គណៈ​គ្រប់គ្រង​ថ្មី​នៃ​វត្ត​ពោធិលង្កា ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៣។ (រូបភាព៖ រដ្ឋបាល​ខត្ត​សៀមរាប)

ព័ត៌មានជាតិ

វត្ត​ពោធិលង្កា ខេត្ត​សៀមរាប នឹង​អនុញ្ញាត​ឱ្យ​តែ​សមណ​សិស្ស​ប៉ុណ្ណោះ​អាច​ចូល​ស្នាក់​អាស្រ័យ​បាន

By ឌឹ ខេមបូឌា ដេលី

December 20, 2023

វត្ត​ពោធិលង្កា នឹង​អនុញ្ញាត​ឱ្យ​តែ​សមណ​សិស្ស​ប៉ុណ្ណោះ​អាច​ចូល​ស្នាក់​អាស្រ័យ ក្រោយ​រៀបចំ​រួចរាល់ បន្ទាប់ពី​បាន​បិទ​ទ្វារ​ជាង​មួយ​ខែ​កន្លង​មក ក្រោយពី​រង​នូវ​ការ​រង្គោះរង្គើ និង​រំសាយ​គណៈ​គ្រប់គ្រង​ដោយសារ​មាន​បញ្ហា​បែងចែក​បក្ខពួក និង​មិន​គោរព​វិន័យ។

គណៈកម្មការ​ថ្មី​នៃ​វត្ត​ពោធិលង្កា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ ក្រោម​វត្តមាន​ព្រះ​ចៅអធិការ​វត្ត​រាជបូណ៌ សម្ដេច ពិន សែម មេគណ​ខេត្ត ព្រះ​ចៅអធិការ​វត្ត តំណាង​វត្ត​ទូទាំង​ខេត្ត និង​ពុទ្ធបរិស័ទ​ជាច្រើន។

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែម មាន​សង្ឃ​ដីកា​ណែនាំ​ដល់​គណៈ​គ្រប់គ្រង​ថ្មី​នៃ​វត្ត​ពោធិលង្កា ត្រូវ​ចេះ​សហការ និង​ដឹកនាំ​វត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព និង​មិន​ត្រូវ​ឱ្យ​មាន​អធិករណ៍​អ្វី​កើតឡើង​ឡើយ ដោយ​ត្រូវ​ប្រកាន់​ធម៌​ខន្ដី។ វត្ត​អារាម​ជា​ជម្រក​អប់រំ​កិរិយា​ធម៌​ដល់​ពុទ្ធិ​បរិស័ទ​យុវជន ដែល​ជា​ទំពាំង​ស្នង​ឫស្សី និង​ជា​ឱកាស​ល្អ​សម្រាប់​ថែរក្សា​ការពារ​សេចក្ដី​សុខសាន្ត​សង្គម​ជាតិ ដោយ​ប្រកាន់​យក​ព្រះពុទ្ធ​ឱវាទ​ជា​គ្រឿង​បំភ្លឺ​ផ្លូវ។

ព្រះ​វិន័យធរ​គណ​ខេត្ត​សៀមរាប និង​ជា​អ្នក​នាំពាក្យ​សាលា​គណ​ខេត្ត​សៀមរាប ព្រះតេជព្រះគុណ ពេទ ភឿន មាន​សង្ឃ​ដីកា​ថា គណៈ​សង្ឃនាយក​បាន​សម្រេច​តែងតាំង​គណៈកម្មការ​វត្ត​ថ្មី​ដែល​មាន​គ្រូ​ចៅអធិការ គ្រូ​សូត្រ​ស្ដាំ គ្រូ​សូត្រ​ឆ្វេង ព្រះ​វិន័យធរ និង​លេខា។ ព្រះសង្ឃ​ទាំងនោះ​មកពី​វត្ត​កេសរារាម ក្រុង​សៀមរាប ដែល​មាន​ការ​សិក្សា​ត្រឹមត្រូវ ដឹង​ធម៌​វិន័យ​ច្រើន​ក្នុង​ពុទ្ធសាសនា។

ប្រភព​ដដែល​បាន​មាន​សង្ឃ​ដីកា​ថា សមណ​សិស្ស​ដែល​ចូល​ស្នាក់​អាស្រ័យ​នៅ​ក្នុង​វត្ត​ពោធិលង្កា សរុប ២៨​អង្គ ក្នុង​ចំណោម ៣៨​អង្គ ដែល​អង្គ​ខ្លះ​សម្រេច​ស្នាក់នៅ​វត្ត​រាជបូណ៌ ព្រោះ​ងាយស្រួល​រៀនសូត្រ​នៅ​សាលា​ពុទ្ធិក។

ព្រះតេជព្រះគុណ ពេទ ភឿន មាន​សង្ឃ​ដីកា​ថា គណៈកម្មការ​វត្ត​ថ្មី​នឹង​ទទួល​បាន​ការ​គាំទ្រ និង​ចូលរួម​ពី​ពុទ្ធិ​បរិស័ទ​ក្នុង​ន័យ​ដើម្បី​ចូលរួម​អភិវឌ្ឍ និង​កសាង​វត្ត ក៏ដូចជា​ធ្វើ​បុណ្យ​កុសល​ផ្សេងៗ។

វត្ត​ពោធិលង្កា នឹង​អនុញ្ញាត​ឱ្យ​តែ​សមណ​សិស្ស​មកពី​ទី​ជិត​ឆ្ងាយ​ប៉ុណ្ណោះ​ស្នាក់​អាស្រ័យ ដោយ​មិន​ចង់​ឱ្យ​មាន​រឿងរ៉ាវ​បែងចែក​បក្ខ និង​ពិបាក​គ្រប់គ្រង​ដូច​ពេល​មុន។

មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ខេត្ត​សៀមរាប មួយ​អង្គ​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កន្លង​មក​ថា ការ​និរទេស​ព្រះសង្ឃ​ចំនួន ១៤០​អង្គ​ចេញពី​វត្ត​ពោធិលង្កា ឬ​វត្ត​ពោធិ៍លើ ទំនង​ជា​ការ​អនុវត្ត​តាម​បទបញ្ជា​របស់​អ្នក​មាន​អំណាច​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ ជាជាង​ការ​ដោះស្រាយ​វិវាទ​តាម​ច្បាប់ និង​វិន័យ​របស់​គណៈសង្ឃ​ក្នុង​ព្រះពុទ្ធ​សាសនា។

ប្រភព​ពី​មន្ត្រី​សង្ឃ​ដដែល​ឲ្យ​ដឹង​ថា មូលហេតុ​ធំ​បំផុត​នៃ​ការ​បណ្ដេញ​ព្រះសង្ឃ​នេះ ទំនង​មិន​មែន​ដោយសារ​តែ​រឿង​វិវាទ​គ្នា​រវាង​ព្រះសង្ឃ​ក្នុង​វត្ត​នេះ ឬ​រឿង​ចៅអធិការ​មាន​ស្រី​ញី​នោះ​ទេ ប៉ុន្តែ​ទំនង​ជា​ដោយសារតែ​គេ​រក​ឃើញ​ថា ព្រះសង្ឃ​ក្នុង​វត្ត​នេះ​ភាគច្រើន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ដែល​មាន​និន្នាការ​មិន​ស្រប​នឹង​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ ដូច្នេះ​ដើម្បី​លុប​បំបាត់​និន្នាការ​មិន​ស្រប​នេះ គណៈសង្ឃ​ក៏​ឆ្លៀត​ឱកាស​នេះ​ប្រើ​លេស​លើ​បញ្ហា​រ៉ាំរ៉ៃ​កន្លង​មក ដើម្បី​បោស​សម្អាត​ព្រះសង្ឃ​ក្នុង​វត្ត​នេះ​តែម្តង​ទៅ។

កាលពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ សាលា​គណ​ខេត្ត​សៀមរាប បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​អនុវត្ត​វិធានការ​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ បណ្តេញ​ព្រះសង្ឃ ១៤០​អង្គ និង​តាជី​យាយជី ក្មេង​វត្ត​ចំនួន ៣១​នាក់​ចេញពី​វត្ត​ពោធិលង្កា ឬ​វត្ត​ពោធិ៍លើ ដែល​ស្ថិត​ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប ដើម្បី​រៀបចំ​របៀប​រៀបរយ និង​សណ្ដាប់ធ្នាប់​វត្ត​ឡើងវិញ បន្ទាប់ពី​វត្ត​កើត​មាន​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​កន្លង​មក។

ការ​ចុះ​អនុវត្ត​វិធានការ​នេះ ធ្វើឡើង​ក្រោយពី​សេចក្តី​សម្រេច​របស់​គណៈ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដីពី​ការ​បញ្ចប់​មុខតំណែង​ចៅអធិការ គ្រូ​សូត្រ​ឆ្វេង-ស្តាំ និង​វិន័យធរ កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ ក្រោម​ហេតុផល​ថា ព្រះសង្ឃ​ក្នុង​វត្ត​នេះ​មិន​បាន​គោរព​ប្រតិបត្តិ​តាម​ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា ព្រមទាំង​ចែក​បក្ខ​ចែក​ពួក​ជា​ក្រុមៗ​នា​ពេល​កន្លង​មក៕