អ្នកសង្កេតការណ៍ព្រមានថា ការបញ្ចូលរូបលោក ហ៊ុន ម៉ាណែត ទៅក្នុងរូបសញ្ញាថ្មីរបស់បក្សកាន់អំណាចជាមួយលោក ហេង សំរិន និងរូបលោក ហ៊ុន សែន នៅថ្ងៃ ៧ មករា ដើមឆ្នាំក្រោយនេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីការឯកភាពរបស់វៀតណាម ក្នុងការទទួលយកលោក ហ៊ុន ម៉ាណែត ជាអ្នកបម្រើបក្សកុម្មុយនីស្តឥណ្ឌូចិនរបស់វៀតណាម ទៅថ្ងៃមុខបន្តវេនពីលោក ហ៊ុន សែន។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ ធ្នូ នេះថា ទាល់តែត្រកូលហ៊ុនយល់ព្រមគ្រប់បែបយ៉ាងក្នុងការបម្រើប្រយោជន៍ឱ្យវៀតណាម ដូចលោក ហ៊ុន សែន ទើបពួកគេយល់ព្រមឱ្យលោក ហ៊ុន ម៉ាណែត ទទួលបាននូវតួនាទីជាន់ខ្ពស់ក្នុងគណបក្សប្រជាជនកម្ពុជា ដូច្នេះហើយបានជាលោក ហ៊ុន សែន ហ៊ានបញ្ចូលរូបកូនប្រុសរបស់គាត់ក្នុងរូបសញ្ញាថ្មីរបស់បក្សកាន់អំណាចបែបនេះ។
លោក ម៉ែន ណាត លើកឡើងថា រូបភាពនេះបានបង្ហាញនូវអត្ថន័យជាច្រើន ដូចជា ប្រទេសកម្ពុជាមិនមែនគ្រប់គ្រងដោយច្បាប់ទេ គឺគ្រប់គ្រងដោយបក្ស ចំណែកបក្សដែលគ្រប់គ្រងប្រទេសកម្ពុជា ក៏មិនមែនគ្រប់គ្រងដោយមន្ត្រីបក្សនោះដែរ គឺគ្រប់គ្រងដោយគ្រួសារត្រកូលហ៊ុន ដោយឡែកគ្រួសារត្រកូលហ៊ុន ក៏មិនមែនជាគ្រួសារមានអំណាចឯករាជ្យដែរ គឺជាគ្រួសារដែលគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម ដែលឈ្លានពានកម្ពុជាប៉ុណ្ណោះ។ ដូច្នេះមានន័យថា កម្ពុជាសព្វថ្ងៃនេះ គឺកំពុងគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាមទាំងស្រុង តាមរយៈគ្រួសារដែលកំពុងក្តោបក្តាប់អំណាចផ្ដាច់មុខសព្វថ្ងៃនេះ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា លោក ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានបក្សកាន់អំណាច ក៏លោក ហ៊ុន សែន មិនដែលយករូបគាត់មកដាក់ក្នុងរូបសញ្ញានេះដែរ។ ដូច្នេះមានន័យថា លោក ហ៊ុន សែន បានចាត់ទុកប្រទេសខ្មែរ និងគណបក្សប្រជាជនកម្ពុជា ជាកម្មសិទ្ធិផ្ដាច់មុខរបស់ត្រកូលហ៊ុនរួចហើយ។
លោកអះអាងថា ទៅថ្ងៃក្រោយ មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាជាច្រើនទៀតគ្រាន់តែជាមន្ត្រីបម្រើបក្សកាន់អំណាចប៉ុណ្ណោះ ប៉ុន្តែមានតែក្រុមគ្រួសារត្រកូលហ៊ុនតែមួយគត់ដែលជាមន្ត្រីគ្រប់គ្រងបក្សកាន់អំណាច។
កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា បានចេញលិខិតមួយ ណែនាំឱ្យបណ្ដាញគណបក្សតាមរាជធានីខេត្ត ប្រើប្រាស់រូបសញ្ញាដែលគណៈកម្មាធិការកណ្ដាលបានសម្រេចកែសម្រួលថ្មី គឺដាក់បញ្ចូលរូបលោក ហ៊ុន ម៉ាណែត ទន្ទឹមគ្នាជាមួយនឹងរូបលោក ហេង សំរិន និងរូបលោក ហ៊ុន សែន ដែលជារូបសញ្ញាចាស់ នៅថ្ងៃប្រារព្ធទិវាជ័យជម្នះ ៧មករា របស់បក្សប្រជាជនកម្ពុជាខាងមុខនេះ។
ខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ឡូកូថ្មីនេះ (រូបសញ្ញា) ក៏នឹងសម្រេចឱ្យប្រើប្រាស់ទៅថ្ងៃមុខទៀតដែរ ជាពិសេសសម្រាប់ការឃោសនាបោះឆ្នោតទាំងសកល និងអសកល។
