ចលនាមាតាធម្មជាតិ លើកឡើងថា ការខិតខំរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ រហូតទទួលបានដីសម្បទានជិត ១០០ហិកតារពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន គ្មានអ្វីក្រៅពីប្រឹងអែបអបយកចិត្តយកថ្លើមប្រធានបក្សកាន់អំណាច រួមទាំងយកចិត្តយកថ្លើមពួកនាយទុន និងធ្វើបាបកម្មករនោះទេ។
ចលនាមាតាធម្មជាតិដែលជាក្រុមសកម្មជនការពារបរិស្ថាន បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះថា ពួកគេពិតជារកមិនឃើញថា លោក ហេង សួរ មានគុណសម្បត្តិជួយប្រទេសជាតិដល់កម្រិតទទួលបានដីសម្បទានជាង ៩១ហិកតារពីរដ្ឋាភិបាលបែបនេះឡើយ ប៉ុន្តែអ្វីដែលពួកគេធ្លាប់បានដឹង និងមើលឃើញកន្លងមក គឺលោក ហេង សួរ គ្រាន់តែជាមនុស្សដែលចេះតែរៀបចំកម្លាំងដើម្បីបង្ក្រាបកម្មករស្លូតត្រង់ប៉ុណ្ណោះ។
ប្រភពដដែលលើកឡើងថា ក្រៅពីចេះយកចិត្តយកថ្លើមមេដឹកនាំបក្សកាន់អំណាច និងចេះផ្គាប់ចិត្តពួកនាយទុន ព្រមទាំងចេះប្រើវិធីបង្ក្រាបកម្មករដែលតវ៉ាដើម្បីសិទ្ធិការងារ លោក ហេង សួរ ក៏ចេះរកស៊ីទាំងក្នុងតំណែងជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដែរពាក់ព័ន្ធនឹងការបើកក្រុមហ៊ុននាំពលករចេញទៅធ្វើការនៅក្រៅប្រទេស ដូចជា ប្រទេសកូរ៉េ ជប៉ុន និងប្រទេសថៃ ជាដើម ដែលក្នុងនោះ លោក ហេង សួរ ក៏បានកៀងគរឱ្យពលករខ្មែរទាំងនោះចូលជាសមាជិកបក្សកាន់អំណាចថែមទៀត ដែលជាហេតុធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់គាត់ស្អុយអសោចសព្វថ្ងៃនេះ។
ចលនាមាតាធម្មជាតិ បញ្ជាក់ថា បើពិនិត្យលើគុណសម្បត្តិរបស់លោក ហេង សួរ ក្នុងការជួយប្រទេសជាតិ គឺគ្មានទេ ប៉ុន្តែបើងាកទៅមើលគុណសម្បត្តិជួយបក្សកាន់អំណាចកៀងគរសមាជិក និងជួយនាយទុនឱ្យចំណេញពីការកេងប្រវ័ញ្ចញើសឈាមរបស់កម្មករ គឺមានច្រើនមិនខ្វះទេ ដូច្នេះការទទួលបានដីក្នុងតំបន់អភិរក្សជិត ១០០ហិកតារពីលោក ហ៊ុន សែន នេះ ក៏ទំនងជាដោយសារគុណសម្បត្តិខ្មៅកខ្វក់ដូចដែលបានរៀបរាប់ខាងលើនេះដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអនុក្រឹត្យមួយរបស់លោក ហ៊ុន សែន ត្រូវបានផ្សព្វផ្សាយជាសាធារណៈជុំវិញការផ្តល់ដីក្នុងគម្របព្រៃឈើឱ្យទៅជាកម្មសិទ្ធិឯកជនរបស់លោក ហេង សួរ កាលពីពេលថ្មីៗនេះ។
លោក ហ៊ុន សែន ដែលល្បីល្បាញខាងរំលោភដីរដ្ឋធ្វើជាកម្មសិទ្ធិ បានសម្រេចកាត់ឆ្វៀលដីក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ជិត ១០០ហិកតារ (៩១ហិកតារ ៥៥អា ៤០សង់ទីអា) ស្ថិតក្នុងភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ឱ្យទៅជាកម្មសិទ្ធិរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។
ជុំវិញការកាត់ឆ្វៀលដីក្នុងតំបន់ការពារនេះ ត្រូវគេមើលឃើញថា មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងឧកញ៉ាជាច្រើនដែលជិតស្និទ្ធនឹងលោក ហ៊ុន សែន រួមទាំងសាច់ញាតិ និងកូនៗបង្កើតរបស់គាត់ផង សុទ្ធតែបានទទួលដីទាំងនេះជាច្រើនរយហិកតារធ្វើជាកម្មសិទ្ធិ ខណៈព្រៃឈើនៅតំបន់ដែលលោក ហ៊ុន សែន សម្បទានទាំងនោះ ត្រូវរងនូវការកាប់បំផ្លាញ និងគ្រប់គ្រងដោយគ្មានតម្លាភាពទាំងអស់ ក្នុងនោះ អ្នកដែលរិះគន់ពីការកាត់ឆ្វៀលដីក្នុងតំបន់អភិរក្សទាំងនេះ ក៏ត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់ដែរ។
