29 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ​ក្រៅ​ស្រុក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ផ្តល់​សេរីភាព​ដល់​លោក កឹម សុខា ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ផ្តល់​សេរីភាព​ដល់​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង​អ្នក​នយោបាយ​ផ្សេង​ទៀត រួម​ទាំង​សកម្មជន​នានា ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ។

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ គឺ​ជា​រឿង​ចាំបាច់​បំផុត​ដែល​រដ្ឋាភិបាល​ថ្មី​នេះ​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​ផ្តល់​នីតិសម្បទា​ដល់​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​បញ្ជាក់​ឯកសារ​គតិយុត្តិ​ដល់​គណបក្ស​ភ្លើង​ទៀន ដើម្បី​ឱ្យ​បក្ស​ទាំងនេះ​អាច​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​គ្មាន​ការ​រារាំង​ពី​ផ្លូវច្បាប់​បន្ត​ទៀត។ បន្ថែម​ពី​នេះ ក៏​ត្រូវ​បង្កើត​បរិយាកាស​នយោបាយ​ទូលំទូលាយ​សម្រាប់​គណបក្ស​ទាំងអស់ ដើម្បី​ឱ្យ​ពួកគេ​អាច​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​គ្មាន​ការ​យាយី​ផង​ដែរ។

ប្រភព​ខាងលើ​លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក៏​ត្រូវ​បញ្ឈប់​រាល់​ទម្រង់​នៃ​ការ​យាយី គំរាមកំហែង និង​ការ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​ផ្សេងៗ​ក្រោម​ហេតុផល​នយោបាយ​លើ​សមាជិក​បក្ស​ប្រឆាំង អ្នក​ការពារ​សិទ្ធិមនុស្ស ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដូចជា​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដទៃ​ទៀត​ផង​ដែរ។

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា បញ្ជាក់​ថា ការ​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​កន្លង​មក បាន​ស្តែង​ចេញ​តាមរយៈ​ការ​មិន​អនុញ្ញាត​ឲ្យ​មាន​តុលាការ​ឯករាជ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ការ​ចង​បណ្ដាញ​គណបក្ស​ក្នុង​ស្ថាប័ន​រដ្ឋ​គ្រប់​ជាន់​ថ្នាក់ និង​ការ​គ្រប់គ្រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បាត់​ទំនុកចិត្ត​ពី​ពលរដ្ឋ​ខ្មែរ និង​ធ្វើ​ឲ្យ​បាត់​ទំនុកចិត្ត​ពី​ប្រទេស​ប្រជាធិបតេយ្យ​ជា​មិត្ត​ផង​ដែរ។

ក្រុម​អ្នក​តស៊ូ​មតិ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ស្រុក​នេះ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ​ស្រប​តាម​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ដើម្បី​ទទួល​បាន​ទំនុកចិត្ត​ពី​ពលរដ្ឋ និង​ប្រទេស​ប្រជាធិបតេយ្យ ដែល​ជា​ហត្ថលេខី​កិច្ចព្រមព្រៀង​នេះ ជាពិសេស​គឺ​ទទួល​បាន​ទំនុកចិត្ត​ពី​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ល្អៗ តាមរយៈ​ការ​បង្ហាញ​នូវ​លទ្ធផល​ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០២៤ ខាងមុខ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​រង​នូវ​ការ​ជាន់ឈ្លី​ពី​បក្ស​កាន់​អំណាច​ដែល​កំពុង​គ្រប់គ្រង​អំណាច​សព្វថ្ងៃ​នេះ​ដល់​បាត។

មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រទេស​កម្ពុជា​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ខណៈ​មាត្រា​៣១ ស្ដីពី​សិទ្ធិ និង​ករណីយកិច្ច​របស់​ពលរដ្ឋ ចែង​ថា ប្រទេស​កម្ពុជា​ទទួលស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស ជាដើម។

យ៉ាងណាក៏ដោយ ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ជិត ៤០​ឆ្នាំ​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​រំលោភបំពាន​ច្បាប់ រំលោភ​សិទ្ធិ​ពលរដ្ឋ និង​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ។

ជាក់ស្តែង គេ​អាច​មើល​ឃើញ​តាមរយៈ​នៃ​ការ​ចោទប្រកាន់ និង​កាត់ទោស​ដាក់​ពន្ធនាគារ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា រយៈពេល ២៧​ឆ្នាំ​ទាំង​អយុត្តិធម៌ និង​ការ​រារាំង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី មិន​ឱ្យ​វិល​ចូល​ស្រុក​ខ្មែរ ដើម្បី​កុំ​ឱ្យ​គាត់​អាច​ឈាន​ជើង​ចូល​ក្នុង​ឆាក​នយោបាយ​វិញ​ថែម​ទៀត។

ក្រៅពី​ចាប់​ខ្លួន​លោក កឹម សុខា និង​ហាមឃាត់​លោក សម រង្ស៊ី មិន​ឱ្យ​ចូល​ស្រុក រដ្ឋាភិបាល​ក្រោម​បង្គាប់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​រឹតត្បិត​លើ​សារព័ត៌មាន​ឯករាជ្យ ចាប់​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​សង្គម ដូចជា សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី និង​រឹតត្បិត​សកម្មភាព​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថែម​ទៀត ដែល​ធ្វើ​ឱ្យ​លំហ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ស្ថិត​ក្នុង​ភាព​ចង្អៀត​ណែន​ធ្លាក់​ដល់​កម្រិត​សូន្យ​សព្វថ្ងៃ​នេះ។

កាលពី​ចុង​ឆ្នាំ​២០២២ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា អះអាង​ថា សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅតែ​បង្ក​ការ​ព្រួយបារម្ភ​ធ្ងន់ធ្ងរ​ដដែល ពីព្រោះ​លំហ​សេរីភាព​របស់​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច និង​កំពុង​ដើរ​ថយ​ក្រោយ ដោយសារ​តែ​កម្ពុជា​ស្ថិត​ក្នុង​ការ​គ្រប់គ្រង និង​ដឹកនាំ​តាម​បែប​អំណាច​ឯក​បក្ស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស