្រៅពី​នេះ ក្រុម​ឧក្រិដ្ឋជន​ក៏​តែង​លួច​យក​នូវ​អត្តសញ្ញាណ​ជនរងគ្រោះ​ពី​កម្មវិធី​បណ្ដាញ​ទំនាក់ទំនង​សង្គម ដោយ​យក​អត្តសញ្ញាណ​ទាំងនោះ​ទៅ​ប្រើប្រាស់ ឬ​លក់ ឬ​ចែកចាយ​លើ​ទីផ្សារ​ងងឹត ជាដើម។

ទាក់ទិន​អំពើ​ឆបោក​តាម​អនឡាញ​នេះ អង្គការ​សហប្រជាជាតិ (អ.ស.ប) បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣ រក​ឃើញ​មាន​ករណី​ឆបោក​តាម​អនឡាញ​នេះ​ក្នុង​ប្រទេស​ចំនួន ៥ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​ប្រទេស​មីយ៉ាន់ម៉ា មាន​ចំនួន​ច្រើន​ជាងគេ​ប្រមាណ​ជា ១២​ម៉ឺន​នាក់។ ចំណែក​នៅ​កម្ពុជា ត្រូវ​បាន​រក​ឃើញ​ថា​មាន​ប្រមាណ​ជា ១០​ម៉ឺន​នាក់។

របាយការណ៍​ដែល​មាន​កម្រាស់ ៣៨​ទំព័រ​នោះ បន្ថែម​ថា ករណី​ជនរងគ្រោះ​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ បាន​ប្រឈម​នឹង​ការ​គំរាមកំហែង និង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ពួកគេ​ទទួល​រង​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ អមនុស្សធម៌ និង​ថោកទាប ការ​ឃុំ​ខ្លួន​ដោយ​បំពាន អំពើ​ហិង្សា​ផ្លូវភេទ ពលកម្ម​ដោយ​បង្ខំ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ផ្សេងៗ​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស