គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ

នយោបាយ

គ.ជ.ប ព្រម​ឱ្យ​បក្ស​ឆន្ទៈ​ខ្មែរ​និង​បក្ស​កម្លាំង​ជាតិ​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤

By ឌឹ ខេមបូឌា ដេលី

December 13, 2023

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សម្រេច​ឲ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​កម្លាំង​ជាតិ ចូលរួម​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ឆ្នាំ​២០២៤ បន្ទាប់ពី គ.ជ.ប ទទួលស្គាល់​គណបក្ស​ប្រឆាំង​ទាំង​ពីរ​នេះ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ បាន​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​លើ​ពាក្យ​សុំ​ចុះបញ្ជី​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ឆ្នាំ​២០២៤។ គ.ជ.ប អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ទី​២ នេះ បាន​ចូលរួម​ការ​បោះឆ្នោត​ព្រឹទ្ធសភា។

លោក ជា មុនី អ្នក​នាំពាក្យ​គណបក្ស​កម្លាំង​ជាតិ រំពឹង​ថា ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន នឹង​គាំទ្រ​ដល់​គណបក្ស​កម្លាំង​ជាតិ ព្រោះ​ថា​មេដឹកនាំ​គណបក្ស​កម្លាំង​ជាតិ ដែល​បាន​បែក​ចេញពី​គណបក្ស​ភ្លើង​ទៀន ធ្លាប់​បាន​បំពេញ​ការងារ​ជាមួយ​គ្នា​កាលពី​ពេល​កន្លង​ទៅ។

ចំណែក​គណបក្ស​ភ្លើង​ទៀន ក៏​បាន​ចេញ​លិខិត​ជា​ថ្មី​ប្រាប់​ទៅ​ក្រុម​ការងារ​គណបក្ស​ថ្នាក់​ក្រោម​ជាតិ ជាពិសេស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំង​ជាង ២​ពាន់​នាក់​ដែល​ជាប់​ឆ្នោត ជ្រើសរើស​យក​គណបក្ស​ឆន្ទៈ​ខ្មែរ តំណាង​ឲ្យ​គណបក្ស​ភ្លើង​ទៀន ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា។

គណបក្ស​ភ្លើង​ទៀន​បញ្ជាក់​ថា ពុំ​មាន​គណបក្ស​ដទៃ​ណា​អាច​បង្ខំ ឬ​គំរាមកំហែង​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត​ពី​គណបក្ស​ភ្លើង​ទៀន ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ផ្សេង​ក្រៅពី​គណបក្ស​ឆន្ទៈ​ខ្មែរ​នោះ​ឡើយ។ គណបក្ស​ភ្លើង​ទៀន ជា​គណបក្ស​តែ​មួយ​គត់​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​គ្រប់គ្រង និង​ការពារ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំង ២១៩៨​រូប​ដែល​ជាប់​ឆ្នោត​ពី​គណបក្ស​ភ្លើង​ទៀន។ នេះ​បើ​តាម​សេចក្តី​ណែនាំ​របស់​គណបក្ស​ភ្លើង​ទៀន។

ប្រភព​ដដែល​លើកឡើង​ថា គណបក្ស​ភ្លើង​ទៀន មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៥ នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ទេ ដោយសារ​ខ្វះ​ឯកសារ​ចុះបញ្ជី​គណបក្ស​ច្បាប់​ដើម។ ដូច្នេះ​គណបក្ស​នេះ បាន​ជ្រើសរើស​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ស្ថិត​ក្នុង​សម្ព័ន្ធភាព​ជាមួយ​គ្នា ឲ្យ​ឈរឈ្មោះ​ជំនួស ចូលរួម​ការ​បោះឆ្នោត​អសកល​នេះ។

ទាក់ទង​ទៅ​នឹង​ការ​បោះឆ្នោត​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ប្រាប់​ឱ្យ​មន្ត្រី​ខ្លួន​ចាំបាច់​ត្រូវ​សហការ​ជាមួយ គ.ជ.ប ក្នុង​ការ​បំភ្លឺ​ឱ្យ​ពលរដ្ឋ​យល់​ពី​ឧបាយកល​ញុះញង់​ប៉ុនប៉ង​រំខាន​ការ​បោះឆ្នោត​អសកល​ឆ្នាំ​២០២៤ ខាងមុខ។

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​មហាផ្ទៃ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៣ បាន​សរសេរ​ថា លោក ស សុខា ទទួលស្គាល់​ថា​បញ្ហា​អសន្តិសុខ​ក្នុង​សង្គម​ដែល​រួម​មាន បទល្មើស​ចារកម្ម អំពើ​មនុស្ស​ឃាត អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​សង្គម ទំនាស់​និង​សកម្មភាព​អនាធិបតេយ្យ​ផ្សេងៗ​ដែល​ជះ​ឥទ្ធិពល​ដល់​ចិត្តសាស្ត្រ និង​ជីវភាព​សង្គម​ខ្មែរ នៅតែ​បន្ត​កើតឡើង។ លោក​យល់​ថា បញ្ហា​អសន្តិសុខ​សង្គម​ទាំងនោះ អាច​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​ចោទប្រកាន់​អំពី​ការ​គំរាមកំហែង និង​ការ​រិះគន់​ផ្នែក​នយោបាយ​ពី​សំណាក់​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល ដែល​លោក​ហៅ​ថា​ជា​មជ្ឈដ្ឋាន​អគតិ។

កាលពី​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០២៣ តាម​សំណើ​របស់​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កំណត់​ថា ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ (ដែល​ជា​នីតិកាល​ថ្មី) នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា គឺជា​ការ​បោះឆ្នោត​មួយ​ក្នុង​ចំណោម​ការ​បោះឆ្នោត​ទាំង ៤ នៅ​កម្ពុជា។ ការ​បោះឆ្នោត ៣​ទៀត គឺ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។

សម្រាប់​នីតិកាល​ទី​៤ នេះ (២០១៨-២០២៤) សមាជិក​សមាជិកា​ព្រឹទ្ធសភា​មាន​ចំនួន ៦២​រូប ដោយ​ក្នុង​នោះ​សមាជិក​សមាជិកា​ទាំងអស់​ចំនួន ៥៨​រូប​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​អសកល គឺ​សុទ្ធតែ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ចំណែក​ឯ ២​រូប​ត្រូវ​បាន​ចាត់តាំង​ដោយ​ព្រះមហាក្សត្រ ហើយ ២​រូប​ទៀត​ត្រូវ​បាន​ជ្រើសតាំង​ដោយ​រដ្ឋសភា។ សមាជិក​ព្រឹទ្ធសភា ២​រូប​ដែល​ត្រូវ​បាន​រដ្ឋសភា​ជ្រើសតាំង គឺ​មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

ខុស​ពី​រដ្ឋសភា​ដែល​មាន​នីតិកាល​រយៈពេល ៥​ឆ្នាំ នីតិកាល​របស់​ព្រឹទ្ធសភា​មាន​រយៈពេល ៦​ឆ្នាំ។ សមាជិក​ព្រឹទ្ធសភា​ត្រូវ​មាន​អាយុ​យ៉ាងតិច ៤០​ឆ្នាំ ឯ​សមាជិក​រដ្ឋសភា ឬ​តំណាងរាស្ត្រ ត្រូវ​មាន​អាយុ ២៥​ឆ្នាំ​យ៉ាង​តិច។

អ្នក​ដែល​អាច​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ដែល​ជា​ការ​បោះឆ្នោត​តាម​បែប​អសកល គឺ​តំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ហើយ​អ្នក​ដែល​អាច​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ជា​ការ​បោះឆ្នោត​សកល គឺជា​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​ទៅ៕