29 C
Phnom Penh

លោក ហ៊ុន ម៉ាណែត អះអាង​ថា​ទំនាក់ទំនង​រវាង​កម្ពុជា​និង​វៀតណាម នៅតែ​បន្ត​រឹងមាំ​ជានិច្ច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត អះអាង​ថា ទំនាក់ទំនង​រវាង​កម្ពុជា-វៀតណាម នៅតែ​បន្ត​រឹងមាំ​ជានិច្ច ទោះ​សភាពការណ៍​តំបន់ និង​ពិភពលោក​មាន​ការ​វិវឌ្ឍ​បែប​ណា​ក៏ដោយ ព្រោះ​ទំនាក់ទំនង​នេះ គឺ​ដើម្បី​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ដែល​សំដៅ​ធ្វើ​យ៉ាងណា​ធានា​ឱ្យ​បាន​នូវ​ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក។

កូនប្រុស​ច្បង​មេ​បក្ស​ក្រាញ​អំណាច​លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​វៀតណាម​ជាច្រើន​នាក់​កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ពេលនេះ គឺ​ដើម្បី​លើក​កម្ពស់​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​បន្ត​ពូន​ជ្រំ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែម​ទៀត។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា មេដឹកនាំ​វៀតណាម បាន​អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​នេះ​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​អំពី​ការ​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-វៀតណាម ឱ្យ​កាន់តែ​ជិតស្និទ្ធ​រឹងមាំ​បន្ថែម​ទៀត ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​ដ៏​ល្អ​រវាង​ប្រទេស និង​ប្រជាជន​ទាំង​ពីរ។

កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ដើម្បី​ជួប​ពិភាក្សា​ការងារ​ជាមួយ​មេដឹកនាំ​សំខាន់ៗ​របស់​វៀតណាម ដូចជា​ប្រធាន​រដ្ឋសភា​វៀតណាម ប្រធាន​រដ្ឋ​វៀតណាម នាយករដ្ឋមន្ត្រី​វៀតណាម និង​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម ផង​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ ធ្នូ នេះ​ថា ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ និង​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​ប្រជាជន​កម្ពុជា​នៅ​ពេលនេះ មិន​មែន​ដើម្បី​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស និង​ប្រទេស​នោះ​ទេ ប៉ុន្តែ​ជា​ដំណើរ​ទស្សនកិច្ច​ដើម្បី​រាយការណ៍​ជូន​មេដឹកនាំ​វៀតណាម និង​ទទួល​យក​ផែនការ​យុទ្ធសាស្ត្រ​របស់​វៀតណាម មក​អនុវត្ត​នៅ​កម្ពុជា​បន្ត​ទៀត​តែប៉ុណ្ណោះ។

លោក ម៉ែន ណាត លើកឡើង​ថា ផែនការ​ដែល​វៀតណាម​តម្រូវ​ឱ្យ​លោក ហ៊ុន ម៉ាណែត អនុវត្ត​បន្ត​នោះ​ទំនង​ជា​ការ​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ការ​ផ្តល់​សញ្ជាតិ និង​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនជាតិ​វៀតណាម​ខុស​ច្បាប់​នៅ​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន និង​ការ​បើក​ផ្លូវ​ឱ្យ​ភាសា​វៀតណាម​កាន់តែ​រីក​ធំ​នៅ​សាកលវិទ្យាល័យ​នានា​របស់​កម្ពុជា ជាដើម។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត មិន​មែន​ជា​មេដឹកនាំ​ដែល​មាន​សក្ដានុពល​ក្នុង​ការ​ស្វែងរក​ផល​ប្រយោជន៍​ឱ្យ​ជាតិ​ខ្មែរ​នោះ​ទេ ព្រោះ​ថា​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តាំងពី​អំឡុង​ទសវត្សរ៍​១៩៨០ មក គឺ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​វៀតណាម​ជានិច្ច ខណៈ​វិស័យ​សេដ្ឋកិច្ច​ខ្មែរ​ក៏​កំពុង​ជាប់​បំណុល​វ័ណ្ឌក​ក្រោម​ឥទ្ធិពល​ប្រទេស​ចិន​ដែរ ដូច្នេះ ទាំង​វៀតណាម និង​ចិន សុទ្ធតែ​កំពុង​ហែក​ប្រយោជន៍​ជាតិ​ខ្មែរ​រៀងៗ​ខ្លួន ខណៈ​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​ប្រជាជន​កម្ពុជា បាន​ត្រឹម​តែ​ជួយ​បែងចែក​ផល​ប្រយោជន៍​ជាតិ​ខ្លួនឯង​ឱ្យ​ប្រទេស​ទាំង​ពីរ ដើម្បី​កុំ​ឱ្យ​គេ​ឈប់​ជួយ​ជ្រោមជ្រែង​អំណាច​របស់​ខ្លួន​តែប៉ុណ្ណោះ។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ ធ្នូ នេះ​ដែរ​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​វៀតណាម លោក​មើល​មិន​ឃើញ​ថា កម្ពុជា​ទទួល​បាន​ប្រយោជន៍​អ្វី​ពី​ប្រទេស​វៀតណាម​ទេ។ ជាក់ស្តែង រាល់​ជំនួប​រវាង​មន្ត្រី​រដ្ឋាភិបាល​វៀតណាម ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ម្តងៗ វៀតណាម​តែង​ស្នើសុំ​ឱ្យ​ពី​ភាគី​កម្ពុជា​ជួយ​សម្រួល​ដល់​ការ​ស្នាក់នៅ​ដល់​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​តាំងពី​ជំនាន់​លោក ហ៊ុន សែន នៅ​ដឹកនាំ រហូត​ដល់​លោក ហ៊ុន ម៉ាណែត ដឹកនាំ​បន្ត​នៅ​ពេលនេះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ក្រោយ​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​ប្រកាស​ជា​ផ្លូវការ មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​របស់​វៀតណាម បាន​ស្នើ​មក​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​ផង និង​ស្នើ​ទៅ​កាន់​ប្រធាន​រដ្ឋសភា​ថ្មី​របស់​កម្ពុជា​ផង ឱ្យ​ជួយ​បន្ត​យកចិត្ត​ទុកដាក់​លើ​ជនជាតិ​វៀតណាម​ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​លើ​ទឹកដី​កម្ពុជា​សព្វថ្ងៃ​នេះ ខណៈ​រដ្ឋាភិបាល​ថ្មី​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ចេញ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនជាតិ​វៀតណាម​ទាំងនោះ​ជា​បន្តបន្ទាប់​ដែរ ដែល​គិត​មក​ទល់​នឹង​ពេលនេះ​មាន​របាយការណ៍​ខ្លះ​ទម្លាយ​ថា មាន​ចំនួន​ប្រមាណ​ជា ១​សែន​នាក់​ទៅ​ហើយ​នោះ។

មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា បើ​ពិនិត្យ​លើ​ទំនាក់ទំនង​រវាង​កម្ពុជា និង​វៀតណាម កន្លង​មក គឺ​មាន​តែ​វៀតណាម​ទាញ​យក​ផល​ប្រយោជន៍​ពី​កម្ពុជា​តែប៉ុណ្ណោះ សូម្បី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ដែល​កម្ពុជា វៀតណាម និង​ឡាវ កំពុង​សហការ​គ្នា​ដោយ​ការ​ដាក់​ខេត្ត​ចំនួន ១៣ ចូល​គ្នា​សព្វថ្ងៃ​នេះ ក៏​វៀតណាម​កំពុង​ទាញ​ផល​ប្រយោជន៍​ពី​ខេត្ត​ខ្មែរ​ដែល​បាន​ដាក់​ចូល​ក្នុង​តំបន់​ត្រីកោណ​នេះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស