លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលរួម​សម្ពោធ​អគារ​ទីស្នាក់ការ​កណ្តាល​វីងថៅវើ (Wing Tower) រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៣។

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​ធនាគារ​នៅ​កម្ពុជា​ផ្តល់​សេវា​កម្ចី​ឱ្យ​កាន់តែ​ទូលាយ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច

By ឌឹ ខេមបូឌា ដេលី

December 21, 2023

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​គ្រឹះស្ថាន​ធនាគារ​នៅ​កម្ពុជា ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ផ្តល់​សេវាកម្ម​កម្ចី​របស់​ខ្លួន​ឲ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​លើក​កម្ពស់​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ក្នុង​ការ​រួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ កាត់បន្ថយ​វិសមភាព​សេដ្ឋកិច្ច និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សម្ពោធ​អគារ​ធនាគារ វីងថៅវើ (Wing Bank) នៅ​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា លោក​សូម​លើក​ទឹកចិត្ត​ដល់​ធនាគារ​វីង និង​ធនាគារ​ក្នុង​ស្រុក​ដទៃ​ទៀត សូម​ពិនិត្យ​លទ្ធភាព​ផ្តល់​ឥណទាន​ឲ្យ​បាន​កាន់តែ​ច្រើន​ដល់​សហគ្រាស មីក្រូ​ធុន​តូច និង​មធ្យម ដើម្បី​ជួយ​សម្រាល​សម្ពាធ​ហិរញ្ញវត្ថុ និង​រួម​ចំណែក​ដល់​ការ​រក្សា​ស្ថិរភាព​នៃ​សកម្មភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា គ្រប់​ធនាគារ​ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​ស្រុក​ទាំងអស់ ក៏​គួរតែ​ពង្រីក​ឥណទាន​របស់​ខ្លួន​ដល់​វិស័យ​កសិកម្ម ជាពិសេស​ឥណទាន​សម្រាប់​ដំណាំ​ស្រូវ និង​ឥណទាន​បៃតង ជាដើម ដើម្បី​បង្កើន​ការ​នាំចេញ​អង្ករ​ប្រណិត​កម្ពុជា ទៅ​ទីផ្សារ​អន្តរជាតិ ក្នុង​ការ​រួម​ចំណែក​ដល់​ការ​ពង្រឹង​សន្តិសុខ​ស្បៀង​របស់​កម្ពុជា។

លោក​បន្ថែម​ថា ជាង​នេះ​ទៀត ក៏​គួរ​រៀបចំ​ឥណទាន​ឡើងវិញ​ចំពោះ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប ជូន​អតិថិជន​ដែល​ជួប​ប្រទះ​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​បណ្ដោះអាសន្ន​ផង​ដែរ។

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​រូប​នេះ ជំរុញ​ឱ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា រិះរក​វិធី​សមស្រប​ដើម្បី​បន្ធូរបន្ថយ​នូវ​បទប្បញ្ញត្តិ​មួយ​ចំនួន​ដែល​ចាំបាច់ ក្នុង​ការ​ផ្ដល់​លទ្ធភាព​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បន្ត​ដើរ​តួនាទី​កាន់តែ​សំខាន់​ក្នុង​ការ​រួម​ចំណែក​គាំទ្រ​ក្រុមហ៊ុន សហគ្រាស​ឯកជន ដើម្បី​ឱ្យ​ធនាគារ​ទាំងនោះ​អាច​ផ្តល់​កម្ចី​ជាមួយ​នឹង​អត្រា​ការប្រាក់​សមរម្យ និង​លក្ខខណ្ឌ​អនុគ្រោះ​ផ្សេង​ទៀត។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ប្រតិបត្តិការ​របស់​ធនាគារ​មួយ​ចំនួន​នៅ​កម្ពុជា នៅតែ​បង្ក​ការ​លំបាក​ដល់​កូនបំណុល​នៅ​ពេល​ដែល​កូនបំណុល​ខ្លះ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ និង​គ្មាន​លទ្ធភាព​សង​ត្រឡប់។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ ធ្នូ នេះ​ថា ការ​ជំរុញ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​ឱ្យ​គ្រឹះស្ថាន​ធនាគារ​ជួយ​ពង្រីក​ឥណទាន​ទៅ​ដល់​សហគ្រាស ទាំង​វិស័យ​កសិកម្ម និង​ទេសចរណ៍​បែប​នេះ គឺជា​រឿង​ល្អ​សម្រាប់​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ពេលនេះ ប៉ុន្តែ​ទន្ទឹម​នេះ រដ្ឋាភិបាល​ក៏​ត្រូវ​រួម​ចំណែក​ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ចំណែក​ណា​មួយ​ដែរ មិន​មែន​រំពឹង​តែ​ទៅ​លើ​គ្រឹះស្ថាន​ធនាគារ​តែ​ម្យ៉ាង​នោះ​ទេ។

លោក សេក សុជាតិ លើកឡើង​ថា រដ្ឋាភិបាល​គួរ​ជួយ​បង្កើត​ការងារ​ឱ្យ​ប្រជាពលរដ្ឋ​ឱ្យ​បាន​កាន់តែ​ច្រើន ដោយ​ការ​ធានា​នូវ​និរន្តរភាព និង​សុវត្ថិភាព​ការងារ​ទាំងនោះ​ផង​ដែរ ទើប​ធ្វើ​ឱ្យ​សហគ្រាស​នានា ទាំង​វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍ ឬ​អាជីវកម្ម​ផ្សេងៗ អាច​ដំណើរ​ទៅ​មុខ​បាន ដែល​ជា​គន្លឹះ​មួយ​អាច​ឱ្យ​សហគ្រាស ក៏ដូចជា​អាជីវកម្ម​ទាំងនោះ​អាច​ខ្ចី​បំណុល​ពី​ធនាគារ ហើយ​មាន​លទ្ធភាព​សង​ត្រឡប់​ទៅវិញ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​គ្រាន់តែ​ណែនាំ​ទៅ​ដល់​ធនាគារ ប៉ុន្តែ​បែរ​ជា​រដ្ឋាភិបាល​មិន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជួយ​ទៅ​ដល់​អាជីវកម្ម ឬ​សហគ្រាស​ទាំងនោះ​ឱ្យ​មាន​លទ្ធភាព​ដំណើរការ​ទៅ​បាន​ទេ នោះ​ពួកគេ​ក៏​មិន​មាន​លទ្ធភាព​ខ្ចី​លុយ​ពី​ធនាគារ​ដែរ។ ជាង​នេះ​ទៀត បើ​ទោះបីជា​ពួកគេ​ខ្ចី ក៏​ពិបាក​នឹង​មាន​លទ្ធភាព​សង​ត្រឡប់​ទៅ​វិញ​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​វត្ថុ​បញ្ចាំ​របស់​ពួកគេ ដែល​អាច​ប្រឈម​នឹង​ការ​រឹបអូស​ពី​ធនាគារ​ថែម​ទៀត។

របាយការណ៍​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​បង្ហាញ​កាលពី​ពេល​ថ្មីៗ​នេះ​ថា គិត​ត្រឹម​ឆ្នាំ​២០២២ កម្ពុជា​មាន​គ្រឹះស្ថាន​ធនាគារ​ជាច្រើន​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ ដូចជា ធនាគារ​ពាណិជ្ជ​មាន ៥៨​ស្ថាប័ន និង​ធនាគារ​ឯកទេស​មាន ៩​ស្ថាប័ន រួម​ទាំង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​លើកឡើង​កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា រដ្ឋាភិបាល​ដែល​បញ្ជា​ដោយ​លោក ហ៊ុន សែន និង​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​នៅ​ពេលនេះ កំពុង​ឃុបឃិត​ជាមួយ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ច្របាច់​ក​ពលរដ្ឋ​ក្រីក្រ ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ​កប់​ពពក​ដោយ​មិន​ខ្វល់​ពី​ទុក្ខសោក​របស់​ប្រជារាស្ត្រ​ខ្មែរ​ឡើយ។

លោក សម រង្ស៊ី អះអាង​ថា ដោយសារតែ​ការ​ឃុបឃិត​គ្នា​រវាង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ជាមួយ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខិលខូច ដើម្បី​ច្របាច់​ក​ប្រជាពលរដ្ឋ​ក្រីក្រ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក​រើ​ខ្លួន​មិន​រួច ក្នុង​នោះ កូនបំណុល​មួយ​ចំនួន​សុខចិត្ត​សម្លាប់​ខ្លួន ហើយ​ការ​សម្រេច​ចិត្ត​បែប​នេះ ក៏​ដោយសារតែ​ការ​មិន​យកចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​លើ​ពួកគេ​ដែរ។

ជុំវិញ​បញ្ហា​នេះ កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២៣ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់ និង​ធ្វើ​កំណែ​ទម្រង់​វិស័យ​ផ្តល់​ឥណទាន​មួយ​ចំនួន​នៅ​កម្ពុជា ដើម្បី​បញ្ឈប់​ការ​អនុវត្ត​ការ​ផ្តល់​កម្ចី​ឥណទាន​បែប​កេងប្រវ័ញ្ច និង​ចាត់​វិធានការ​ចាំបាច់​ដើម្បី​កាត់បន្ថយ​ចំនួន​ហានិភ័យ​របស់​ពលរដ្ឋ​ដាក់​លក់​ដី ដែល​គ្រឹះស្ថាន​ខ្លះ​បាន​តម្រូវ​ឱ្យ​អតិថិជន​ត្រូវតែ​សង​បំណុល ជាដើម។ ជាង​នេះ​ទៀត ក៏​គួរតែ​កែប្រែ​បទបញ្ជា​ផ្ទៃក្នុង ដោយ​ការ​បញ្ឈប់​ដាក់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជា​ទ្រព្យ​បញ្ចាំ​នៅ​ពេល​ពួកគេ​ខ្ចី​លុយ​ផង​ដែរ៕