លោក ហេង សួរ គឺជាមន្ត្រីលេចធ្លោមួយរូបទាំងក្នុងជួររដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត និងគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ប៉ុន្តែលោកបានរងនូវការរិះគន់យ៉ាងខ្លាំងពីសហគមន៍អ្នកគោរពសិទ្ធិមនុស្ស និងក្រុមអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការការពារ និងលើកកម្ពស់សិទ្ធិពលករ ថាជាមនុស្សកោងកាច និងបំពានច្បាប់។ ភាពកោងកាចនេះ បានស្តែងចេញតាមរយៈសារសំឡេងបែកធ្លាយមួយ ហើយដែលគេសន្មតថាជាសំឡេងរបស់លោកនិយាយពីការរៀបគម្រោងវាយធ្វើបាបពលករខ្មែរនៅក្រៅប្រទេសដែលហ៊ានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន។
ជាងនេះទៀត លោក ហេង សួរ ត្រូវបានរកឃើញថា មានជាប់ពាក់ព័ន្ធជាមួយភរិយា និងស្រីកំណាន់របស់ខ្លួន បង្កើតក្រុមហ៊ុនឯកជនជាច្រើនដើម្បីនាំពលករទៅធ្វើការនៅក្រៅប្រទេស ជាពិសេសទៅប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និងប្រទេសថៃ ហើយក្រុមហ៊ុនទាំងនោះមានលោកឧកញ៉ា ជាម ឃុនណាត ដែលជាអគ្គនាយកបុរីមេគង្គលែន និងលោក ផាត់ ប៊ុន ជាប្រធានក្រុមប្រឹក្សាភិបាល ចំណែកឯលោក ហេង សួរ លោក ឈាង គិច (Chheang KECH) និងលោក ម៉េង សុភា (Meng Sophea) គឺជាអ្នកឈរឈ្មោះជានាយកក្រុមហ៊ុនទាំងនោះ។
លោក ហេង សួរ បានចាប់ផ្ដើមការងារនៅក្នុងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅឆ្នាំ២០០៨។ ពីដំបូង លោកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រោយមកក្លាយជាអនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការនៃក្រសួងការងារ។ ក្រៅពីនេះ លោកជានាយកខុទ្ទកាល័យរដ្ឋមន្ត្រី និងបានបំពេញតួនាទីជាអ្នកនាំពាក្យនៃក្រសួងនេះចាប់តាំងពីឆ្នាំ២០១៣ មក។
លោក ហេង សួរ ក៏ជាសមាជិកដ៏មានឥទ្ធិពលនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែរ។ ជាងនេះទៀត លោកក៏មានតួនាទីនៅក្នុងលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិដែលបង្កើតឡើងដើម្បីដោះស្រាយបញ្ហាបៀវត្សរ៍នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើងថែមទៀត។
លើសពីនេះ លោកក៏មានតួនាទីជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមរបស់គណបក្សកាន់អំណាច និងជាប្រធានក្រុមបណ្ដុះបណ្ដាលយុវជនរបស់បក្សកាន់អំណាចនៅស្រុកបាធាយ ខេត្តកំពង់ចាម ដែរ ដោយសារការងារបម្រើបក្សកាន់អំណាចនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោកក៏ត្រូវបានរៀបចំឱ្យកាន់តំណែងជារដ្ឋមន្ត្រីថ្មីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែម្តង៕
© 2023, . All rights reserved.