ការសម្រេចកែសម្រួលដាក់បញ្ចូលរូបលោក ហ៊ុន ម៉ាណែត ចូលទៅក្នុងរូបសញ្ញាថ្មីនេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅជួបជាមួយមេដឹកនាំវៀតណាម កាលពីពេលថ្មីៗនេះ ដែលក្រុមអ្នកវិភាគមើលឃើញថា ដំណើរទស្សនកិច្ចនេះគឺជាការប្រកាសខ្លួនរបស់នាយករដ្ឋមន្ត្រីខ្មែរថ្មី ដើម្បីដាក់ខ្លួនជាអ្នកបម្រើវៀតណាមបន្តពីលោក ហ៊ុន សែន ទៅថ្ងៃមុខទៀត។
កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីជួបជាមួយមេដឹកនាំវៀតណាមសំខាន់ៗមួយចំនួន ដូចជា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ្វូចុង លោក វ៉ វ៉ាន់ធឿង ប្រធានរដ្ឋវៀតណាម និងលោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាមផងដែរ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនរវាងកម្ពុជា និងវៀតណាម។
រូបសញ្ញាចាស់របស់គណបក្សប្រជាជនកម្ពុជា គឺមានរូបលោក ជា ស៊ីម លោក ហេង សំរិន និងលោក ហ៊ុន សែន ប៉ុន្តែក្រោយពេលលោក ជា ស៊ីម ទទួលមរណភាពកាលពីអំឡុងឆ្នាំ២០១៥ ឡូកូនេះមានតែរូបលោក ហេង សំរិន និងរូបលោក ហ៊ុន សែន ប៉ុណ្ណោះ សូម្បីលោក ស ខេង ដែលជាអនុប្រធានគណបក្ស និងជាឧបនាយករដ្ឋមន្ត្រី ក៏មិនត្រូវបានបញ្ចូលក្នុងឡូកូនេះដែរ ប៉ុន្តែនៅពេលដែលលោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាអនុប្រធានគណបក្ស និងត្រឡប់មកពីប្រទេសវៀតណាម វិញ លោក ហ៊ុន សែន ក៏សម្រេចបញ្ចូលរូបកូនប្រុសរបស់គាត់ក្នុងឡូកូនេះតែម្តង។
អ្នកវិភាគនយោបាយចាស់វស្សាមួយរូប គឺបណ្ឌិត ឡៅ ម៉ុងហៃ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅមុនការផ្សាយនេះថា រូបមន្តនៃការដាក់រូបសញ្ញារបស់គណបក្សប្រជាជនកម្ពុជា មិនមែនជារឿងថ្មីនោះទេ។
លោកបន្តថា វាជារូបមន្តចាស់ ដោយសារក្នុងរូបសញ្ញាថ្មីនេះ គឺមានប្រធានកិត្តិយសបក្សសម្តេច ហេង សំរិន នៅដដែល ប្រធានបក្សពីមុន គឺសម្តេច ជា ស៊ីម ប៉ុន្តែបានអនិច្ចកម្មទៅហើយ។ ឥឡូវសម្តេច ហ៊ុន សែន ឡើងជាប្រធានបក្ស ហើយអនុប្រធានបក្ស និងជានាយករដ្ឋមន្ត្រី គឺសម្តេច ហ៊ុន ម៉ាណែត។
បណ្ឌិត ឡៅ ម៉ុងហៃ បន្តថា នៅវៀតណាម គេមានសហមេដឹកនាំបីរូប គឺអគ្គលេខាបក្ស នាយករដ្ឋមន្ត្រី ប្រធានាធិបតី។ ទាំងបីនាក់ធ្វើសេចក្តីសម្រេចរួមគ្នា ហើយមេៗម្នាក់ៗមានអំណាចជំទាស់ ឬហៅថា វេតូ (veto) មិនឲ្យសេចក្តីសម្រេចនោះចេញជាធរមានបាន។ រូបមន្តនេះ គឺដើម្បីកុំឲ្យអំណាចទៅកុំក្នុងដៃមនុស្សម្នាក់ ដែលវាជាគំរូរបស់សហភាពសូវៀត ក្រោយអំណាចទៅកុំនៅក្នុងដៃ ស្តាលីន (Stalin) ជាអគ្គលេខាបក្សដែលជាដឹកនាំតែម្នាក់ឯង។ ពេលនោះ ស្តាលីន បានក្លាយទៅជាមេដឹកនាំផ្ដាច់ការដែលនាំឲ្យមានការសម្លាប់មនុស្សរាប់សិបលាននាក់៕
© 2023, . All rights reserved.