កាលពីថ្ងៃអង្គារក្នុងសប្ដាហ៍នេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបរឿងបរាជ័យជាថ្មីទៀត ដោយមិនសម្រេចបាននូវមតិរួមជាមួយគ្នាក្នុងការចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសកូរ៉េខាងជើង ដែលបានបាញ់គ្រាប់មីស៊ីលផ្លោងប៉ាលិស្ទិចអន្តរទ្វីប ICBM ដែលមីស៊ីលនោះវាបានហោះចេញពីតំបន់មួយក្បែរទីក្រុងព្យុងយ៉ាង ដោយធ្លាក់ទៅសមុទ្រនៃប្រទេសជប៉ុន។
ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ភ្លាមៗនោះបានចេញសេចក្ដីថ្លែងការណ៍រួមថ្កោលទោសកូរ៉េខាងជើង ដោយហៅក្រុងព្យុងយ៉ាង បំពានធ្ងន់ធ្ងរទៅនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសារបានបាញ់អាវុធដែលត្រូវបានអង្គការសហប្រជាជាតិហាមប្រាម។
មីស៊ីលផ្លោងអន្តរទ្វីប ICBM ដែលកូរ៉េខាងជើង បានបាញ់ជាប់ៗគ្នាដល់ទៅ ២គ្រាប់ កាលពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែធ្នូ គឺវាហោះក្នុងកម្ពស់ ៦ពាន់ម៉ែត្រ តែវារត់បានជិត ១ពាន់គីឡូម៉ែត្រ ហើយធ្លាក់នៅក្នុងសមុទ្រជប៉ុន។
ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ភ្លាមៗបានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើសេចក្ដីសម្រេចចុងក្រោយមួយទៀត ដើម្បីឈានទៅដល់ការចាត់វិធានការទៅលើទីក្រុងព្យុងយ៉ាង ដែលបានបំពានសេចក្ដីសម្រេចអន្តរជាតិនេះ។
តែបើតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ The Korea Herald នៅថ្ងៃពុធ ទី២០ ធ្នូ នេះ បានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិដែលមាន ១៥ប្រទេស មិនអាចរកមតិរួមជាមួយគ្នាបានទេ បានត្រឹមតែថ្កោលទោសរបបក្រុងព្យុងយ៉ាង ប៉ុណ្ណោះ។
ប្រទេសដែលប្រើសិទ្ធិរាំងខ្ទប់សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺក្រុមប្រទេសសមាជិកអចិន្ត្រៃយ៍ ៥ប្រទេស គឺសហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស និងបារាំង។
យោងតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ឲ្យដឹងថា បើប្រទេសណាមួយប្រើសិទ្ធិបោះឆ្នោតវេតូ (Veto) គឺសេចក្ដីសម្រេចទាំងឡាយមិនអាចក្លាយទៅជាវិធានការបាននោះទេ។ ប្រភពដដែលនេះបញ្ជាក់ថា ប្រទេសរុស្ស៊ី និងចិន បានសម្រេចជំទាស់មិនឲ្យមានសេចក្ដីថ្លែងការណ៍ថ្កោលទោសកូរ៉េខាងជើង នោះទេ។
តំណាងរបស់ប្រទេសពីរនេះមិនបានពន្យល់អំពីមូលហេតុដែលខ្លួនប្រើសិទ្ធិ Veto នោះទេ គឺគ្រាន់តែបញ្ជាក់ថា ចង់ឃើញឧបទ្វីបកូរ៉េពុំមានការពង្រឹងទ័ព ឬក៏ធ្វើសមយុទ្ធ ទោះបីភាគីណាក៏ដោយនោះ។
តំណាងរបស់សហរដ្ឋអាមេរិក និងតំណាងរបស់ប្រទេសអង់គ្លេស បានព្យាយាមឲ្យចិន និងរុស្ស៊ី យល់ព្រមថ្កោលទោសកូរ៉េខាងជើង តែចិននិងរុស្ស៊ី បដិសេធ។
តំណាងប្រទេសអង់គ្លេស និងអាមេរិក បានថ្លែងថា បើគ្មានកម្លាំងឯកភាពគ្នានៅក្នុងចំណោមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺកូរ៉េខាងជើង អាចនឹងសាកល្បងថែមទៀត មិនត្រឹមតែបាញ់មីស៊ីលផ្លោងអន្តរទ្វីប ICBM នោះទេ គឺអាចបាញ់មីស៊ីលផ្លោងប្រភេទនេះដោយភ្ជាប់ក្បាលគ្រាប់នុយក្លេអ៊ែរទៀតផង។
យោងតាមប្រភពចារកម្មរបស់សហរដ្ឋអាមេរិក ឲ្យដឹងថា កូរ៉េខាងជើង អាចនឹងបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរក្នុងការសាកល្បងជាថ្មីទៀតនៅចុងខែធ្នូ ឆ្នាំ២០២៣ ឬនៅដើមឆ្នាំ២០២៤។
លោក ចូ បៃដិន ប្រធានាធិបតីរបស់ប្រទេសមហាអំណាច គឺសហរដ្ឋអាមេរិក បានព្រមានទីក្រុងព្យុងយ៉ាង ថា កុំសាកល្បងឲ្យសោះការបាញ់គ្រាប់នុយក្លេអ៊ែរ ព្រោះវាបំពានធ្ងន់ធ្ងរណាស់លើបំរាមរបស់អង្គការសហប្រជាជាតិ។ លោក ចូ បៃដិន ធ្លាប់បានព្រមានកូរ៉េខាងជើង ថា បើផ្ទុះសង្គ្រាមលើឧបទ្វីប វាអាចទៅរកសង្គ្រាមដែលបិទបញ្ចប់របបផ្ដាច់ការនៅទីក្រុងព្យុងយ៉ាង។
ចំណែកកូរ៉េខាងត្បូង គឺក្រសួងការពារជាតិរបស់ប្រទេសនេះ បានចេញសេចក្ដីថ្លែងការណ៍ដោយព្រមានថា កូរ៉េខាងត្បូងបានត្រៀមខ្លួនរួចហើយដើម្បីការពារអាយុជីវិតរបស់ប្រជាជនរបស់ខ្លួន ហើយបានសម្រេចរួចហើយក្នុងការកសាងកម្លាំងសាមគ្គីភាពរវាងអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។
ចុងក្រោយនេះ ក្រោយពីកូរ៉េខាងជើងបាញ់មីស៊ីលផ្លោងអន្តរទ្វីប ICBM កាលពីថ្ងៃអង្គារ នៅពេលនេះ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បើកធ្វើសមយុទ្ធទ័ពអាកាសរួមគ្នានៅលើលំហនៃសមុទ្រកូរ៉េខាងត្បូង និងជប៉ុន។ ការធ្វើសមយុទ្ធនេះ គឺជាការបង្ហាញកម្លាំងទ័ពត្រីភាគីទប់ទល់នឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។
ប៉ុន្តែសំណួរសួរថា ហេតុអ្វីបានជាកូរ៉េខាងជើងចេះតែរំលោភសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ? អ្នកសង្កេតការណ៍មើលឃើញថា អ្វីដែលក្រុងព្យុងយ៉ាង ហ៊ានបំពានដូចនេះ គឺគ្មានអ្វីក្រៅពីរដ្ឋកុម្មុយនីស្តផ្ដាច់ការមួយនេះ អាងចិន អាងរុស្ស៊ី នៅពីក្រោយ៕
© 2023, . All rights reserved.