តំណាងពលករខ្មែរជាច្រើននាក់រស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ស្នើឱ្យលោក ហ៊ុន ម៉ាណែត លុបឈ្មោះ និងរូបប្រាសាទអង្គរវត្តដែលប្រើជាស្លាកសញ្ញាស្រាបៀរ ចេញពីក្រុមហ៊ុនស្រាបៀរអង្គរ ដើម្បីលើកមុខមាត់ និងកិត្តិយសសម្បត្តិបេតិកភណ្ឌជាតិរបស់ខ្មែរ ស្របពេលដែលកម្ពុជាធ្វើពិធីប្រារព្ធខួបលើកទី៣១ឆ្នាំនៃប្រាសាទអង្គរវត្ត ដែលត្រូវបានអង្គការយូណេស្កូយល់ព្រមចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីចុងឆ្នាំ១៩៩២ កន្លងទៅនោះ។
លោក ថុង ហួច ហៅ មយោរា ទឹកកក ជាពលករខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង បានចេញលិខិតចំហមួយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដែលត្រូវជាខួបលើកទី៣១ឆ្នាំនៃការចុះបញ្ជីតំបន់រមណីយដ្ឋានអង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោក ថា ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលតែងឈឺឆ្អាលក្នុងរឿងសង្គមជាតិ និងពលរដ្ឋខ្មែរជាច្រើននាក់ផ្សេងទៀត សូមស្នើសុំឱ្យលោក ហ៊ុន ម៉ាណែត មេត្តាពិចារណាពិនិត្យលុបឈ្មោះ និងរូបប្រាសាទអង្គរវត្ត ដែលជាកេរមរតករបស់បុព្វបុរសខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោកផងនោះ ចេញពីឈ្មោះក្រុមហ៊ុនស្រាបៀរអង្គរ ចាប់ពីពេលនេះតទៅ ដើម្បីលើកតម្កើងកិត្តិយសជាតិខ្មែរទៅថ្ងៃអនាគត។
លោក ថុង ហួច អះអាងថា ប្រាសាទអង្គរវត្តត្រូវបានចាត់ទុកជាដួងព្រលឹងជាតិខ្មែរដ៏មហិមា ហេតុនេះ រដ្ឋាភិបាលមិនគួរបន្តអនុញ្ញាតឱ្យក្រុមហ៊ុនស្រាបៀរអង្គរ ប្រើឈ្មោះ ឬយករូបប្រាសាទអង្គរវត្តដែលជាដួងព្រលឹងជាតិដែលមានអាយុកាលរាប់ពាន់ឆ្នាំនេះ ដាក់លើដបស្រា ឬលើកំប៉ុងស្រាទៀតនោះទេ ព្រោះវាបង្ហាញពីការបន្តុះបង្អាប់ដួងព្រលឹងជាតិខ្មែរយ៉ាងធ្ងន់ធ្ងរ។
តំណាងពលករខ្មែរក្នុងសាធារណរដ្ឋកូរ៉េរូបនេះបញ្ជាក់ថា ប្រសិនបើលោក ហ៊ុន ម៉ាណែត ធ្វើកិច្ចការនេះបានជោគជ័យ នោះវាគឺជាស្នាដៃដ៏ធំធេងរបស់លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលរបស់លោកទាំងមូលសម្រាប់ជាតិខ្មែរ។
ប្រាសាទអង្គរវត្ត ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ កន្លងទៅ។
ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងនៅដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ក្នុងគ.ស ១១១៣ ដល់ ១១៥០ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា និងមានទីតាំងស្ថិតនៅក្នុងរាជធានីសោធរបុរៈ ដែលបានប្រើកម្លាំងពលកម្មមនុស្សប្រមាណជាង ៣សែននាក់ និងពលកម្មសត្វដំរីជាង ៦ពាន់ក្បាល ដើម្បីលើកបន្តុបថ្មសម្រាប់ធ្វើប្រាសាទសរុបប្រមាណជាង ១០លានតោន។
ប្រាសាទអង្គរវត្តមានឈ្មោះដើមថា «បរមវិស្ណុលោក» ប៉ុន្តែឈ្មោះនេះគឺមានការកែប្រែជាបន្តបន្ទាប់ ក្នុងនោះ តាមសិលាចារឹកខ្លះបញ្ជាក់ថា នៅអំឡុងសតវត្សទី១៦ ប្រាសាទអង្គរវត្ត បានប្រែឈ្មោះថា ព្រះមហានគរឥន្ទ្រប្រ័ស្ថព្រះពិស្ណុលោក ដែលពាក្យ ឥន្ទ្រប្រ័ស្ថ នេះមានន័យថា «ទីក្រុងរបស់ព្រះឥន្ទ្រ»។
ប្រាសាទអង្គរមានកម្ពស់ ៦៥ម៉ែត្រ បែរមុខទៅទិសខាងលិច មានផ្ទៃក្រឡាប្រហែល ២០០ហិកតារ រាងចតុកោណកែង ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និងគូទឹកដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែងមានប្រវែងប្រហែល ៥,៥គីឡូម៉ែត្រ។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ ហើយនៅខាងមុខផ្លូវចូល ក៏មានរូបចម្លាក់តោថ្មធំៗឈរយាមនៅអមសងខាងផ្លូវផងដែរ។
ប្រាសាទអង្គរវត្តមានចម្លាក់អប្សរានៅជុំវិញប្រាសាទ ដែលត្រូវបានរចនាក្នុងន័យតំណាងឱ្យភ្នំព្រះសុមេរុ ដែលជាទីលំនៅរបស់អាទិទេព និងទេវតាក្នុងទេវកថាហិណ្ឌូ ដែលមានកសិណ ឬគូទឹកព័ទ្ធជុំវិញប្រហែល ១៦គីឡូម៉ែត្រ។
ផ្អែកតាមភស្តុតាងរបស់លោក ហ្សក សឺដេស បានបញ្ជាក់ថា ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងក្នុងន័យតំណាងឱ្យពិភពលោកទាំងមូល ព្រោះថាប្រាង្គកណ្តាលរបស់ប្រាសាទកសាងឡើងដើម្បីតំណាងឱ្យភ្នំព្រះសុមេរុ ដែលស្ថិតនៅកណ្តាលពិភពលោក ខណៈប្រាង្គប្រាសាទទាំង ៥ តំណាងឱ្យកំពូលភ្នំព្រះសុមេរុ ដែលជាជាយផែនដី និងគូទឹកព័ទ្ធជុំវិញប្រាសាទ គឺតំណាងឱ្យសមុទ្រដែលព័ទ្ធជុំវិញផែនដីទាំងមូលដូច្នោះដែរ។
ក្រុមអ្នកសង្កេតការណ៍រិះគន់ថា ទោះជាប្រាសាទអង្គរវត្តមានលក្ខណៈល្អឯកបែបនេះក្តី គឺមានតម្លៃត្រឹមតែប្រើជាស្លាកសញ្ញាស្រាបៀរក្នុងសម័យកាលនេះតែប៉ុណ្ណោះ ព្រោះថាសម្បត្តិបេតិកភណ្ឌវប្បធម៌ ទាំងអរូបី និងរូបីរបស់កម្ពុជា ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យប្រើប្រាស់ជារូបតំណាងរបស់ក្រុមហ៊ុនស្រាបៀរជាហូរហែសព្វថ្ងៃនេះ ដូចជាស្រាបៀរអង្គរ បានដាក់សញ្ញាសម្គាល់រូបប្រាសាទអង្គរវត្ត និងស្រាបៀរហនុមាន ដាក់សញ្ញាសម្គាល់រូបហនុមាន ដែលជាតួអង្គនៃល្ខោនខោល ជាដើម៕