33 C
Phnom Penh

សមាជិក​ព្រឹទ្ធសភា​អាមេរិក​នឹង​បោះឆ្នោត​លើ​កញ្ចប់​ថវិកា​សម្រាប់​អ៊ុយក្រែន​នៅ​ដើម​សប្តាហ៍​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សំឡេង​ភាគច្រើន​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក ឆ័ក ឈូមមើរ (Chuck Schumer) និយាយ​ថា ព្រឹទ្ធសភា​នឹង​បោះឆ្នោត​លើ​កញ្ចប់​ជំនួយ​យោធា​សម្រាប់​អ៊ុយក្រែន និង​អ៊ីស្រាអែល នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ។

បើ​តាម​លោក Schumer ឲ្យ​ដឹង​ថា ព្រឹទ្ធសភា​នឹង​ពន្យារ​ពេល​សម្រាក​វិស្សមកាល​របស់​ខ្លួន ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ ហើយ​កោះ​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​បន្ទាប់ ដើម្បី​ផ្តល់​ពេលវេលា​ដល់​ក្រុម​អ្នក​ចរចា​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ។ លោក Schumer បាន​បញ្ជាក់​ថា ការ​ជាប់​គាំង​ជាច្រើន​លើក បាន​នាំ​ឱ្យ​ពិភពលោក​កំពុង​ចាំ​មើល​ព្រឹត្តិការណ៍​នេះ។

យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ឲ្យ​ដឹង​ថា កញ្ចប់​ជំនួយ​សម្រាប់​ប្រទេស​អ៊ុយក្រែន មាន ៥០​ពាន់​លាន​ដុល្លារ ហើយ​អ៊ីស្រាអែល មាន ១៤​ពាន់​លាន​ដុល្លារ ដែល​នឹង​ត្រូវ​ដាក់​ឱ្យ​អនុម័ត​ដោយ​សមាជិក​ព្រឹទ្ធសភា ១០០​រូប។ ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា ១០០​រូប​នោះ គឺ​មកពី​គណបក្ស​ប្រជាធិបតេយ្យ ៥១​រូប និង​មកពី​គណបក្ស​សាធារណរដ្ឋ ៤៩​រូប។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន កំពុង​ជំរុញ​ឲ្យ​សមាជិក​សភា​ព្រឹទ្ធសភា​អនុម័ត​កញ្ចប់​ជំនួយ​បន្ថែម ដើម្បី​ផ្តល់​ជំនួយ​សន្តិសុខ​ថ្មី​សម្រាប់​អ៊ុយក្រែន ប្រយុទ្ធ​ជាមួយ​នឹង​រុស្ស៊ី ក៏ដូចជា​ជួយ​អ៊ីស្រាអែល ក្នុង​សង្គ្រាម​ជាមួយ​ក្រុម​ហាម៉ាស។

លោក ចូ បៃដិន បាន​ព្រមាន​ថា ការ​ផ្អាក​ការ​ផ្ដល់​ជំនួយ​យោធា​របស់​សហរដ្ឋ​អាមេរិក​ដល់​អ៊ុយក្រែន អាច​ក្លាយ​ជា​អំណោយ​បុណ្យ​ណូអែល​ដល់​រុស្ស៊ី ហើយ​បើ​រុស្ស៊ី​ឈ្នះ​សង្គ្រាម​នៅ​អ៊ុយក្រែន វា​នឹង​អន្តរាយ​ដល់​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប ជាពិសេស​ប្រទេស​ជាប់​នឹង​អ៊ុយក្រែន។

ការ​ថ្លែង​ព្រមាន​របស់​លោក ចូ បៃដិន មួយ​ថ្ងៃ​មុន​លោក​ទទួល​ជួប​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelenskyy) ជា​ថ្មី​ទៀត​នៅ​ឯ​សេតវិមាន។ ជំនួប​រវាង​លោក បៃដិន និង​លោក ហ្សេឡេនស្គី បាន​នាំ​ឱ្យ​លោក បៃដិន សច្ចា​មិន​បោះបង់​ចោល​អ៊ុយក្រែន​ដាច់ខាត។

លោក បៃដិន បាន​ប្រាប់​លោក ហ្សេឡេនស្គី ថា សហរដ្ឋ​អាមេរិក​នៅតែ​ឈរ​នៅ​ខាង​ប្រជាជន​អ៊ុយក្រែន ហើយ​ថា​សភា​អាមេរិក​ចាំបាច់​ត្រូវតែ​អនុម័ត​សំណើ​ជា​មូលនិធិ​បន្ថែម​ដល់​អ៊ុយក្រែន គឺ​មិន​ត្រូវ​ផ្ដល់​អំណោយ​បុណ្យ​ណូអែល​ទៅ​ឱ្យ​លោក ពូទីន នោះ​ទេ។

សម្រាប់​លោក ហ្សេឡេនស្គី បាន​ប្រាប់​លោក បៃដិន វិញ​ថា អ៊ុយក្រែន​អាច​ឈ្នះ​លើ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ឱ្យ​តែ​ជំនួយ​អាវុធ​ជួយ​អ៊ុយក្រែន មិន​ត្រូវ​បាន​យឺត​ពេល។

ជាមួយ​គ្នា​នេះ លោក ហ្សេឡេនស្គី ក៏​បាន​ប្រាប់​មេដឹកនាំ​ព្រឹទ្ធសភា​លោក Chuck Schumer និង​មេដឹកនាំ​សមាជិក​សភា លោក Mike Johnson ប្រធាន​រដ្ឋសភា​ផង​ដែរ​ថា អ៊ុយក្រែន​ធ្វើ​សង្គ្រាម​ជាមួយ​រុស្ស៊ី គឺ​អ៊ុយក្រែន​ដូចជា​របាំង​ការពារ​សន្តិសុខ​នៅ​អឺរ៉ុប​ផង​ដែរ។

លោក​ព្រមាន​ថា បើ​រុស្ស៊ី​ឈ្នះ​សង្គ្រាម គឺ​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន​នឹង​ត្រូវ​រុស្ស៊ី​ឈ្លានពាន។ រឿង​នេះ សម្រាប់​លោក បៃដិន ក៏​ព្រមាន​ដែរ​ថា សមាជិក​ណាតូ​នៅ​អឺរ៉ុប​ខាងកើត​ពិត​ណាស់​នឹង​ត្រូវ​រុស្ស៊ី​ឈ្លានពាន ឱ្យ​តែ​រុស្ស៊ី​វាយ​យក​ទឹកដី​អ៊ុយក្រែន​បាន។

បន្ទាប់ពី​សេតវិមាន​បាន​ព្រមាន​ថា មូលនិធិ​ជំនួយ​សម្រាប់​រដ្ឋាភិបាល​អ៊ុយក្រែន នឹង​អស់​នៅ​ចុង​ឆ្នាំ​នេះ​មក គឺ​កិច្ចប្រឹងប្រែង​របស់​លោក ហ្សេឡេនស្គី ក្នុង​ការ​រក្សា​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក​ដល់​អ៊ុយក្រែន បាន​ធ្លាក់​ចូល​ក្នុង​តថភាព​នៃ​ភាព​បែកខ្ញែក​គ្នា​ខាង​នយោបាយ​ដ៏​ជូរចត់​នៅ​ក្នុង​ចំណោម​អ្នក​នយោបាយ​សហរដ្ឋ​អាមេរិក។

ប្រធាន​រដ្ឋសភា​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ​លោក Mike Johnson ដែល​ជា​អ្នក​ចាត់ចែង​លើ​កិច្ចព្រមព្រៀង​កញ្ចប់​ជំនួយ​ថ្មី​នេះ បាន​ថ្លែង​ថា គណបក្ស​របស់​លោក​នឹង​យល់ព្រម​តាម​សំណើ​របស់​លោក បៃដិន ក្នុង​ការ​ផ្តល់​ជំនួយ​បន្ថែម​ដល់​អ៊ុយក្រែន លុះត្រាតែ​គណបក្ស​ប្រជាធិបតេយ្យ​សម្រេច​ធ្វើ​តាម​ការ​ទាមទារ​របស់​បក្ស​សាធារណរដ្ឋ ពាក់ព័ន្ធ​នឹង​បញ្ហា​អន្តោប្រវេសន៍ និង​ព្រំដែន​សហរដ្ឋ​អាមេរិក-ម៉ិកស៊ិក ហើយ​រុះរើ​ខ្លះ​នូវ​គម្រោង​ជំនួយ​សម្រាប់​អ៊ុយក្រែន។

លោក Johnson បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​ជាមួយ​លោក ហ្សេឡេនស្គី ថា អ្វី​ដែល​រដ្ឋការ​លោក បៃដិន ស្នើសុំ​នោះ គឺ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ គ្មាន​យុទ្ធសាស្ត្រ​ដើម្បី​សម្រេច​ទៅ​រក​ជ័យជម្នះ​ច្បាស់លាស់​នោះ​ទេ ដែល​នេះ​ជា​ឧបសគ្គ​នៃ​ការ​អនុម័ត​ជំនួយ​សម្រាប់​អ៊ុយក្រែន។

ក្រោយ​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក​វិញ លោក ហ្សេឡេនស្គី នៅតែ​សង្ឃឹម និង​ជឿជាក់​ថា​សមាជិក​សភា​សហរដ្ឋ​អាមេរិក អាច​នឹង​ទទួល​យក​នូវ​ការ​ព្រួយបារម្ភ​របស់​លោក​អំពី​ដំណើរ​គ្រោះថ្នាក់​ចំពោះ​អឺរ៉ុប ហើយ​អាច​នឹង​ផ្ដល់​ឱ្យ​អ៊ុយក្រែន ម្ដង​ទៀត​នូវ​ជំនួយ​យោធា និង​ជំនួយ​មិន​មែន​យោធា។

ក្នុង​ការ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ប្រចាំ​ថ្ងៃ លោក ហ្សេឡេនស្គី បាន​ហៅ​សេចក្ដី​សម្រេច​ចុងក្រោយ​របស់​សភា​សហរដ្ឋ​អាមេរិក នឹង​លើក​ទឹកចិត្ត​ប្រជាជន​អ៊ុយក្រែន​កាន់តែ​មាន​កម្លាំង​ចិត្ត​ប្រយុទ្ធ​រហូត​រុស្ស៊ី​សម្រេច​បោះបង់​ការ​ប្រយុទ្ធ​ឈ្លានពាន​អ៊ុយក្រែន។

សមាជិក​ព្រឹទ្ធសភា​ពីរ​រូប​មកពី​គណបក្ស​សាធារណរដ្ឋ គឺ​លោក John Thune និង​លោក Tom Cotton មាន​ទំនុក​ចិត្ត​ថា កញ្ចប់​ជំនួយ​សម្រាប់​អ៊ុយក្រែន ដែល​ស្នើ​ឡើង​ដោយ​រដ្ឋការ​លោក បៃដិន អាច​នឹង​ទទួល​បាន​ការ​អនុម័ត​យល់ព្រម បើ​ទោះជា​សមាជិក​ព្រឹទ្ធសភា ២​រូប​នេះ​នៅ​បន្ត​រិះគន់​រដ្ឋការ​លោក បៃដិន ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស